អានតួអត្ថបទ
អាមេរិក-ស៊ីរី

អូបាម៉ា៖​មិនមែន​ខ្ញុំ​ទេ ដែល​បាក់មុខ ប៉ុន្តែ គឺ​ពិភពលោក​ទាំងមូល​

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី ៤ កញ្ញា នៅក្នុង​ដំណើរ​ទស្សនកិច្ច ​នៅ​ប្រទេស​ស៊ុយអែត ​ លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​បាន​ចេញមុខ និយាយ​ការពារ​ខ្លួន នៅក្នុង​សំណុំរឿង​ស៊ីរី។ តាម​លោកអូបាម៉ា ប្រសិន​បើ​គេ​នៅ​បន្ត​ឈរ ឱបដៃ មិន​អន្តរាគម​យោធា​នៅ​ស៊ីរី នោះ គឺ​ពិភពលោក​ទាំងមូល និង​សភា​អាមេរិក​ដែល​គេ​ត្រូវ​ដកជំនឿ​ទុកចិត្ត ប៉ុន្តែ មិនមែន​រូបលោកទេ។

លោក​ប្រធានាធិបតី​អាមេរិក​នៅក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ស្តុកខូម ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃ​ពុធ​ទី ៤ កញ្ញា
លោក​ប្រធានាធិបតី​អាមេរិក​នៅក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ស្តុកខូម ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃ​ពុធ​ទី ៤ កញ្ញា © REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 

ដោយ​ខ្លាច​គេ​ចោទ​ថា លោក​លេបសំដី មិន​ព្រមធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី លោក​ប្រធានាធិបតី​​អាមេរិក បាន​ចេញមុខ ​និយាយ​ការពារ​ខ្លួន​ពី​រឿង​ខ្សែបន្ទាត់​ក្រហម ដែល​លោក​ធ្លាប់​បាន​កំណត់​ដើម្បី​ព្រមាន​រដ្ឋាភិបាល​ស៊ីរី កាលពី​ឆ្នាំមុន។ សម្រាប់​លោកអូបាម៉ា លោក មិនមែន​ជា​អ្នក​បង្កើត​ខ្សែ​បន្ទាត់​ក្រហម​នោះទេ គឺ​មេដឹកនាំ​នៃ​ប្រជាជន​ជាង ៩៨ភាគរយ ក្នុង​ពិភពលោក​ដែល​បាន​កំណត់​ខ្សែបន្ទាត់​ក្រហម ដោយ​បាន​បង្កើត​សន្ធិសញ្ញា​ប្រឆាំង​មិន​ឲ្យ​គេ​ប្រើ​អាវុធ​គីមី​ប្រល័យលោក។

តាម​លោកអូបាម៉ា រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ស៊ីរី​បាន​រំលោភ​ខ្សែ​បន្ទាត់​ក្រហម​របស់​សហគមន៍​អន្តរជាតិ ដោយ​បាន​ប្រើអាវុធ​គីមី សម្លាប់​ប្រជាជន កាលពី​ខែ​សីហា​កន្លងទៅ។ ដូច្នេះ ប្រសិន​បើ​សហគមន៍​អន្តរជាតិ ក្នុង​នោះ​មាន​អាមេរិក និង​សភា​អាមេរិក នៅ​ស្ងៀម មិន​ធ្វើអ្វី​សោះ នោះគឺ​ពួកគេ​នឹង​ត្រូវ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន ប៉ុន្តែ​មិនមែន​រូបលោក បារ៉ាក់ អូបាម៉ា ទេ។

លោក​អូបាម៉ា បាន​រារែក​មិន​សម្រេចធ្វើ​អន្តរាគមន៍​យោធា ភ្លាម​ទៅលើ​ស៊ីរី បន្ទាប់​ពី​​ អង់គ្លេស និង អូតង់ ដកខ្លួន និង​ក្រោម​ការព្រមាន​របស់​រុស្ស៊ី និង​ចិន។ ប៉ុន្តែ ដើម្បី​ស្តាប្រជាប្រិយភាព​របស់លោក​ឡើងវិញ លោក​អូបាម៉ា​នៅ​បន្ត​ស្វែងរក​សំឡេង​គាំទ្រ នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា​ឲ្យ​បាន នៅ​ស៊ីរី។ នៅក្រោយ​ជំនួប​ជាមួយ​លោក​​នាយក​រដ្ឋមន្រ្តី​ស៊ុយអែត លោកអូបាម៉ា ដោយ​មិន​និយាយ​បើកចំហរ នោះ បាន​អំពាវនាវ​ដល់​ប្រទេស​នានា​ឲ្យ​ចូលរួម​គាំទ្រ​នយោបាយ​ធ្វើ​អន្តរាគម​យោធា​របស់​អាមេរិក​នៅ​ស៊ីរី។

នៅ​ក្នុង​ស្រុកវិញ លោក​ប្រធានាធិបតី​អាមេរិក​បាន​ទទួល​ការគំាទ្រ​ពី​គណៈកម្មការ​ទំនាក់ទំនង​អន្តរជាតិ​នៅ​ព្រឹទ្ធសភា ដែល​បាន​យល់ព្រម​កាលពី​យប់ថ្ងៃ​ពុធ​ម្សិលមិញ ឲ្យ​លោកអូបាម៉ា​ធ្វើ​ប្រតិបត្តិការទ័ព​នៅ ស៊ីរី ក្នុង​អំឡុង​៦០​ថ្ងៃ និង​អាច​មាន​សិទ្ធិ​បន្ត​៣០​ថ្ងៃ​បន្ថែមទៀត ប្រសិន​បើ​ចាំបាច់។ ក្នុង​ប្រតិបត្តិការ​ទ័ព លើកនេះ ព្រឹទ្ធសភា​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើការវាយប្រហារ​តាមអាកាស ប៉ុន្តែ ហាមដាច់ខាត​វត្តមាន​ទ័ពជើងគោក នៅ​ស៊ីរី។

លោកប្រធានាធិបតី​រុស្ស៊ី វ្លាដីមៀរ ពូទីន បាន​រិះគន់​ការសម្រេច​របស់​គណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក និង​ចាត់ទុក​ការវាយប្រហារ​ទៅលើ​ប្រទេស​មួយ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អង្គការ​សហប្រជាជាតិ ថា ជា​ការរំលោភ​បំពាន ខុសច្បាប់។

កាលពី​ខែ​សីហាមុននេះ លោកអូបាម៉ា​បាន​ប្រកាស​លុបចោល​ជំនួប​កំពូល​ស្តីពី​ស៊ីរី ដែល​លោកត្រូវ​ធ្វើ​ជាមួយ​លោក​ប្រធានាធិបតី រុស្ស៊ី នៅមុន​កិច្ចប្រជុំ​កំពូល​ក្រុមប្រទេស G ២០ ដែល​ត្រូវ​បើកធ្វើ នៅថ្ងៃ​ព្រហស្បតិ៍​ទី ៥ កញ្ញា។ ប៉ុន្តែ កាលពីថ្ងៃ​ពុធ​ម្សិលមិញ លោកអូបាម៉ា បាន​អះអាង​ថា លោក​នៅ​តែ​មាន​ក្តីសង្ឃឹម និង​បន្ត​និយាយ​បញ្ចុះបញ្ចូល​​ប្រមុខ​ដឹកនាំ​រុស្ស៊ី​ឲ្យ​ដាក់ទោស​រដ្ឋាភិបាល​ស៊ីរី។ តាម​លោកអូបាម៉ា ប្រតិបត្តិការ​អន្តរជាតិ​នឹង​មាន​ប្រសិទ្ធិភាព​បើសិន​ជា​មាន​ការសហការ​ពី​​រុស្ស៊ី។ តាម​សេតវិមាន គ្មានទេ ជំនួប​ជា​ផ្លូវការ រវាង​មេដឹកនាំ​ទាំងពីរ​នៅ​ក្នុង​កិច្ចប្រជុំ​ G ២០ ប៉ុន្តែ ជំនួប​ក្រៅផ្លូវការ​នឹង​អាច​មាន រវាង​លោកអូបាម៉ា និង​លោកពូទីន ដើម្បី​និយាយ​ពី​សំណុំរឿង​ស៊ីរី។

ប្រធានាធិបតី​រុស្ស៊ី ដែល​រហូតមកដល់​ពេលនេះ បាន​និយាយ​ថា លោកនឹង​ចូលរួម​ធ្វើ​អន្តរាគមន៍ នៅ​ស៊ីរី ប្រសិន​បើ​គេ​មាន​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​ថា រដ្ឋាភិបាល​ស៊ីរី ជាអ្នកប្រើ​អាវុធ​គីមី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ