អានតួអត្ថបទ
បារាំង

នាវា​ផ្ទុក​យន្តហោះ​បារាំង​នឹង​ចេញ​បេសកកម្ម​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស​និង​មហា​សមុទ្ទ​ឥណ្ឌា

Charles de Gaulle​ នាវា​ផ្ទុក​យន្តហោះ​បារាំង​បាន​បញ្ឆេះ​ម៉ាស៊ីន​ ដើម្បី​ត្រៀម​បើក​ចេញពីកំពង់​ផែ​បារាំង​ ភាគ​ខាង​ត្បូង នៅ​ថ្ងៃ​អង្គារ​ទី ១៣​មករា​២០១៥​ ដើម្បី​ឆ្ពោះ​ទៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស និង​មហា​សមុទ្ទ​ឥណ្ឌា ដើម្បីត្រៀម​ខ្លួន​ ចូល​បំពេញ​បេសកកម្ម​ ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាមនៅអ៊ីរ៉ាក់​ ប្រសិន​បើ​ស្ថានការណ៍​តម្រូវ។

នាវា​ផ្ទុក​យន្តហោះ "Charles de Gaulle" របស់​បារាំង
នាវា​ផ្ទុក​យន្តហោះ "Charles de Gaulle" របស់​បារាំង DR
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​Charles de Gaulle ដ៏ទំនើប​ ទៅ​កាន់​​តំបន់​ជា​យុទ្ធសាស្ត្រ ភាគ​ខាង​ជើង​​មហាសមុទ្ទ​ឥណ្ឌា ក្នុង​​លក្ខណៈ​ត្រៀម​ចេញធ្វើ​ប្រតិបត្តិ​ ត្រូវ​បាន​គ្រោង​ទុក​ជា​យូរ​ខែ​មក​ហើយ មិន​មែន​ដោយ​សារ​ហេតុ​ផល​​ភេរវកម្ម​នៅក្រុង​ប៉ារីស​ទេ។

 

បារាំង​ពុំ​ទាន់​បាន​សម្រេចចូល​ធ្វើ​យុទ្ធនាការ​នៅ​អ៊ីរ៉ាក់​ទេ ប៉ុន្តែ​Charles De Gaulle ​មិន​ច្រាន​ចោល​ទាំង​ស្រុង​ការ​ចូល​រួម​ចំណែក​វាយ​ប្រហារ​ផ្លូវ​អាកាស​ ដែលសម្ព័ន្ធ​អន្តរជាតិជាង​៣០​ប្រទេស​​ដឹក​នាំដោយ​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​ប្រឆាំង​​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ទេ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេនាធិការដ្ឋាន​បារាំង។

 
ជាមួយ​នាវា Charles de Gaulle ​ ​ឧបករណ៍​យោធា​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ គេ​អាច​សម្រប​ប្តូរ​ផ្លាស់​​វិធានការ និង​កម្មវិធី​ ទៅ​តាម​ការ​វិវឌ្ឍន៍​នៃ​វិបត្តិ ទៅ​តាម​សេចក្តី​ការ​របស់សម្ព័ន្ធមិត្ត បាន​យ៉ាង​ឆាប់​រហ័ស​​ឱ្យ​តែ​មានការ​សម្រេចពី​ថា្នក់ដឹកនាំ​​នយោបាយ។ នាវា​Charles de Gaulle មាន​ផ្ទុក​យន្តហោះ​ចម្បាំង​១២​គ្រឿង យន្តហោះ​ប្រដេញ​៩គ្រឿង យន្តហោះ​ចុះ​លើ​ទឹក​មួយ​គ្រឿង​​ និង​ឧទ្ធម្ភាគចក្រ​បួន​គ្រឿង ព្រម​ទាំង​ភ្ជាប់​ដោយ​​នាវា​ចម្បាំង​ធុន​មធ្យម​​មួយ​គ្រឿង នាវា​មុជទឹក​នុយក្លេអ៊ែរ​មួយ​គ្រឿង នាវា​ចាក់​ប្រេង​មួយ​គ្រឿង។

លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់​ ត្រូវ​លម្អិត​អំពី​បេសកកម្ម​របស់​Charles de Gaulle នៅ​រសៀល​ថ្ងៃពុធ នា​ឱកាស​ថ្លែង​សារ​ជូន​ពរ​ប្រចាំ​ឆ្នាំ​ដល់​កងទ័ព។

បារាំង​ដែល​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​​តែ​ផ្លូវ​អាកាស​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ មាន​បញ្ឈរ​យន្តហោះ Rafale ៩គ្រឿងនៅ​ប្រទេស​អារ៉ាប់រួម​ យន្តហោះប្រដេញ​និង​ទម្លាក់​គ្រាប់​បែក​៦​គ្រឿង​នៅ​ហ្ស័កដានី ដោយ​មិន​រាប់​យន្តហោះ​ចាក់​សាំង យន្តហោះ​ចុះ​លើទឹក​ដែល​កំពុង​ធ្វើ​ការ​ជាមួយ​អាមេរិក​ផង។

នាវា​ នឹង​ទៅ​ធ្វើ​សមយុទ្ធ​យោធា​​លើ​ផ្ទៃ​សមុទ្ទ​ ក្បែរ​ឆ្នេរ​ឥណ្ឌា ដែល​ជា​អតិថិជន​ដ៏​មាន​សក្តានុពល​ កំពុង​ចរចា​យូរ​មក​ហើយ​ចង់​ទិញ​យន្តហោះ​ប្រដេញ Rafale ​ពី​បារាំង​ចំនួន​ប្រមាណ​១២៦​គ្រឿង។ បេសកកម្ម​លើក​នេះ​មាន​នាវិកចូល​រួម​ចំនួន​២៦០០​នាក់ ក្នុង​នោះ២០០០​នាក់​ លើ​នាវា​ផ្ទុក​យន្តហោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ