អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សំណុំរឿង​Snowden​ធ្វើ​ឲ្យ​លោក​អូបាម៉ា​លុប​ចោល​ជំនួប​ជាមួយ​លោកពូទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា​បាន​ប្រកាស កាលពីថ្ងៃ​ពុធ​ទី ៧ សីហា លុបចោល​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក​វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ៤​ខែ កញ្ញា ក្នុង​ទីក្រុង​Saint Petersbourg ប្រទេស​រុស្ស៊ី។ ជាផ្លូវការ អ្នកនាំពាក្យ​របស់សេតវិមាន បាន​បញ្ជាក់ថា គឺ​សំណុំរឿង​រុស្ស៊ី​ផ្តល់​សិទ្ធិជ្រកកោន​ដល់​យុវជន​ Snowden ​ដែល​ធ្វើ​ឲ្យ​លោក​អូបាម៉ា​ដូរចិត្ត លុបចោល​កិច្ចប្រជុំ​កំពូល​ដែល​លោក​ត្រូវ​ធ្វើ​ជាមួយ​លោក​ពូទីន។ 

ភាពសោះកក្រោះ​ នៅក្នុង​ជំនួប​នៅ​ក្រៅកិច្ចប្រជុំ​G៨រវាង​លោក​អូបាម៉ា​ និង​លោក​ពូទីន​នៅ​អៀឡង់​ខាងជើង កាលពី​ខែ​មិថុនា ២០១៣
ភាពសោះកក្រោះ​ នៅក្នុង​ជំនួប​នៅ​ក្រៅកិច្ចប្រជុំ​G៨រវាង​លោក​អូបាម៉ា​ និង​លោក​ពូទីន​នៅ​អៀឡង់​ខាងជើង កាលពី​ខែ​មិថុនា ២០១៣ ©REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

លោកអូបាម៉ា នៅ​តែ​ទៅចូលរួម ក្នុង​កិច្ចប្រជុំកំពូល​របស់​ក្រុមប្រទេស​G២០ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ៥ និងទី ៦​កញ្ញា ប៉ុន្តែ លោក​នឹង​មិនជួប​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក រុស្ស៊ី ដែល​ត្រូវ​រៀបចំ នៅថ្ងៃ​ទី ៤ គឺ​មួយ​មុន កិច្ចប្រជុំកំពូល​ G២០នោះទេ ។ ជំនួសវិញ នៅថ្ងៃ​ទី ៤​កញ្ញា លោក​អូបាម៉ា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ុយអែដ​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​នេះ និយាយ​ពី​ការដោះដូរ​ពាណិជ្ជកម្ម។

 
កាលពី​ថ្ងៃ​អង្គារ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NBC លោកអូបាម៉ា​បាន​និយាយ​ថា លោក​ខកចិត្ត​ខ្លាំង​ណាស់ ដែលទីក្រុង​ម៉ូស្គូ​បាន​សំរេច​ផ្តល់​សិទ្ធិជ្រកកោន​ដល់​យុវជន​ Snowden ដែល​តាមពិតទៅ អាមេរិក​ត្រូវការ​ចាប់ខ្លួន យក​មក​កាត់ទោស​ពី​បទ​លួចបញ្ចេញ​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​ទៅ​ឲ្យ​អ្នកកាសែត។

លោក​អូបាម៉ា ប្រកាស​លុបចោល​កិច្ចប្រជុំ​កំពូល គឺ​ដូចជា​ការទះកំភ្លៀង​លោកពូទីន មួយដៃ ឲ្យ​ដឹងថា កុំ​ឲ្យ​មើលស្រាល​អាមេរិក ថា​មិន​ហ៊ាន​ធ្វើអ្វី។ កន្លងមក រុស្ស៊ី​បាន​ផ្គើន​ដាក់​អាមេរិក ដោយ​មិនត្រឹមតែ​​ព្រងើយ​កន្តើយ មិន​ចាប់បញ្ជូន​Snowden​ទៅតាម​ការសុំ​របស់​អាមេរិក ប៉ុន្តែ ហ៊ាន​ដល់​ទៅ​ផ្តល់​សិទ្ធិជ្រកកោន​ដល់​អ្នកលួចឯកសារ​សម្ងាត់​របស់​អាមេរិកទៀត។

ជារឿង​ធម្មតា ដែល​អាមេរិក​មិន​សប្បាយចិត្ត​នឹង​រុស្ស៊ី ដែល​ខំជួយ​ការពារ​យុវជន​ Snowden​ដែល​អាមេរិក​ចាត់ទុក​ជា ​ជនឧក្រិដ្ឋ ​ ជា ចោរ​លួច​ឯកសារ​សម្ងាត់។ ប៉ុន្តែ មិនមែន​ដោយសារ​តែសំណុំរឿង​របស់​យុវជន​ Snowden​តែមួយ​ទេ ដែល​ធ្វើ​ឲ្យ​លោក​អូបាម៉ា​លុបចោល​ជំនួប​ជាមួយ​លោក​ពូទីន។ រឿង​របស់​ Snowden​គ្រាន់តែ​ជាតំណក់ទឹក​បន្ថែម​មួយ​តំណក់ទៀត ដែល​ធ្លាក់ចូលទៅ​ ធ្វើ​ឲ្យ​​ទឹក​នៅក្នុង​កែវហៀរចេញ​ប៉ុណ្ណោះ។ ប្រធានាធិបតី​អាមេរិក​​លុបចោល ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី គឺ​ដូចជា​រឿង​លែងលះ​របស់​ប្តីប្រពន្ធ​។ ទម្រាំ​មក​ដល់​ថ្ងៃ​ឈ្លោះ​លែងលះគ្នា គឺ​ប្តីប្រពន្ធ​បាន​ជួប​​រឿងប្រេះស្រាំ​នឹង​គ្នា ជាច្រើនណាស់ ក្នុង​ពេល​កន្លងមក។

ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី មិន​ដែល​ស្គាល់​ភាពផ្អែមល្អែម​នឹង​គ្នាទេ។ ជា​អតីត​សត្រូវ​នឹង​គ្នា ក្នុង​សង្រ្គាម​ត្រជាក់ អាមេរិក និង​រុស្ស៊ី នៅ​តែ​មិន​ព្រម​មើលមុខ​គ្នា​ចំទេ រហូតមកដល់​ពេល​នេះ។ គេឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ចាប់​ល្អក់កករ​នឹង​គ្នា នៅ​ពាក់កណ្តាល​ឆ្នាំ ២០១១ គឺ​នៅ​ពេល​រុស្ស៊ី​បាន​ចេញមុខ​គាំទ្រ​ដាច់ណាត់ មិន​ឲ្យ​គេទម្លាក់​លោកប្រធានាធិបតី​ស៊ីរី លោក​បាស្ហា អាល់​អាសាដ ចេញពី​តំណែង។ ដោយសម្រេច​ដូច្នេះ រុស្ស៊ី​បានខ្ទាស់ជើង នយោបាយ​​ការទូត​របស់​អាមេរិក​នៅ ដើមបូព៌ា ព្រោះ​បើតាម​អាមេរិក សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី អាច​បញ្ចប់​ទៅបាន លុះណា លោក​ប្រធានាធិបតី​អាសាដ​ចុះចេញពី​តំណែង។

ក្រៅតែពី​រឿង​ស៊ីរី នៅមាន​សំណុំរឿង​ជាច្រើនទៀត ដូចជា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ការកាត់​បន្ថយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ និង​ការដាក់​ពង្រាយ​ខែលមីស៊ីល​របស់​អាមេរិក​នៅ​ទឹកដី​អឺរ៉ុប ដែល​ប្រទេស​ទាំងពីរ​នៅ​ខ្វែង​គំនិត និង​មិនព្រម​ធ្វើ​ការសហការ​ជាមួយ​គ្នា។ សំណុំរឿង​ចុងក្រោយ គឺ​បញ្ហា​សិទ្ធិ​រំលោភសិទ្ធិមនុស្ស ដែល​អាមេរិក​ទើប​នឹង​ចេញ​របាយការណ៍​រំលោភ​រិះគន់​ទីក្រុង​ម៉ូស្គូ កាលពី​ពេលថ្មីៗនេះ។

នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន គេ​អាច​និយាយ​ដូច្នេះ បាន ដោយសារ​តែ​លោកអូបាម៉ា ​ពេលនេះ បាន​ងក់ង និង​អន់ចិត្ត មិន​ចង់​ចាប់ដៃ​ធ្វើការ​ជាមួយ​លោក​ពូទីន​ទៀតទេ។ ជំហរ​របស់​ប្រធានាធិបតី​អាមេរិក​នឹង​អាច​ដូរ ប្រសិន​បើ​ប្រធានាធិបតី​រុស្ស៊ី​មិនមែន​ជាលោក​ពូទីន។ គួរដឹងថា នៅពេល​លោក​ស្បថ​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅឆ្នាំ ២០០៩ លោក​អូបាម៉ា​បាន​សន្យា​ថា នឹង​ស្តារ​ទំនាក់ទំនង​រុស្ស៊ី អាមេរិក​ឲ្យ​ល្អ​ឡើងវិញ។ កាលណោះ រុស្ស៊ី ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​រុស្ស៊ី​បច្ចុប្បន្ន គឺ​លោក​ឌីមីទ្រី មេដវេដេវ ដែល​លោក​អូបាម៉ា​​វាយតម្លៃថា ជា​ប្រធានាធិបតី​ដែល​មាន​ជំនាញ។

នៅក្នុង​អាណត្តិ​របស់​លោក​មេដវេឌេវ អាមេរិក រុស្ស៊ី​និយាយ​ចុះសម្រុង​​ជាមួយ​គ្នា​បានច្រើន ដូចជា​ប្រទេស​ទាំងពី​បានព្រមព្រៀង​គ្នា ចុះ​សន្ធិសញ្ញា​Newstarts ដែល​តម្រូវ​ឲ្យ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ទាំងពីរ​កាត់បន្ថយ​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែល​សេសសល់​ពី​សង្រ្គាម​ត្រជាក់។ រុស្ស៊ី​បាន​ជួយ​អាមេរិក​ក្នុង​ការបញ្ជូន​ភស្តុភា​ទៅ​អាហ្វហ្កានីស្ថាន និង​បានចូលរួម​ជាមួយ​អាមេរិក ដើម្បី​ដាក់ទណ្ឌកម្ម​លើ​កម្មវិធី​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង។

ប៉ុន្តែ ក្នុង​រយៈពេលមួយឆ្នាំ​ចុងក្រោយនេះ គឺ​ចាប់តាំងពី​ពេល​លោក​ពូទីន​ត្រលប់​មក​កាន់​តំណែង​ជាប្រធានាធិបតី​រុស្ស៊ី វិញ ភាពតានតឹង​ការទូត រវាង​រុស្ស៊ី និង​អាមេរិក បាន​ឡើង​ដល់​កម្រិត​កំពូល។ កាលពី​ខែ​មិថុនា កន្លងទៅ អាមេរិក​បាន​ចេញ​បញ្ជី​រាយនាម​មន្រ្តី​រុស្ស៊ី​ជាង​១០​នាក់ មិន​ឲ្យ​ធ្វើ​ដំណើរ​ចូលទឹកដី​អាមេរិក ក្នុងមូលហេតុ​ពួកគេ​ទាំងនោះ មាន​ជាប់ពាក់ព័ន្ធ​នឹង​ការបាត់បង់ជីវិត​របស់​អ្នកច្បាប់​រុស្ស៊ី​ម្នាក់ ដែល​ជាប់ក្នុង​គុក​រុស្ស៊ី។ លោកពូទីន កាលណោះ បាន​ហៅ​ការសម្រេចចិត្ត​របស់​ទីក្រុង​វាស៊ីនតោន ថា ដូចជា​ថ្នាំបំពុល​ទំនាក់ទំនង​រុស្ស៊ី​អាមេរិក។ ហើយ​ជា​ការសងសឹក​វិញ រុស្ស៊ី​បាន​បណ្តេញ​សមាជិក​របស់​អង្គការ​ផ្តល់ជំនួយ​អាមេរិក ដោយ​ចោទ​ពួកគេ​ទាំងនោះ​ថា ជាក្រុមចារកិច្ច​របស់​អាមេរិក លួចយកការណ៍​សម្ងាត់​របស់មូស្គូ​ទៅ​ឲ្យ​រដ្ឋាភិបាល​អាមេរិក។ គំនិត​សងសឹក​មួយ​ទៀត គឺ​ទីក្រុង​មូស្គូ​ទើប​តែ​សម្រេច​ផងដែរ មិន​ឲ្យ​ជនជាតិ​អាមេរិក​សុំ​កូនរុស្ស៊ី យក​ទៅចិញ្ចឹម។

សង្រ្គាមត្រជាក់​ចេញពីមាត់​របស់​លោក​អូបាម៉ា
លោក​អូបាម៉ា​បាន​និយាយ​ កាលពី​ថ្ងៃ​អង្គារថា រុស្ស៊ី​កំពុង​នៅ​ដិតដាម​ដោយ​ចិត្ត​គំនិត​ធ្វើ​សង្រ្គាម​ត្រជាក់​នៅឡើយ នោះគឺ​នៅពេល​ដែល​រុស្ស៊ី​យល់ព្រម​បើកដៃ​ទទួល​ Snowden ដែល​តាមពិត​ជាអ្នក​បាន​លួច​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​អាមេរិក។ សង្រ្គាម​ត្រជាក់ ដែល​កើត​ឡើង តាំងពី​ឆ្នាំ ១៩៤៧ ដល់​ឆ្នាំ ១៩៩០ គឺ​សង្រ្គាម មនោគមវិជ្ជា​ ​រវាង​ប្លុកពីរ កុម្មុយនិស្ត និង​សេរី ដែលមេជម្លោះ គឺ​អាមេរិក និង​សហភាពសូវៀត។ នៅសម័យ​​សង្រ្គាម​ត្រជាក់ អាមេរិក និង​សហភាព​សូវៀត ដែលក្រោយ​មក​ក្លាយ​ជា​រុស្ស៊ី បាន​ប្រជែង​គ្នា ខាងផ្នែក​ចារកម្ម សព្វាវុធ ការផលិត​គ្រាប់នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា។

សម្រាប់​លោកអូបាម៉ា សង្រ្គាម​ត្រជាក់​បាន​ផុតរលត់ និង​ក្លាយ​ជា​រឿង​អតីតកាល។ អាមេរិក បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ងាក​មក​ធ្វើការ​ដោយស្មោះត្រង់ ជាមួយ​អាមេរិក ដើម្បី​កែលម្អ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ ទំនាក់ទំនង​អាមេរិក​រុស្ស៊ី ដែល​ពេលនេះ បាន​ធ្លាក់​ជិត​ដល់​ចំណុច​សូន្យ បន្ទាប់ពី​លោកអូបាម៉ា​ប្រកាស​លុបចោល​កិច្ចប្រជុំ​ជាមួយ​លោកពូទីន។

អាមេរិក និង​រុស្ស៊ី​បាន​បន្ទោស​គ្នា​ទៅវិញ ទៅមក ដោយ​ភាគី​ម្ខាងៗ​ចោទគ្នា ថា ជាអ្នក​ធ្វើ​ឲ្យ​ជាប់គាំង​ការចរចា ឬ​ការសហការ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ លើកនេះ រុស្ស៊ី​បាន​សំដែង​ការខកចិត្ត​វិញម្តង ដែល​លោកអូបាម៉ា​បាន​លុបចោល​កិច្ចប្រជុំ​ជាមួយ​លោក​ពូទីន ប៉ុន្តែ យ៉ាងណាក៏ដោយ ទីក្រុង​មូស្គូ​អះអាង ថា គេ​នៅតែបើកទ្វារ​ជានិច្ច​បើសិន​ជា​លោក​អូបាម៉ា​ដូរចិត្ត។

តាម​អ្នកនាំពាក្យ​របស់​សេតវិមាន រុស្ស៊ី​មិនបាន​បង្ហាញ​ការខិតខំប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​អាមេរិកទេ។ នៅមាន​ចំណុច​ខ្វែង​គំនិត​គ្នា​ច្រើន ទាក់ទង​នឹង​រឿង​សិទ្ធិមនុស្ស នយោបាយ​កាត់បន្ថយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែល​ប្រទេស​ទាំងពីរ​មិន​ទាន់​បាន​និយាយ​ត្រូវគ្នា។ វាគ្មាន​ប្រយោជន៍​អ្វី​ដែល​លោក​អូបាម៉ា ត្រូវ​ជួបប្រជុំ​ជាមួយ​លោក​ពូទីន ប្រសិន​បើ​សំណុំរឿង​សំខាន់​ដែល​ត្រូវ​ជជែកនោះ មិន​ទាន់​ត្រូវគេនិយាយ​យល់ស្រប​គ្នាមុននោះ។

ប្រមុខ​ដឹកនាំ​ប្រទេស​អាច​តឹងសរសៃក​ដាក់គ្នា ប៉ុន្តែ មិនទាន់​ធ្វើ​ឲ្យ​ទំនាក់ទំនង​រុស្ស៊ី អាមេរិក ស្លាប់ គ្មាន​ដំណោះស្រាយ​នោះទេ។ អ្នកនាំពាក្យ​របស់​សេតវិមាន​អះអាងថា ជំនួប​រវាង​រដ្ឋមន្រ្តី​របស់​ក្រសួងការបរទេស និង​ក្រសួងការពារជាតិ របស់​ប្រទេសទាំងពីរ ដែល​ត្រូវ​ធ្វើ​នៅថ្ងៃ​សុក្រនេះ នឹងត្រូវ​មាន​ជាធម្មតា គឺ​មិន​លុបចោល​ទេ។ ដូច្នេះ គេ​នៅ​ចាំមើលថា តើ​ជំនួប​នៅថ្ងៃ​សុក្រ​នេះ រវាង​ថ្នាក់ដឹកនាំ​ក្រសួងគន្លឹះទាំងពីរ គឺ​ការបរទេស និង​ការពារជាតិ​របស់​ប្រទេស​ទាំងពីរ នឹង​អាច​ស្រោចស្រង់​ស្ថានការណ៍​ឲ្យ​ល្អ​ឡើងវិញ ឬ​ដំពន្លិច​ឲ្យ​កាន់តែ​ជ្រៅ​ថែមទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ