អានតួអត្ថបទ
អតីត​យូហ្គោស្លាវី-​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ធ្វើការ​ជំនុំ​ជំរះ​មេ​ដឹកនាំ​ស៊ែប​២​នាក់ ពី​បទ​ប្រល័យ​ពូជ​សាសន៍

ជន​ឈ្មោះ រ៉ាដូវ៉ាន់ ការ៉ាដហ្ស៊ីឆ ​និង ​ឈ្មោះ រ៉ាត់កូ មឡាល់ឌីឆ​ ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​លើ​សំណុំ​រឿង​អតីត​យូហ្គោស្លាវី ​ធ្វើការ​ជំនុំ​ជំរះក្តី​ នៅ​ក្រុង​ឡាអេ ​ដោយ​ចោទ​ពី​បទ​ប្រល័យ​ពូជ​សាសន៍ ​ដែល​ជន​ទាំងពីរ​ បាន​ធ្វើ​ទៅ​លើ ​សហគមន៍​ជនជាតិ​បូសនី ​កាន់​សាសនា​អ៊ីស្លាម​ កាល​ពី​ក្នុង​អំឡុង​សង្រ្គាម ​នៅ​អតីត​យូហ្គោស្លាវី ​នា​ឆ្នាំ​១៩៩៥។ ការ​សម្លាប់​រង្គាល​នៅ​ក្រុង​ ស្រេប្រេនីកា ​ដែល​មាន​មនុស្ស ​ស្លាប់​ចំនួន ៨ពាន់​នាក់ ​ត្រូវ​បាន​តុលាការ​អន្តរជាតិ​ទទួល​ស្គាល់​ ថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ក៏​ប៉ុន្តែ​អង្គការ​សហ​ប្រជាជាតិ ​នៅ​មិន​ទាន់​សម្រេច​ទទួល​ស្គាល់​នៅ​ឡើយ​ទេ ​ដោយសារ​រុស្ស៊ី​ បាន​បោះឆ្នោត​បដិសេធ។

Ratko Mladic (ខាងឆ្វេង) និង Radovan Karadzic រូបថត ក្នុង​ឆ្នាំ១៩៩៥
Ratko Mladic (ខាងឆ្វេង) និង Radovan Karadzic រូបថត ក្នុង​ឆ្នាំ១៩៩៥ REUTERS/Ranko Cukovic/File
ផ្សាយពាណិជ្ជកម្ម

ខែ​កក្កដា ​ឆ្នាំ​១៩៩៥ ​នៅ​ពេល​ដែល​សង្រ្គាម​នៅ​អតីត​យូហ្គោស្លាវី​ ហៀប​នឹង​បញ្ចប់​ទៅ ​ដោយ​មាន​អន្តរាគមន៍ ​ពី​អង្គការ​សហ​ប្រជា​ជាតិ​ទៅ​ហើយ ​ប៉ុន្តែ​ក្រុម​ទាហាន​ស៊ែប ​បាន​ឆ្លៀត​ឱកាស​សម្លាប់​មនុស្ស​បាន​៨ពាន់​នាក់ ​នៅ​ក្រុង ​ស្រេប្រេនីកា ​មាន​ទាំង​កុមារ​ និង​មនុស្ស​ចាស់ ​ដែល​សុទ្ធសឹង​ជា​ជនជាតិ​បូសនី​ដែល​កាន់​សាសនា​អ៊ីស្លាម។ មេ​ដឹកនាំ​ទាំង​ពីរ​ ដែល​នៅ​ពី​ក្រោយ ​អំ​ពើ​ព្រៃផ្សៃ​នេះ ​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ជំនុំ​ជំរះ​ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ក្រុង​ឡាអេ។

 
ជន​ទីមួយ​ឈ្មោះ ​រ៉ាដូវ៉ាន់ ការ៉ាដហ្ស៊ីឆ ​ជា ​អតីត​មេ​បញ្ជាការ​យោធា ​ស៊ែប ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់ ​ក្នុង​ការ​កាប់​សម្លាប់​រង្គាល ​លើ​ជនជាតិ​អ៊ីស្លាម​បូសនី។ ជន​នេះ​បាន​អះអាង​ទាំង​ងងើល​ថា ​អ្វី​ដែល​គេ​ធ្វើ​ គឺ​ដើម្បី​ការពារ​ប្រជាជាតិ​ស៊ែប។ ចំណែក​ជន​ទីពីរ​ឈ្មោះ ​រ៉ាត់កូ​ មឡាល់ឌីឆ ​គឺ​ជា​ជំនិត ​របស់​មេដឹកនាំ​ស៊ែប ​ស្លូបូដាន់ មីឡូសេវិឆ ​ដែល​មនុស្ស​ទាំងពីរ​នាក់​នេះ​ហើយ ​ជា​មេ​បណ្តុះ​គំនិត​ជ្រុល​និយម​ បង្ក​អំពើ​ប្រល័យ​ពូជ​សាសន៍​​លើ​ប្រជាជន​បូសនី ​និង​ក្រូអាត​ ដែល​កាន់​សាសនា​អ៊ីស្លាម។ ​ជន​ជាប់ចោទ​ទាំង​ពីរ​នាក់​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​ ២០០៨ ​និង​ ២០១១។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ស្តី​ពី​អតីត​យូហ្គោស្លាវី​ នឹង​ត្រូវ​ចេញ​សាលក្រម ​កាត់​ទោស​ជន​ទាំងពីរ​នាក់​នេះ ​ នៅ​មុន​ដំណាច់​ឆ្នាំ​២០១៥។

រុស្ស៊ី​បដិសេធ​មិន​ទទួល​ស្គាល់​ថា​ ជា​អំពើ​ប្រល័យ​ពូជ​សាសន៍៖
ទោះ​បី​ជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​បាន​ចាត់​ទុក​ ការ​សម្លាប់​រង្គាល​នៅ​ ​ក្រុង​ស្រេប្រេនីកា ​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ក៏​ដោយ ​ក៏​ប៉ុន្តែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ​នៅ​​មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ការ​ប្រជុំ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​ពុធ​ទី ​៨ កក្កដា ​បាន​ក្លាយ​ជា​បរាជ័យ​ ដោយសារ​រុស្ស៊ី​បាន​បោះឆ្នោត​បដិសេធ។ អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ពន្យល់​ថា រុស្ស៊ី​បដិសេធ ​ព្រោះ​អត្ថបទ ​ដែល​ចាត់​ទុក​ការ​សម្លាប់​រង្គាល​នៅ​សេប្រេនីកា​ ថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍ ​មាន​លក្ខណៈ​ហឹង្សា ​ហើយ​លំអៀង ​ដែល​វា​អយុត្តិធម៌​ សម្រាប់​ជនជាតិ​ស៊ែប ​ដែល​ក៏​ជា​ជន​រងគ្រោះ​ ​ដូច​អ្នក​ដ៏ទៃ​ដែរ។ មួយ​វិញ​ទៀត​រុស្ស៊ី​យល់​ថា ​ការ​ថ្កោលទោស​ប្រល័យ​ពូជ​សាសន៍​បែប​នេះ ​វា​នឹង​មិន​ជួយ​អ្វី ​ដល់​ការ​សម្រុះសម្រួល​គ្នា​ កសាង​សន្តិភាព​ក្នុង​តំបន់​នោះ​ទេ​ ​គឺ​វា​រឹតតែ​ធ្វើឲ្យ​មនុស្ស​ស្អប់ ​គុំ​គួន​គ្នា។

ការ​ពិត​នៅ​តែ​ជា​ការ​ពិត៖
សូម​បញ្ជាក់​ថា​ក្រៅ​ពី​រុស្ស៊ី ​ដែល​បោះឆ្នោត​វេតូ ​មាន​ចិន​ អង់ហ្គោឡា ​នីហ្សេរីយ៉ា ​និង​វ៉េណេហ្ស៊ុយអេឡា ​បាន​ប្រកែក​មិន​បោះឆ្នោត។ តំណាង​អគ្គ​រដ្ឋ​ទូត​អាមេរិក ​និង​អង់គ្លេស ​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ធ្វើការ​រិះគន់​ដោយ​ចំហរ​ទៅ​លើ​រុស្ស៊ី ​និង​ប្រទេស​បួន​ខាង​លើ ​ដែល​ប្រកែក​មិន​ព្រម​ទទួល​ស្គាល់​ការពិត។ ទោះ​បី​គេ​សម្រេច​ទទួល​ស្គាល់​ រឺ​មិន​ទទួល​ស្គាល់​ថា​វា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ក៏​ដោយ ​ក៏​ការពិត​ នៅ​តែ​ជា​ការពិត ​ទាហាន​ស៊ែប ​ពិត​ជា​បាន​សម្លាប់​រង្គាល ​ប្រជាជន​បូសនី​អ៊ីស្លាម​ ៨ពាន់​នាក់ ​នៅ​ខែ​កក្កដា ​ឆ្នាំ​១៩៩៥។ នេះ​គឺ​ជា​ការពិត ​ដោយ​ឥត​ប្រកែក​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ