អានតួអត្ថបទ

អេហ្ស៊ីប​សម្ពោធ​ព្រែកជីក​​ស៊ុយអេទីពីរ បារាំង​ជា​ភ្ញៀវ​កិត្តិយស

នៅ​ថ្ងៃព្រហស្បតិ៍ទី ៦ សីហា ២០១៥​​នេះ អេហ្ស៊ីប​បាន​បើក​សម្ពោធ​​ព្រែកជីក​ស៊ុយអេ ទីពីរ ត​ភ្ជាប់​សមុទ្ទ​មេឌីទែរ៉ាណេ ទៅ​សមុទ្ទ​ក្រហម ដោយ​មិន​ចាំ​បាច់​ព័ទ្ធ​វាង​មួយ​ជុំ​ទ្វីប​អាហ្វ្រិក។ ព្រែក​ជីក​ដែល​​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi ជានិម្មិត្តរូប​នៃ​ដង្ហើម​ថ្មី​នៃ​សេដ្ឋកិច្ចអេហ្ស៊ីប​​ផង​និង​ការទូត​ផង ជាពិសេស​ជាមួយ​បារាំង។ ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ​​ ហូឡង់ គឺ​ជា​ភ្ញៀវ​កិត្តិយស​នា​ឱកាស​នោះ។

នាវា​ដឹក​ទំនិញ​ឆ្លង​តាម​ព្រែកជីក​ Suez មុន​ការ​បើក​សម្ពោធ​ថ្ងៃទី ៦​សីហា ២០១៥
នាវា​ដឹក​ទំនិញ​ឆ្លង​តាម​ព្រែកជីក​ Suez មុន​ការ​បើក​សម្ពោធ​ថ្ងៃទី ៦​សីហា ២០១៥ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ព្រែកជីក​ស៊ុយអេ ជា​ព្រែក​ជីក​ដ៏​ល្បីល្បាញ​​នៅ​លើ​ពិភពលោក និង​ប្រកប​ដោយ​និម្មិត្តរូប​បំផុត​សម្រាប់​មតិ​សាធារណៈ​អេហ្ស៊ីប។ នៅ​ឆ្នាំ​១៨៦៩ អេហ្ស៊ីប​បាន​បើក​សម្ពោធ​ព្រែក​ជីក​ភ្ជាប់​ពី​សមុទ្ទ​ក្រហម​ទៅ​សមុទ្ទ​មេឌីទែរ៉ាណេ បន្ទាប់​ពី​ចំណាយ​ពេល​អស់​១០​ឆ្នាំ។ ព្រែកជីក​ស៊ុយអេ បាន​ក្លាយ​ជា​ច្រក​ផ្លូវ​ទឹក​ប្រកប​ដោយ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​និង​យោធា។ នៅ​ថ្ងៃ​នេះ ប្រធានាធិបតី​អេហ្ស៊ីប ចង់​ចារ​បន្ថែម​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ ដោយ​បើក​សម្ពោធ​គម្រោង​ការដ្ឋាន​ព្រែកជីក​ទីពីរ សម្រាប់​ឆ្នាំ​២០២៣ ដោយ​មាន​ប្រធានាធិបតី​ លោក ហ្វ្រង់ស័រ​ ហូឡង់​ ជា​ភ្ញៀវ​កិត្តិយស។

 
ព្រែកជីក​ស៊ុយអេទី១​ បាន​សាងសង់​ឡើង​ដោយ​វិស្វករ​បារាំង និង​បើក​សម្ពោធ​ដោយ​អធិរាជនី Eugénie មហេសី​របស់​អធិរាជ្យ​បារាំង​ណាំប៉ូឡេអ៊ុង​។ ​វត្តមាន​របស់​លោក​ហូឡង់​ថ្ងៃ​នេះ មិន​មែន​ត្រឹម​រំលឹក​ប្រវត្តិសាស្ត្រនេះ​ទេ តែ​មក​ពី​​ឥរិយាបថ​ផ្សះផ្សា​របស់​អាជ្ញាធរ​បារាំង​ចំពោះ​មេ​ដឹកនាំ​អេហ្ស៊ីប​។​ ខុស​ពី​បណ្តា​ប្រទេស​បស្ចឹម​លោក​ផ្សេង​ទៀត ដូច​យ៉ាង​អាល្លឺម៉ង់ និង​អាមេរិក​ជា​ដើម បារាំង​មិន​ដែល​វាយប្រហារ​ឬ​រិះគន់​ចំៗ​ជាសាធារណៈ​រដ្ឋាភិបាល​អេហ្ស៊ីប​របស់​លោក អាល់ស៊ីស៊ី ដែលធ្លាប់​ទម្លាក់​ប្រធានាធិបតី​ប្រសូត​ចេញ​ពីការ​បោះឆ្នោត​ម័រស៊ី និង​ប្រើ​អំណាច​ផ្តាច់ការ​ ​ប្រហារ​ជីវិតអ្នក​ទោស​ទាំងហ្វូងៗ​ឡើយ។ បារាំងប្រកាន់​ជានិច្ចជំហរ​និយាយ​គ្នា​ជា​លក្ខណៈ​ឯកជន​លើ​គ្រប់​វិស័យ មិន​មែន​តែ​លើ​ផ្នែក​សេដ្ឋកិច្ចឡើយ។ យុទ្ធសាស្ត្រ​នេះ បាន​នាំ​ដល់​ការ​លក់​យន្តហោះ​ចម្បាំងRafale​២៤​គ្រឿង​ ទៅ​ឱ្យ​អេហ្ស៊ីប និង​បាន​ផ្តល់​ដង្ហើម​ឧស្សាហកម្ម​បារាំង​ទៀត។ នាវា​ចម្បាំង​ និង​Rafale បី​គ្រឿង​របស់​បារាំង បាន​សម្ញែង​ខ្លួន​ក្នុង​ក្បួន​ព្យុះហយាត្រា​បើក​សម្ពោធ​ការដ្ឋាន​ពែ្រក​ជីក​ទីពីរ​នេះ។

ចំណែក​ខាង​ប្រធានាធិបតី​អេហ្ស៊ីប​វិញ​ ឥរិយាបថ​របស់​ប៉ារីសនេះ​ជា​ឱសថ​ដ៏​ថ្លៃថ្លា​សម្រាប់​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​អេហ្ស៊ីប​លើ​ឆាក​អន្តរជាតិ។ លទ្ធផល​បាន​ឃើញ​ផ្ទាល់​ភ្នែក អេហ្ស៊ីប​បាន​ក្លាយ​ជា​ប្រទេស​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​តំបន់​មិន​ថា​លើ​ផ្នែក​សេដ្ឋកិច្ច ឬ​សន្តិសុខ ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ភេរវនិយម​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ