អានតួអត្ថបទ

ក្រិកបិទ​ធនាគារ​និង​ចាត់​វិធានការ​ទប់​ស្កាត់​លំហូរ​ចេញ​សាច់​ប្រាក់​ទៅ​បរទេស

រដ្ឋាភិបាល​ក្រិក បាន​ប្រកាស​បិទ​ទ្វារ​ទីផ្សារ​មូលបត្រ និង​ធនាគារ​ទូទាំង​ប្រទេស​ជា​បណ្តោះ​អាសន្ន យ៉ាង​ហោច​ណាស់​ក៏​រហូត​ដល់​ថ្ងៃ​ទី ៦ កក្កដា ព្រមទាំង​​​វិធានការ​គ្រប់គ្រង​មូលធន ពោល​គឺ​​ទប់​ស្កាត់​លំហូរ​ចេញ​សាច់​ប្រាក់ទៅ​បរទេស។ ទីផ្សារ​មូលបត្រ​នៅស្ទើរតែ​គ្រប់កន្លែង​ទូទាំង​ពិភពលោក​កំពុងតែ​ធ្លាក់ចុះ នៅថ្ងៃ​ចន្ទ​នេះ ដោយសារ​តែ​ឥទ្ធិពល​នៃ​វិបត្តិ​ក្រិក។ ចំណែក​ខាង​អឺរ៉ុប​វិញ ​នៅតែ​បន្តខ្នះខ្នែង​ស្វែងរក​កិច្ចសម្រុះសម្រួល​គ្នា ដើម្បី​ព្យាយាម​បញ្ចៀស​គ្រោះ​មហន្តរាយ​​​បង្កឡើង​ដោយ​វិបត្តិ​ក្រិក។

តាំង​ពី​ថ្ងៃសុក្រ​មក​ពលរដ្ឋ​ក្រិក​សម្រុក​ទៅ​ដក​លុយ​ចេញ​ពី​ធនាគារ
តាំង​ពី​ថ្ងៃសុក្រ​មក​ពលរដ្ឋ​ក្រិក​សម្រុក​ទៅ​ដក​លុយ​ចេញ​ពី​ធនាគារ REUTERS/Stefanos Rapanis
ផ្សាយពាណិជ្ជកម្ម

 

គិត​ចាប់​ពី​ឆ្នាំ​២០១០​មក សាច់​លុយ​ប្រមាណ​៨០​ពាន់​លាន​​អឺរ៉ូ​បាន​ត្រូវ​ដក​ចេញ​ពី​ប្រព័ន្ធ​ធនាគារ​ក្រិក។ បន្ទាប់​​ពី​បាន​ឮ​នាយករដ្ឋមន្ត្រី​ប្រកាស​ធ្វើ​ប្រជាមតិ​ ឱ្យ​ពលរដ្ឋ​សម្រេច​ព្រម​ឬ​មិនព្រម​ទទួល​លក្ខខណ្ឌ​អឺរ៉ុប​ជា​ថ្នូរ​នឹង​ប្រាក់​កម្ចីមក ប្រជាជន​បាន​សម្រុក​នាំគ្នា​រត់​ទៅ​ដក​លុយ​ចេញ​ពី​ធនាគារ​ កាន់​តែ​ច្រើន​ឡើងៗបន្ថែម​ទៀត ទើប​រដ្ឋាភិបាល​ក្រិក​ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​អំពី​ចាត់​វិធានការ​ បិទ​ទ្វារ​ធនាគារ​ទូទាំង​ប្រទេស ពេញ​មួយ​សប្តាហ៍​ បិទ​ទីផ្សារ​ភាគហ៊ុន និង​ដាក់​វិធានការ​គ្រប់គ្រង​មូលធន។

ហេតុ​អ្វី​វិធានការ​គ្រប់​គ្រង​មូលធន ?

នៅ​រាល់​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ វិធានការ​គ្រប់គ្រង​មូលធន​គឺ​ជា​ការ​ចាំបាច់​។ វិធានការ​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ការពារ​ធនាគារ​ក្រិក​កុំ​ឱ្យ​ក្ស័យ​ធន និង​ដើម្បី​កុំឱ្យ​ពលរដ្ឋ​ស្លន់​ស្លោ នាំ​គ្នា​ទៅ​ដក​លុយ​អស់​ពី​ធនាគារ។ ហេតុដូច្នេះ​ហើយ​បាន​ជា​នាយក​រដ្ឋមន្ត្រី​ក្រិក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងប់​ស្ងាត់។ នៅ​ក្នុង​ក្របខណ្ឌ​នៃ​​វិធានការ​​គ្រប់គ្រង​មូលធន​នេះ  ធនាគារ​បិទ​ ការ​ផ្ទេរ​-ផ្ញើ​លុយ​ចេញ​ទៅ​បរទេស ឬ​ទិញទំនិញ​នៅ​បរទេស​ត្រូវ​ហាមឃាត់​មែន ប៉ុន្តែ​ការ​ចាយ​វាយ​ទិញ​ដូរ​ តែ​ក្នុង​ប្រទេសនៅ​តែ​ប្រព្រឹត្ត​ទៅ​​​ដោយ​សេរី   ពលរដ្ឋ​នៅ​តែ​អាច​ទៅ​ដក​លុយ​ខ្លួន​ឯង​ ពី​ធនាគារ​យក​មក​ចាយ​វាយ​បាន​ ក្នុង​មួយ​ថ្ងៃ ៦០​អឺរ៉ូ យ៉ាង​ច្រើន​បំផុត។

វិធានការ​បែប​នេះ​ធ្លាប់​មាន​ឃើញ​ប្រើ​ជា​ញយ​ដង​នៅ ប្រទេស​ថៃ នៅ​ម៉ាឡេស៊ី កាលពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​១៩៩០ និង​នៅ​អាហ្សង់ទីន​កាលពី​ឆ្នាំ​២០០១ ព្រមទាំង​នៅ​អ៊ីស្លង់ នៅ​ស៊ីប កាលពី​ឆ្នាំ​២០១៣។ ទិសដៅ​នៃ​វិធានការ​គ្រប់គ្រង​មូលធន​ គឺ​ដើម្បី​ ការ​ទប់​ស្កាត់​លំហូរ​សាច់​ប្រាក់​​ចេញ​ពី​ប្រទេស។ បើ​អស់​លុយ​សេដ្ឋកិច្ច​លែងដើរ ប្រទេស​លែង​មាន​ដំណើរការ ដូច្នេះ​គេត្រូវ​បិទ​ព្រំដែន​ហិរញ្ញវត្ថុ​ តាម​រយៈ​វិធានការ​គ្រប់គ្រង​មូលធន បិទ​ធនាគារ​​ ដែល​​ពេល​ខ្លះ​មាន​រយៈ​ពេល​ខ្លី ត្រឹម​ពីរ​បី​ថ្ងៃ មួយ​អាទិត្យ  ឬ​យូរ​ខ្លាំង​ជាងគេដូច​នៅ​ស៊ីប ១២​ថ្ងៃ។ ប៉ុន្តែ​នៅ​ពេល​បើក​ធនាគារ​វិញ ​ ការ​ដក​លុយ​សុទ្ធ​ចេញ​ពី​ធនាគារ​ ឬ​ផ្ទេរ ផ្ញើ​ចេញ​ទៅ​បរទេស​ ត្រូវ​មាន​កំរិតកំណត់ មិន​ថា​សម្រាប់​ជា​លក្ខណៈ​បុគ្គល ឬ​ក្រុមហ៊ុន​រក​ស៊ី​ទេ។

 

 
​វិធានការ​ទប់ស្កាត់​លំហូរ​ចេញ​សាច់​ប្រាក់​នេះ អាច​ជះ​​ផលវិបាក​យ៉ាង​ណា ចំពោះ​ក្រិក ?

ដោយ​ហេតុ​ថា​ក្រិក​មានលុយ​មក​ពី​ក្រៅ ក្នុង​ធនាគារ​ក្រិក​ តែ​ប្រមាណ​១៥% រដ្ឋាភិបាល​ត្រូវ​ផ្តោត​ការ​គ្រប់គ្រង​មូលធន​ ទៅ​លើ​សកម្មភាព​ផ្ទេរ​ប្រាក់​ចេញ​ចូល​តូច​តាច និង​ការ​ដក​លុយ​យក​ចាយ​វាយ​ធម្មតា។ ដូច្នេះ​ ទើប​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។ ក្រុមហ៊ុន អ្នក​រក​ស៊ី តូច​តាច​ អាច​នឹង​ត្រូវ​រង​គ្រោះ​ខ្លាំង​ ព្រោះមិន​អាច​ទិញ​ដូរ​ទំនិញ​បាន​ ប្រសិន​បើ​ត្រូវ​ប្រើ​លុយ​សុទ្ធ​។ នៅ​ពេ​ល​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស ពលរដ្ឋម្នាក់ៗ គ្មាន​សិទ្ធិ​យក​លុយ​តាម​ខ្លួន​ច្រើន​ចេញ​ទៅ​ជាមួយ​ឡើយ។ សេដ្ឋកិច្ច​ជាតិ​ត្រូវ​រង​ផលវិបាក​ខ្លាំង ពិបាក​នឹង​រក​ឃើញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ណាស់ ព្រោះ​អ្នក​រក​ស៊ី​មិន​ហ៊ាន​ចូល​ធ្វើ​វិនិយោគ​ឡើយ ដោយ​ខា្លច​កប់​លុយ​នៅ​ក្នុង​នៅ​ទី​នោះ។

វិធានការ​គ្រប់គ្រង​មូលធន បើ​បាន​ដាក់​ប្រើ​ហើយ មិន​អាច​លើក​ចេញ​វិញ ភ្លាមទាំង​ស្រុង​បាន​ឡើយ ​ ជា​ឧទាហរណ៍ ​ប្រទេស​ស៊ីប ដល់​ទៅ​ពីរ​ឆ្នាំ អ៊ីស្លង់​ទើប​លុប​ចោល បន្ទាប់​ពី​ប្រើ​វិធានការ​នេះ​អស់​៧​ឆ្នាំ។ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ គឺ​សុទ្ធ​សឹង​ជា​ពលរដ្ឋ​សាមញ្ញ​ថ្នាក់​កណ្តាល​ និ​ងក្រីក្រ ហេតុដូច្នេះ​ហើយ​បាន​ រដ្ឋាភិបាល​នីមួយៗ មិន​ងាយ​សម្រេច​ដាក់​វិធានការ​នេះ​ឡើយ។ អ្វី​ដែល​សំខាន់​នៅ​ពេលនេះ គឺ​គេ​មិន​ដឹង​ថា​តើ​វិធានការ​នេះ​នឹង​រឹត​តែ​ជំរុញ​ឱ្យ​ក្រិក​កាន់​តែ​ងាយ​ដើរ​ចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​យ៉ាងណា​ទេ។

សុទិដ្ឋនិយម​ការ​ចរចា​ក្រៅ​ឆាក​នៅ​តែ​បន្ត

នៅ​ថ្ងៃ​ស្អែក ទី ៣០ មិថុនា ជា​ថ្ងៃ​ចុងក្រោយ​ដែល​ក្រិក​ត្រូវក្ស័យធន​ហើយ បើ​រក​ខ្ចី​លុយ​អឺរ៉ុប​​មិន​បាន ទៅ​សង​មូលនិធិ​រូបិយវត្ថុ។ ប្រកាស​បិទ​ធនាគារ ចាត់​វិធានការ​គ្រប់គ្រង​មូលធន បិទ​ទីផ្សារ​ភាគ​ហ៊ុន ... បានធ្វើ​ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ ​ ទីផ្សារ​ភាគ​ហ៊ុន​អឺរ៉ុប បាន​ដាំ​ក្បាល​ចុះ​ស្ទើរគ្រប់​ប្រទេស សូម្បី​តែ​ទីផ្សារ​ហិរញ្ញវត្ថុ​អាស៊ី ក៏​ត្រូវទាញ​ទម្លាក់​ដោយ​​​វិបត្តិ​ក្រិក​ ដោយ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ប្រាក់​អឺរ៉ូនេះ​ដែរ។

ប្រឈម​មុខ​នឹងស្ថានភាព​បែប​នេះ ថ្វី​បើ​ជា​ផ្លូវការ​ក្រិក​និង​សហភាពអឺរ៉ុប និយាយ​គ្នា​លែង​ត្រូវ អឺរ៉ុប សម្រេច​ទុក​ឱ្យ​ក្រិក​ក្ស័យធន ប៉ុន្តែ​ការ​ចរចា​​ក្រោយ​ឆាក​នៅ​តែ​បន្ត​មាន មិនមែន​បិទ​ខ្ទប់​ទាំង​ស្រុង​ លែង​ធ្វើ​ដឹង​ឮ​អ្វី​ទេ។ គ្រប់​គ្នា​នៅ​តែ​ជឿជាក់​ថា នឹង​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រិក​ គេ​អាច​នៅ​មាន​ពេល​អ៊ុត​រហូត​ដល់អាធ្រាត្រ​​ថ្ងៃ​អង្គារ​ស្អែក។

ប្រទេស​ធំៗ​របស់​អឺរ៉ុប ដូច​ជា​បារាំង និង​អាល្លឺម៉ង់ ទោះ​បី​ជា​ដាច់​ខាត​ជា​មួយ​ក្រិក​យ៉ាង​ណា ក៏​មិន​ស្ងៀម​ដែរ។ នៅ​ថ្ងៃ​នេះ ប្រធានាធិបតី​បារាំង ដែល​សោកស្តាយ​ចំពោះ​គំនិត​ធ្វើ​ប្រជាមតិ​​របស់​ក្រិក​ខណៈ​ដែល​ការចរចា​ជិត​បាន​លទ្ធផល​ទៅ​ហើយ បាន​កោះ​ហៅ​គណៈកម្មការ​កំពូលៗ​មក​ប្រជុំ​បន្ទាន់​ពិសេស​ ឧទ្ទិស​ទាំង​ស្រុង​ដល់វិបត្តិក្រិក។ ឯ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​បាន​ទទួល​ជួប​នៅ​ថ្ងៃ​នេះ ប្រធាន​សភា និង​ប្រធាន​គណបក្ស​នយោបាយ​អាល្លឺម៉ង់​ផ្សេងៗ​ដើម្បី​ពិភាក្សា​និង​ផ្តល់​ព័ត៌មាន​ស្តី​អំពី​ស្ថានភាព​ប្រទេស​ក្រិក និង​ផលវិបាក​នៃ​ការ​ដើរ​ចេញ​របស់​ក្រិក​ពី​តំបន់​អឺរ៉ូ បានបង្ហើប​លទ្ធភាព​ព្រម​ត្រលប់​ទៅ​ចរចា​ជាមួយ​ក្រិក​ទៀត ប្រសិន​បើ​នាយក​រដ្ឋមន្ត្រី​ក្រិក​ប្តូរ​គំនិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ