អានតួអត្ថបទ
បារាំង

៥៣​ម៉ោង​នៃ​ហេតុការណ៍​ភេរវកម្ម​​​​ដ៏​​រន្ធត់​ និង​ការ​តាម​ប្រមាញ់​ភេរវជន​នៅ​ប៉ារីស

បច្ចុប្បន្នភាព​ដ៏​ក្តៅ​គគុក​នៅ​ប្រទេស​បារាំងថ្ងៃ​នេះ គឺ​ការ​បិទ​បញ្ចប់​សោកនាដកម្ម​​បី​ថ្ងៃ​បង្ក​ដោយ​ភេរវជន​អ៊ីស្លាមជ្រុលនិយម បន្ទាប់​ពី​ប៉ូលិស​បាន​បាញ់​សម្លាប់​ភេរវជន​ពីរ​នាក់​បង​ប្អូន​ សេរីហ្វ និង​សាអ៊ីត គូសហ្ស៊ី និង​ អាម៊ីដា គូលីបាលី នៅ​ព្រលប់​ថ្ងៃ​សុក្រ​ទី ៩ មករា។ ជា​សរុប ប្រទេស​បារាំង​បាន​ធ្លាក់​ក្នុង​សោកនាដកម្ម និង​ការ​ភ័យ​រន្ធត់​អស់​រយៈ​ពេល ៥៣​ម៉ោង ៖ ផ្តើម​ដោយ​ភេរវកម្ម​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ៧មករា ​ប្រឆាំង​នឹង​ទស្សនាវដ្តី​ត្លុក​កំប្លែង​ Charlie-Hebdo ដែល​មានស្លាប់​១២​នាក់​ ជា​​អ្នក​កាសែត​និង​ប៉ូលិល រហូត​ដល់​ការ​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​រសៀល​ថ្ងៃ​សុក្រ​ក្នុង​ហាង​ទំនិញ​មួយ​របស់​ជន​ជាតិ​ជីហ្វ។ ជា​តុល្យការ​ មនុស្ស​​១៧​នាក់​បាន​ស្លាប់​​ក្នុង​ហេតុការណ៍វាយ​ប្រហារ​​ភេរវកម្ម​ពី​សំណាក់​ភេរវជន​​សញ្ជាតិ​បារាំង​បី​នាក់ ដែល​បាន​អះអាង​បានទាក់ទង​គ្នា​កំណត់​ម៉ោង​បញ្ចេញ​សកម្មភាព​ឱ្យ​ចំ​ពេល​​គ្នា។នេះ​ជា​​ហេតុការណ៍​ភេរវកម្ម​ដ៏​រន្ធត់​មិន​ធ្លាប់មាន​នៅ​ប្រទេស​បារាំង​ តាំង​ពី​នាទី​ដំបូង រហូត​ដល់​ម៉ោង​ដែល​ប៉ូលិស​សម្រេច​សម្រុក​វាយប្រហារ​​លើ​ភេរវជន​បិទ​បញ្ចប់​វិបត្តិ​ចំណាប់​ខ្មាំង​នៅ​ប៉ារីស។

អន្តរាគមន៍​របស់​កង​កម្លាំង​ប៉ូលិស​ពិសេស ​នៅ​ហាង​ទំនិញ​ជីហ្វ ភាគ​ខាង​កើត​ក្រុង​ប៉ារីស Porte de Vincennes.
អន្តរាគមន៍​របស់​កង​កម្លាំង​ប៉ូលិស​ពិសេស ​នៅ​ហាង​ទំនិញ​ជីហ្វ ភាគ​ខាង​កើត​ក្រុង​ប៉ារីស Porte de Vincennes. Capture écran France 24.
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម

 
ហេតុការណ៍​ដ៏​រន្ធត់​ចាប់​ផ្តើម​ដំបូង​ឡើយ នៅ​ថ្ងៃ​ពុធ​ទី ៧​មករា វេលា​ម៉ោង​ប្រមាណ ១១​និង​៣០​នាទី ព្រឹក ម៉ោង​នៅប្រទេស​បារាំង បុរស​ពីរនាក់​ស្លៀក​ពាក់​ខ្មៅ បិទ​មុខ ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​ បាន​សំរុក​ចូល​ក្នុងទីស្នាក់​ការ​ទស្សនាវដ្តី Charlie Hebdo -មាន​ទី​តាំង​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ប៉ារីស (ក្នុង​សង្កាត់​ទី ១១)​ ដែល​ក្រុម​ការិយាល័យ​និពន្ធ​កំពុង​ជួប​ប្រជុំ​គ្នា​ ដោយ​ស្រែក​ថា “អាឡា កាបារ”។ នៅ​ក្នុង​ និង​ពេល​រត់​ចេញពី​ទីស្នាក់​ការ​កាសែត ភេរវជន​ទាំង​ពីរ បាន​បាញ់​សម្លាប់​អស់​ ១២​នាក់ ជា​អ្នក​កាសែត ជា​អ្នក​គូរ​រូប​ថ្លុក​ដ៏ល្បីល្បាញ ជា​ប៉ូលិស​ពីរ​នាក់ និង​បង្ក​ឱ្យ​មាន​អ្នក​របួស ១១​នាក់ ក្នុង​នោះ​បួន​នាក់​របួស​ធ្ងន់។ នេះ​ជា​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​ដែល​បារាំង​មិន​ធ្លាប់​ជួប​ប្រទះ​ឡើយ តាំង​ពី​ជាង​កន្លះ​សតវត្សរ៍មក។

បន្ទាប់​មក​ ភេរវជន​ទាំង​ពីរ បានរត់​ឡើង​ឡាន​ដោយ​សម្រួល​ ដោយ​ឈាម​ត្រជាក់ សំដៅ​ទិស​(ខាងជើង​ឆៀង​ខាង​កើត) ឦសាន​ក្រុង​ប៉ារីស​។ មក​ដល់​ក្រវ៉ាត់​ក្រុង​ ច្រក​ ប៉ង់តាំង ភេរវជន​បាន​​ប្តូរ​ឡាន​ ដោយ​ទៅប្លន់​យក​ពី​អ្នក​បើកបរ​ម្នាក់​។ បើ​តាមសាក្សី ភេរវជន​បាន​ស្រែក​ឱ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​ប៉ូលិស​ ថា​ជា​ស្នាដៃ​ពួក​ភេរវនិយម​អាល់កៃដា​​យេមែន។

ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ភេរវជន​ បាន​ភ្លាម​ ព្រោះ​ក្នុង​ចំណោម​ភេរវជន​ទាំង​ពីរ​នាក់​ មាន​ម្នាក់​បាន​ជ្រុះ​អត្តសញ្ញាបណ្ណ​នៅ​ក្នុង​ឡានដំបូង​របស់​ពួក​គេ។ គឺ​ជា​ បង​ប្អូន​បង្កើត​ភេរវជន​ ស្ហេរីហ្វ និង​សាអ៊ីដ គូហ្ស៊ី អាយុ ៣២ និង​៣៤​ឆ្នាំ កើត​នៅ​ប៉ារីស មាន​ឪពុកម្តាយ​ជា​ជន​ជាតិ​អាល់ហ្សេរី។ ស្ហេរីហ្វ ជា​ជន​ជីហាត​ ធ្លាប់​ជាប់​ទោស​នៅ​ឆ្នាំ​២០០៨។

ការ​ដេញ​ប្រមាញ់
 
ក្នុង​ពេល​ដែល​ប៉ូលិស​កំពុង​តាមស្វែង​ចាប់​ភេរវជន​ពីរនាក់​បងប្អូន ស្រាប់​តែ​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​ព្រហស្បតិ៍​ទី ៨​មករា វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ការ​បាញ់​រះ​មួយ​បាន​កើត​ឡើង​ ម្តង​នេះ នៅ​ភាគ​ខាង​ត្បូង​ក្រុង​ប៉ារីស​ លើ​ប៉ូលិស​ពីរ​នាក់ ដែល​កំពុង​ធ្វើ​អន្តរាគមន៍​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធម្មតា​មួយ។ ដោយត្រូវ​គ្រប់​ចំ​កណ្តាល​ខ្នង ​ធ្ងន់ពេក ប៉ូលិសស្រី បាន​ស្លាប់។ ខ្មាន់​កាំភ្លើង ដែល​បើ​តាម​សាក្សី​ មាន​ស្លៀក​ពាក់​ខ្មៅ និង​អាវ​ការពារ​គ្រាប់​ផង កាន់​កាំភ្លើង​ស្វ័យ​ប្រវត្តិ រត់​គេច​ខ្លួន​បាត់។ ប៉ូលិស​បាន​ដេញ​តាម និង​បាត់​ដាន​ នៅ​មាត់​ច្រក​ចុះ​រថយន្ត​ភ្លើង​​ក្រោម​ដី​ ចម្ងាយ​ប្រមាណ​បី​គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។ ភេរវកម្ម​នៅ​ម៉ុងរ៉ូ ភាគ​ខាង​ត្បូង​ក្រុង​ប៉ារីស​នេះ មិន​ត្រូវ​បាន​ភ្ជាប់​នៅ​ភេរកម្ម​ប្រឆាំង​ទស្សនាវដ្តី​ស្ហាលីអិបដូ​ទេ។

ម៉ោង​១២ថ្ងៃ​ត្រង់ ថ្ងៃ​៨មករា​ដដែល បារាំង​ទាំង​មូល បាន​សម្រប​ខ្លួន​ គោរព​វិញ្ញាណន្ធក្ខ​ ដល់​ជន​រងគ្រោះ​ជា​អ្នក​កាសែត ​និង​ប៉ូលិស មួយ​នាទី។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ គេ​ក៏​បាន​ប្រទះឃើញ​ដាន​​បងប្អូន​ភេរវជន​ គូហ្ស៊ី​ ទៅ​ប្លន់​នៅ​ហាង​សាំង​មួយ ចម្ងាយ​ប្រមាណ​៨០​គ.ម. ពី​ប៉ារីស (ប៉ែក​ឦសាន)។ ម្ចាស់​ហាង​ ដែល​ចាំ​មុខ​ភេវជន​ច្បាស់​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ឡាន​ជនជីហាត មាន​អាវុធរ៉ុកកែត​ផង។ ការ​ស្វែង​ចាប់ ដោយកម្លាំង​ប៉ូលិស និង​នគរបាល​ពិសេស​ប្រឆាំង​ភេរវកម្ម មាន​ទាំង​ទ័ព​ថ្មើរ​ជើង ឧទ្ធម្ភាគចក្រ​ បាន​ផ្តុំ​ព័ទ្ធ​តំបន់​នោះ​ តែ​នៅ​តែ​មិន​អាច​រក​ឃើញ​ជន​ទាំងពីរ​ទៀត។ នៅ​វេលា​ម៉ោង​ ប្រមាណ​១០ ទៅ ១១​យប់ អាជ្ញាធរ​បាន​សម្រេច​បញ្ចប់​ប្រតិបត្តិការ​នេះ។ ភាព​តាន​តឹង​បាន​ឡើង​ដល់​កំរិតកំពូល វិទ្យុ​ជីហាត​ប្រកាស​ថា​ជនទាំង​ពីរ​ជា​ឥស្សរជនជីហាត ហើយ​គេ​ក៏កាន់​តែ​ស្គាល់​អត្តសញ្ញាណ​បាន​ច្រើន​ជាង​មុន ជនជីហាត​ជា​បង​ប្រុស​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​អាមេរិក និង​បាន​ទៅ​ហាត់​ទាហាន​នៅប្រទេស​យ៉េមែន កាលពី​ឆ្នាំ​២០១១ ជាមួយ​ពួកអាល់កៃដា។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ម៉ោង​ប្រមាណ​ជា​៨​ទៅ​៩​ព្រឹក ជន​ទាំងពីរ​បាន​ចេញ​ពីកន្លែង​លាក់​ខ្លួន មក​ប្លន់​យក​ឡាន​មួយ​ទៀត។ ប៉ូលិស​ក៏​បាន​ចេញ​ចាប់​ភ្លាម ដាក់​រនាំង​បាំង​ផ្លូវ ប្រទះ​គ្នា​ជា​មួយ​ភេរវជន​ពីរ​នាក់​បងប្អូន បាញ់​ត​គ្នា​​មួយ​ប្រាវ​ធំ។ បើ​រដ្ឋ​អាជ្ញា សាអ៊ីត​ បាន​ត្រូវ​របួស​នៅក។ ហើយ​ជន​ទាំងពីរ​ក៏​បាន​រត់​ចូល​ទៅ​សំងំ​លាក់​ខ្លួន នៅ​ក្នុង​រោងពុម្ព​មួយ​ក្បែរ​នោះ ក្នុង​ភូមិ Dammartin-en-Goële ចាប់​ថៅកែ​រោងពុម្ព​​ជា​ចំណាប់​ខ្មាំង​ មុន​នឹង​លែង​ទៅ​វិញ។ កង​កម្លាំង​ប៉ូលិស​ នគរបាល​​បាន​ឡោម​ព័ទ្ធ​​រោង​ពុម្ព និង​ប្រុងប្រយ័ត្ន​ខ្លាំង ព្រោះ​គិត​ថា​មាន​ចំណាប់​ខ្មាំង​ម្នាក់​ទៀត​នៅ​ក្នុង​ដៃ​ភេរវជន។ តែ​តាមការពិត បុគ្គលិក​ម្នាក់​នោះ​ ពេល​ឮ​សំឡេង​ផ្ទុះ​ក៏​បាន​រត់​ឡើង​ទៅ​ជាន់​លើ និង​បាន​រត់​ទៅ​ពួន​ក្នុង​ទូរ ក្រោម​កន្លែង​លាង​ចាន​ រយៈ​ពេល​៨​ម៉ោង និង​បាន​ផ្តល់​ព័ត៌មាន​​ហូរហែ​ដល់​ភ្នាក់ងារ​ប៉ូលិស​នៅ​ខាង​ក្រៅ។

ការ​បិទ​បញ្ចប់​វិបត្តិ​ចំណាប់​ខ្មាំង​ក្នុង​ថ្លុក​ឈាម

ក្នុង​ពេល​នោះ ក្រុមស៊ើប​អង្កេត​បានរក​ឃើញ​ថា​​ភេរវជន​ពីរ​នាក់​បង​ប្អូន និង​​ភេរវជន​នៅ​ម៉ុងរ៉ូ ធ្លាប់​ស្គាល់​គ្នា។ ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ បាន​សាក​ល្បងផ្តើម​​ចរចា​ ដោយ​ផ្ញើ​សា​ទៅ​ជន​សង្ស័យ​ទាំងពីរ នៅ​វេលា​ម៉ោង ប្រមាណ​១១​និង​៤៥​នាទី ប៉ុន្តែ​គ្មាន​ចម្លើយ។ អាជ្ញាធរ​ក៏​ស្ងាត់​​គ្មាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​អ្វី ស្រាប់​តែ​​នៅវេលា​ម៉ោង​ប្រហែល​មួយរសៀល បុរសម្នាក់ កាន់​កាំភ្លើង​ពីរ​ដើម ស្ទុះ​ចូល​ទៅ​បាញ់​រះ​នៅ​ក្នុង​ហាង​ទំនិញជ្វីហ្វ ភាគ​ខាងកើត​ក្រុង​ប៉ារីស​ បង្ក​ឱ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​បី​នាក់​ស្លាប់ និង​អតិថិជន​ជា​ច្រើន​នាក់ បាន​ធ្លាក់​ខ្លួន​ជា​ចំណាប់​ខ្មាំង។ ខ្មាន់​កាំភ្លើង ដែល​គ្មាន​នរណា​ក្រៅ​ពី​ភេរវជន ដែល​បាន​បាញ់​សម្លាប់​ប៉ូលិស​នៅ​Montrougeភាគ​ខាង​ត្បូងប៉ារីស​ពី​ម្សិល​​ឡើយ។ ​​

រសៀល​ថ្ងៃ​សុក្រ​ទី ៩​មករា បារាំង​ត្រូវ​ប្រឈម​មុខ​នឹង​សមរភូមិ​ភេរវកម្ម​ ចំណាប់​ខ្មាំង​ពីរ​កន្លែង ៖ Dammartin-en-Goële ភាគ​ឦសាន​ប៉ារីស និង​នៅ​ខាង​កើត​ក្រុង​ច្រក Porte de Vincennes។ ម៉ោង​ជិត​៥​ល្ងាច​ សំឡេង​ផ្ទុះ​បាន​លាន់​ឮ​នៅ​ Dammartin-en-Goële ភេរវជន​បង​ប្អូន​គូហ្ស៊ី បាន​កាន់​កាំភ្លើង​បាញ់​សម្រុក​ ចេញវាយ​ប្រហារ​មុន ទើប​ប៉ូលិស​ក៏​បាញ់​តប សម្លាប់​ជន​ទាំង​ពីរ​នៅ​ហ្នឹង​កន្លែង។ ហើយ​គឺ​ ​ស្ទើរ​ក្នុង​ពេលទន្ទឹម​គ្នា​​តែ​ម្តង​ ក៏​មាន​​ការ​វាយ​លុក​​​នៅ​ Porte de Vincennes ទ្វារ​ហាង​បាន​បង្ហើប​បន្តិចៗ​ម្តងៗ ​ប៉ូលិស​សាក​ល្បង​សម្រុក​ចូល ​ គូលីបាលី បាន​បាញ់រះ​មក​លើកម្លាំង​ប៉ូលិស​ ដោយ​គ្មាន​ញញើត​​ ​ប៉ូលិសក៏​បាញ់​តប​វិញ​យ៉ាង​សន្ធឹក​សន្ធាប់​ រហូត​ដល់​ភេរវជន​ស្លាប់​ ទើបនាំ​គ្នា​ចូល​ក្នុង​ហាង រំដោះ​ចំណាប់​ខ្មាំង​ជា​ច្រើន​នាក់ឱ្យ​រត់​ចេញ​ប្រញាយ​ពី​កន្លែង​លាក់​ខ្លួន។  ជា​សំណាង​អាក្រក់​ នៅប៉ារីស មាន​ចំណាប់​ខ្មាំង​បួន​នាក់​បាន​ស្លាប់ ទំនងដោយ​ស្នា​ដៃ​​ភេរវជន​ គូលីបាលី ពេល​ចូល​បាញ់​ក្នុង​ហាង​ភ្លាម​ និង​មាន​របួស​បួន​នាក់ ក្នុង​នោះ​ក៏​មាន​ប៉ូលិស​ដែរ។

ម៉ោង ៥​និង​១៥​នាទី វិបត្តិ​ចំណាប់​ខ្មាំង​នៅ​ប៉ារីស ត្រូវ​បញ្ចប់ ភេរវជន​ទាំង​បី បាន​ត្រូវ​សម្លាប់ ប៉ុន្តែ ​បារាំង​នៅ​តែ​ប្រឈម​នឹង​គ្រោះ​គំរាម​កំហែង​ភេរវកម្ម​ដដែល នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី ហ្វ្រង់ស័រ​ហូឡង់ នៅ​ល្ងាច​មិញ។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​នេះ ប៉ូលិស​បានសម្រេច​​ផ្សព្វផ្សាយ​ស្វែងរក​ជន​សង្ស័យ​ម្នាក់​ទៀត គឺ​​នាង​អាយ៉ាត ប៊ូមេដឌីយៀន Hayat Boumeddiene អាយុ​២៦​ឆ្នាំ​ជា​ប្រពន្ធ​ តាម​បែប​សាសនា​​​របស់​គូលីបាលី​ ភេរវជន​បាញ់​ប៉ូលិស​នៅ​ភាគ​ខាង​ត្បូង និង​បាញ់ហាង​ជ្វីហ្វ​នៅ​ភាគ​ខាង​កើត​ក្រុង​ប៉ារីស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ