អានតួអត្ថបទ
ក្រិក

អង្គការសហប្រជាជាតិ​បរិហារ​ពី​ផលវិបាកសង្គម​កើត​ចេញ​ពី​នយោបាយ​ត្បិតត្បៀត​នៅក្រិក

នៅ​ក្នុង​ប្រទេស​ក្រិក អង្គការ​សហប្រជាជាតិ​បាន​បើក​ការស៊ើបអង្កេត​មួយ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ចង់​ដឹង​ថា តើ​វិបត្តិសេដ្ឋកិច្ច និង​ការ​អនុវត្តន៍​នយោបាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​នំា​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែរ ឬ​ទេ។ នៅ​ថ្ងៃ​សៅរ៍ ទី២៧ មេសា​នេះ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បាន​ទាញ​សញ្ញាអាសន្ន​ថា នយោបាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​បាន​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​សង្គម ពិសេស​បាន​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​មួយ​ចំនួន​របស់​ប្រជាជន​ដែល​ធ្លាប់​ទទួល​មាន​ពី​ពេល​មុន។ យោង​តាម ONU រដ្ឋាភិបាល​ទីក្រុង​អាថែន​គួរតែ​គិតគូរ ពិចារណា​ឡើង​វិញ​អំពី​បញ្ហា​នេះ។

បរិយាយកាស​នៃ​ការងើបបះបោរ​របស់​ប្រជាជន​ក្រិក​ប្រឆំាង​នយោបាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល
បរិយាយកាស​នៃ​ការងើបបះបោរ​របស់​ប្រជាជន​ក្រិក​ប្រឆំាង​នយោបាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល REUTERS/Yorgos Karahalis
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ទទួល​បាន​ជំនួយ​ផ្នែក​លំនៅដ្ឋាន ផ្នែក​ការងារ ឬ​មួយ​ផ្នែក​ធានារ៉ាប់រង​សុខភាព ទំាង​នេះ សុទ្ធសឹង​ជា​ច្បាប់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កាត់បន្ថយ ឬ​លុបចោល​ទំាង​ស្រុង​តែ​ម្តង​នៅ​ក្នុង​នយោបាយ​ត្បិតត្បៀត​របស់​ខ្លួន នេះ​ជា​សេចក្តីសន្និដ្ឋាន ក្រោយ​បេសកកម្ម​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ក្រិក។ សេចក្តីសន្និដ្ឋាន​ដដែល​បាន​បង្ហាញ​ថា ក្រិក គឺ​​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ដែល​នៅ​ខ្វះខាត​រចនាសម្ព័ន្ធ​ផ្នែក​ជំនួយ​សង្គម និង​ផ្នែក​ធានា​រ៉ាប់រង​សុខភាព។ ម្យ៉ាង​ទៀត ច្បាប់​ទទួល​បាន​ប្រាក់ជំនួយ​សម្រាប់​អ្នកអត់ការងារធ្វើ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​បន្ថយ​មក​នៅ​ត្រឹមតែ ១២ខែ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​អ្នកអត់ការងារ​ធ្វើ​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​ទទួល​ប្រាក់ជំនួយ​ហើយ រូប​គេ​ក៏​បាន​បាត់បង់​សិទ្ធិ​ផ្នែក​ធានារ៉ាប់រង​សុខភាព​ដែរ។

ក្រៅ​ពី​ការ​កាត់បន្ថយ និង​ការ​បាត់បង់​សិទ្ធិមួយ​ចំនួន​របស់​ប្រជាជន លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ផលប៉ះពាល់​លើ​គោលការណ៍​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​ដែរ ពិសេស​គឺ​អំពើហិង្សា​ប្រកាន់​ពូជសាសន៍​ចំពោះ​ជនអន្តោប្រវេស្តន៍ និង​ការ​អនុវត្តន៍​វប្បធម៌​និទណ្ឌភាព។ អ្នកឯកទេស​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា គោលដៅ​នៃ​ការអនុវត្តន៍​នយោបាយ​សន្សំសំចៃ គឺ​ដើម្បី​កាត់បន្ថយ​ឱនភាព​ថវិកាជាតិ និង​ជួយ​ផ្តល់សន្ទុះសេដ្ឋកិច្ច​ឲ្យ​មាន​ការ​ប្រកួតប្រជែង តែ​ផ្ទុយ​ទៅ​វិញ សេដ្ឋកិច្ច​ក្រិក​នៅ​តែ​មាន​ដំណើរ​ថយក្រោយ ព្រម​ទំាង​បាន​ជះផលវិបាក​លើ​សង្គម​យ៉ាង​ខ្លំាងក្លា​ទៅ​វិញ។

ទន្ទឹម​គ្នា​នេះ សេចក្តីសន្និដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​ដាក់​សេវ៉ា​របស់​រដ្ឋ​ទៅ​ឲ្យ​ឯកជន​កាន់កាប់ រួម​មាន រដ្ឋាករ​ទឹក ឬ​មួយ​អគ្គិសនី។ យ៉ាង​ណា​ក៏​ដោយ អង្គការ​សហប្រជាជាតិ​បាន​ដាក់​អនុសាសន៍​មួយ​ចំនួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រិក និង​ដៃគូ​អឺរ៉ុប​របស់​ប្រទេស​ក្រិក។ តែ​គេ​នៅ​អាច​ដឹង​ថា តើ​អនុសាសន៍​ទំាង​នោះ​នឹង​ត្រូវ​គេ​យក​ទៅ​អនុវត្ត ឬ​អត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ