អានតួអត្ថបទ
ក្រិក-អាល្លឺម៉ង់

អាល្លឺម៉ង់​ ៖ ក្រិក​អាច​ដើរ​ចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ បើ​មិន​ចេះ​ត្បិត​ត្បៀត

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​ទី ៤ មករា នេះ​ថា ក្រិក​នឹង​​គោរព​ពាក្យ​សន្យា​ និង​លក្ខខណ្ឌ​ដាក់​ដោយ​​សហភាព​អឺរ៉ុប និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ជា​ថ្នូ​រ​នឹង​ផែនការ​ជំនួយ​ហិរញ្ញវត្ថុ​ជួយ​សង្គ្រោះ​ប្រទេស​ក្រិក បើទោះ​ជា​បី​ជា​ក្រិក​នឹង​មាន​រដ្ឋាភិបាល​ប្រសូត​ចេញ​ពី​បក្ស​ណា​ក៏​ដោយ។ ជា​មួយ​នឹង​សេចក្តី​សង្ឃឹម​នេះ អាល្លឺម៉ង់ តាម​រយៈ​ទំព័រ​ទស្សនាវដ្តី​Der Spiegel បាន​ព្រលយ​ពាក្យ​អំពី​លទ្ធភាព​រុញ​ច្រានក្រិក​ចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​តែ​ម្តង​ផង។

លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ Angela Merkel
លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ Angela Merkel Reuters/路透社
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្គឺឡា មែរកិល បាន​​អះអាង​នៅ​ថ្ងៃអាទិត្យ​នេះ ថា "ក្រិក​ធ្លាប់​ប្រកាន់​ពាក្យ​សន្យា​ក្នុង​អតីតកាល ដូច្នេះទៅ​ថ្ងៃ​មុខ ក្រិក​ក៏​គង់​តែនឹង​បំពេញ​កាតព្វកិច្ច​​ គោរព​តាម​សម្តី​ដែល​បាន​សន្យា​ជាមួយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​និង​សហភាព​អឺរ៉ុប​ជា​ប្រាកដ បើ​ទោះ​បី​លទ្ធផល​ឆ្នោត​សភា​ត្រូវ​ធ្លាក់​លើ​កណ្តាប់​ដៃ​បក្ស​ណា​ក៏​ដោយ។ ​

 

ក៏​ប៉ុន្តែ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​​បាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​អ្វី​ទាំង​អស់ ទាក់ទង​នឹង​ប្រសាសន៍​របស់​លោកស្រី មែរកិល ដែល​ចង់​រុញ​ច្រាន​ក្រិក​ចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​តែ​ម្តង បើ​ក្រិក​មិន​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​ដោយ​អឺរ៉ុប។ កាលពី​ថ្ងៃ​សៅរ៍​នៅ​ទស្សនាវដ្តី​អាល្លឺម៉ង់​ លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ បាន​ពន្យល់​ថា ប្រសិន​បើ​រដ្ឋាភិបាលក្រិក​​ថ្មី (ឆ្វេង​និយម​ជ្រុល) បោះបង់​ផែនការ​រិត​ត្បិត នោះ​ក្រិក​ត្រូវចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ដោយ​មិន​អាច​តវ៉ា​បាន​ឡើយ ! អឺរ៉ុប​បាន​ ​​បាន​ត្រៀម​ និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​​ប្រឈម​នឹង​វិបត្តិ​​ក្រិក​ដើរ​ចេញ​ពី​អឺរ៉ូ ! ​គ្មាន​ទៀតឡើយ​​ការ​​ឆ្លង​ដួល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​នៃ​តំបន់​អឺរ៉ូ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​សេណារីយោ​ក្រិក​ចេញ​ពី​​តំបន់​អឺរ៉ូ​ត្រូវ​បាន​​លើក​ឡើង តែ​ពេល​​មុន អឺរ៉ុប​មិន​ទាន់​​​ធ្វើ​កំណែទម្រង់​ អឺរ៉ុប​តែង​អប​ក្រិក​ ចាត់​វិធានការ​ស្រោចស្រង់​ក្រិក​ម្តង​ជា​ពីរ​ដង​ ដើម្បី​ការពារ​តំបន់​អឺរ៉ូទាំង​មូល តែ​ពេល​នេះ​​ជំនួយ​ហិរញ្ញវត្ថុដល់​ក្រិក​លែង​ជា​ការ​ចាំ​បាច់​ទៀត​ហើយ។ ក្រិក​អាច​ដើរ​ចេញ​បាន។

បើ​តាម​ទស្សនាវដ្តី​ រដ្ឋាភិបាល​អាល្លឺម៉ង់ ទាំង​ប្រមុខ​រដ្ឋាភិបាល ទាំង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ សុទ្ធ​តែ​មើល​ឃើញ​​ផ្លូវ​ក្រិក​ដើរ​ចេញពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ទាំង​អស់ បើ​គណបក្ស​ស៊ីរីហ្សា ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៥​មករា។ ប្រធាន​គណបក្ស​ឆ្វេង​និយម​ជ្រុល​ ស៊ីរីហ្សា Syriza ​ដែល​បាន​​សន្យា​សើរើ​ផែនការ​សង្គ្រោះ​ក្រិក​ឡើង​វិញ​ កំពុង​តែ​មាន​ប្រជាប្រិយភាព​និង​នាំ​មុខ​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ