អានតួអត្ថបទ
មូលនិធិរូបិយវត្ថុ​អន្តរជាតិ

​លោក Dominique ​Strauss-Kahn​​ ឋិតនៅ​ក្រៅឃុំ ​តែ​នៅតែ​ជាប់ចោទ

តុលាការ​អាមេរិក​បាន​យល់ព្រម​នៅ​ថ្ងៃព្រហស្បតិ៍​ទី១៩​ឧសភា​ម្សិលមិញ​ឲ្យ​លោក ​Dominique Strauss-Kahn​ ឋិតនៅ​ក្រៅ​ពន្ធនាគារ។​ ក៏​ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​យ៉ាងតឹងរ៉ឹង​ ​ ដោយ​តម្រូវ​ឲ្យ​លោក​​អតីត​អគ្គនាយក​FMI​បង់​ប្រាក់ធានា​១លានដុល្លារ​ ​ ហើយនិង​តម្កល់​ទុក​សម្រាប់​ធ្វើការ​ធានា​​៥លានដុល្លារ​បន្ថែម​ទៀត។​ ចាប់ពី​ពេលនេះ​តទៅ​ លោក​Dominique Strauss-Kahn​​បាន​ត្រូវ​តុលាការ​ចាត់ទុក​ជា​ជន​ជាប់​ចោទក៍​​ពីបទ​ឧក្រិដ្ឋកម្ម​ផ្លូវភេទ។​ ដូច្នេះ​ ការ​ប្រយុទ្ធ​តទល់គ្នា​តាមផ្លូវ​តុលាការ​រវាង​ លោក ​Dominique Strauss-Kahn​ និង​ស្ត្រី​អ្នកដើមចោទក៍​​​បាន​ចាប់​ផ្តើម​មែនទែន​ហើយ។

©​ REUTERS/Emmanuel Dunand/Pool/Files
ផ្សាយពាណិជ្ជកម្ម

វគ្គទីពីរ​នៃ​ការប្រយុទ្ធ​តទល់​គ្នា​តាមផ្លូវ​តុលាការ​បាន​ចាប់​ផ្តើម​សម្រាប់​លោក​Dominique Strauss-Kahn​ អតីត​អគ្គនាយក​FMI​ជាប់​ចោទ​​ពីបទ​ឧក្រិដ្ឋកម្ម​ផ្លូវភេទ។​ លោក​Dominique Strauss-Kahn​បាន​ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​ឋិត​នៅ​ក្រៅ​ពន្ធនាគារ​ ​ ក៏​ប៉ុន្តែ​ត្រូវ​ឋិត​នៅក្រោម​លក្ខខណ្ឌ​យ៉ាង​សែន​តឹងរ៉ឹង​មានដូចជា៖

 

ទី១-ត្រូវ​តម្កល់​ទុក​សម្រាប់​ធ្វើការ​ធានា​៦លានដុល្លារ​( ១លាន​ជាសាច់ប្រាក់​+៥លាន​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង)។
ទី២-ត្រូវ​ពាក់​ខ្សែដៃ​អេឡេចត្រូនិក។
ទី៣-ឋិត​នៅ​ក្រោម​ការ​ឃ្លាំយាម​ដោយ​វីដេអូ​២៤ម៉ោង​លើ​២៤ម៉ោង​ ​ ហើយនិង​មាន​អ្នកយាម​ការពារ​ប្រដាប់​ដោយ​អាវុធ​នៅ​គេហដ្ឋាន​ផងទៀត។

លោក​Dominique Strauss-Kahn​នឹង​ត្រូវ​តុលាការ​កោះហៅ​សួរ​ចម្លើយ​ទៀត​នៅ​ថ្ងៃទី៦​មិថុនា​ខាងមុខ​នេះទៀត។​ នៅ​ថ្ងៃនោះ​ លោក​Dominique Strauss-Kahn​ត្រូវ​ឆ្លើយ​ប្រាប់​តុលាការ​ថា​ ​ តើលោក​យល់ព្រម​ទទួល​ស្គាល់​ជា​ពិរុទ្ធិកជន​ដែរឬទេ?​ ​ មកទល់​ពេលនេះ​ លោក​​Dominique Strauss-Kahn​បាន​បដិសេធ​ទាំងស្រុង​ការចោទ​ប្រកាន់​ទៅលើ​រូបលោក។

បើ​ប្រសិន​ជា​លោក​Dominique Strauss-Kahn​ទទួល​ស្គាល់ថា​ ​ លោកបាន​ប្រព្រឹត្ត​អំពើ​ទាំងនោះមែន​ ​ នោះ​នឹង​លែងមាន​ការ​ប្តឹងប្តល់​អ្វីទៀត​ឡើយ។​ ផ្ទុយទៅវិញ​ បើ​ប្រសិន​ជា​លោក​Dominique Strauss-Kahn​ប្រកែកថា​ ពុំបាន​ប្រព្រឹត្ត​ដូចការ​ចោទប្រកាន់​ទេនោះ​ ​ បើ​គេ​រកទោស​កំហុស​ឃើញ​ ​ លោក​Dominique Strauss-Kahn​អាច​ជាប់គុក​រហូត​ដល់ទៅ​៧៤ឆ្នាំ។

សេណារីយោមួយទៀត​ដែល​អាច​ជា​យុទ្ធសាស្ត្រ​របស់​អ្នកចុងចោទក៍​គឺ​៖​ ខិតខំ​ធ្វើការ​ទទួល​ឲ្យ​បាន​នូវ​ “ការព្រមព្រៀង”​ពី​តុលាការ​ ​ ដោយ​យល់ព្រម​ទទួល​ស្គាល់​យ៉ាងហោច​ណាស់​នូវ​ការចោទ​ប្រកាន់​ណាមួយ​ក្នុង​ចំណោម​ការចោទ​ប្រកាន់​សំខាន់ៗ​ ​ សម្រាប់​ធ្វើ​ជាថ្នូរ​ប្តូរ​នឹង​ទណ្ឌកម្ម​កុំ​ឲ្យ​ធ្ងន់ធ្ងរ​ពេក។

ដូច្នេះ​ចាប់​ពីពេល​នេះតទៅ​ ​ មេធាវី​នៃ​អ្នក​ដើមចោទ​ក៍និង​អ្នក​ជាប់ចោទ​ត្រូវ​ខិតខំ​រៀបចំ​ខ្លួន​ដើម្បី​ធ្វើការ​ប្រយុទ្ធ​តទល់គ្នា​តាមផ្លូវ​តុលាការ។​ អ្នក​ជាប់ចោទ​នឹង​ខិតខំ​ធ្វើការ​អង្កេត​របស់​ខ្លួន​ ​ ដោយ​ប្រើ​អ្នកសង្កេតការណ៍​ឯកជន​ឬ​រិះរក​ភស្តុតាង​សម្រាប់​ធ្វើការ​តទល់​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់។​ បន្ទាប់មកទៀត​ពួកគេ​ត្រូវ​ធ្វើការ​វិភាគ​ទៅលើ​ស្នាម​ADN​ ​ ឈាម​ ​ ទឹកមាត់​ឬ​ទឹកកាម​នៅ​ទីកន្លែង​កើតហេតុ​ ​ ដោយ​ពុំ​ភ្លេច​ផងដែរ​ព័ត៌មាន​ដែល​អាច​ផ្តល់ឲ្យ​ដោយ​កាម៉េរ៉ា​ឃ្លាំយាម​ ​ ហើយនិង​កូនសោ​ម៉ាញេទិក​នៃ​បន្ទប់​នៅ​សណ្ឋាគារ​សូហ្វ៊ីតែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ