អានតួអត្ថបទ
បារាំង

ភេរវកម្ម​នៅ​ប៉ារីស៖ ​តម៉្រុយ​នៃ​ការ​ពាក់ព័ន្ធ​របស់​អាល់កៃដា​នៅ​យេម៉ែន

ប្រតិបត្តិការ​តាម​ប្រមាញ់​ភេរវជន​ត្រូវ​បញ្ចប់ ភេរវជន​ត្រូវ​ប៉ូលិស​បង្រ្កាប ភាពតានតឹង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ក៏​ចាប់ផ្តើម​ធូរស្រាល​មកវិញ ក៏ប៉ុន្តែ ក្រៅ​ពី​​ការ​កាន់ទុក្ខចំពោះ​ជនរងគ្រោះ សំណួរ​ជាច្រើន​ក៏​បាន​ចោទឡើង​ដែរ ជាពិសេស ជុំវិញ​ដំណើរដើមហេតុ ប្រភពដើម​នៃ​ភេរវជន ព្រមទាំង​ខ្សែបណ្តាញ ឬ​ការ​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវជន​អន្តរជាតិ។ យោងតាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ​រដ្ឋ​អាជ្ញា​បារាំង គេ​សង្កេតឃើញ​មាន​តម៉្រុយ​នៃ​ការ​ជាប់ពាក់ព័ន្ធ​របស់​ក្រុម​អាល់កៃដា​ប្រចាំ​ប្រទេស​យេម៉ែន។

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង (ស្តាំ) កោះប្រជុំ​បន្ទាន់​មន្រ្តី​ជំនិតៗ កាល​ពីយប់ថ្ងៃ​សុក្រ ៩មករា ២០១៥
លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង (ស្តាំ) កោះប្រជុំ​បន្ទាន់​មន្រ្តី​ជំនិតៗ កាល​ពីយប់ថ្ងៃ​សុក្រ ៩មករា ២០១៥ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

យោងតាម​លទ្ធផល​ស៊ើបអង្កេត​បឋម ដែល​បង្ហាញ​ជូន​ដោយ​រដ្ឋអាជ្ញា​បារាំង ភេរវជន​​ទាំងពីរ​ក្រុម គឺ​ក្រុម​ដែល​ចូល​បាញ់​ប្រហារ​នៅ​សារព័ត៌មាន Charlie Hebdo និង​ក្រុម​ដែល​រៀបចំ​ការ​បាញ់​ប្រហារ​លើ​ប៉ូលិស ហើយ​បន្ទាប់​មក​ចូល​ចាប់ចំណាប់​ខ្មាំង​នៅ​ហាងលក់​ទំនិញ​ជ្វីហ្វ នៅ​ខាង​ភាគខាង​កើត​ប៉ារីស មាន​ទំនាក់ទំនង​នឹង​គ្នា​ជិតស្និទ្ធ។

Cherif Kouachi ភេរវជន​ម្នាក់​ក្នុង​ចំណោម​ពីរនាក់​ដែល​វាយប្រហារ​លើ Charlie Hebdo និង Amedy Coulibaly ភេរវជន​ដែល​បាញ់​ប្រហារ​លើ​ប៉ូលិស​និង​ចាប់ចំណាប់ខ្មាំង​នៅ​ហាង​ជ្វីហ្វ ធ្លាប់​ជាប់​ក្នុង​សំណុំរឿង​តុលាការ​ជាមួយគ្នា ដោយ​ត្រូវ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំដោះ​មេភេរវជន​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​បារាំង។ នៅ​ក្នុង​សំណុំរឿងនោះ Amedy Coulibaly ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស ចំណែក Cherif Kouachi ត្រូវ​ដោះលែង​ដោយ​សារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។ ប្រពន្ធ​របស់ Cherif Kouachi ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ចាប់​តាំង​ពី​មាន​ការ​វាយប្រហារ​លើ Charlie Hebdo ក៏​បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​យ៉ាង​ច្បាស់​ដែរ​ថា Cherif Kouachi និង Amedy Coulibaly ស្គាល់គ្នា​យ៉ាងច្បាស់។ ម្យ៉ាងទៀត ក្រុម​ស៊ើបអង្កេត​បាន​រកឃើញ​ថា ប្រពន្ធ​របស់ Cherif Kouachi និង​ប្រពន្ធ​របស់ Amedy Coulibaly ដែល​បច្ចុប្បន្ន​​​ប៉ូលិស​កំពុង​តាម​រកចាប់ខ្លួន ក៏​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ច្រើន​ដែរ គឺ​មាន​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​រហូតដល់​ទៅ​ជាង ៥០០លើក នៅ​ក្នុង​ឆ្នាំ​២០១៤។

ទាក់ទង​នឹង​ការ​រៀបគម្រោងការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​ប៉ារីស​ប៉ុន្មានថ្ងៃ​មក​នេះ គេ​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​នៅឡើយទេ​ថា តើ​ភេរវជន​ទាំងពីរ​ក្រុម​មាន​ទំនាក់ទំនង​គ្នា​​​​ត្រឹម​កម្រិតណា។ Amedy Coulibaly បាន​អះអាង​ប្រាប់​ទូរទស្សន៍​បារាំង BFMTV ថា ពួកគេ​ទាំងពីរ​ក្រុម​បាន​គិតគូរ​ជាមួយគ្នា​ជាមុន ដោយ​ឯកភាពគ្នាថា ​ក្រុម​បងប្អូន​ត្រកូល​ Kouachi ជា​អ្នក​វាយប្រហារ​លើ Charlie Hebdo ចំណែក Amedy Coulibaly ជា​អ្នក​ធ្វើការបាញ់​ប្រហារ​លើ​ប៉ូលិស នៅ​ភាគខាង​ត្បូង​ប៉ារីស។ ក៏ប៉ុន្តែ អ្វី​ដែលមិនសូវ​ស៊ីគ្នា គឺ​នៅត្រង់​ថា បងប្អូន​ត្រកូល Kouachi អះអាង​ថា ពួកគេ​ធ្វើការ​ឲ្យ​ក្រុម​អាល់កៃដា​នៅ​យេម៉ែន ចំណែក​ឯ​ Amedy Coulibaly អះអាង​ថា​ធ្វើការ​ឲ្យ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ដែល​ជា​ក្រុម​ពីរ​មិនសូវ​ត្រូវគ្នា។ គួររំឭកឡើងវិញ​ថា ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី​ធ្លាប់​ត្រូវបាន​មេដឹកនាំ​កំពូល​អាល់កៃដា​កាត់កាល់​លែង​រាប់រក ហើយ​នៅ​ក្នុង​ប្រទេស​ស៊ីរី ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម និង​ក្រុម​អាល់កៃដា​ថែម​ទាំង​ធ្លាប់​វាយប្រយុទ្ធគ្នា​ថែម​ទៀត​ផង​នាពេល​កន្លងមក។

ទោះជាយ៉ាងណា​ក៏ដោយ គេឃើញ​ថា ទាំង​ក្រុម​​​​ជីហាត​រដ្ឋអ៊ីស្លាម និង​ក្រុម​អាល់កៃដា​នៅ​យេម៉ែន បាន​នាំគ្នា​ប្រកាស​អបអរ​សាទរ និង​កោតសរសើរ​ចំពោះ​ការ​វាយប្រហារ​​នៅ​ប៉ារីស ក៏ប៉ុន្តែ មានតែ​ក្រុម​អាល់កៃដា​នៅ​យេម៉ែន​ទេ​ដែល​ចេញមុខ​ប្រកាស កាល​ពី​យប់ថ្ងៃ​សុក្រ​ថា ពួកគេ​គឺ​ជា​​អ្នក​ចាត់ចែង​រៀបចំ​គម្រោងការណ៍​វាយប្រហារ​នៅ​ប៉ារីស។ មេដឹកនាំ​ក្រុម​អាល់កៃដា​នៅ​យេម៉ែន​នេះ​ក៏​បាន​​​ព្រមាន​បារាំង​ផងដែរ​ថា​ ការ​វាយប្រហារ​ថ្មីៗ​ជាច្រើន​ទៀត​​នឹង​កើតមានឡើង ប្រសិន​បើ​រដ្ឋាភិបាល​បារាំង​នៅតែ​បន្ត​នយោបាយ​ការបរទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ដូច​ពេល​បច្ចុប្បន្ន​នេះ។

ក្រៅ​ពី​ការ​ប្រកាស​ទទួលខុសត្រូវ​នេះ ព័ត៌មាន​ដែល​ទទួលបាន​ដោយ​ទីភ្នាក់ងារ​ចារកិច្ច​បារាំង និង​អាមេរិក បូករួម​ជាមួយ​នឹង​​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បឋម​ដោយ​​ក្រុម​ស៊ើបអង្កេត​បារាំង​សុទ្ធតែបង្ហាញ​ពី​​តម៉្រុយដែល​​នាំទៅរក​ក្រុម​អាល់កៃដា​នៅ​យេម៉ែន។ ​គេ​ដឹង​ថា ភេរវជន​ដែល​វាយប្រហារ​លើ​សារព័ត៌មាន Charlie Hebdo គឺ Saïd Kouachi និង Chérif Kouachi សុទ្ធតែ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​យេម៉ែន ហើយ​ប្រហែល​ជា​អាច​ទទួល​ការ​ហ្វឹកហ្វឺន ពី​ក្រុម​អាល់កៃដា​នៅ​យេម៉ែន។ ព័ត៌មាន​នេះ​វា​ស៊ីគ្នា​ទៅនឹង​ការ​អះអាង​របស់ Chérif Kouachi ដែល​ប្រាប់​ទូរទស្សន៍​បារាំង BFMTV ក្នុង​ពេល​កំពុង​ចាប់​ចំណាប់​ខ្មាំង​ម្សិលមិញ​ថា ក្រុម​អាល់កៃដា​នៅ​យេម៉ែន​គឺ​ជា​អ្នក​បញ្ជូន​ពួកគេ​ឲ្យ​មក​ធ្វើការ​វាយប្រហារ​លើ Charlie Hebdo ហើយ​ក្រុម​អាល់កៃដា​នៅយេម៉ែន​ដែល​ជា​អ្នក​ផ្តល់​លុយ​ក្នុងការ​រៀបចំ​ផែនការ​វាយប្រហារ​នេះ។

ដូច្នេះ​ហើយ​បាន​ជា កាល​ពី​យប់ម្សិលមិញ​នេះ រដ្ឋអាជ្ញា​បារាំង​បាន​ឲ្យដឹង​ថា ការ​ស៊ើបអង្កេត​នឹង​ផ្តោត​ជា​អាទិភាព​ទៅលើ​ខ្សែបណ្តាញ​អាល់កៃដា​នៅ​យេម៉ែន។

បច្ចុប្បន្ន​នេះ​ ក្តីបារម្ភ​នៅតែ​បន្ត​កើតមាន​នៅ​បារាំង ដោយ​គេ​មិន​ដឹង​ថា តើ​​ក្រៅ​ពី​ភេរវជន​៣​នាក់​ដែល​ស្លាប់​ទៅហើយ​នេះ នៅ​មាន​ខ្សែ​បណ្តាញ​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​ប៉ុន្មាន​នាក់​ទៀត នៅ​ក្នុង​ប្រទេស​បារាំង ហើយ​តើ​ពួកគេ​នៅ​មាន​គម្រោងការណ៍​វាយប្រហារ​ទៅលើ​ទីតាំង​ណាខ្លះ​ទៀត។

បើតាម​ការអះអាង​របស់​ទីភ្នាក់ងារ​ចារកិច្ច​អង់គ្លេស (MI5) ក្រុមភេរវជន​អ៊ីស្លាម​ជ្រុលនិយម​​កំពុងតែ​រៀប​គម្រោងការណ៍​វាយប្រហារ​ទ្រង់ទ្រាយ​ធំ នៅ​តាម​បណ្តាប្រទេស​លោកខាងលិចទាំងអស់។ រដ្ឋាភិបាល​អាមេរិក​វិញ​​ទើប​នឹង​បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់ ជាពិសេស អ្នក​នៅ​បរទេស​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ដោយ​គេ​បារម្ភ​ថា ពួក​ភេរវជន​កំពុងតែ​មាន​គម្រោងការណ៍​វាយប្រហារ​លើ​ពលរដ្ឋ​អាមេរិក នៅ​គ្រប់ទីកន្លែង។

កាល​ពី​យប់​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​បារាំង ​ហ្វ្រង់ស័រ ហូឡង់ ​បាន​ប្រកាស​ថា ការ​គំរាមកំហែង​ភេរវកម្មចំពោះ​ប្រទេស​បារាំង​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយទេ។ ដូច្នេះ​ហើយ​បាន​ជា​រហូតមក​ទល់​នឹង​ថ្ងៃ​សៅរ៍​នេះ ​រដ្ឋាភិបាល​នៅតែ​បន្ត​រក្សា​កម្រិត​អាសន្ន​ភេរវកម្ម នៅ​កម្រិត​អតិបរមា​ដដែល។ លោក​ប្រធានាធិបតី​បារាំង​ក៏​​បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាជន​បារាំង​ទាំងអស់​​ឲ្យ​មាន​ការ​រួបរួមគ្នា​ ជាពិសេស ​កុំ​ឲ្យ​មាន​ការ​រើសអើង​ចំពោះ​អ្នក​កាន់​សាសនា​អ៊ីស្លាម ដោយ​លោក​លើកឡើង​ថា ភេរវជន​ជ្រុលនិយម និង​ល្ងង់ខ្លៅ​អស់ទាំងនេះ មិនមាន​អ្វី​ជាប់ពាក់ព័ន្ធ​នឹង​អ្នក​កាន់សាសនា​អ៊ីស្លាម​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ