មេដឹកនាំគណបក្សសាធារណរដ្ឋគាំទ្រគម្រោងអន្តរាគមន៍យោធាអាមេរិកនៅស៊ីរី
ខណៈដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា កំពុងរង់ចាំភ្លើងខៀវពីសភាអាមេរិក ចំពោះផែនការអន្តរាគមន៍យោធានៅស៊ីរី មេដឹកនាំរបស់គណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើននៅក្នុងសភា បានបង្ហាញការគាំទ្រផែនការនេះ។ ជំហរគាំទ្ររបស់មេដឹកនាំគណបក្សសាធារណរដ្ឋដែលបានធ្វើអោយលោកអូបាម៉ាមានក្តីសង្ឃឹមច្រើនថា សភាអាមេរិកនឹងអនុម័តផែនការវាយប្រហាររបបលោកបាស្ហា អាល់ អាសាដ នៅស៊ីរី ដែលត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់អាវុធគីមីលើពួកឧទ្ទាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៧
បន្ទាប់ពីបានទទួលការគាំទ្រ ពីសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមកពីគណបក្សសាធារណៈរដ្ឋ គឺលោក John McCain នៅថ្ងៃអង្គារម្សិលមិញ សមាជិកសភា២រូបទៀតរបស់គណបក្សសាធារណៈរដ្ឋក៏បានបង្ហាញជំហរគាំទ្រផែនការវាយរបបស៊ីរីរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាដែរ។
លោក John Boenheur និង លោកEric Cantor ដែលជាអ្នកមានវោហាសព្ទខ្លាំងនៅក្នុងសភាអាមេរិកដែលគ្របដណ្តប់ដោយគណបក្សសាធារណៈរដ្ឋនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា អាមេរិកត្រូវតែបញ្ចេញប្រតិកម្ម។ ការបង្ហាញការគាំទ្រនេះ នឹងធ្វើអោយលោកប្រធានាធិបតីអូបាម៉ា ដែលមកពីគណបក្សប្រជាធិបតេយ្យមានក្តីសង្ឃឹមច្រើន ពីកិច្ចប្រជុំសភាពេញអង្គនៅសប្តាហ៍ក្រោយនេះ ដែលត្រូវអនុម័តលើផែនការវាយប្រហារប្រទេសស៊ីរី។
គួរបញ្ជាក់ថា អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនដែលមានអង់គ្លេស និងអង្គការណាតូ បានចោទប្រកាន់រដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតី បាស្ហា អាល់ អាសាដ ថាបានប្រើអាវុធគីមីវាយប្រហារ លើក្រុមឧទ្ទាមកាលពីថ្ងៃទី២១កក្កដាកន្លងទៅ។ សកម្មភាពនេះបានធ្វើអោយអាមេរិកដែលគាំទ្រក្រុមឧទ្ទាមនោះ ខឹងសម្បារយ៉ាងខ្លាំង ហើយក៏បានសន្យាវាយប្រហារលើរបបស៊ីរីរបស់លោកអាសាដតែម្តង។ ហេតុដូច្នេះបានរដ្ឋាភិបាលលោកអូបាម៉ាក៏បានពង្រាងផែនការវាយប្រហារលើប្រទេសស៊ីរី ហើយកំពុងរង់ចាំការអនុម័តពីសភាអាមេរិកដែលត្រូវបោះឆ្នោតគាំទ្រ ឬក៏អត់នោះ។
គេក៏នៅមិនទាន់អាចទស្សទាយទុក បច្ច័យដែលកើតចេញពីការអនុវត្តផែនការរបស់អាមេរិកនៅឡើយដែរ ខណៈលោកអាសាដបានព្រមានប្រឆាំងអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកថា ពួកគេនឹងទទួលផលជាអវិជ្ជមាន ប្រសិនបើពួកគេបើកប្រតិបត្តិការយោធានៅស៊ីរីនោះ។ ស៊ីរីដែលគាំទ្រដោយរុស្ស៊ីជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច។
សូមរម្លឹកថា ជាង២ឆ្នាំហើយដែលរដ្ឋាភិបាលស៊ីរីរបស់លោកបាស្ហា អាល់អាសាដនិងក្រុមឧទ្ទាមបានប្រយុទ្ធគ្នានៅក្នុងកណ្តាលប្រទេសនេះ ដែលបង្កអោយមានជនស៊ីវិល និងយោធាស្លាប់រាប់ម៉ឺននាក់។ របាយការណ៍ចុងក្រោយពីអង្គការសិទ្ធិមនុស្សក៏បានបង្ហាញថា មនុស្សជាង២លាននាក់ហើយដែលបានស្វែងរកការភៀសខ្លួននៅក្នុងប្រទេសជិតខាង ជុំវិញស៊ីរី ហើយពួកគេភាគច្រើនគឺជាកុមារទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ