អានតួអត្ថបទ
បារាំង-ភេរវកម្ម

បារាំង​ប្រើ​នាវា​ផ្ទុក​យន្តហោះ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​លើ​ក្រុមជីហាត​នៅ​អ៊ីរ៉ាក់

ជាងមួយខែ​ក្រោយ​ពី​ទទួលរង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស បារាំង​បាន​បង្កើន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ ដោយ​បាន​ចាប់ផ្តើម​ប្រើ​នាវាផ្ទុក​យន្តហោះ ក្នុងប្រតិបត្តិការ​វាយប្រហារ​តាមផ្លូវ​អាកាស​ ទៅលើ​ទីតាំង​ក្រុម​ជីហាត នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ អន្តរាគមន៍​នៃ​នាវាផ្ទុក​យន្តហោះ​នេះ​បាន​ធ្វើ​ឲ្យ​បារាំង​ក្លាយ​ទៅ​ជា​តួអង្គ​សំខាន់​ទីពីរ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​លើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

នាវាផ្ទុកយន្តហោះ​ Charles de Gaulle របស់​បារាំង
នាវាផ្ទុកយន្តហោះ​ Charles de Gaulle របស់​បារាំង DR 网络照片
ផ្សាយពាណិជ្ជកម្ម

 

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ យន្តហោះ​ចម្បាំង​ធុន​ Rafale ជាច្រើន​គ្រឿង​បាន​ហោះ​ចេញ​ពី​នាវាផ្ទុក​យន្តហោះ Charles de Gaulle ដែល​ស្ថិត​នៅ​ក្នុង​ឈូងសមុទ្រ​ពែក្ស សំដៅ​ទៅ​​វាយប្រហារ​លើ​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​មន្រ្តី​ក្រសួង​ការពារជាតិ​បារាំង។
 
បារាំង​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ ៣០ផ្សេងទៀត ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​លើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤​​។ បារាំង​បាន​បញ្ជូន​ទាហាន​ប្រមាណ​ ១០០នាក់ ឲ្យ​ទៅ​អ៊ីរ៉ាក់។ ជា​ផ្លូវការ​ទាហាន​បារាំង​ទាំង ១០០នាក់​នេះ មាន​បេសកកម្ម​​ជួយ​ហ្វឹកហ្វឺន និង​ផ្តល់​ប្រឹក្សា​ដល់​កងទ័ព​អ៊ីរ៉ាក់។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ប្រហែល​ជា​មាន​ទាហាន​មួយ​ផ្នែក គឺ​ជា​កងកុម្ម៉ង់ដូ​ ដែល​​ធ្វើការ​​​ខាង​ចារកិច្ច និង​​កំណត់​ទីតាំង​​របស់​ក្រុម​ជីហាត ដើម្បី​​​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវ​អាកាស។

នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវ​អាកាស ពីដំបូង​បារាំង​ប្រើ​យន្តហោះ​ចម្បាំង ១៥គ្រឿង គឺ​យន្តហោះ​​ធុន Rafale ចំនួន ៩គ្រឿង ហោះចេញ​ពី​​​មូលដ្ឋាន​ទ័ព​អាកាស​បារាំង​ក្នុង​ប្រទេស​អារ៉ាប់រួម និង​យន្តហោះ​ចម្បាំង ធុន Mirage 2000D​ ៦គ្រឿង ហោះ​ចេញ​ពី​ប្រទេស​ហ្សកដានី។ អន្តរាគមន៍​របស់​នាវាផ្ទុក​យន្តហោះ​នៅ​ពេលនេះ បាន​ធ្វើ​ឲ្យ​​កម្លាំង​ទ័ព​បារាំង​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ជីហាត​នៅ​អ៊ីរ៉ាក់​ត្រូវ​កើនឡើង​មួយ​ទ្វេជាពីរ។

នៅលើ​នាវាផ្ទុក​យន្តហោះ​ Charles de Gaulle មាន​យន្តហោះ​ចម្បាំង​​ទំនើបៗ​ ២១គ្រឿង និង​មាន​ទាហាន​​២០០០នាក់ ព្រមទាំង​​មាន​ហែហម​អមដំណើរ​ដោយ​នាវាចម្បាំង​ជាច្រើន​គ្រឿង ដោយ​មាន​ទាំង​នាវាមុជទឹក និង​នាវា​ចម្បាំង​ជំនាញ​ខាង​ការពារ​ការវាយប្រហារ​ពី​អាកាស។

បើ​គិត​សរុប​ទាំងអស់ កម្លាំង​ទ័ព​របស់​បារាំង ដែល​ចូលរួម​នៅ​ក្នុង​​ប្រតិបត្តិការ​វាយប្រហារ​លើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ គឺ​មាន​យន្តហោះ​ចម្បាំង ៣៦គ្រឿង និង​ទាហាន​សរុប ប្រហែល​ជា ៣ពាន់៥រយនាក់។

អន្តរាគមន៍​នៃ​​នាវាផ្ទុក​យន្តហោះ Charles de Gaulle អាច​នឹង​ជួយ​ឲ្យ​បារាំង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​វាយប្រហារ​លើ​ទីតាំង​របស់​ក្រុម​ជីហាត ពីព្រោះ​​នាវាផ្ទុកយន្តហោះ​​​ប្រៀបដូចជា​មូលដ្ឋាន​ទ័ព​អាកាស​ចល័ត​ដែល​ងាយស្រួល​ផ្លាស់ទី ហើយ​អាច​ចូល​ទៅ​ជិត​ទីតាំង​ដែល​ត្រូវ​វាយប្រហារ។ បច្ចុប្បន្ន​នេះ នាវាផ្ទុក​យន្តហោះ​ Charles de Gaulle ស្ថិត​នៅ​ក្នុង​ឈូងសមុទ្រ​ពែក្ស ចម្ងាយ​ប្រហែល​ជា ២០០គីឡូម៉ែត្រ ខាងជើង​ប្រទេស​បារ៉ែន ហើយ​យន្តហោះ​ដែល​ហោះចេញ​នាវាផ្ទុក​យន្តហោះ​នេះ​ទៅ​កាន់ចំណុច​ស៊ីប​នៅ​អ៊ីរ៉ាក់ ត្រូវ​ប្រើ​ពេល​តិចជាង​រហូតដល់​ទៅ​ពីរដង បើ​ធៀប​នឹង​​យន្តហោះ​ដែល​ហោះចេញ​ពី​មូលដ្ឋាន​ទ័ព នៅ​ប្រទេស​អារ៉ាប់រួម។
 
ម្យ៉ាងទៀត ការ​បញ្ចេញ​នាវាផ្ទុក​យន្តហោះ​ឲ្យ​ទៅ​ឈូងសមុទ្រ​ពែក្ស​នៅពេលនេះ គឺ​ជា​មធ្យោបាយ​សំខាន់​មួយ ដើម្បី​ឲ្យ​បារាំង​អាច​បង្ហាញ​ពី​មហិទ្ធិឫទ្ធិ​ទ័ព​ ក្នុងការ​វាយប្រហារ​តបត​នឹង​ភេរវជន ដែល​ហ៊ាន​វាយប្រហារ​លើ​បារាំង។ នេះ​អាច​ជា​សារមួយ​សម្រាប់​ពួកភេរវជន​ថា​បារាំង​មាន​សមត្ថភាព​យោធា​​អាច​បើក​ការ​វាយប្រហារ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ចំពោះ​សត្រូវណា​ដែល​ហ៊ាន​វាយប្រហារ​លើ​បារាំង។ វា​ក៏​ជា​សារមួយ​សម្រាប់​សាធារណមតិ​ក្នុង​ប្រទេស​​បារាំង​ដែរ ដើម្បី​បង្ហាញ​ពី​ភាព​មោះមុត​របស់​រដ្ឋាភិបាល ក្នុងការ​ឆ្លើយតប​ចំពោះ​ភេរវជន ដែល​បាន​វាយប្រហារ​​នៅ​ទីក្រុង​ប៉ារីស កាល​ពី​ខែ​មករា​កន្លងទៅ។

អន្តរាគមន៍​របស់​នាវាផ្ទុក​យន្តហោះ Charles de Gaulle​ ដែល​ផ្ទុក​ទៅដោយ​យន្តហោះ​ចម្បាំង​ទំនើប​ធុន Rafale ក៏​​ជា​ឱកាស​ដ៏ល្អមួយ​ដែរ ដើម្បី​ឲ្យ​បារាំង​​បង្ហាញ​ឲ្យ​គេឃើញ អំពី​សមត្ថភាព​ជាក់ស្តែង​របស់​​យន្តហោះ Rafale ដែល​​បារាំង​កំពុងតែ​ស្វះស្វែង​រក​ទីផ្សារ ដើម្បី​នាំចេញ។ ការបង្ហាញ​ពី​សមត្ថភាព​ក្នុង​សមរភូមិ​ជាក់ស្តែង​របស់​យន្តហោះ​ចម្បាំង​ធុន Rafale ក្នុងការ​បើក​ប្រតិបត្តិការ​ចេញ​ពី​នាវាផ្ទុក​យន្តហោះ​នេះ កាន់តែ​មាន​សារៈសំខាន់​ទៅទៀត នៅ​ក្នុង​ពេល​ដែល​បារាំង កំពុងតែ​ចរចា​លក់​យន្តហោះ​នេះ​ទៅ​ឲ្យ​ឥណ្ឌា ពីព្រោះ​ថា ឥណ្ឌា​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ​​​នាវាផ្ទុក​យន្តហោះ​មួយ​ដែល​ទិញ​​ពី​រុស្ស៊ី។ ដូច្នេះ សមត្ថភាព​ក្នុង​ការ​បើក​ប្រតិបត្តិការ​ចេញ​ពីនាវាផ្ទុកយន្តហោះ គឺ​ជា​លក្ខណៈ​វិនិច្ឆ័យ​សំខាន់មួយ ដែល​បារាំង​អាច​យក​ទៅ​បញ្ចុះបញ្ចូល​ឥណ្ឌា​ឲ្យ​ទិញ​យន្តហោះ Rafale​។

គួរបញ្ជាក់ថា នៅថ្ងៃ​ចន្ទ​នេះ រដ្ឋមន្រ្តី​ការពារជាតិ​បារាំង​ត្រូវ​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​រយៈពេល២ថ្ងៃ នៅ​ឥណ្ឌា ដើម្បី​​ជជែក​អំពី​កិច្ចសន្យា​លក់​យន្តហោះ Rafale ហើយ​នៅ​ចុងខែ​មេសា​ខាងមុខនេះ បារាំង​នឹង​បញ្ជូន​នាវាផ្ទុក​យន្តហោះ​ Charles de Gaulle រួម​ជាមួយ​នឹង​យន្តហោះចម្បាំង Rafale ឲ្យ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ