អានតួអត្ថបទ
បារាំង

ក្រោយ​​ភេរវកម្ម​នៅ​ប៉ារីស ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជីហាត​​មាន​ដំណើរ​ការ​ដល់​ណា ?

ថ្ងៃ​នេះ ជា​រយៈ​ពេល​មួយ​ខែ​គត់ ដែល​ប៉ារីស​បាន​រង​គ្រោះ​ភេរវកម្ម​ជីហាត​ ប្រឆាំង​កាសែត​ត្លុក​Charlie​ Hebdo ប្រឆាំង​ប៉ូលិស និង​សហគមន៍ជ្វីហ្វ ស្លាប់​មនុស្ស​អស់ ១៧​នាក់។ មួយ​ខែ​ក្រោយ Charlie Hebdo កំពុង​តែ​ចោទ​សួរ​ថា​តើ​ត្រូវ​បន្ត​ចេញ​លេខ​ក្រោយ​ប៉ុន្មាន និង​យ៉ាង​ដូច​ម្តេច ព្រោះ​កាសែត​ដែល​​​អ្នក​និពន្ធ​ល្បីៗ​​​បានស្លាប់អស់ស្ទើរ​​​រលីង​ទៅ​ហើយ បាន​ទទួល​ការ​គាំទ្រ​ខ្លាំងទាំង​ចំនួន​អ្នក​អាន និង​ហិរញ្ញវត្ថុ។ ចំណែក​ការ​អង្កេត​បាន​ឈាន​ដល់ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​ភេរវកម្មផង និង​ស្រាវ​បណ្តាញ​​ជីហាតដ៏​ប្រទាក់​ក្រឡា​ផង។ ជាក់​ស្តែង​នៅ​ថ្ងៃ​នេះ ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​នៃ​បណ្តាញ​ជីហាត​៦​នាក់​ទៀត​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស។ ក្រៅពី​នោះ​រដ្ឋាភិបាល​បារាំង​ក៏​មាន​ចេញ​វិធានការ​ជា​ច្រើនដើម្បី​​ទប់​ស្កាត់​ចរន្ត​ជីហាត​។

ក្រោយ​ភេរវកម្មជីហាត​នៅក្រុង​ប៉ារីស អាជ្ញាធរ​បារាំង​បាន​​ចេញ​វិធានការ​​ទប់​ស្កាត់​តាម​ប្រព័ន្ធអ៊ីនធ័រនែត
ក្រោយ​ភេរវកម្មជីហាត​នៅក្រុង​ប៉ារីស អាជ្ញាធរ​បារាំង​បាន​​ចេញ​វិធានការ​​ទប់​ស្កាត់​តាម​ប្រព័ន្ធអ៊ីនធ័រនែត ordi-boutique.fr
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ភេរវកម្ម​ជីហាត​ប្រឆាំង​នឹង​ទស្សនាវដ្តី​Charlie Hebdo ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជីហាត​តាម​អ៊ីនធ័រនែត​ ត្រូវ​បាន​គេ​មើល​ឃើញ​​ថា​ជា​ចំណែក​មួយ​នៃ​ការ​ទប់​ស្កាត់​ចរន្ត​ផ្តាច់​ខ្លួន​ទៅ​ធ្វើ​ជីហាត។ រដ្ឋាភិបាល​បារាំង​ ដោយ​គ្មាន​បង្អង់​បាន​ប្រកាស​នូវ​វិធានការ​មួយ​ចំនួន​ ដូច​ជា​ បញ្ជ្រៀប​ព័ត៌មាន​ បិទ​ខ្ទ​ប់​វិបសៃត៍​ជីហាត ... មួយ​ខែ​ក្រោយ​វិធានការ​ដែល​លេច​ធ្លោ​ និង​​បាន​អនុវត្ត​ដោយ​ជាក់​ស្តែង គឺ វីដេអូ "បញ្ឈប់​ជីហាតនិយម” ដែលជា​ឆាក​ឈុត​ស្រង់​ឱ្យ​ឃើញ​ពី​អំពើ​​​ឃោរឃៅ​នៃ​មនោគមន៍វិជ្ជា​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ វីដេអូ​នេះ​​គ្រាន់​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត​ភ្លាម មាន​មនុស្ស​ចូល​មើល​ដល់​ទៅ​ជាង​ពីរ​លាន​នាក់ ពោល​ជា​វីដេអូ​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ ក្នុង​វិបសៃត៍​រដ្ឋាភិបាល។

 

ទន្ទឹម​នឹង​វីដេអូ​នេះ មាន​​វិបសៃត៍​​មួយ​ទៀត​ ដែល​អាជ្ញាធរ​បារាំង​មាន​គម្រោង​រៀប​ចំ​តាំង​ពី​យូរ​មក​ហើយ តែ​ហេតុការណ៍​ភេរវកម្ម​បាន​មក​ពន្លឿន​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់​ស្តែងបាន​ឆាប់​មុន​ពេល​កំណត់។ គេ​ពុំ​ទាន់​អាច​ប៉ាន់​ស្មាន​អំពី​ផលប្រយោជន៍​នៃ​មធ្យោបាយ​ទាំង​ពីរ​នេះ​បាន​នៅ​ឡើយ​មែន ប៉ុន្តែ​ប៉ូលិស​អាច​សន្មត់​បាន​ថា​ជា​ចម្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ ព្រោះ​មាន​ឪពុក​ម្តាយ​ជា​ច្រើន​បានទាក់ទង​ប្រាប់​ពី​ក្តី​​ព្រួយ​បារម្ភ​ខ្លាច​កូន​ផ្តាច់​ខ្លួន​ទៅក្នុង​អ៊ីស្លាម​ជ្រុលនិយម​ជីហាត។

វិធានការ​មួយ​ទៀត គឺ​ការ​បិទ​ខ្ទប់​រាល់​វិបសៃត៍​ដែល​មានលក្ខណៈ​​ឃោសនា​មនោគមន៍​វិជ្ជា​ជីហាត​ ចាប់អនុវត្ត​​ពី​សប្តាហ៍​មុន​មក ដោយ​អាជ្ញាធរ​អាច​មាន​សិទ្ធិ​បង្ខំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​មួយ​បិទ​ខ្ទប់​វិបសៃត៍​មិន​ល្អ​ ដោយ​មិន​បាច់​ឆ្លង​កាត់​​តុលាការ។ ហើយ​ជា​ចុងក្រោយ​ មាន​ភ្នាក់ងារ​ចាំ​ទទួល​ព័ត៌មាន នៅ​ពេល​ឃើញ​មាន​សញ្ញា​ ឬ​សារ​ញុះញង់​ឱ្យ​​​ស្អប់​ខ្ពើម​គ្នា​។ ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ គេ​កត់​ត្រា​បាន​ដល់ជាង​បួនម៉ឺន​ករណី៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ