អានតួអត្ថបទ
រុស្ស៊ី

គឺរុស្ស៊ី​ជា​អ្នក​កត់ត្រាឃើញ​​កាំជ្រួច​មីស្ស៊ីល​ពីរដើម​ ហោះចេញ​ពី​សមុទ្រ​មេឌីទែរ៉ាណេ​ តម្រង់​ទៅ​ឆ្នេរ​ប្រទេស​ស៊ីរី​

ការ​បាញ់បង្ហោះ​នេះ ដែល​មាន​ធ្វើ​ម្សិលមិញ បាន​នាំឲ្យ​គេ​ផ្អើល​ឆោឡោ ក្នុងផ្ទៃ​ដែល​ពិភពលោក​រង់ចាំ​ការ​វាយប្រហារ​ទៅលើ​ស៊ីរី ដ្បិត​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ទៅហើយ កាលពី​៣ថ្ងៃ​មុន​អំពី​ការ​សម្រេចចិត្ត​វាយប្រហារ​នេះ ដោយ សង្ឃឹម​ទទួល​ការ​គាំទ្រ​ពី​សំណាក់​សភា​សិន ដើម្បី”ប្រដៅ” រដ្ឋាភិបាល Bachar Assad ចំពោះ​ការហ៊ាន​ប្រើ​អាវុធ​គីមី សម្លាប់​បណ្តាជន​ស៊ីវិល នៅ​ស៊ីរី។

ទាហាន​អ៊ីស្រាអែល​នៅហ្កូឡង់។ អ៊ីស្រាអែលបានប្រកាសថា​បាន​រួមសមយុទ្ធ​សាកល្បង​បាញ់កាំជ្រួច​មីស៊ីល​​ជាមួយ​អាមេរិក។
ទាហាន​អ៊ីស្រាអែល​នៅហ្កូឡង់។ អ៊ីស្រាអែលបានប្រកាសថា​បាន​រួមសមយុទ្ធ​សាកល្បង​បាញ់កាំជ្រួច​មីស៊ីល​​ជាមួយ​អាមេរិក។ REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

ដំណឹង​ស្តីអំពី​ការ​កត់ត្រាឃើញ​មាន​កាំជ្រួច​មីស្ស៊ីល​ពីរដើម ហោះចេញ​ពី​កណ្តាល​សមុទ្រ​មេឌីទែរ៉ាណេ តម្រង់​ទៅទិស​ខាងកើត ឆ្ពោះទៅ​ឆ្នេរ​ប្រទេស​ស៊ីរី ត្រូវបាន​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​រាយការណ៍​ជាបន្ទាន់​ភ្លាម ជូន​លោក​ប្រធានាធិបតី​ពូទីន ដែលស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​បំផុត​នៃ​កងទ័ពរុស្ស៊ី។ រុស្ស៊ី​ដែល​ប្រឆាំង​ដាច់​អហង្ការ ទល់នឹង​អន្តរាគមន៍​យោធា​ពីក្រៅ ទៅលើ​ប្រទេស​ស៊ីរី​ជា​សម្ព័ន្ធមិត្ត​ខ្លួន។

គឺ​ស្ថានីយ​រ៉ាដារ​ខាង​ព្រមាន​ទល់នឹង​ការវាយប្រហារ​នៃ​កាំជ្រួច​មីស្ស៊ីល” ហៅ​កាត់ថា SPRN ដែលស្ថិត​នៅក្រុង Armavir ចម្ងាយ​ប្រមាណ​១.៤០០គ.ម. ខាងត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ ដែល“ភ្នែក” និង “ត្រចៀក”វា អាច​មើលធ្លុះ និង​ស្តាប់ឮ​ដល់​ចម្ងាយ​៦.០០០គ.ម. នៅវេលា​ម៉ោង១០និង១៦នាទី បាន​កត់ត្រា​ឃើញ​មាន​បាញ់​បង្ហោះ​មីស្ស៊ីល​ពីរដើម ចេញពី​លើ​ផ្ទៃទឹក​សមុទ្រនោះ ហើយ​ក៏​តាមដាន​អំពី​ដំណើរហោះ​របស់​វា។

ជា​ការ​កត់សម្គាល់ ក្រោយពី​រុស្ស៊ី​ផ្សព្វផ្សាយ​ដំណឹងនេះ​ភ្លាម នៅឯ​ទីស្តីការ​បក្សសម្ព័ន្ធ OTAN នៅ​ក្រសួង​ការពារ​ជាតិ​បារាំង អ៊ីតាលី អាល្លឺម៉ង់ ព្រមទាំង​អ៊ីស្រាអែល នៅមន្ទីរ​បញ្ចកោណ​ជា​ក្រសួងការពារជាតិ​ស.រ.អា. នៅ​សហភាពអឺរ៉ុប គេនាំគ្នា​ថ្លែងថា គេ​មិនដឹង​អំពី​រឿងបង្ហោះ​កាំជ្រួច​មីស្ស៊ីល​អ្វីណាទេ នៅ​លំហ​សមុទ្រ​មេឌីទែរ៉ាណេ លើកលែង​តែ​អង់គ្លេសមួយ​ប៉ុណ្ណោះ ដែល​បញ្ជាក់​អំពី​ដំណឹង​រុស្ស៊ី។

លុះ​ប៉ុន្មានម៉ោង​ក្រោយមក ទើប​អ៊ីស្រាអែល​ថ្លែងថា ការ​បង្ហោះ​កាំជ្រួច​មីស្ស៊ីល​នោះ គឺជា ការល្បង​ពិសោធន៍​ដែលខ្លួន​ធ្វើរួម​ជាមួយ​ស.រ.អា។ មីស្ស៊ីល​ទាំង២​នោះ បាន​ដើរ​តួជា “ស៊ីប្ល” សម្រាប់​ល្បងមើល​ប្រសិទ្ធិភាព នៃ“ប្រព័ន្ធ​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល” របស់​អ៊ីស្រាអែល។ ចំណែក​ក្រសួង​ការពារជាតិ​អាមេរិក​គូស​បញ្ជាក់​ថា ការ​ល្បងពិសោធន៍​នេះ ឥតមាន​និស្ស័យ​ពាក់ព័ន្ធ​ទៅនឹង​គម្រោង​ក្រុងវ៉ាស៊ីនតោន ឲ្យ​មេរៀន​យោធា​ដល់​របប​លោក​ប្រធានាធិបតីស៊ីរី Assad ជា​ចម្លើយតប​នឹង​ការ​ប្រើ​អាវុធ​គីមី​ដោយ​របប​នេះ​ឡើយ។

ទោះយ៉ាងណាក្តី ក៏តាម​អ្នកវិភាគ​រុស្ស៊ី​ខ្លះ ការបាញ់​បង្ហោះ​មីស្ស៊ីល​នោះ អាចតាំង​គោលដៅ​ស្ទាបស្ទង់​មើល​ជាមុន​សិន ប្រតិកម្ម​ពី​ខាង​កងការពារ​ដែនអាកាស​ស៊ីរី​ផ្ទាល់ និង​ពី​ខាង​ក្រុមកប៉ាល់​ចំបាំង​របស់​រុស្ស៊ី ដែល​ប្រចាំការ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ មិនឆ្ងាយ​ពី​ប្រទេស​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ