អានតួអត្ថបទ
រុស្ស៊ី

ប្រតិកម្ម​រុស្ស៊ី​ចំពោះ​វត្តមាន​នាវា​អាមេរិក​ធុន​ Monterey​ ក្នុង​សមយុទ្ធ​នៅ​ អ៊ុយក្រែន​

ក្រោយពី​នាវា​ចម្បាំង​អាមេរិក​ធុន​ Monterey​ ដែល​ប្រដាប់​ទៅ​ដោយ​កាំជ្រួច​មីស្ស៊ីល​សម្រាប់​​ស្កាត់​​ចាប់​កាំជ្រួច​មីស្ស៊ីល​អ្នក​ដទៃ​ ថ្ងៃ​១២​មិថុនា​ម្សិលមិញ​ បាន​បើក​ទៅ​ដល់​ដែនទឹក​សមុទ្រ​ខ្មៅ​ ដើម្បី​ ចូលរួម​​ក្នុង​សមយុទ្ធ​ជាមួយ​អ៊ុយក្រែន​ទីក្រុង​ម៉ូស្គូ​ បាន​សំដែង​នូវ​ក្តី​ព្រួយបារម្ភ​ទាំង​​ចោទ​​ជា​​សំនួរ​មួយ​ចំនួន​តែម្ត​ង​ទៅ​ក្រុង​វ៉ាស៊ីនតោន។

នាវាកងទ័ព​ជើងទឹក​អាមេរិក​ Monterey
នាវាកងទ័ព​ជើងទឹក​អាមេរិក​ Monterey © Reuters
ផ្សាយពាណិជ្ជកម្ម

ទីបញ្ជាការទ័ពអាមេរិក ពន្យល់ជាផ្លូវការថា ក្រុមនាវាចម្បាំង​របស់អាមេរិក ដែលមាន ភារៈ ខាងការពារបណ្តាប្រទេសអឺរ៉ុបខាងត្បូង ឲ្យផុតពីគ្រោះថ្នាក់ នៃការវាយប្រហារ ជាយថាហេតុ ពីខាងកាំជ្រួចមីស្ស៊ីល កាលណា”ស្ថានការណ៍នៅតំបន់ឡើងតានតឹងខ្លាំង“ គឺ​អាច​ចល័ត​ចេញ​ពី សមុទ្រ មេឌីទែរ៉ាណេ ទៅកាន់ សមុទ្រខ្មៅ។ ជាប្រតិកម្ម ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង សេចក្តី​ថ្លែងការណ៍ខ្លួន ដោយទុកមួយអន្លើសិន បញ្ហា​ដែល​មិន​ទាន់​ដោះស្រាយ​រួច ស្តីអំពី ប្រព័ន្ធ​​ខែល​មីស្ស៊ីល ដែលអាមេរិកគ្រោងពង្រាយនៅទ្វីបអឺរ៉ុប ចោទ​ជា​សំនួរ ៖

“ តើអំពី ភាពឡើងតានតឹងស្អីណានៃស្ថានការណ៍ ដែលភាគីអាមេរិកចង់និយាយនោះ”? ដោយរំកិល ត្មោងនាវាខ្លួន ខាងប្រឆាំងកាំជ្រួចមីស្ស៊ីលបែបនេះ មកជិតប្រទេសរុស្ស៊ី។

ក្រសួង​ការបរទេសរុស្ស៊ី បន្តសេចក្តីថា ៖

- បើគ្រាន់តែ សម្រាប់ចូលរួម ក្នុងលំហាត់សឹក ខាងប្រយុទ្ធ ទល់នឹងចោរសមុទ្រសោះ ចុះហេតុ​ដូចម្តេច បានជាអាមេរិក ដាក់នាវាជាស្នូល នៃកងនាវាខ្លួន សម្រាប់កំចាត់កាំជ្រួចមីស្ស៊ីល ឲ្យចូលរួមទៅវិញ?

- ភាគីរុស្ស៊ី តែងបានគូសបញ្ជាក់ទៅហើយថា ខ្លួនមិនអាចស្ថិតនៅឱបដៃ ព្រងើយ​កន្តើយ​ឡើយ​ កាលណាមានលេចចេញមក នៅក្បែរព្រំដែនខ្លួន គឺគ្រឿងផ្សំនៃហេដ្ឋារចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ ​របស់អាមេរិក ហើយតែងចាត់ទុក ជំហានអាមេរិកបែបនេះ ជាការគំរាមដល់ សន្តិសុខជាតិរុស្ស៊ី។

ជាការកត់សម្គាល់ នាវាចម្បាំង​អាមេរិក Monterey គឺបំពាក់ទៅដោយ ប្រព័ន្ធ ប្រឆាំង កាំជ្រួច មីស្ស៊ីលធុន Idgis ដែលប្រើមីស្ស៊ីល SM-៣ ដ៏មានប្រសិទ្ធិភាព ខាង ស្កាត់ ចាប់ មីស្ស៊ីល។ 

ចំណែកសមយុទ្ធអ៊ុយក្រែន-អាមេរិកាំង គឺមានឈ្មោះថា “ខ្យល់រំភើយសមុទ្រ” ហៅថា “ Sea Breeze ឆ្នាំ 2011 “។ វាប្រព្រឹត្តទៅ មួយឆ្នាំម្តង តាំងពីឆ្នាំ១៩៩៧មក។ ចូលរួម ក្នុងសមយុទ្ធនេះ គឺ បណ្តាប្រទេសអូតង់ផ្ទាល់ ព្រមទាំងប្រទេសណាដែលសហការ ជាមួយបក្សសម្ព័ន្ធនេះស្រប​​តាមកម្មវិធី “ភាពជាដៃគូ” ជាមួយអូតង់។ ឆ្នាំនេះ លំហាត់សឹក ប្រព្រឹត្តទៅ ក្រោម បាវចនាថា” ប្រឆាំងនឹងចោរសមុទ្រ “ ដោយបានចាប់ផ្តើមតាំងពីថ្ងៃ ទី៦មិថុនាមក ហើយនឹង ពន្យារទៅ ដល់​​ថ្ងៃ១៨មិថុនា នៅត្រង់ដែនទឹក ជិតផែសមុទ្រ Odessa របស់អ៊ុយក្រែន ដោយមាន​ការ​ចូល​រួម​នៃ ១៣ប្រទេស ក្នុងនោះ មាននាវាចម្បាំង ៣០គ្រឿង យន្តហោះ ១០គ្រឿង ទ័ពម៉ារីន ១.២០០​នាក់ រថក្រោះ៩០គ្រឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ