អានតួអត្ថបទ
ភេរវកម្ម

យុទ្ធសាស្រ្ត​របស់​អង្គការ​រដ្ឋអ៊ីស្លាម​​គឺ សម្លាប់​ និង​បង្ក​ការ​ភ័យ​ខ្លាច

ថ្ងៃ​សុក្រ​ទី ២៦ មិថុនា ​ពិភពលោក​ទាំង​មូល ​មាន​ការ​តក់ស្លត់ ​លាយឡំ​ដោយក្តី​ក្រេវក្រោធ ​ដោយសារ​តែ​ភេរវកម្ម​ផ្ទួនៗ​គ្នា ​ដែល​បាន​សម្លាប់​មនុស្ស​ អស់​ជា​ច្រើន​នាក់។ ក្នុង​ចំណោម​ភេរវកម្ម ​ទាំងនេះ ​ក្រុម​ជីហាដ​រដ្ឋ​​អ៊ីស្លាម ​បាន​ចេញ​មក​ប្រកាស​ថា ភេរវកម្ម​នៅ​ទុយណេស៊ី ​និង​នៅ​កូវ៉េត​ គឺ​ជា​ស្នាដៃ​របស់​ខ្លួន។ ចំណែក​ភេរវកម្ម​នៅ​សូម៉ាលី​ គឺ​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​ឆេបាប់​ អ៊ីស្លាម។ ក្រុម​ឧទ្ទាម​នេះ ​ក៏​ជា​ផ្នែក​មួយ​ ដែល​ដើរ​តាម​មនោគមន៍​វិជ្ជា​ជ្រុល​និយម ​របស់​ពួក​ជីហាដ​អ៊ីស្លាម​ផង​ដែរ។ ដោយឡែក ​ភេរវកម្ម​នៅ​បារាំង ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​ ជា​ស្នាដៃ​របស់​ក្រុម​ជីហាដ​រឺ​យ៉ាងណា​នោះ​ទេ។

កម្លាំង​ប្រឆាំង​ភេរវកម្ម​ បានទៅដល់កន្លែង​កើត​ហេតុ​ នៅ​រោង​ចក្រ​Air products ភ្លាមៗ​ក្រោយ​ហេតុការណ៍​នៅ​ថ្ងៃ​ទី​២៦ មិថុនា ២០១៥
កម្លាំង​ប្រឆាំង​ភេរវកម្ម​ បានទៅដល់កន្លែង​កើត​ហេតុ​ នៅ​រោង​ចក្រ​Air products ភ្លាមៗ​ក្រោយ​ហេតុការណ៍​នៅ​ថ្ងៃ​ទី​២៦ មិថុនា ២០១៥ Le parquet antiterroriste s'est saisi de l'enquête sur l'attaque
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ត្រឹម​ពេល​នេះ ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ​ថា​ភេរវកម្ម​នៅ​ក្បែរ​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង ​វា​ជា​ការ​បញ្ជា​របស់​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម។ អាជ្ញាធរ​បារាំង​ គ្រាន់តែ​បាន​ចេញ​របាយការណ៍​​បន្ទាន់​មួយ​ ទាក់ទិន​នឹង​ប្រវត្តិ​របស់​ឃាតករ​ ដែល​បាន​បង្ក​ហេតុការណ៍​នេះ។ ឃាតករ​នេះ ​មាន​ឈ្មោះ​ថា យ៉ាស៊ីន សាល់ហ៊ី មាន​អាយុ​៣៥​ឆ្នាំ ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ។ ក្នុង​អំឡុង ​ឆ្នាំ​២០០៦-២០០៧ ​បុរស​នេះ ​ត្រូវ​បាន​ក្រុម​នគរបាល​សម្ងាត់​បារាំង ​គេ​ធ្លាប់​តាមដាន​ដែរ ​ដោយសារ​​តែ​មនុស្ស​នេះ ​មាន​ជាប់​ពាក់ព័ន្ធ ​នឹង​ក្រុម​សាល់អាហ្វីស ​ដែល​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​មួយ​ដែរ។ ប៉ុន្តែ​ក្រោយ​មក វា​ក៏​ស្ងាត់​ទៅ​វិញ ​គេ​ក៏​ឈប់​តាម​ដាន​ទៅ។

នៅ​ក្នុង​ហេតុការណ៍ ​នៅ​រោងចក្រ​មួយ​ ក្បែរ​ក្រុង​លីយ៉ុង ​ឃាតករ​ បាន​សម្លាប់​មនុស្ស​ម្នាក់ ​ដោយ​អារករ​ ហើយ​យក​ក្បាល​ទៅ​ដោត​ នៅ​នឹង​របង​រោងចក្រ ​មុន​នឹង​បើក​ឡាន​ទៅ​បុក​ធុង​ហ្គាស ​ឲ្យ​ផ្ទុះ​នៅ​ក្នុង​រោងចក្រ។ នៅ​ក្បែរ​ក្បាល​ជន​រងគ្រោះ​នេះ ​ឃាតករ​បាន​ទាំង​ដាក់​តាំង ​ទង់​ពណ៌​ខ្មៅ​ ដែល​តំណាង​ឲ្យ​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម ​ទៀង​ផង។ ដូច្នេះ ​គេ​ប្រាកដ​ណាស់ ​ថា ​ឃាតករ​យង់ឃ្នង​នេះ ​ជា​មនុស្ស​ជ្រុល​និយម ​ឈ្លក់​វង្វេង​នឹង​ ក្រុម​ជីហាដ​អ៊ីស្លាម។ មួយ​វិញ​ទៀត ​របៀប​សម្លាប់​មនុស្ស ​អារករ​ កាត់​ក្បាល​បែប​នេះ ​គឺ​ជា​របៀប​ដែល​ពួក​ជីហាដ​រដ្ឋ​អ៊ីស្លាម ​បាន​ធ្វើ​កន្លង​មក​ នៅ​អ៊ីរ៉ាក់​ និង​នៅ​ស៊ិរី​ ដូច​ដែរ​យើង​បាន​ដឹង​ស្រាប់។

ប៉ុន្តែ​អ្វី​ដែល​គេ​មិន​ច្បាស់ ​គឺ​ថា​គេ​មិន​ដឹង​ថា ​មនុស្ស​នេះ ត្រូវ​បាន​ទទួល​ការ​បញ្ជា ​ដោយ​ផ្ទាល់​ពី​ក្រុម​ជីហាដ​ រឺមួយ​យ៉ាង​ណា​នោះ​ទេ។ មនុស្ស​ដែល​ឃាតករ​នេះ​បាន​សម្លាប់ ​ដោយ​អារក​ យក​ក្បាល​ទៅ​ដោត​នៅ​នឹង​របង​រោងចក្រ​ហ្នឹង​ គឺ​ជា​ថៅកែ​ក្រុមហ៊ុន ​ដែល​ឃាតករ​នេះ​ធ្វើការ​តែម្តង។ ដូច្នេះ​គេ​គិត​ថា ​វា​អាច​ជា​រឿង​គុំនំ​ផ្ទាល់​ខ្លួន​ ដែល​ឃាតករ​​មាន​ជា​មួយ​នឹង​ថៅកែ​ខ្លួន​ក៏​ថា​បាន។ ឬ​មួយ​ វា​អាច ជា​ការ​លាយ​ឡំ​គ្នា​ទាំង​ពីរ ​ដោយ​ជន​ដៃដល់​នេះ ​បាន​យក​គំនំ​ផ្ទាល់​ខ្លួន ​ទៅ​បូក​នឹង​មនោគមន៍​វិជ្ជា​ជ្រុល​និយម​របស់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម។ ប៉ុន្តែ​ទោះបី​ជា​យ៉ាងនេះ ​នេះ​សរ​បញ្ជាក់​ថា ​គ្រោះថ្នាក់​ភេរកម្ម​ ដែល​បង្ក​ឡើង​ដោយ ក្រុម​ជ្រុល​និយម​អ៊ីស្លាម ​អាច​កើតឡើង​នៅ​គ្រប់​ពេល​វេលា ​និង​គ្រប់​ទី​កន្លែង​ទាំងអស់។

បារាំង ​ប្រឈមមុខ​នឹង​ភេរកកម្ម​គ្រប់​ពេល​វេលា ​និង​គ្រប់​ទី​កន្លែង៖
ក្រោយ​ហេតុការណ៏​ភេរវកម្ម​សម្លាប់​មនុស្ស​នៅ​ទីស្នាក់ការ​កាសែត​ ឆាលី អ៊ែបដូ ​នៅ​ក្រុង​ប៉ារីស ​កាល​ពី​ខែ​មករា​កន្លង​ទៅ ​រដ្ឋាភិបាល​បារាំង ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​យោធា​ពិសេស ​ចំនួន​១ម៉ឺន​នាក់ ​នៅ​តាម​ទីតាំង​សំខាន់ៗ ​ដែល​ងាយ​ប្រឈមមុខ​នឹង​ការ​វាយ​ប្រហារ​ ដោយ​ភេរវកម្ម។ មាន​ដូចជា ​ទី​ស្នាក់ការ​កាសែត​ ស្ថានីយ៍​វិទ្យុ ​និង​ទូរទស្សន៍ ​ស្ថាប័ន​រដ្ឋ ​និង​តំបន់​ទេសចរណ៍​ធំៗ​ជាដើម។ ប៉ុន្តែ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ថ្មី​នេះ​ វា​មាន​ន័យ​ថា ​ការ​ដាក់​ពង្រាយ​សន្តិសុខ​ទាំង​នោះ ​វា​ហាក់​ដូចជា​ គ្មាន​ប្រសិទ្ធិភាព​នោះ​ទេ។

យ៉ាងណា​ក៏ដោយ ​ការ​ដាក់​រាយ​សន្តិសុខ​វា​មាន​លក្ខណៈ​ស្មុគ្រ​ស្មាញ​ណាស់ ​គេ​មិន​អាច​ទៅ​ការពារ​បាន​គ្រប់ទី​កន្លែង​ ទាំងអស់​នោះ​ទេ។ ភេរវកម្ម​ថ្មី​នេះ ​បាន​កើតឡើង​នៅ​ក្នុង​រោង​ចក្រ​តូច​មួយ នៅ​ក្បែរ​ក្រុង​លីយ៉ុង ​ដែល​ជា​តំបន់​ដាច់​​ស្រយ៉ាល ​ ធ្វើ​ឲ្យ​គេ​មិន​នឹក​ស្មាន​ថា​វា​អាច​កើតឡើង​ ទៅ​រួច​នោះទេ។ នេះ​ហើយ​ជា​ការ​លំបាក​ របស់​អាជ្ញាធរ ​ព្រោះ​វា​មាន​ន័យ​​ ភេររករ​អាច​ធ្វើ​សកម្មភាព​ នៅ​គ្រប់​ទី​កន្លែង ​មិន​ថា​កន្លែង​នោះ​មាន​សារៈ​សំខាន់​ រឺ​មួយ​មាន​មនុស្ស​ច្រើន​ រឺ​អត់​នោះ​ទេ។ នៅ​ថ្ងៃ​នេះ​ដែរ លោក​ប្រធានាធិបតី​បារាំង​ ហ្រ្វង់ស័រ ហូឡង់ ​បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ​ជា​បន្ទាន់ ​ដើម្បី​ដាក់​វិធានការ​ថ្មី​ទៀត ​ក្នុង​ការ​ទប់ស្កាត់​ការ​វាយ​ប្រហារ​របស់​ក្រុម​ជ្រុល​និយម​អ៊ីស្លាម។

២៩ មិថុនា ​ថ្ងៃ​ខួប​រំលឹក​មួយ​ឆ្នាំ ស្តីពី​ការ​បង្កើត​រដ្ឋ​កាលីហា្វ​របស់​ពួក​ជីហាដ៖
បើទោះ​ជា​ ភេរវកម្ម​ថ្មី​នៅ​បារាំង ​អាច​មិនមែន​ជា​ការ​បញ្ជា​ដោយ​ផ្ទាល់​ ​ ពី​ក្រុម​ជីហាដ​អ៊ីស្លាម​ក៏​ដោយ​ចុះ ក៏​ប៉ុន្តែ​នេះ​អាច​ចាត់​ទុក​ជា​ការ​ចៃដន្យ​មួយ ​ដែល​បាន​កើតឡើង​ស្រប​គ្នា ​នឹង​ភេរវកម្ម​បី​ផ្សេងទៀត​ ដែល​ក្រុម​ជីហាដ​បាន​ចេញ​មុខ ​ទទួល​ខុសត្រូវ។ អ្នក​វិភាគ​ខ្លះ​យល់​ថា ​ភេរវកម្ម​ផ្ទួនៗ​គ្នា​បែប​នេះ គឺ​ក្រុម​ជីហាដ​អ៊ីស្លាម ​មាន​បំណង​រំលឹក​ខួប​មួយ​ឆ្នាំ ​ដែល​ក្រុម​នេះ ​បាន​ប្រកាស​បង្កើត​រដ្ឋ កាលីហ្វា​អ៊ីស្លាម។
 
ថ្ងៃ​ដែល​ចំ​មែនទែន ​គឺ​ថ្ងៃ​ទី​ ២៩ មិថុនា។ ការ​បង្ក​ភេរវកម្ម​ផ្ទួនៗគ្នា ​យ៉ាង​ព្រៃផ្សែ​នេះ​ ​គឺ​ពួកវា​ចង់​បង្ហាញ​ពី​សមត្ថភាព ​និង​កម្លាំង​របស់​ពួក​វា ​ក្នុង​ការ​សម្លាប់​មនុស្ស​ នឹង​ប្រឆាំង​អ្នកណា​ ដែល​មិន​ជឿ​តាម​ជំនឿ​ពួកវា ​តួយ៉ាង ​ដូច​ជា​ជន​បរទេស​មក​ពី​អឺរ៉ុប ដែល​ពួកវា​សម្លាប់​នៅ​ទុយណេស៊ី ​និង ​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត ​នៅ​កូវ៉េត។ ម្នាក់ៗ​កំពុង​ព្រួយ​បារម្ភ​ថា ​នៅ​ថ្ងៃ​២៩ ​មិថុនា ​ខាង​មុខ​នេះ ​មិន​ដឹង​ជា​មាន​រឿង​អ្វី កើត​ឡើង ​ទៀត​នោះ​ទេ។

មុន​ហេតុការណ៍​ភេរវកម្ម​ទាំងអស់​នេះ ​បីថ្ងៃ ​មេក្រុម​របស់​ពួក​ជីហាដ​រដ្ឋ​អ៊ីស្លាម ​បាន​ប្រកាស​ថា ​នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​បួស​អ៊ីស្លាម​ ដែល​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៧​​ មិថុនា​នេះ ​ឲ្យ អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ទូទាំង​ពិភពលោក​ទាំង​អស់ ​នាំគ្នា​ធ្វើ​សង្រ្គាម​ជាមួយ​មនុស្ស​ទាំងអស់​ដែល​មិន​កាន់​សាសនា​​អ៊ីស្លាម ​ដែល​ពួក​នេះ​វា​ហៅ​ថា ​ជា​ពួក​មនុស្ស​អត់​សាសនា។ ប៉ុន្តែ​នេះ​វា​ ផ្ទុយ​ពី​ច្បាប់​សាសនា​អ៊ីស្លាម​ទាំង​ស្រុង ​បើ​យើង​គិត​មើល​ទៅ ​ព្រោះថា​ក្នុង​អំឡុង​ពេល​បុណ្យ​បួស​នេះ ​ជនជាតិ​ស្លាម​ត្រូវ ​តាំងចិត្ត​ឲ្យ​ស្ងប់ ​ចូល​ទៅ​សូត្រធម៌​ នៅ​ក្នុង​វិហារ ​មិនមែន​ដើរ​សម្លាប់​មនុស្ស ​ដូចដែល​ពួក​នេះ​ធ្វើនោះ​ទេ។ ​ត្រង់​នេះ​ហើយ​ដែល ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ត្រឹមត្រូវ​ផ្សេង​ទៀត ​គេ​អំពាវនាវ​ថា ​កុំឲ្យ​គិត​ថា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ សុទ្ធតែ​អញ្ចឹង​ទាំង​អស់។ ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម ​វា​គឺ​ជា​ក្រុម​ជ្រុល​និយម​ហួស​និស្ស័យ។
 

រូបភាព​យកចេញ​ពីវីដេអូ​ឃោសនា របស់ក្រុមជីហាដរដ្ឋអ៊ីស្លាម
រូបភាព​យកចេញ​ពីវីដេអូ​ឃោសនា របស់ក្រុមជីហាដរដ្ឋអ៊ីស្លាម AFP PHOTO / HO / AL-FURQAN MEDIA

អាមេរិក គ្មាន​យុទ្ធសាស្រ្ត​ត្រឹមត្រូវ ​ដើម្បី​កម្ទេច​ក្រុម​ជីហាដ៖
បើ​សរុប​ជារួម​ទៅ ​មួយ​ឆ្នាំ​មក​នេះ ​ដែល​ក្រុម​ជីហាដ​ បាន​ពង្រីក​ឥទ្ធិពល ​និង​កាប់​សម្លាប់​មនុស្ស​យ៉ាង​ស្រស់ៗ។ មួយ​ឆ្នាំ​មក​នេះ ​ការ​វាយ​ប្រហារ​របស់​សម្ព័ន្ធមិត្ត​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ​ ហាក់​ដូច​ជា​​មិន​បាន​ហុចផល​ទាល់​តែសោះ។ ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម ​មិន​ត្រឹម​តែ​មិន​ថយ​កម្លាំង​នោះ​ទេ ​តែ​​ផ្ទុយ​ទៅវិញ ​ពួកវា​បាន​ដណ្តើម​បាន​តំបន់​យុទ្ធសាស្រ្ត​ធំៗ​មួយ​ចំនួន​ទៀត ​ដូចជា​តំបន់​ប៉ាល់មៀរ​នៅ​ស៊ីរី និង​តំបន់​រ៉ាម៉ាឌី ​នៅ​អ៊ីរ៉ាក់។

អ្នក​វិភាគ ​ក៏​ដូច​ជា​សារព័ត៌មាន​ធំៗ ​លើ​សកល​លោក ​គេ​មិន​ខ្លាច​នឹង​និយាយ​ទេ ​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាដ​អ៊ីស្លាម ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ គឺ​ជា​បរាជ័យ។​ បរាជ័យ​ ដោយសារ​អ្វី ​គឺ​ដោយសារ​តែ​អាមេរិក​ខ្វះ ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ​ធ្វើ​ដូច​មិន​ធ្វើ។ លោក​បារ៉ាក់ អូបាម៉ា​ បាន​ទទួល​ស្គាល់​ខ្លួន​ឯង កាល​ពី​ដើម​ខែ​នេះ​ថា ​សហរដ្ឋ​អាមេរិក ​នៅ​មិនទាន់​មាន​យុទ្ធសាស្ត្រ​ មួយ​ពេញ​លេញ ​ក្នុង​ការ​កម្ទេច​ក្រុម​ជីហាដ​នោះទេ។ តាម​ពិត​ អាមេរិក ​ចាំទាល់​តែ​ភ្លើង​ឆេះ​ដល់​ដំបូល​ផ្ទះ​ខ្លួន​ឯង ​ទើប​នាំគ្នា​ស្រវេស្រវារ​ ជះទឹក​ពន្លត់។ បើ​យើង​គិត​មក​ត្រឹម​ពេល​នេះ ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ ​នៅ​លើ​ទឹកដី​អាមេរិក​ទេ។ ខុស​ពី​​កាល​ពី​ភេរវកម្ម ​ថ្ងៃ​១១ កញ្ញា ២០០១ ​ដែល​ពួក​តាលីបង់​ ប្រើ​ប្រាស់​យន្តហោះ​​ បុក​កម្ទេច​អាគារ Word Trad Center។ គ្រាន់តែ​ភ្លាមៗ ​អាមេរិក​ លើក​ទ័ព​ទៅ​អាហ្វហ្កានីស្ថាន ​និង​​អ៊ីរ៉ាក់​ភ្លាមដែរ។

ក៏ប៉ុន្តែ ​យើង​ត្រូវ​ទទួល​ស្គាល់​ដែរ ​ថា​ ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អាមេរិក​ ទៅ​លើ​ទីតាំង​របស់​ក្រុម​ជីហាដ​ វា​បាន​បាន​ផលខ្លះ​ដែរ​ មិនមែន​អត់​សោះ​នោះ​ទេ។ បើ​តាម​តួលេខ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ​ចាប់​តាំង​ពី​ចាប់​ផ្តើម​មក ​កងទ័ព​អាកាស​អាមេរិក​ បាន​កម្ទេច​កម្លាំង​ពួក​ជីហាដ​បាន​ ៦ពាន់​នាក់ រថក្រោះ​​ ៧៧​គ្រឿង ​និង​រថ​ពាស​ដែក ​២៨៨​គ្រឿង។

ប៉ុន្តែ​អ្វី​ដែល​ចោទ​ជា​បញ្ហា ​ គឺ​កម្លាំង​របស់​ពួក​ជីហាដ ​បាន​កើន​ឡើង​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គ្រាន់​តែ​ក្នុងឆ្នាំ​២០១៤ ​មាន​យុវជន​វ័យ​ក្មេងៗ ​មក​ពី​អឺរ៉ុប ​ប្រមាណ​ជា ​ជាង​២ម៉ឺន​នាក់ ​ដែល​បាន​ចូល​ទៅ​បំរើ​ក្រុម​ជីហាដ ​នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់។ ការ​វាយ​ប្រយុទ្ធ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់​ ជួប​ការ​លំបាក ​មួយ​ទៀត​ ដោយសារ​ តែ​ពួក​ជីហាដ​ តែងតែ​យក​ប្រជាជន​ស្លូតត្រង់​​ធ្វើ​ជា​ខែល ​ដើម្បី​ការពារ​ពួកវា។

បន្ថែម​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ តែ​មួយ​មុខ ​របស់​អាមេរិក​ដែល​មិន​គ្រប់​គ្រាន់ ​នៅ​លើ​ដី​ឯណោះ ​ក្រុម​កម្លាំង​យោធា​អ៊ីរ៉ាក់ ​មាន​ការ​ខ្វះខាត​ខ្លាំង​ណាស់។ ចំណែក​នៅ​ស៊ីរី​ វិញ​គឺ​មាន​ច្រើន​ក្រុម​ មិន​ដឹង​មួយ​ណា​ ជា​មួយ​ណា​នោះទេ ​ហើយ​ទាហាន​រដ្ឋាភិបាល​អាល់​អាសាដ ​ក៏​ប្រទាញ​ប្រទង់​ វាយ​ក្រុម​ប្រឆាំង​ផង ​វាយ​ក្រុម​ជីហាដ​ផង។

ពី​ពេល​នេះ​ទៅ ​គេ​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ​ប្រទេស​ធំៗ ​មាន​អាមេរិក​ អង់គ្លេស ​និង​បារាំង​ជា​ដើម ​ នឹង​សើរើ រិះរក​យុទ្ធសាស្រ្ត​ថ្មី​ទៀត ​ព្រោះ​ថា ​សន្តិសុខ​ពិភពលោក​ទាំងមូល ​ កំពុង​តែ​ត្រូវ​បាន​គម្រាម​កំហែង ​ដោយ​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ