អានតួអត្ថបទ
បារាំង

ភេរវកម្ម​នៅ​ប៉ារីស៖ ​ជនសង្ស័យ​ទី៤​ទំនងជា​បាន​ចេញពី​បារាំង​ទៅដល់​ស៊ីរី

ស្រប​ពេល​ជាមួយ​នឹង​ការ​កាន់ទុក្ខ ការ​បង្ហាញ​ពី​ការ​រួបរួម និង​ការ​មិន​ចុះញ៉ម​ចំពោះ​មុខ​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម ដំណើរការ​ស៊ើបអង្កេត​ទៅលើ​ភេរវកម្ម​នៅ​ប៉ារីស នៅ​តែ​កំពុង​បន្តធ្វើ​យ៉ាងដុតដៃ​ដុតជើង។ អាជ្ញាធរ​នៅតែ​បន្ត​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​ជនសង្ស័យ​ទី៤ ជាប់ពាក់ព័ន្ធ​ក្នុងអំពើ​ភេរវកម្ម​នេះ។ ក៏ប៉ុន្តែ យោងតាម​ប្រភព​ពី​ប៉ូលិស ជនសង្ស័យ​រូបនេះ​ទំនង​ជា​បាន​ចេញ​ពី​​ប្រទេស​បារាំង​ទៅដល់​ទឹកដី​ស៊ីរី​ហើយ​នៅ​ពេលនេះ។

រូបថត​ជនសង្ស័យ Hayat Boummedienne ដែល​ប៉ូលិស​បារាំង​ចុះផ្សាយ​ស្វែងរក​ចាប់ខ្លួន
រូបថត​ជនសង្ស័យ Hayat Boummedienne ដែល​ប៉ូលិស​បារាំង​ចុះផ្សាយ​ស្វែងរក​ចាប់ខ្លួន AFP PHOTO / FRENCH POLICE
ផ្សាយពាណិជ្ជកម្ម

 

ជនសង្ស័យ​ទី៤ ដែល​ប៉ូលិស​បារាំង​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​យ៉ាង​សកម្ម​​នេះ គឺ​មាន​ឈ្មោះ​ថា Hayat Boumeddiene ត្រូវជា​ប្រពន្ធ​របស់ Amedy Coulibaly ភេរវជន​ដែល​បាន​បាញ់​ប្រហារ​លើ​ប៉ូលិស និង​ចាប់ចំណាប់​ខ្មាំង​នៅ​ក្នុង​ហាងលក់​ទំនិញ​ជ្វីហ្វ មុននឹង​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ក្នុង​ប្រតិបត្តិការ​រំដោះ​ចំណាប់​ខ្មាំង កាល​ពីថ្ងៃ​សុក្រ។

ប្រភព​ពី​ប៉ូលិស​បារាំង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ស្រ្តី​វ័យ ២៦ឆ្នាំ​រូបនេះ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​​ចេញ​ពី​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​អ៊ីស្តង់ប៊ុល​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី២​មករា ពោលគឺ​តាំង​ពី​៥ថ្ងៃ​មុន​ពេល​មាន​ភេរវកម្ម​នៅ​ប៉ារីស។

ប្រភព​ពី​អាជ្ញាធរ​តួកគី​វិញ​បាន​ឲ្យដឹង​ថា គេ​ឃើញ​ស្រ្តី​កាន់​លិខិតឆ្លងដែន​ឈ្មោះ Hayat Boumeddiene នេះ ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​គោក​ ចេញ​ពី​ប្រទេស​តួកគី ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី កាល​ពីថ្ងៃ​ទី៨ ពោលគឺ នៅ​ចំថ្ងៃ​ដែល Amedy Coulibaly ធ្វើការ​បាញ់​ប្រហារ​ទៅលើ​ប៉ូលិស​នៅ​ភាគខាង​ត្បូង​ប៉ារីស និង​មួយថ្ងៃ​ក្រោយ​ការ​វាយប្រហារ​ទៅលើ​សារព័ត៌មាន Charlie Hebdo។

អាជ្ញាធរ​តួកគី​បានអះអាង​​ថា គេ​មិន​បាន​ចាប់ខ្លួន​ Hayat Boumeddiene ដោយសារ​តែ​​មិនបាន​ទទួល​ដំណឹង​ជាមុន​ថា ស្រ្តីរូបនេះ​មាន​ជាប់សង្ស័យ​នឹង​ការវាយប្រហារ​ភេរវកម្ម​​នៅ​ប៉ារីស។ នៅ​ពេល​ដែល​បារាំង​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យនេះ Hayat Boumeddiene បាន​ឆ្លងព្រំដែន​ចេញ​ពីតួកគី ទៅដល់​ប្រទេស​ស៊ីរី​ទៅហើយ។

ប្រសិនបើ Hayat Boumeddiene ពិត​ជា​បាន​ចេញ​ពី​ប្រទេស​បារាំង​តាំង​ពីថ្ងៃ​ទី២មករា ដូច​ការ​អះអាង​ពី​ប្រភព​ព័ត៌មាន​ទាំងនេះ​មែន នេះ​បញ្ជាក់ថា ជនសង្ស័យរូបនេះ​មិនបាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នោះទេ។ ក៏ប៉ុន្តែ នេះ​ក៏​មិនមែន​មានន័យ​ថា ស្រ្តីរូបនេះ​មិន​ជាប់ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​គម្រោងការណ៍​វាយប្រហារ​នេះ​ដែរ។ ហេតុដូច្នេះ​ហើយ​បានជា​មក​ទល់​នឹង​ពេលនេះ ​ប៉ូលិស​បារាំង​នៅតែ​បន្ត​តាម​រកចាប់ខ្លួន​ Hayat​ Boumeddiene៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ