អានតួអត្ថបទ
បារំាង

ភេរវកម្ម​លើ Charlie Hebdo៖ ​ប៉ូលិស​និង​ប៉េអឹម​កំពុង​ឡោមព័ទ្ធ​កន្លែង​លាក់ខ្លួន​របស់​ជនសង្ស័យ

ពីរថ្ងៃ​ក្រោយ​អំពើ​ភេរវកម្ម​បាញ់​ប្រហារ​លើ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី Charlie Hebdo ក្នុង​ទីក្រុង​ប៉ារីស​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១២នាក់ និង​របួស​ចំនួន ១១នាក់​មក ប្រតិបត្តិការ​តាម​ប្រម៉ាញ់​ជនសង្ស័យ​ចំនួន ២នាក់ គឺ​សេរីហ្វ គួស៊ី និង​សេដ គួស៊ី​ដែល​ជា​បងប្អូន​ប្រុស​បង្កើត​បាន និង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម។ ប្រតិបត្តិការ​តាម​ប្រម៉ាញ់​ត្រូវ​បាន​ពង្រឹង​តំាង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មករា​រហូត​មក​ដល់​ថ្ងៃ​សុក្រ ទី៩ មករា​នេះ។

Charlie Hebdo៖កម្លំាងប៉ូលិស និង​ប៉េអឹម​កំពុង​ឡោមព័ទ្ធ​កន្លែង​លាក់ខ្លួន​របស់​ជនសង្ស័យ
Charlie Hebdo៖កម្លំាងប៉ូលិស និង​ប៉េអឹម​កំពុង​ឡោមព័ទ្ធ​កន្លែង​លាក់ខ្លួន​របស់​ជនសង្ស័យ REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី៩ មករា​នេះ មាន​កម្លំាង​ប៉ូលីស និង​ប៉េអឹម​រាប់រយ​នាក់ ដោយ​មាន​ជំនួយ​ពី​កម្លំាង​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​ផង​បាន​ធ្វើ​ការ​ឡោមព័ទ្ធ​រោងពុម្ព​តូច​មួយ​ស្ថិត​ក្នុង​ភូមិ Dammartin-en-Goële នៃ​តំបន់ Seine et Marne ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៤០គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉ារីស។ គឺ​នៅ​ក្នុង​រោងពុម្ព​តូច​នោះ​ហើយ​ដែល​គេ​សង្ស័យ​ថា ជនសង្ស័យ​ទំាង​ពីរ​នាក់ គឺ​ សេរីហ្វ គួស៊ី និង​សេដ គួស៊ី​ដែល​ជា​បងប្អូន​ប្រុស​បង្កើត​កំពុង​លាក់ខ្លួន​ដោយ​ចាប់​បុគ្គលិក​ក្នុង​រោងពុម្ព​នោះ​ធ្វើ​ជា​ចំណាប់​ខ្មំាង។ ខណៈ​នេះ ភូមិ Dammartin-en-Goële និង​តំបន់​ក្បែរ​ខាង​ទំាង​មូល​បាន​ក្លាយ​ជា​តំបន់​សង្រ្គាម​មួយ​ដែល​ឡោមព័ទ្ធ​ដោយ​កម្លំាង​ប៉ូលីស និង​ប៉េអឹម ព្រម​ទំាង​មាន​រថយន្ត​ពេទ្យ​សង្រ្គោះបន្ទាន់ និង​ឡានពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ផង​ដែរ។

សូម​ជម្រាប​ជូន​ថា ពេញ​មួយ​ថ្ងៃ និង​មួយ​យប់​មិញ កម្លំាង​ប៉ូលិស និង​ប៉េអឹម​បាន​ធ្វើ​ប្រតិបត្តិការ​តាម​រក​ជនសង្ស័យ​ទំាង​ពីរ​នៅ​តំបន់ Picardie។ គឺ​ទើប​តែ​នៅ​ព្រឹកមិញ​នេះ​ទេ​ដែល​គេ​បាន​បង្វែរ​ប្រតិបត្តិការ​តាម​ប្រម៉ាញ់​នៅ​តំបន់ Seine et Marne វិញ នេះ​ក៏​ដោយសារ​ថា ជនសង្ស័យ​ទំាង​ពីរ​បាន​គំរាម​យក​ឡាន​ពី​ស្រ្តីម្នាក់​នៅ​ម៉ោង ៨ និង ៤០នាទី​ព្រឹកមិញ រួច​បើក​ចេញ​ពី​តំបន់ Picardie ទៅ​កាន់​តំបន់ Seine et Marne។ ភ្លាមៗ​នោះ ស្រ្តីម្ចាស់​រថយន្ត​បាន​ស្គាល់​ជនសង្ស័យ​ទំាង​ពីរ​ដែល​កំពុង​មាន​អាវុធ​ក្នុង​ដៃ​ក៏​បាន​ទូរស័ព្ទ​ទៅ​ឲ្យ​ប៉ូលិស។ ភ្លាមៗ​នោះ​ដែរ ប៉ូលិស និង​ប៉េអឹម​ដែល​កំពុង​ស្ថិត​ក្បែរ​តំបន់​ស្រាប់​ក៏​បាន​ចេញ​ឡាន​ប្រដេញ​តាម​ប្រម៉ាញ់​ភ្លាមៗ ហើយ​នៅ​ពេល​នោះ ក៏​មាន​ការ​បាញ់​អាវុធ​ត​គ្នា​ក្បែរ​ភូមិ Dammartin-en-Goële។

រដ្ឋាភិបាល​បារំាង​បាន​ដាក់​ពង្រាយ​កម្លំាង​ប្រដាប់អាវុធ​ជាង ៨៨ ០០០នាក់​នៅ​ទូទំាង​ប្រទេស

ទន្ទឹម​នឹង​ការ​តាម​ប្រម៉ាញ់​ជនសង្ស័យ​ទំាង​ពីរ​ដែល​បាន​បាញ់​ប្រហារ​លើ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី Charlie Hebdo កម្លំាង​ប៉ូលិស និង​ប៉េអឹម​ក៏​កំពុង​តាម​ចាប់​ជនខ្មាន់​កំាភ្លើង​ម្នាក់​ទៀត​ដែល​បាន​បាញ់​សម្លាប់​ប៉ូលិសស្រ្តី​ម្នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មករា។ មក​ដល់​ថ្ងៃ​នេះ កម្លំាង​ប៉ូលិស​នៅ​មិន​មាន​តម្រុយ​ណា​មួយ​ដែល​បញ្ចាក់​ពី​ទីកន្លែង​ដែល​ជនខ្មាន់កំាភ្លើង​បាញ់​សម្លាប់​ប៉ូលិសស្រ្តី​កំពុង​លាក់ខ្លួន​ឡើយ។ រីឯ​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ថា ករណី​បាញ់ប្រហារ​នៅ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី Charlie Hebdo និង​ការ​បាញ់សម្លាប់​ប៉ូលិស​ស្រ្តី​ម្នាក់​មិន​មាន​ចំណង​ទាក់ទង​គ្នា​ទេ ពោល​ជា​ព្រឹត្តិការណ៍​មួយ​ដាច់​ដោយ​ឡែក។ គួរ​ជម្រាប​ជូន​ថា ករណី​បាញ់​សម្លាប់​ប៉ូលិស​ស្រ្តី​ម្នាក់​បាន​កើត​មាន​ឡើង នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​ប៉ូលិសស្រ្តី​រូប​នោះ​បាន​ចូល​ខ្លួន​ធ្វើ​អន្តរាគមន៍ តែ​ត្រូវ​បាន​យុវជន​ម្នាក់​ចេញ​ពី​រថយន្ត រួច​ដក​កំាភ្លើង​បាញ់​ចំ​កណ្តាលខ្នង។

ប្រឈម​នឹង​ព្រឹត្តិការណ៍​ដ៏​សោកសៅ​ពេល​នេះ ដ្ឋាភិបាល​បារំាង​បាន​ដាក់​ពង្រាយ​កម្លំាង​ប្រដាប់អាវុធ​ជាង ៨៨ ០០០នាក់ ក្នុង​នោះ មាន​កម្លំាង​ប៉ូលិស ៥០ ០០០នាក់ និង​កម្លំាង​ប៉េអឹម ៣២ ០០០នាក់។ កម្លំាង​ប៉ូលិស និង​ប៉េអឹម​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ទូទំាង​ប្រទេស​បារំាង ពិសេស​ក្នុង​ទីក្រុង​ប៉ារីស និង​ជាយក្រុង​ប៉ារីស ព្រម​ទំាង​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ និង​ទីកន្លែង​សាធារណៈ​ផ្សេងៗ។ រីឯ​ការ​ប្រកាស​អាសន្ន​ក្នុង​កម្រិត​ភេរវកម្ម​ក្នុង​ស្រុក​បារំាង​នៅ​បន្ត​រក្សា​ទុក​ដដែល។

ក្រោយ​ភេរវកម្ម Charlie Hebdo៖ អាមេរិក និង​បារំាង​កំពុង​ធ្វើ​ការ​រួម​

ចំ​ពេល​ដែល​ប្រតិបត្តិការ​តាម​ប្រម៉ាញ់​ជនសង្ស័យ​ទំាង​ពីរ​នាក់ គឺ​សេរីហ្វ គួស៊ី និង​សេដ គួស៊ី​កំពុង​បន្ត​មាន​យ៉ាង​សកម្ម បារំាង​ក៏​កំពុង​បន្ត​ទទួល​សារគំាទ្រ និង​រំលែក​ទុក្ខ​ពី​គ្រប់​ជ្រុងជ្រោយ​នៅ​ទូទំាង​ពិភពលោក​ដែរ ពិសេស​ពី​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា។ លោក​អូបាម៉ា​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានទូត​បារំាង​ប្រចំា​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​សម្តែង​សាមគ្គីភាព និង​រំលែកទុក្ខ​ជាមួយ​ពលរដ្ឋ​បារំាង។ លោក​អូបាម៉ា​បាន​សរសេរ​សារ​នៅ​ក្នុង​សៀវភៅ​ចូលរួម​រំលែក​ទុក្ខ​នៅ​ស្ថានទូត​បារំាង និង​បញ្ចប់​ដោយ​ឃ្លា​ថា « ជយោ ! ប្រទេស​បារំាង »។ នេះ​ពិត​ជា​កាយវិការ​មួយ​ដ៏​កម្រ និង​បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​បំផុត ព្រោះ​លោក​អាមេរិក​បាន​ចាត់​ទុក​ភេរវកម្ម​ក្នុង​ប្រទេស​បារំាង​ដូច​ជា​នៅ​អាមេរិក​ដែរ។ មុន​លោក​អូបាម៉ា លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី​ក៏​បាន​ថ្លែង​ចូលរួម​រំលែកទុក្ខ​ជាមួយ​ពលរដ្ឋ​បារំាង និង​បាន​បញ្ជាក់​ថា សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន មាន​តម្លៃ​ជា​សារវន្ត និង​ជា​សកល​ដែល​គ្មាន​នរណា​ម្នាក់​អាច​បំផ្លាញ​ឲ្យ​រលាយ​សាបសូន្យ​បាន​ឡើយ។

ខណៈ​នេះ ក្រសួង​ស៊ើបការសម្ងាត់​បារំាង និង​អាមេរិក​កំពុង​ធ្វើ​ការ​រួម​គ្នា ហើយ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ និង​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​បារំាង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ។ ដោយឡែក លោក​ប្រធាន​គណៈកម្មការ​ស៊ើបការសម្ងាត់​អាមេរិកំាង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ជនសង្ស័យម្នាក់ គឺ​សេដ គួស៊ី​បាន​ហ្វឹកហ្វឺន​ដោយ​ពួក​អាល់កៃដា​នៅ​ក្នុង​ប្រទេស​យេម៉ែន និង​ថា បងប្អូន​ប្រុស​បង្កើត​ទំាង​ពីរ គឺ​សេរីហ្វ គួស៊ី និង​សេដ គួស៊ី​បាន​ស្ថិត​ក្នុង​បញ្ជីខ្មៅ​អាមេរិក​អស់​ជា​ច្រើន​ឆ្នំា​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ