អានតួអត្ថបទ
បារាំង

ក្បួន​ប្រឆាំង​នឹង​ភេរវកម្ម នៅ​ប៉ារីស ប្រមូលផ្តុំ​គ្នា​​បាន​ជាង​មួយ​លាន​នាក់

ប៉ារីស​រដ្ឋធានី​របស់​ពិភពលោក​ប្រឆាំង​​នឹង​ភេរវកម្ម​ ! ជា​ការ​ប្រមូល​ផ្តុំ​ជា​ប្រវត្តិ​សាស្ត្រ ! នៅ​រសៀល​ថ្ងៃអាទិត្យ​ទី ១១ មករា នេះ ក្រុង​ប៉ារីស បាន​គ្រប់​ដណ្តប់​ទៅ​ដោយ​ហ្វូង​មនុស្ស ​វាល់​លាន​នាក់ ដែល​បាន​សន្មត់​មក​ជួប​គ្នា​ដើរ​ដង្ហែ​ក្បួន​ បរិហារ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម អំពើ​ឃោរឃៅ​សម្លាប់​មនុស្ស និង​ដើម្បី​ការពារ​សេរីភាព ! ជា​ប្រធានាធិបតី ជា​ប្រមុខ​រដ្ឋ ជា​ប្រមុខ​រដ្ឋាភិបាល ជា​អ្នក​នយោបាយ អ្នកការទូត តំណាង​សាសនា ជា​គ្រួសារ​ជន​រងគ្រោះ ឬ​ជា​​ពលរដ្ឋ​សាមញ្ញ បាន​ចូល​រួម​​ដង្ហែ​ក្បួន​ ក្នុង​ស្មារតីតែ​មួយ​ សម្តែង​សាមគ្គីភាព​ជាមួយ​បារាំង ជាមួយ​គ្រួសារ​ជន​រងគ្រោះ និង​ដើម្បី​ការពារ​ ​សេរីភាព​ លទ្ធិ​​ប្រជាធិបតេយ្យ។ ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​​ប្រទេស​បារាំង​ ក៏​បាន​ចូល​រួម​ដើរ​ដង្ហែ​ក្បួនជា​ប្រវត្តិសាស្ត្រ​នេះ​ដែរ។

ក្បួន​​មហាជន​​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ​ភេរវកម្ម បាន​ប្រមូល​ផ្តុំ​គ្នា​រាប់​លាន​នាក់ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី ១១​មករា ២០១៥
ក្បួន​​មហាជន​​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ​ភេរវកម្ម បាន​ប្រមូល​ផ្តុំ​គ្នា​រាប់​លាន​នាក់ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី ១១​មករា ២០១៥ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ត្រៀប​ត្រា ណែនណាំ​តាន់​តាប់​ដោយ​ហ្វូង​មនុស្ស​ ស្ទើរ​គ្មាន​សល់​ចន្លោះ​ដី​ក្រុង​ប៉ារីស​ទេ នា​​រសៀល​ថ្ងៃអាទិត្យ​ទី ១១​មករា។ មនុស្ស​ម្នា​ប្រមាណ​​មួយ​លាន​នាក់​កន្លះ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​​មក​ដើរ​ដង្ហែ​ក្បួនអន្តរជាតិ ដើម្បី​​​ការ​រួប​រួម​​ជា​ធ្លុង​មួយ ប្រឆាំង​នឹងអំពើ​ភេរវកម្ម ​​​គ្មាន​ឡើយ​​ការ​រើស​អើង ជាតិ​​សាសន៍​ សាសនា ពណ៌​សម្បុរ។ គ្មាន​ទេ​ជ័យ​ឃោស គ្មាន​ទេ​បដា មាន​តែ​ការ​ដើរ​ដង្ហែ​ក្បួន ដោយ​ស្ងប់​ស្ងាត់ និង​យូរ​ៗ​ម្តង​គេ​ឮ​ស្នូ​ទះ​ដៃ។ គ្រិស្ត​សាសនា ជ្វីហ្វ អ៊ីស្លាម ព្រះពុទ្ធ​សាសនា​ និង​គ្រប់​សហគមន៍ ដោយ​ការ​ស្ម័គ្រ​ចិត្ត​ បាន​បង្ហាញមុខ​រួម​គ្នា​ នៅទីក្រុង​ប៉ារីស។ ​ព្រះ​ចៅ​អធិការ​​វត្ត​ចន្ទ​រង្សី នៅ​ប្រទេស​បារាំង ក៏​មាន​វត្តមាន​ក្នុង​ហ្វូង​មហាជន​ដែរ។

 

នាំ​មុខ​ដោយ​​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ មក​ពី​ទីវ​ត្ត​ផ្សេងៗ​គ្នា​នៃ​តំបន់​ប៉ារីស បណ្តាជន​ខ្មែរ ជា​ជន​សាមញ្ញ​ ជា​ច្រើន​នាក់ ខ្លះ​មិន​​​អាច​ទាំង​រុល​​ចូល​ក្នុង​ជួប​ក្បួន​ដង្ហែ​បាន​ផង ដោយ​សារ​ការ​កកស្ទះ​និង​មនុស្ស​ច្រើន​ពេក​​ ខ្លះ​ក៏​បាន​ទៅរង់​ចាំ​​ក្បួន​ដង្ហែ​សាធារណរដ្ឋ ជាមុន​នៅ​ទីលាន​ជាតិ Nation តែ​ម្តង។

 

​បដិសេធ​អំពើ​ឃោរឃៅ​សម្លាប់​មនុស្ស ​បង្ហាញ​ឆន្ទៈ​ សាមគ្គីភាព និង​ការពារ​សេរីភាព ! នេះ​ហើយ​ជា​ស្មារតី​​របស់​ក្បួន​មហាជន។ ក្នុងនាម​ពុទ្ធសាសនិក​ម្នាក់ មាន​ដើម​កំណើត​ខ្មែរ បាន​រស់​សុខ​សាន្ត​លើ​ទឹកដី​បារាំង បាតុករ​ខ្មែរ​មានអារម្មណ៍​​ថា​មិន​អាច​មិន​ឈឺ​ឆ្អាល​ជាមួយ​បារាំង​មិន​បាន​ឡើយ។

 

​ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​មក​ពី​គ្រប់​ជ្រុង​នៃពិភពលោក ត្រូវ​បាន​បំបែកខ្លួន​ចេញ​ពី​ក្បួន​​ក្រោយ​ពី​ដើរ​បាន​ជិត​មួយ​ម៉ោង​ ប៉ុន្តែ​ហ្វូង​មហាជន​ដែល​បើ​តាម​ការ​ប៉ាន់​ស្មាន​អាច​មាន​ចំនួន​ដល់​ទៅ​ជិត​ពីរ​​លាន​នាក់ផង នៅ​ទីក្រុង​ប៉ារីស បន្ត​ស្ថិត​នៅ​ទីលាន​Républiqueនិង Nationរហូត​ដល់​យប់​ជ្រៅ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ