អានតួអត្ថបទ
ស្វីស-អ៊ីស្រាអែល

អ៊ីស្រាអែល​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​លួច​បន្លំ​ស៊ើបការណ៍​កា​រចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់

អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្វីស និង​អូទ្រីស​ទើបតែ​បាន​ប្រកាស​ជា​ផ្លូវការ ​ថា​ប្រទេស​ទាំង​ពីរ​ បាន​បើក​ការ​ស៊ើបអង្កេត​រៀងៗ​ខ្លួន ​លើ​សំណុំ​រឿង​ចោរ​ព័ត៌មានវិទ្យា ​ដែល​បាន​ប្រើប្រាស់​ មេរោគ​ព័ត៌មានវិទ្យា​ម្យ៉ាង ​ដើម្បី​វាយ​លុក​ប្រព័ន្ធ​ភ្ជាប់​អ៊ីនធឺនែត​ របស់​សណ្ឋាគារ​ធំៗ ​មួយ​ចំនួន។ សណ្ឋាគារ​ទាំង​នោះ ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​សណ្ឋាគារ​ដែល​ធ្លាប់ ​ទទួល​រៀបចំ ​ការ​ជួប​ប្រជុំ​ពិភាក្សាគ្នា ​​រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​មហាអំណាច​ទាំង៦ ​ជាមួយ​នឹង​អ៊ីរ៉ង់​ ដើម្បី​ស្វែងរក​កិច្ច​ព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ គេ​កំពុង​ដាក់​ការ​សង្ស័យ​ លើ​អ៊ីស្រាអែល ​ថា​ជា​អ្នក​ នៅ​ពី​ក្រោយ​អំពើ​នេះ។

ប្រមុខការទូត​ប្រទេស​មហាអំណាច​​ជួបប្រជុំគ្នា​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅវិមាន Coburg​ ទីក្រុង​វីយែន ថ្ងៃទី​ ២៤​ មេសា ២០១៥
ប្រមុខការទូត​ប្រទេស​មហាអំណាច​​ជួបប្រជុំគ្នា​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅវិមាន Coburg​ ទីក្រុង​វីយែន ថ្ងៃទី​ ២៤​ មេសា ២០១៥ REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ស្វីស RTS ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋអាជ្ញា​ស្វីស​ បាន​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​នេះ ​តាំង​ពី​ដើមខែ​ឧសភា​ម្លេះ។ បរិក្ខា​កុំព្យូទ័រ ​និង​សំភារៈ​មួយ​ចំនួន ​ត្រូវ​បាន​ប្រមូល​ទុក កាល​ពី​ថ្ងៃទី​១២​ឧសភា ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត។ យោង​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា មាន​សណ្ឋាគារ​របស់​ស្វីស​៣ ​ដែល​ជាប់​ពាក់ពន្ធ័​នឹង​ការ​ស៊ើប​អង្កេត​នេះ។ សណ្ឋាគារ​ទាំងបី​នេះ ​សុទ្ធសឹង​ជា​សណ្ឋាគារ ​ដែល​ធ្លាប់​រៀបចំ ​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​របស់​ក្រុម​ប្រទេស​មហាអំណាច​ ទាំង៦ ​ជាមួយ​អ៊ីរ៉ង់​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

អាជ្ញាធរ​ស្វីស​​បាន​បញ្ជាក់​ថា ​ប្រព័ន្ធ​ភ្ជាប់​អ៊ីធឺនែត ​របស់​សណ្ឋាគារ​ទាំង​នោះ​ ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ ដោយ​មេរោគ​ព័ត៌មាន​វិទ្យា​ម្យ៉ាង។ បើ​តាម​ការ​ស្មាន គឺ ​ពួក​ចោរ ​បាន​បង្កើត​វា​ឡើង ​ដើម្បី​បន្លំ​លួច​ឯកសារ ​និង​ស្តាប់​ការ​ប្រជុំ​ របស់​ថ្នាក់​ដឹកនាំ​ធំៗ ​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​នៅ​តាម​សណ្ឋាគារ​ទាំង​នោះ ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ។ ដូចគ្នា​ដែរ អាជ្ញាធរ​អូទ្រីស ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​វិមាន​ដ៏​ធំ​មួយ​ នៅ​ទីក្រុង ​វីយែន​ ដែល​ធ្លាប់​បាន​ទទួល​រៀបចំ​ការ​ប្រជុំ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ក៏​រង​ការ​វាយ​ប្រហារ​ដោយ​មេរោគ​ព័ត៌មានវិទ្យា​ ប្រហាក់​ប្រហែល​គ្នា​នេះ​ ផង​ដែរ។

គួរ​រំលឹក​ផងដែរ​ថា ​ចាប់​តាំង​ពី ​ចុង​ឆ្នាំ​២០១៣​ មក​ ប្រទេស​ស្វីស ​និង​ប្រទេស​អូទ្រីស បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​ជាច្រើន​លើក ​រាប់​មិន​អស់​ រវាង​ប្រមុខ​ការ​ទូត​ប្រទេស​ទាំង​៦​ រួមមាន ​បារាំង ​អង់គ្លេស​ អាល្លឺម៉ង់ រុស្ស៊ី ​ចិន ​និង​អាមេរិក ​ដែល​ពិភាក្សាគ្នា ​ជាមួយ​អ៊ីរ៉ង់ ​ដើម្បី​ស្វែងរក​កិច្ច​ព្រមព្រៀង​ ស្តីពី​ការ​គ្រប់គ្រង​កម្មវិធី​ផលិត​ថាមពល​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់។
 
តាម​ការ​សង្ស័យ​ក្រុម​ចោរ ​បាន​ប្រើ​មេរោគ​នេះ ​ដើម្បី​ស៊ើបការណ៍​សំងាត់​ រាល់​ការ​ចរចា​គ្នា។ ក្រុមហ៊ុន​ព័ត៌មានវិទ្យា​មួយ ​ដែល​មាន​មូលដ្ឋាន​នៅ​រុស្ស៊ី ​បាន​ចាប់​បាន​មេរោគ​នេះ ​កាល​ពី​ឆ្នាំ​២០១៤ ​ម្លេះ  ​ហើយ​ដែល​គេ​ធ្លាប់​ស្មាន​ថា​ ជា​មេរោគ​ដែល​ប្រើ​សំរាប់​លួច​ស្តាប់​ការ​ចរចា​គ្នា។ យ៉ាងណា​មិញ ​សារព័ត៌មាន Wall Street Journal ​ធ្លាប់​បាន​ចុះផ្សាយ​ដំបូង​គេ​ថា ​ពិត​ជា​មាន​ការ​បន្លំ​លួច​ស្តាប់​ការ​ចរចារ ​ដោយការ​ប្រើ​មេរោគ​ព័ត៌មានវិទ្យា​ ដូច​ដែរ​ក្រុមហ៊ុន​រុស្ស៊ី​ បាន​រក​ឃើញ​ពិត​មែន។ ​ដោយយោង​តាម​ការ​សន្និដ្ឋាន​ជា​បឋម ​មេរោគ​នេះ​ អាច​មាន​ប្រភព​ពី​អ៊ីស្រាអែល។ គិត​មក​ត្រឹម​ពេល​នេះ គេ​មិន​ទាន់​បាន​ទទួល​ប្រតិកម្ម​ ពី​សំណាក់ អាជ្ញាធរ​អ៊ីស្រាអែល នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ