អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

លោកពូទីន​ថា​រុស្ស៊ី​ផ្អាក​ការ​បញ្ជូន​មីស៊ីល​បាញ់​យន្តហោះ​ទៅឲ្យ​ស៊ីរី

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ប្រកាស​កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​ថា រុស្ស៊ី​បាន​ផ្អាក​ការ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​បាញ់​យន្តហោះ​ទៅ​ឲ្យ​ស៊ីរី ក៏ប៉ុន្តែ​ថា មាន​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ស៊ីរី​រួចទៅហើយ។ លោក​ពូទីន​បាន​ថ្លែង​បែបនេះ មួយថ្ងៃ​មុន​បើក​ជំនួបកំពូល​ក្រុមប្រទេស G20 ដែល​មាន​រុស្ស៊ី​ជា​ម្ចាស់ផ្ទះ ហើយ​ដែល​គេ​រំពឹង​ថា វិបត្តិស៊ីរី​នឹង​ជា​សំណុំរឿង​ដ៏​សំខាន់​មួយ​ក្នុង​ជំនួបកំពូលនេះ។

ប្រព័ន្ធ​មីស៊ីល​​ការពារដែន​អាកាស និង​ខែល​ការពារមីស៊ីល ធុន S-300 របស់​រុស្ស៊ី
ប្រព័ន្ធ​មីស៊ីល​​ការពារដែន​អាកាស និង​ខែល​ការពារមីស៊ីល ធុន S-300 របស់​រុស្ស៊ី ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុស្ស៊ី លោក​ប្រធានាធិបតី​ពូទីន​បាន​រំឭក​ថា រុស្ស៊ី​មាន​ចុះ​កិច្ចសន្យា​លក់​ប្រព័ន្ធ​មីស៊ីល​ធុន S-300 ទៅឲ្យ​ស៊ីរី ហើយ​មាន​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​មីស៊ីល​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ស៊ីរី​រួចទៅហើយ ក៏ប៉ុន្តែ រុស្ស៊ី​បាន​សម្រេច​ផ្អាក​ការ​បញ្ជូន​ផ្នែក​ផ្សេងទៀត​ជា​បណ្តោះអាសន្ន​សិន។​ លោក​ពូទីន​មិនបាន​បញ្ជាក់​ប្រាប់ អំពី​ហេតុផល​នៃ​ការ​ផ្អាក​ការ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ទៅ​ឲ្យ​ស៊ីរី​នេះ​ទេ។

គួរបញ្ជាក់ថា ប្រព័ន្ធ​មីស៊ីល​ ធុន S-300 គឺ​ជា​ប្រព័ន្ធ​ការ​ពារដែន​អាកាស​ធុន​ទំនើប​បំផុត​របស់​រុស្ស៊ី ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ផង និង​អាច​បាញ់​ស្កាត់​ចាប់​មីស៊ីល​ប្រភេទ​ខ្លះ​បាន​ផងដែរ។

រុស្ស៊ី​បាន​អះអាង​ថា កិច្ចសន្យា​លក់​ប្រព័ន្ធ​មីស៊ីល​នេះ​ត្រូវ​បាន​ចុះ​ជាមួយ​ស៊ីរី តាំង​ពីមុន​ផ្ទុះ​សង្រ្គាម​ស៊ីវិល​ម៉្លេះ។ ក៏ប៉ុន្តែ ប្រទេស​លោកខាងលិច​តែងតែ​បាន​រិះគន់​រុស្ស៊ី ដែល​បាន​ចុះ​កិច្ចសន្យា​​​លក់​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​អាកាស​ទៅ​ឲ្យ​ស៊ីរី​នេះ។

ប្រសិនបើ​ស៊ីរី​មាន​ប្រព័ន្ធ​មីស៊ីល​នេះ វា​នឹង​ជា​ឧបសគ្គ​ដ៏ធំមួយ ដល់​គម្រោង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត ក្នុងការ​វាយប្រហារ​តាម​អាកាស ឬ​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ​នៅ​ស៊ីរី។

ក៏ប៉ុន្តែ មន្រ្តី​ជាន់ខ្ពស់​រុស្ស៊ី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធមីស៊ីល S-300 ដែល​​រុស្ស៊ី​បាន​បញ្ជូន​ទៅ​ឲ្យ​ស៊ីរី​រួចហើយ​នោះ មិន​គ្រប់គ្រាន់​អាច​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​មីស៊ីល​នេះ​បានទេ។ ចំណែកឯ​អ្នក​ជំនាញ​ខាង​សព្វាវុធ​រុស្ស៊ី​ក៏​បាន​អះអាង​ផងដែរ​ថា យ៉ាងហោចណាស់​ក៏​គេ​ត្រូវ​រង់ចាំ​រហូតដល់​ចុងឆ្នាំ​២០១៤ ឬ​ដើមឆ្នាំ​២០១៥​ដែរ ទើប​ស៊ីរី​អាច​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​មីស៊ីល S-300 ​ដោយ​ពេញលេញបាន។

ការប្រកាស​របស់​លោក​ពូទីន អំពី​ការ​ផ្អាក​ការ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ទំនើប​ទៅ​ឲ្យ​ស៊ីរី​ កាល​ពី​ម្សិលមិញ​នេះ ទំនង​ជា​ធ្វើឡើង ក្នុងគោលដៅ​រំងាប់​ក្តីបារម្ភ​របស់​ប្រទេស​លោកខាងលិច ក្នុងពេល​ដែល​រុស្ស៊ី​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ជំនួបកំពូល​ក្រុមប្រទេស G20 ដែល​ត្រូវ​បើក​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ