អានតួអត្ថបទ
រុស្ស៊ី

ទីក្រុង​វ៉ាស៊ីនតោន​ហាម​មិន​ឲ្យ​មន្ត្រី​រុស្ស៊ី រហូត​ដល់​៦០នាក់ ចូល​ស.រ.អា.

បម្រាម​នេះ ទើប​បញ្ជាក់ដោយ​ក្រសួងការ​បរទេស​អាមេរិក យោង​ទៅ​លើ​ច្បាប់​អាមេរិក​ស្តី​ អំពី​អន្តោប្រវេសន៍​។ពួកមន្ត្រី​រុស្ស៊ី ដែល​ជាប់​ក្នុង​ទណ្ឌកម្ម​អាមេរិក​នោះ បណ្តាល​មក​ពី​គេ​ពាក់ព័ន្ធ​នឹងមរណភាព​កាល​ពី​២​ឆ្នាំ​មុន នៃ​អ្នក​ច្បាប់​រុស្ស៊ី ឈ្មោះ Mag-nit-ski ដែល​បាន ធ្វើការ​ជាទីប្រឹក្សា​របស់​មូលនិធិ​វិនិយោគ​អាមេរិកាំង Hermitage Capital Management។ ទីក្រុង​ម៉ូស្គូ បាន​ព្រមាន​ទៅ​​ថា ទណ្ឌកម្ម​នេះ នឹង​ជះ​ចំហាយ​អាក្រក់ មកលើ​ទំនាក់ទំនងដែល​ទើបតែ​ចាប់ផ្តើម​វិវឌ្ឍ​ល្អឡើងវិញ សម័យ​លោក​ប្រធានាធិបតីObama។

រូបថត​អ្នក​ច្បាប់​ជាតិ​រុស្ស៊ី​លោក Serguei Magnitski
រូបថត​អ្នក​ច្បាប់​ជាតិ​រុស្ស៊ី​លោក Serguei Magnitski
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួររំលឹកថា អ្នកច្បាប់​ជាតិ​រុស្ស៊ី​ឈ្មោះ Serguei Magnitski ក្នុង​ឋានៈ​ជា​ទី​ប្រឹក្សា របស់ មូលនិធិ​វិនិយោគ​អាមេរិកាំង Hermitage Capital Management បាន​ត្រូវ​អាជ្ញាធរ​រុស្ស៊ី ឃាត់ខ្លួន​ក្នុង​ឆ្នាំ​២០០៨ ចំពោះ​ការជួយ​ឲ្យ​មូលនិធិ​នេះ គេចពន្ធ​ក្នុង​ទឹកប្រាក់ ២១៣​លាន​រូប្ល ឫស្មើ​នឹង ជាង​៧លាន​ដុល្លារ​អាមេរិក។ លុះ​ថ្ងៃ​១៧​វិច្ឆិកា​ឆ្នាំ​២០០៩ ដោយ​មកពី​ពួកមន្ត្រី​គុក ពុំ​ព្រម​អើពើ នឹង​ពាក្យ​ត្អូញត្អែរ​ចំពោះ​អាការៈ​សុខភាព​គាត់​យ៉ាប់យ៉ឺន​មែនទែន គាត់​ក៏​បានដាច់ ខ្យល់​ស្លាប់​ទៅ ក្នុងវ័យ​ជាបុរស​នៅ​ពេញកម្លាំង​នៅឡើយ អាយុ​ទើប​៣៧​ឆ្នាំ។

 
តាម​ការបកស្រាយ​នៃ​ភាគី​អាមេរិកាំង មាន​មន្ត្រី​មួយចំនួន​នៅរុស្ស៊ី ដែល​ប្រាថ្នា​ឲ្យ អ្នកច្បាប់​នោះ ក្ស័យ​ជីវិត​ទៅ សម្រាប់​ជាផល​ប្រយោជន៍​របស់​ពួកគេ​ផ្ទាល់។

កាសែត​ក្រុង​ម៉ូស្គូ Kommersant លេខ​ថ្ងៃពុធ​នេះ ដោយយោង​ទៅលើ​កាសែត​អាមេរិកាំង The Washington Post សរសេរ​ថា ក្នុងចំណោម​៦០នាក់​នោះ មាន​ពួកមន្ត្រី​ក្រសូង​សន្តិសុខ ក្រសួង​មហាផ្ទៃ ពួក​ឆ្មាំគុក និង​ពេទ្យគុក បណ្តា​រដ្ឋអាជ្ញា ពួកមន្ត្រី​សវនករ និង​អធិការ។

ស្របនឹង​ទណ្ឌកម្ម​អាមេរិក ពួកមន្ត្រី​រុស្ស៊ី​ទាំងនោះ ត្រូវហាម​មិន ឲ្យ​ធ្វើដំណើរ​ចូល​ស.រ.អា. ឡើយ។ បើ​គេមាន​លុយ​ឫ​ទ្រព្យសម្បត្តិ ស្ថិត​នៅលើ​ដែនដី អាមេរិក គឺ​នឹង​ត្រូវ​ផ្អាប់​ទុក​តែ​ម្តង។

ក្រសួង​ការបរទេស​រុស្ស៊ី ធ្លាប់​បានព្រមាន​ទៅហើយ​ថា ទណ្ឌកម្ម​បែបនេះ គឺ​វា​មិន​ស៊ីគ្នា​ឡើយ នឹង​សហប្រតិបត្តិការ​ក្នុង​កម្រិត​បច្ចុប្បន្ន រវាង​រុស្ស៊ី និង​អាមេរិក។ ទណ្ឌកម្ម​នេះ ញ៉ាំង​ឲ្យ​ភាគី​រុស្ស៊ី នឹក​ឃើញ​ពី​យុគសម័យ ដែល​ហៅថា “សង្គ្រាម​ត្រជាក់”។

តាម​ការវិភាគ​នៃ​ពួក​នយោបាយ​វិទូ ទីក្រុង​ម៉ូស្គូ​អាច​ប្រតិកម្ម​ទៅវិញ ក្នុង​ទម្រង់​ជា​ការ​ឈប់ គាំទ្រ​ការ​ខំប្រឹងប្រែង​របស់​ស.រ.អា. ខាង​បន្ត​ដាក់​ទណ្ឌកម្ម​ទល់​នឹង អ៊ីរ៉ង់ កូរ៉េ​ខាងជើង លីប៊ី ព្រមទាំង​អាច​បង្កើត​ជាឧបសគ្គ​ដល់​ស.រ.អា. ក្នុងការ​ដឹកសម្ភារៈ​យោធា​ឆ្លងកាត់​ដែនដី​រុស្ស៊ី ទៅ​ផ្គត់ផ្គង់​ដល់​ទ័ព​អាមេរិកាំង ដែល​ឈរជើង នៅ​ប្រទេស អាហ្វហ្កានីស្ថាន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ