អានតួអត្ថបទ
បារាំង-ភេរវកម្ម

ភេរវកម្ម​បាញ់រះ​ក្នុង​រថភ្លើង ត្រូវ​បាន​បញ្ជៀស ​នៅ​ប្រទេស​បារាំង

ហេតុការណ៍​ភេរវកម្ម​ដ៏​កម្រ​មួយ ​ហៀប​នឹង​កើត​ឡើង​ នៅ​ក្នុង​រថភ្លើង​ល្បឿនលឿន ​​ដែល​ចេញ​ដំណើរ​ពី​ទី​ក្រុង​ អាំស្ទែដាំ ​ប្រទេស​ហូឡង់ ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​ដោយ​បុរស​ម្នាក់ ​បំពាក់​ដោយ​កាំភ្លើង AK ​និង​គ្រាប់​ជា​ច្រើន​បង់ដ៍ ​ប្រុង​នឹង​ធ្វើ​ការ​បាញ់រះ​ ទៅលើ​អ្នក​ដំណើរ ​ក្នុង​ទូរថភ្លើង។ ជា​សំណាង​ល្អ មាន​យុរវជន​ជនជាតិ​អាមេរិក​៣នាក់ ​បាន​ស្ទុះ​ទៅ​វាយ​សង្រ្គុប​លើ​ភេរវករ ​ដណ្តើម​កាំភ្លើង ​ពី​ជន​នោះ ​ដើម្បី​បញ្ជៀស​កុំឲ្យ​មាន​ការ​បាញ់​សម្លាប់​រង្គាល។ ជន​ដៃដល់​ត្រូវ​បាន​ឃាត់ខ្លួន ​ដោយ​នគរបាល​បារាំង​ ហើយ​សេចក្តី​ក្លាហាន​របស់​យុវជន​អាមេរិក​ទាំង​បី​នាក់ ​ត្រូវ​បាន​សារព័ត៌មាន​នានា​ អបអរ​ និង​កោត​សរសើរ​យ៉ាង​ខ្លាំង។

មន្ត្រីនគរបាល​ប្រឆាំងភេរវកម្ម​បារាំង​ កំពុងត្រួតពិនិត្យ​វត្ថុតាង​ បន្ទាប់ពី​បានឃាត់ឃ្លួន​ជនដៃដល់​ នៅក្នុង​ទូររថភ្លើង​ Thalys
មន្ត្រីនគរបាល​ប្រឆាំងភេរវកម្ម​បារាំង​ កំពុងត្រួតពិនិត្យ​វត្ថុតាង​ បន្ទាប់ពី​បានឃាត់ឃ្លួន​ជនដៃដល់​ នៅក្នុង​ទូររថភ្លើង​ Thalys AFP PHOTO / PHILIPPE HUGUEN
ផ្សាយពាណិជ្ជកម្ម

អ្នក​ដំណើរ​ក្នុង​រថភ្លើង ​ដែល​ចេញ​ដំណើរ​ ពី​ទីក្រុង ​អាំស្ទែដាំ ​ ឆ្ពោះ​មក​ទីក្រុង​ប៉ារីស ​ នៅ​មិន​ទាន់​បាត់​តក់ស្លុត​នៅ​ឡើយ​ទេ ​បន្ទាប់​ពី​បាន​ជួប​ហេតុការណ៍​ដ៏​រន្ធត់ ​ដែល​ជន​មិន​ស្គាល់​មុខ​ម្នាក់ ​បាន​ទាញ​កាំភ្លើង​ ប្រភេទ ​AK42 ​បំរុង​នឹង​បាញ់រះ​ ទៅ​លើ​អ្នក​ដំណើរ។ ប៉ុន្តែ​ជា​សំណាង​ល្អ ​មាន​យុវជន​អាមេរិក​៣នាក់ ​ជា​អ្នក​ដំណើរ ​ដែល​មាន​សេចក្តី​ក្លាហាន បាន​វាយ​បង្រ្កាប​ ជន​នោះ​ទាន់​ពេល​វេលា ​ហើយ​បាន​បញ្ជៀស​ការ​បាញ់​រះ​ សម្លាប់​អ្នក​ដំណើរ។ បើ​យើង​ស្រម័យ​ទៅ ​ថា​តើ​វា​អាច​ក្លាយ​ជា​សោកដនាតកម្ម​ រន្ធត់​កម្រឹត​ណា ​បើ​សិន​ជា​គ្មាន​ការ​អន្តរាគមន៍ ​ពី​យុវជន​អាមេរិក ​ទាំងបី​នាក់​នេះ​ទេ។

 
យុវជន​អាមេរិក​៣នាក់​ ​ជា​វិរៈបុរស​ជួយ​ជីវិត​អ្នក​ដំណើរ៖
ហេតុការណ៍ ​បាន​កើត​ឡើង ​នៅ​វេលា​ម៉ោង​ប្រហែល​ជា ​៥​និង​៥០​នាទី​ល្ងាច ​ក្នុង​ពេល​ដែល​រថភ្លើង ​Thalys ​កំពុង​ធ្វើ ​ដំណើរ ​ឆ្លង​ពី​ប្រទេស​ប៊ែលហ្សិក ​ចូល​មក​ក្នុង​ទឹកដី​បារាំង ​ដោយ​បាន​ឆ្លងកាត់​តាម​ទីក្រុង​លីល ​ដែល​ជា​ក្រុង​ភាគ​ខាងជើង​របស់​បារាំង។ ទូរ​រថភ្លើង​ដែល​ជា​កន្លែង​កើត​ហេតុ​ គឺ​ជា​ទូរ​រថភ្លើង​នៅ​ខាង​ចុង​គេ។ យោង​តាម​សាក្សី​ជាច្រើន​អ្នក ​បាន​បញ្ជាក់​ថា​ហេតុការណ៍​នេះ ​បាន​កើតឡើង​ភ្លាម​យ៉ាង​ឆាប់រហ័ស​ ​នៅ​ពេល​ដែល​មាន​បុរស​ម្នាក់​ ចេញ​ពី​បន្ទប់​ទឹក ​ស្លៀក​ខោ​ព័ណ​ស ​លែង​ខ្លួន​ទទេ ​ហើយ​លើក​កាំភ្លើង​ AK42 ​បំរុង​នឹង​បាញ់រះ​ទៅ​លើ​អ្នក​ដំណើរ។ រំពេច​នោះ ​អ្នក​ដំណើរ​៣នាក់ ​បាន​លោត​ទៅ​សង្រ្គុប​ពី​លើ ​ដើម្បី​ដណ្តើម​កាំភ្លើង ​ហើយ​នាំ​គ្នា​ព្រួត​វាយ ​ជន​ដៃដល់​ត្រង់​ចំនុច​ក្បាល ​ទាល់តែ​ជន​ដៃដល់​ស្រងល់ ​ដួល​លែង​ដឹង​ខ្លួន​ តែម្តង។

តាម​ប្រភព​ពី​ប៉ូលីស​បារាំង​ បាន​ឲ្យ​ដឹង​ថា ​យុវជន​អាមេរិក​ទាំង​បីនាក់ ​ជា​មិត្តភក្តិ​នឹង​គ្នា ​នាំគ្នា​មក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​អឺរ៉ុប។ ម្នាក់​ជា​និស្សិត ​ពីរ​នាក់​ទៀត​ ជា​ទាហាន ​អាយុ​២២​ឆ្នាំ​ ដែល​ធ្លាប់​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​អាហ្វហ្កានី​ស្ថាន​ផងដែរ។ យុវជន​ពីរ​នាក់​ដែល​ជា​ទាហាន  ​ធ្លាប់​មាន​បទ​ពិសោធន៍ ​និង​ការ​ហ្វឹកហាត់ ​មាន​ការ​សង្ស័យ​ មិន​ទុកចិត្ត​អ្នក​ដំណើរ​ម្នាក់ ​ដែល​ចេះ​តែ​ដើរ​ចុះ​ដើរ​ឡើង ​ចេញ​ចូល​បន្ទប់​ទឹក​ញឹកញាប់។ បន្ទាប់​មក ​ពូក​គេ​បាន​ឮ​សំឡេង​ ចេញ​ពី​បន្ទប់​ទឹក​​ ដែល​ពូក​គេ​ស្គាល់​ថា ​ជា​សម្លេង​បញ្ជូល​គ្រាប់ ​ក្នុង​កាំភ្លើង​AK។ គ្រាន់តែ​ជន​ដៃ​ដល់ ​ចេញ​ពី​បន្ទប់ទឹក ​រៀប​នឹង​លើក​កាំភ្លើង​បាញ់ ​ពួក​គេ​បាន​លោត​ ទៅ​សង្រ្គុប​ពី​លើ ​និង​វាយ​ជន​នោះ ​ទាល់​តែ​ដួល។
 

ភ្នាក់ងារជំនាញ កំពុង​ត្រួតពិនិត្យនៅខាងក្នុង ទូររថភ្លើង
ភ្នាក់ងារជំនាញ កំពុង​ត្រួតពិនិត្យនៅខាងក្នុង ទូររថភ្លើង REUTERS/Pascal Rossignol

យុវជន​អាមេរិក​២នាក់​ ដែល​រង​របួស ​ក្នុង​ពេល​ប្រវាយ​ប្រតប់​គ្នា ​មួយ​ត្រូវ​គ្រាប់​កាំភ្លើង​ ដែល​ជន​ដៃ​ដល់​បាញ់ ​ត្រង់​ចំណុច​ឆ្អឹង​ជំនី​ខាង​មុខ ​ហើយ​ម្នាក់​ទៀត​ មុត​នឹង​កាំបិត​ត្រង់​មេដៃ ​ស្ទើរ​តែ​ដាច់។ ឥឡូវ​ពួកគេ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ភ្លាមៗ​ក្រោយ​អន្តរាគមន៍​នេះ ​រថភ្លើង​បាន​ទាញ​សញ្ញា​អាសន្ន​នឹង​បាន​ឈប់​ជា​បន្ទាប់​នៅ​ស្ថានីយ៍​ក្រុង​អារ៉ាស ​ហើយ​អ្នក​ដំណើរ​ទាំង​ ៥៤៤នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ ​ពី​រថភ្លើង​ផង​ដែរ។ ចំណែក​ជន​ដៃ​ដល់​ត្រូវ​បាន​ប៉ូលីស​បារាំង​ឃាត់​ខ្លួន ​និង​កំពុង​សួរ​ចម្លើយ។ សេចក្តី​ក្លាហាន​របស់​យុវជន​អាមេរិក​ទាំង​បី​រូប ​ត្រូវ​បាន​គេ​កោត​សរសើរ​ស្ញប់ស្ញែង ​មាន​ទាំង​លោក​ប្រធានាធិបតី​អូបាម៉ា ​លោក​នាយក​រដ្ឋមន្ត្រី​ប៊ែលហ្សិក ​និង​លោក​រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​បារាំង ​បារាំង។ យុវជន​ក្លាហាន​ទាំង​បី ​ត្រូវ​បាន​លោក​ចៅហ្វាយ​ក្រុង ​អារ៉ាស​ ប្រគល់​មេដាយ​និម្មិតរូប​ដើម្បី​ថ្លែង​អំណរ​គុណ ​ផងដែរ។
 
ជន​ដៃដល់ ​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ​ធ្លាប់​ទៅ​ស៊ីរី៖
តាម​ប្រភព​ពី​នគរបាល​បារាំង ​ជន​ដៃដល់​មាន​អាយុ​ប្រហែល​ជា​២៦​ឆ្នាំ ​ជា​ជនជាតិ ​ម៉ារុក​ រឺ​ក៏​មាន​ដើម​កំណើត​ពី​ប្រទេស​ម៉ារ៉ុក។ នៅ​ជាប់​ខ្លួន​ជន​នេះ ​ប៉ូលីស​បាន​រក​ឃើញ​អាវុធ​ AK42 ​មួយ​ដើម ​កាំភ្លើង​ខ្លី​អូតូម៉ាទិក​ មួយ​ដើម ​​និង​គ្រាប់​សរុប​ទាំង​អស់​៩បង់ដ៍ ​ហើយ​និង​មាន​កូន​កាំបិត​មួយ​ផង​ដែរ។ បុរស​នេះ​ ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​ទេ ​ដោយ​បាន​ឡើងជិះ​រថភ្លើង​នៅ​ស្ថានីយ៍​ ទីក្រុង​ប្រ៊ុយសែល ​ប្រទេស​ហ៊ែលហ្សិក។ តុលាការ​ប៊ែលហ្សិក​ ក៏​ទើប​បើក​ការ​ស៊ើប​អង្កេត​ផងដែរ ​ក្រែង​ជន​នេះ ​មាន​ការ​ពាក់ព័ន្ធ​ ជាមួយ​នឹង​បណ្តាញ​ភេរវកម្ម​នៅ​ប៊ែលហ្សិក។

សារព័ត៌មាន​ អេស្ប៉ាញ​ El Pais ដោយ​យោង​តាម​ប្រភព​ ពី​ការិយាល័​នគរបាល​ប្រឆាំង​ អំពើ​ភេរវកម្ម​អេស្ប៉ាញ ​បាន​ចុះ​ផ្សាយ​ថា ​ជន​ដៃដល់ ​ធ្លាប់​រស់នៅ ​ក្នុង​ប្រទេស​អេស្ប៉ាញ ​អស់​រយៈពេល​ ១ឆ្នាំ ​រវាង​ឆ្នាំ​២០១៤។ នគរបាល​សំងាត់​អេស្ប៉ាញ​ ធ្លាប់​បាន​កំណត់​មុខ​សញ្ញា​ជន​នេះ ​ថា​បាន​ចូល​សេពគប់​ ជាមួយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។ យោង​តាម​ប្រភព​ដដែល  ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជន​នេះ​បាន​ផ្លាស់ប្តូ​ទី​លំនៅ ​មកនៅ​ប្រទេស​បារាំង ​ហើយ​ធ្លាប់​បាន​ធ្វើ​ដំណើរ​​ ទៅ​ប្រទេស​ស៊ីរី​ផងដែរ ​មុន​នឹង​ត្រឡប់​មក​បារាំង​វិញ។

អាជ្ញាធរ​បារាំង ​កំពុង​ធ្វើការ​ស៊ើប​អង្កេត ​ដោយ​មិន​ទាន់​បាន​កំណត់​មុខ​សញ្ញា​ថា ​នេះ​ជា​គម្រោង​ធ្វើ​ភេរវកម្ម​ឲ្យ​​ជាក់​លាក់​នោះ​ទេ។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​ជន​ដៃដល់​ ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន ​មក​ដល់​ការិយាល័យ​សួរ​ចម្លើយ​របស់ ​ក្រុម​នគរបាល​ប្រឆាំង​អំពើ​ភេរវកម្ម​បារាំង ​នៅ​ក្បែរ​ក្រុង​ប៉ារីស។ បើ​តាម​ ព័ត៌មាន​ចុង​ក្រោយ ​ជន​នេះ​នៅ​តែ​ប្រកែក ​ថា​គេ​មិនមែន​ជា​ភេរវករ​អ៊ីស្លាម​ទេ។
 

Un train Thalys en gare de Bruxelles-Midi, le 8 décembre 2014.
Un train Thalys en gare de Bruxelles-Midi, le 8 décembre 2014. REUTERS/Francois Lenoir

ប៉ុន្តែ​បើ​យោង​តាម​ព័ត៌មាន​ទាំង​ប៉ុន្មាន ​ដែល​យើង​បាន​ដឹង​មក​នេះ ​គឺ​វា​ប្រាកដ​ណាស់ ​ដែល​ថា​ជន​នេះ ​មាន​បំណង​ធ្វើ​ភេរវកម្ម ​ដោយ​បាញ់​រះ​ទៅ​លើ​អ្នក​ដំណើរ​ក្នុង​រថភ្លើង។ លោក នាយក​រដ្ឋមន្ត្រី​ប៊ែលហ្សិក ​បាន​ប្រកាស​ភ្លាមៗ​តែម្តង​ថា នេះ​គឺ​ជា​ករណី​ភេរវកម្ម ​ហើយ​អាជ្ញាធរ​ប៊ែលហ្សិក ​ត្រៀម​ខ្លួន​សហការ​ ជាមួយ​អាជ្ញាធរ​បារំាង ​ដើម្បី​វែកមុខ​បណ្តាញ​ ​របស់​ជន​ដៃ​ដល់។

វាយ​ប្រហារ​តាម​រថភ្លើង ​គឺ​ជា​ការ​ងាយ​ស្រួល៖
ការ​ជ្រើសរើស​យក​ខ្សែ​រថភ្លើង Thalys ​មក​ធ្វើ​ជា​ទីតាំង​វាយ​ប្រហារ​ មិន​មែន​ជា​ការ​ចៃដន្យ​ទេ ​ព្រោះ​នេះ​ជា​ខ្សែ​រថភ្លើង​ ​ឆ្លង​កាត់​ប្រទេស​ដល់​ទៅ​បី ​គឺ​ហូឡង់ ​ប៊ែលហ្សិក ​និង​បារាំង។ ដូច្នេះ​ អ្នក​ដំណើរ​ដែល​ជិះ​រថភ្លើង​នេះ ​គឺ​មាន​ចម្រុះ​ជាតិ​សាសន៍​ទាំង​អស់ ​ហើយ​ភាគ​ច្រើន​ ​ក៏​ជា​អ្នក​ទេសចរណ៍​បរទេស​ផង​ដែរ ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​រវាង ​ទីក្រុង​អាំស្ទែដាំ​ និង​ទីក្រុង​ប៉ារីស ​ដែល​សុទ្ធសឹង​ជា​ទីក្រុង​ទេសចរណ៍​ ដ៏​ល្បី​នៅ​អឺរ៉ុប។ គោល​បំណង​ របស់​ក្រុម​ភេរវកម្ម ​គឺ​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​អ្នក​ស្លាប់​ច្រើន ​ហើយ​ជា​ជន​បរទេស ​មក​ពី​ប្រទេស​ច្រើន​ផ្សេង​គ្នា។
 

មួយ​វិញ​ទៀត ​បើ​និយាយ​ពី​ភាព​ងាយ​ស្រួល ​គឺ​ថា​ការ​វាយ​ប្រហារ​ តាម​រថភ្លើង ​គឺ​ងាយ​ណាស់ ​ព្រោះ​អ្នក​ដំណើរ​តាម​រថភ្លើង ​មិន​ត្រូវ​បាន​ត្រួវ​ពិនិត្យ​តឹងរឹង ​ដូច​តាម​យន្តហោះ​ទេ។ អ្នក​ដំណើរ​ អូស​វ៉ាលី​ ឡើង​រថភ្លើង​តែ​ម្តង​ ដូច្នេះ ​ចង់​យក​អាវុធ ​យក​គ្រាប់​បែក​ដាក់​តាម​ខ្លួន ​ក៏​គ្មាន​នរណា​ដឹង​ដែរ។ កន្លង​មក​ មាន​ទាហាន ​នគរបាល ​ដើរ​យាម​តាម​ស្ថាននីយ៍​រថភ្លើង​ដែរ ​ប៉ុន្តែ​វិធានការ​នេះ ​គឺ​វា​មិន​គ្រប់គ្រាន់​ទេ។ ឆ្លង​កាត់​បទ​ពិសោធន៍ ​ដែល​បាន​កើត​ឡើង​​ កាល​ពី​ម្សិលមិញ​នេះ ​គឺវា​ជា​ការ​ចាំ​បាច់​ណាស់ ​ដែល​អាជ្ញាធរ​ត្រូវ ​រិត​បន្តិង​សន្តិសុខ​ នៅ​តាម​ស្ថានីយ៍​រថភ្លើង ​ក៏ដូច​ជា​នៅ​តាម​ ទូរ​រថភ្លើង​នីមួយៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ