អានតួអត្ថបទ
រុស្ស៊ី

លោកពូទីន​ឆ្នាំក្រោយ​នឹងត្រឡប់​ទៅកាន់​អំណាច​កំពូល​វិញ​

សេចក្តីនេះ​បានត្រូវ​ខ្សឹបប្រាប់​ទៅ​ទីភ្នាក់ងារ​ពត៌មាន​អង់គ្លេស​ Reuters ​ដោយ​មន្ត្រី​ជាន់ខ្ពស់​៤នាក់​នៅវិមាន​ក្រេមឡាំង។​ Reuters កត់​សម្គាល់​ថា​ មន្ត្រី​ទាំងនោះ​សុខចិត្ត​ធ្វើ​អត្ថាធិប្បាយ​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ​គឺតែ​ក្នុង​លក្ខណៈ​មិន​បញ្ចេញ​ឈ្មោះខ្លួន​ជា​ដាច់ខាត។​ Reuters ​គ្រាន់តែ​បង្ហើប​ឲ្យដឹង​ថា​ ពួកគេ​ជាអ្នក​នយោបាយ​និង​ជា​អ្នកការទូត។​ ដំណឹងដែល​កន្ត្រាក់​អារម្មណ៍​នេះ ​ទើប​លើកយក​មក​ផ្សាយ​ដោយ​ប្រព័ន្ធ​ឃោសនា​រុស្ស៊ី​ឈ្មោះ ​Newsru។

លោកនាយក​​រដ្ឋមន្ត្រី​​ ពូទីន ​នឹង​​ដណ្តើម​​យកវិញ​​តំណែង​​ប្រធានាធិបតី​​រុស្ស៊ី​​
លោកនាយក​​រដ្ឋមន្ត្រី​​ ពូទីន ​នឹង​​ដណ្តើម​​យកវិញ​​តំណែង​​ប្រធានាធិបតី​​រុស្ស៊ី​​ © REUTERS/Alexei Nikolsky/RIA Novosti/Pool
ផ្សាយពាណិជ្ជកម្ម

ដោយច្របាច់​ចូលគ្នា​មតិ​ខ្សឹបប្រាប់​ខ្លួន​ទទួល​បាន​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ទាំង៤​នោះ​ ទីភ្នាក់ងារ​ពត៌មាន​អង់គ្លេស​ Reuters ​សរុប​សេចក្តី​ថា​ គឺ​លោកនាយក​រដ្ឋមន្ត្រី​ ពូទីន ​ដែលនឹង​ឈរ​ឈ្មោះ ​ជា​បេក្ខជន​ចូល​ប្រឡូក​ក្នុងការ​បោះឆ្នោត​នៅខែ​មីនា​ឆ្នាំ​២០១២​ ដើម្បី​ដណ្តើម​យកវិញ​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​។ ​មូលហេតុ​ ៖ ​

 
ទី១- ​គឺ ​មកពី​លោក ពូទីន​ មិន​ប្រាកដ​ក្នុង​ចិត្ត​ឡើយថា ប្រធានាធិបតី​សព្វថ្ងៃ​លោក​ មេដវេដេវ​ ដែលជា​“អតីតសិស្ស”​ របស់​គាត់​និង​ជា ​“អ្នកស្ថិត​នៅក្នុង​ការ​ឧបត្ថម្ភ”​ របស់​គាត់​អាច​បន្ត​ដើរតួ​ជា​មេដឹកនាំ​ប្រទេស​រុស្ស៊ី​តទៅទៀត។

ទី២- ពូទីន​មានការ​គាំទ្រ​ពីបណ្តាជន​ធំធេង​ជាង​មេដវេដេវ ​ឆ្ងាយ។​ លោក​ពូទីន​បារម្ភ​ខ្លាចក្រែង​មេដវេដេវ​ដែល​គាត់​ស្គាល់ជាង​២០ឆ្នាំ​ហើយ​មិន​ទទួល​បាន​សម្លេង​គាំទ្រ​ឲ្យបាន​មាំមួន​ពីខាង​មជ្ឈដ្ឋាន​នយោបាយ​ មជ្ឈដ្ឋាន​Business​ និង​ពីខាង​ប្រជាជន​សាមញ្ញ។​ ការ​គាំទ្រនេះ​ ជា​កត្តា​ចាំបាច់​សម្រាប់​រក្សា​ទុក​ស្ថិរភាព​ក្នុង​ប្រទេស។

ទី៣- ពូទីន​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចំពោះមុខ​គ្មាន​បំណង​ចាក​ចេញ​ពីឆាក​នយោបាយ​សោះឡើយ​ផ្ទុយទៅវិញ​គាត់​ចង់​វិល​ត្រឡប់​ទៅកាន់​អំណាច​កំពូល​វិញ​ ហើយ​គាត់ចង់​នេះ​គឺមែនទែន។​

ទី៤- ពូទីន​ខកចិត្ត​ដោយឃើញ​មេដវេដេវ​ចេះតែ​ខំ​បង្ហាញ​យ៉ាង​សំញ៉ែង​ពី​ភាព​ម្ចាស់ការ​​នយោបាយ​របស់​ខ្លួន​ហើយ​ប៉ុនប៉ង​ចាក់​ឫស​ឲ្យបាន​ជាប់​ម៉ឺង​ក្នុង​អំណាច​កំពូល។

Reuters ​ក៏ច្បិច​ចេញ​មក​នូវ​កំណត់​សម្គាល់​មួយ​របស់​មន្ត្រី​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​នោះ ​ថា​លោក​មេដវេដេវ​ថ្លោះការ​ដោយ​គាត់​ឲ្យ​តម្លៃ​ខ្ពស់ជ្រុល​ដល់​“ទម្ងន់”​ខ្លួន​ក្នុង​ប្រព័ន្ធ​នយោបាយ​នៅរុស្ស៊ី។

ជាបញ្ចប់​ Reuters ​បាន​ព្យាករ​ថា ​ចាប់ពីឆ្នាំ២០១២​ទៅ ​លោកពូទីន​ អាច​នឹង​កាន់​អំណាច​ដល់​២អាណត្តិជាប់​ដែល​អាណត្តិថ្មី​នោះ​មួយលើកៗ​មិនមែន​៤ឆ្នាំ​ដូចឥឡូវទេ​តែគឺ​ដល់​ទៅ៦ឆ្នាំ​ បានន័យថា​ គាត់​នឹង​កាន់​អំណាំច​រហូត​ដល់ឆ្នាំ​២០២៤។​ ពេលនោះ គាត់នឹង​មានអាយុ​៧២ឆ្នាំ​ទៅហើយ។

ទាក់ទង​នឹងការ​បោះឆ្នោត​នៅរុស្ស៊ីដែរ​ ប៉ុន្តែ​ជាការ​បោះឆ្នោត​សភា​ នៅ​ខែធ្នូ​ខាងមុខ​ថ្ងៃនេះ​មាន​ចេញ​ផ្សាយ​លទ្ធផល​នៃការ​ស្ទង់មតិ​ដែលថា​បណ្តាជន​រុស្ស៊ី​ភាគច្រើន​ដល់ទៅ ៥៣% ​ជឿជាក់ថា​ ការបោះឆ្នោត​នោះ​ គ្រាន់តែ​មាន​ទម្រង់​ជាសំបក​ក្រៅប៉ុណ្ណោះ ​ដ្បិត​អាសនៈ​ក្នុង​រដ្ឋសភា​នឹងត្រូវ​បែងចែក​ គឺ​ទៅតាម​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​ទេតើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ