អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង ៖ ក្រោយ​ការ​ឧទ្ទិស​ តើ​អ្វី​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្មជីហាត ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រមូល​ផ្តុំ​ ការ​រួបរួម​ជាតិ​ ឆន្ទៈការពារ​គោលការណ៍​សេរីភាព​ បាន​រស់​ឡើង​វិញ​ជា​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ តាម​រយៈ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​​ បដិសេធ​​អំពើ​ភេរវកម្ម​ដែល​មាន​ពលរដ្ឋ​​ជិត​បួន​លាន​នាក់​ចូល​រួម និង​ ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល មក​ពី ជិត​៥០​ប្រទេស ដៃ​ក្នុង​ដៃ ដង្ហែ​ក្បួនក្នុង​ផ្លូវ​​ប៉ារីស។​ ​ប៉ុន្តែ​ទន្ទឹម​នឹង​ក្តី​រន្ធត់​ ឧទ្ទិស​ដល់​ដល់​ជន​រងគ្រោះ​១៧​នាក់​ស្លាប់​ព្រោះ​គ្រាប់​កាំភ្លើង​ភេរវជន ដល់​វេលា​ដែល​ត្រូវបញ្ចេញ​សកម្មភាព ​និង​រក​ដំណោះស្រាយ។ ប្រធានាធិបតី​បាន​បើក​ប្រជុំ​ជា​បន្ទាន់​សា​ជា​ថ្មី ផ្តោត​លើ​សន្តិសុខ​ផ្ទៃ​ក្នុង និង​ប្រកាស​រក្សា​កម្រិត​អាសន្ន​ភេរវកម្ម​ខ្ពស់​ជា​អតិបរិមា​ដដែល។

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ជិត​៥០​ប្រទេស កាន់​ដៃ​គ្នា​ដង្ហែ​ក្បួន​ប្រឆាំង​ភេរវកម្មនៅទីក្រុង​ប៉ារីស ថ្ងៃទី ១១​មករា ២០១៥
ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ជិត​៥០​ប្រទេស កាន់​ដៃ​គ្នា​ដង្ហែ​ក្បួន​ប្រឆាំង​ភេរវកម្មនៅទីក្រុង​ប៉ារីស ថ្ងៃទី ១១​មករា ២០១៥ RFI/Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

វីដេអូ​ ប្រវែង ៧​នាទី ​ត្រូវ​បាន​ផ្សព្វផ្សាយនៅព្រឹក​​ថ្ងៃអាទិត្យ​ទី ១១​មករា​ លើអ៊ីនធ័រនែត​ មុន​នឹង​ត្រូវ​បាន​លុប​ដក​ចេញ​​ទៅ​វិញ។ គេ​​មិន​ដឹង​ថាតើ​វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​ផ្សាយ​ចេញពី​បារាំង​ ឬ​ពី​ប្រទេស​ផ្សេង​ទេ។ អ្នក​អង្កេត​កំពុង​វិភាគ​ដើម្បី​បញ្ជាក់​អំពី​ភាព​ពិត​ អំពី​ប្រភព​​ និងអំពី​អ្នក​ផុស​វីដេអូ ដែល​ទំនង​ជា​ថត​ក្រោយ​ភេរវកម្ម​ប្រឆាំង​នឹង​ទស្សនាវដ្តី​Charlie-Hebdo និង​ភេរវកម្ម​បាញ់​សម្លាប់​ប៉ូលិស​នៅ​ភាគ​ខាង​ត្បូង​ប៉ារីស​មួយ​ថ្ងៃ​បន្ទាប់។

នៅក្នុង​វីដេអូ​នោះ គេ​ឃើញ ភេរវជន​គូលីបាលី រៀប​រាប់​អំពី​មូលហេតុ​និង​សកម្មភាព​ភេរវកម្ម ប្រកាស​ខ្លួន​ជា​​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម មានពាក់​ខោអាវ​ជា​យុទ្ធជន ជួត​ក្បាល នៅ​មុខ​ទង់រដ្ឋអ៊ីស្លាម។ ភេរវជន​គូលីបាលី ថា​អះអាង​សហការ​​ជាមួយ​ភេរវជន​ពីរ​នាក់​បងប្អូន​គូហ្ស៊ី ដោយ​បំបែក​ជា​ពី​រ​ក្រុម ធ្វើ​ការ​រួម​គ្នា​ខ្លះ ដាច់​ពី​គ្នា​ខ្លះ ម្ខាង​ទៅ​សម្លាប់​អ្នកកាសែត Charlie-Hebdo ម្នាក់​ទៅ​វាយប្រហារ​ប៉ូលិស ធ្វើ​យ៉ាង​ណា​បង្ក​គ្រោះ​ថ្នាក់​ឱ្យ​បាន​ធំ​បំផុត​ និង​សាក​ល្បង​តម្រូវ​ម៉ោង​បញ្ចេញ​សកម្មភាព​ឱ្យ​ស៊ីពេល​គ្នា។

 
ជា​វីដេអូ​ដែល​មាន​ជា​វគ្គៗ បញ្ជាក់​យ៉ាង​លម្អិត​ពី​សកម្មភាព​​ធ្វើ​ភេរវកម្ម។​ ហើយ​ក្រៅ​អំពី​មាន​ប្លង់​បង្ហាញ​រូប​ភេរវជន​គូលីបាលី​ខុស​គ្នា អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​នោះ គឺ​សំឡេង​ខ្សាវៗ​លើ​ផ្ទៃ​ខ្មៅ​ ជា​ស្នូរ​​ផ្ទុះ ជា​សូរសៀង​​​អ្នក​កាសែត​របស់​វិទ្យុ​ឬ​ទូរទស្សន៍​និយាយរៀប​រាប់​ព្រឹត្តិការណ៍​ចាប់​ចំណាប់​ខ្មាំង​នៅ​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ មាន​សំណួរ​ និង​ ​សេចក្តី អត្ថាធិប្បាយសរសរ​ដែល​ជា​ចម្លើយ​របស់​គូលីបាលី។ ​នេះ​មាន​ន័យ​ថា​ មាន​អ្នក​សមគំនិត​ យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​កំពុង​លាក់​ខ្លួន​នៅ​ទី​ណា​មួយ ជួយ​កាត់​ត ដំឡើង​រូបភាព បញ្ជូល​សំឡេង​មុន​នឹង​បង្ហោះ​ផ្សាយ​លើ​អ៊ីនធ័រនែត ក្រោយ​ការ​ស្លាប់​របស់​ភេរវជនគូលីបាលី និង​ជា​អ្វី​ដែល​ប៉ូលិស​បារាំង​កំពុង​ចង់​ដឹង​ខ្លាំង។
 

ភេរវជន​គូលីបាលី ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​អ៊ីនធ័រនែត ថ្ងៃ​ទី ១១​មករា ២០១៥
ភេរវជន​គូលីបាលី ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​អ៊ីនធ័រនែត ថ្ងៃ​ទី ១១​មករា ២០១៥ REUTERS/Social Media via Reuters TV

សាក្សី​ជាចំណាប់​ខ្មាំង ម្នាក់ បាន​រៀប​រាប់​ថា នៅ​ពេល​ចូល​វាយ​ប្រហារ​ហាង​ទំនិញ​ ភេរវជន​គូលីបាលី មាន​ម៉ាស៊ីន​ថត​វីដេអូ Go-pro និង​កុំ​ព្យូទ័រ​មួយ​។ ភេរវជន​រូប​នោះ​បាន​បើ​ប្រើ​កុំព្យូទ័រ​ម្តង ប៉ុន្តែ​គេ​មិន​ដឹង​ថា​វីដេអូ​​នោះ​និង​វីដេអូ​​ផ្សាយ​លើ​អ៊ីនធ័រនែត​ជា​រូប​តែ​មួយ​ឬ​យ៉ាង​ណា​ទេ។ អ្នក​អង្កេត​កំពុង​វិភាគ​។

វិធានការ​រក្សា​សន្តិសុខផ្ទៃ​ក្នុង​

​គំរាម​កំហែង​ភេរវកម្ម​នៅ​ប្រទេស​បារាំង​មិន​មែន​ចប់​ត្រឹម​សម្លាប់​ភេរវជន​បី​នាក់​នេះ​ទេ។ នាយក​រដ្ឋមន្ត្រី​ បាន​អះអាង​ជា​ច្រើន​លើក​ច្រើន​សា ថាបារាំង​នៅ​តែ​ប្រឈម​ខ្ពស់​បំផុត​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​​បារាំងសម្រេច​​​​រក្សា​កម្រិត​អាសន្ន​ភេរវកម្មខ្ពស់​ជា​អតិបរិមា​ដដែល ដើម្បី​រក្សា​សន្តិសុខ​ជាតិ និង​ពង្រឹង​​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ដោយ​បង្កើន​ចំនួន​ទាហាន​​។ នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ យុត្តិធម៌ និង​ភ្នាក់ងារ​សន្តិសុខ​ បាន​ជួប​ប្រជុំ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១២​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់ ដោយ​ចេញ​នូវ​វិធានការ​មួយ​ចំនួន។

ទាហាន​មួយ​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅពេល​ផ្ទៃ​ប្រទេស​ ​ត្រង់​​ចំណុច ទីតាំង មណ្ឌល ឬ​ស្ថាប័នសំខាន់ៗ ​​រសើបៗ​។ ប៉ូលិស​និង​នគរបាល​ជាង​៤៧០០​នាក់ នឹង​ត្រូវ​ប្រមូល​ផ្តុំ​​ចាប់​ពី​ថ្ងៃ​នេះ​តែ​ម្តង​ទៅ​ការពារ​​វិហារ សាលា​រៀន​ជ្វីហ្វ​។ តួនាទី​មេ​ប៉ូលិស​ទទួល​បន្ទុក​សហប្រតិបត្តិការ​សន្តិសុខ​សហគមន៍ជ្វីហ្វ​ទើប​ត្រូវ​បាន​តែ​ង​តាំង។

ពេល​នេះ ជាង​ពេល​ណាៗ ទាំង​អស់ ដែល​អំណាច​ប្រតិបត្តិ​ត្រូវ​​សើរើ​ត្រួតពិនិត្យ​និង​ធ្វើ​តុល្យការការងារ​ ថា​ពិត​ជា​មាន​ប្រហែស​ប្រហោង​​ក្នុង​ចំណាត់ការ​តាមដាន​ពួក​ភេរវជន​ជ្រុល​និយម​ដូច​យ៉ាង ភេរវជន​បងប្អូន​គូហ្ស៊ី ឬ​គូលីបាលី​មែន​យ៉ាង​ណា។ ព្រោះ​សូម​បញ្ជាក់​ថា គូលីបាលី ថ្វី​បើ​មាន​ប្រវត្តិ​គួរ​ឱ្យសង្ស័យ​ខ្លាំង​ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោស ធា្លប់​ជាប់ពាក់ព័ន្ធ​នឹង​ការ​ពង្រត់​អ្នកទោសភេរវកម្ម បាន​ផ្តាច់​ខ្លួន​ធ្វើ​ជា​ជន​ជ្រុល​និយម ជាមួយ​ភេរវជន​ស្ហេរី គួហ្ស៊ី​ ប៉ុន្តែ​បែរ​ជា​​ត្រូវ​រំលង​ពី​​ភ្នែក​​ភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​​ទៅ​វិញ។ ក្នុង​ន័យ​នេះ ​នាយក​​រដ្ឋមន្ត្រី​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​លប​ស្តាប់ និង​ផ្តាច់​ខ្លួន​អ្នក​ទោស​ភេរវនិយម​ឱ្យ​នៅ​ដាច់ឯកា​ពី​គេ​ឯង។ គណៈកម្មការ​អង្កេត​សភា​អាច​នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​ឱ្យ​បក្ស​ប្រឆាំង​ក៏​អាច​ចូល​​សហការ​ជាមួយ​ដោយ​ពេញ​លេញ ព្រមទាំង​ការ​ត្រួត​ពិនិត្យ​លើ​អ៊ីនធ័រនែត។ល។ និង។ល។ ដើម្បី​បញ្ចៀស​ការ​ផ្សព្វផ្សាយ​អ៊ីស្លាម​ជ្រុល​និយម​ផង និង​ដើម្បី​បញ្ចៀស​ការ​ស្អប់ខ្ពើម​អ៊ីស្លាមផង។

ចលនា​ប្រឆាំង​អ៊ីស្លាម​អាច​ទាញ​ប្រយោជន៍​ពីភេរវកម្ម​ជីហាត​នៅ​ប៉ារីស

ភេរវកម្ម​បី​ថ្ងៃ​នៅ​ក្រុង​ប៉ារីស បាន​បំផុស​បំផុល​មតិ​សាធារណៈ​ឱ្យ​​ចេះ​រួបរួម​គ្នា ឱ្យ​​ងើប​ឈរ​ឡើង​ការពារ​គោលការណ៍​សេរីភាព។ ការ​ដង្ហែ​ក្បួន​នៅ​ក្រុង​ប៉ារីស​ម្សិលមិញ ដែល​គ្រោង​រៀប​ចំ​ដំបូងឡើង​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញណក្ខន្ធ​ជន​រង​គ្រោះ​ជា​អ្នក​កាសែត Charlie-Hebdo និង​ប៉ូលិស ដែល​បាន​បាត់​បង់​ជីវិត​ព្រោះ​សេរីភាព​នៃ​ការ​មតិ បានកា្លយ​ជា​ចលនា​ ជា​សន្ទុះ​ការពារ​សេរីភាព​ជា​ទូទៅ ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ បាតុកម្ម​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​​ផ្តល់​សារ​នៃ​ក្តី​ស្រលាញ់​ និង​រួម​រស់​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​ស្អប់​ខ្ពើម រើង​អើង ប្រកាន់​ពូជសាសន៍​ ឬ​សាសនា​អ្វី​ទាំង​អស់។

ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ នៅ​អាល្លឺម៉ង់ និង​នៅ​ន័រវេសវិញ ចលនាប្រឆាំង​នឹងអ៊ីស្លាម​ ហាក់​ដូច​ជា​កំពុង​​ចង់​យក​ចំណេញ​នយោបាយ​ពី​សោកនាដកម្ម​នៅ​ប៉ារីស​នេះ ដោយ​គ្រោង​នឹងរៀប​ចំ​បាតុកម្ម​ធំ​មួយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៅ​ប៉ារីស ប៉ុន្តែ​មិន​ខ្លាច​នឹង​បរិហារ​ថា​នេះ​អ៊ីស្លាម​មិន​ស៊ី​ ប្រជាធិបតេយ្យ​ទេ។ សូម​បញ្ជាក់​ថា តាំង​ពី​១២​សប្តាហ៍​មក​ហើយ ដែល​ចលនា​ប្រឆាំង​អ៊ីស្លាម​អាល្លឺម៉ង់ Pegida បាន​ប្រមូល​ផ្តុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដើម្បី​ប្រឆាំង​នឹងអ៊ីស្លាម​ ប្រឆាំង​នឹង​អ្នក​សុំ​សិទ្ធ​ជ្រក​កោន។ ចំនួន​អ្នក​ចូល​រួម​បានកើន​ជា​លំដាប់ តាំង​ពី​៥០០​នាក់ នៅ​ក្នុង​បាតុកម្ម​លើកដំបូង នៅ​ល្ងាច​នេះ អ្នក​រៀប​ចំ​កម្មវិធី​ អួត​ថា​នឹង​មាន​មនុស្​ស​ចូល​រួម​ដល់​ទៅ​២​ម៉ឺ​ននាក់។ ជាង​នេះ​ទៅ​ទៀត ចលនា​នេះ ហាក់​ដូច​ជា​កំពុង​ក្លាយ​ជា​ជំងឺ​ឆ្លង ៖ ឆ្លង​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ឥឡូវ​ឆ្លង​ទៅ​ដល់​ប្រទេស​ន័រវែស។ ចលនា​នៅ​ទី​នោះ​ក៏​ត្រៀម​យក​គំរូ​តាម​ចលនា​ប៉េហ្គីដា។ ចង់​ឬ​មិន​ចង់ ភេរវកម្មនៅ​ប៉ារីស ពិត​ជា​នឹងធ្វើ​ឱ្យ​ចលនា​ប្រឆាំង​អ៊ីស្លាម​ មាន​ឥទ្ធិពល​ខ្លាំងជាង​មុន មិន​ខាន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ