អានតួអត្ថបទ
បារាំង-ភេរវកម្ម

ពន្លឺព្រាលៗ​ជុំវិញ​ការ​ស៊ើប​អង្កេត​លើ​ករណី​ភេរវកម្ម​នៅ​បារាំង

ជន​ដៃដល់​ដែល​បាន​បង្ក​ភេរវកម្ម ​សម្លាប់​មនុស្ស​ម្នាក់​ដោយ​កាត់ក្បាល ​និង​បំផ្ទុះ​រោងចក្រ​មួយ​ នៅ​ក្បែរ​ទីក្រុង​លីយ៉ុង ​ប្រទេស​បារាំង ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន ​នៅ​ការិយាល័យ​នរគរបាល​ប្រឆាំង​ភេរវកម្ម​បារាំង ហើយ។ យោង​តាម​អាជ្ញាធរ​បារាំង ​ឃាតករ​នេះ ​បាន​ថត​រូប​ចំនួន​ពីរ ​ជាមួយ​នឹង​ក្បាល​សាកសព​ ដែល​បាន​កាត់​រួចរាល់ ​ហើយ​បាន​ផ្ញើរ​រូប​នោះ ​ទៅ​លេខ​ទូរស័ព្ទ​មួយ ​នៅ​កាណាដា។ អាជ្ញាធរ​កំពង់​តែ​ស្វែងរក​ម្ចាស់​លេខ​ទូរសព្ទ​នេះ ​ដើម្បី​ស្វែង​យល់​អំពី​បណ្តាញ​ និង​ប្រភព​​ដែល​ជំរុញ​ឲ្យ​ឃាតករ ​ធ្វើ​អំពើ​ដ៏​ព្រៃផ្សៃ​បែប​នេះ នៅ​លើ​ទឹកដី​បារាំង។

នគរបាល​បារាំង​ធ្វើការ​ឃាត់ខ្លួន​ប្រពន្ធ​ និងប្អូនស្រី​របស់ជន​ដៃដល់ នៅថ្ងៃ​ទី​ ២៦ មិថុនា នៅទី​លំនៅ​របស់ភេរវជន ក្នុង​សង្កាត់​ សាំង ព្រីយែស ជាយ​ក្រុងលីយ៉ុង
នគរបាល​បារាំង​ធ្វើការ​ឃាត់ខ្លួន​ប្រពន្ធ​ និងប្អូនស្រី​របស់ជន​ដៃដល់ នៅថ្ងៃ​ទី​ ២៦ មិថុនា នៅទី​លំនៅ​របស់ភេរវជន ក្នុង​សង្កាត់​ សាំង ព្រីយែស ជាយ​ក្រុងលីយ៉ុង REUTERS/Emmanuel Foudrot
ផ្សាយពាណិជ្ជកម្ម

ជនឈ្មោះ​ យ៉ាស៊ីន សាល់ហ៊ី ​អាយុ​៣៥​ឆ្នាំ ​ដែល​ត្រូវ​ចាប់​បាន​ភ្លាមៗ​ នៅ​នឹង​កន្លែង ​កើត​ហេតុ ​ដែល​ជន​នេះ​កំពុងតែ​បង្ក​ការ​ផ្ទុះ​នៅ​ក្នុង​រោងចក្រ​ផលិត​ហ្គាស​មួយ ​នៅ​ចម្ងាយ​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ​​ពី​ទី​ក្រុង​លីយ៉ុង ​ប្រទេស​បារាំង។ មុននឹង​បង្ក​ការ​ផ្ទុះ​ក្នុង​រោងចក្រ​ ជន​នេះ ​បាន​សម្លាប់​ថៅកែ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​ដែល​ខ្លួន​ធ្វើការ​ឲ្យ ​ដោយ​បាន​កាត់​ក្បាល​ជន​រងគ្រោះ ​យក​ទៅ​ដោត​នៅ​នឹង​របង​រោងចក្រ ​ព្រមទាំង​មាន​ដោត​ទង់ខ្មៅ​របស់​ក្រុម​ជីហាដ​អ៊ីស្លាម​ នៅ​ក្បែរ​ទៀត​ផង។ របៀប​សម្លាប់​មនុស្ស ​ហើយ​យក​ក្បាល​មក​ដោត​សម្ងែង​បែប​នេះ ​គឺ​ជា​របៀប​របស់​ក្រុម​ជីហាដ​អ៊ីស្លាម​ ដោយ​ឥត​ប្រកែក​បាន។

 
បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​បាន​មួយ​យប់ ​ជន​ដៃដល់ ​បាន​ចាប់ផ្តើម​និយាយ​ត្រួសៗ​ ពី​ដំណើរ​ប្រព្រឹត្តិ​ទៅ នៃ​អំពើ​ដ៏​យង់ឃ្នង​របស់​ខ្លួន។ តាម​ការ​ផ្តល់​ដំណឹង​ពី​ក្រុម​ស៊ើបអង្កេត​ ជន​នេះ​បាន​ថតរូប​ពីរ​ ជាមួយ​នឹង​ទូរស័ព្ទ​របស់​ខ្លួន ​រូបមួយ​ថត​ក្បាល​សាកសព​ដែល​វា​បាន​កាត់​ហើយ ​ហើយ​រូប​មួយ​ទៀត​ គឺ​វា​ថត​សែលហ្វ៊ី(Selfie) ​ខ្លួន​ឯង​ ជាមួយ​នឹង​ក្បាល​សាកសព។ រូបទាំង​ពីរ​នេះ ​ត្រូវ​បាន​ជន​នេះ ផ្ញើរ​ទៅកាន់​លេខ​ទូរស័ព្ទ​មួយ​នៅ​កាណាដា។

អាជ្ញាធរ​បារាំង​ ដែល​ទើប​ទទួល​បាន​កិច្ច​សហការ​ពី​អាជ្ញាធរ​កាណាដា ​កំពុង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​មនុស្ស​ដែល​ជា​ម្ចាស់​លេខ​ទូរស័ព្ទ​នៅ​កាណាដា។ ប៉ុន្តែ​គេ​សង្ស័យ​ថា ​លេខ​នេះ ​អាច​គ្រាន់តែ​ជា​លេខ​សម្រាប់​ផ្ទេរ​បញ្ជូន​ទៅ​កាន់​លេខ​ថ្មី​មួយ​ទៀត ​ដែល​គេ​មិន​អាច​ដឹង​ប្រភព​នៅ​ទីណា​ច្បាស់។ ប្រពន្ធ និង​ប្អូន​ស្រី​របស់​ភេរវជន​ ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ផង​ដែរ។ តាម​ច្បាប់​បារាំង ​ក្នុង​ករណី​ភេរវកម្ម ​នគរបាល​អាច​ឃុំខ្លួន​ជន​សង្ស័យ​ជា​បណ្តោះ​អាសន្ន ​ចំនួន​៩៦​ម៉ោង ​មុន​នឹង​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​តុលាការ។

ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ គឺ​ដើម្បី​ចង់ដឹង​ថា ​ជន​នេះ ​បាន​បង្ក​ហេតុការណ៍​នេះ ​ដោយ​មាន​ខ្សែ​រយៈ​ ក្រុមអ៊ីស្លាមជីហាដ​បញ្ជា​ពី​ក្រោយ​ រឺមួយ​ក៏​ជា​ទង្វើ​ផ្ទាល់ខ្លួន ​ ដែល​លាយឡំ​ដោយ​ជំនឿ​ងប់ងុល​ ជាមួយ​នឹង​ទ្រឹស្តី​របស់​ក្រុម​ជីហាដ។ មក​ត្រឹម​ពេល​នេះ ​គេគ្រាន់​តែ​ដឹង​ថា ​ជន​នេះ​ ធ្លាប់​ចូលរូម​សេពគប់​ ជាមួយ​នឹង​ក្រុម​ជ្រុល​និយម​អ៊ីស្លាម ​នៅ​រវាង​ឆ្នាំ​២០០៦។ ក្រោយ​មក​ទៀត​ជននេះ ​បាន​ចូល​ប្រាស្រ័យ​ទាក់ទង​នឹង​ក្រុម​សាល់អាហ្វិស្ត៍​ នៅ​រវាង​ឆ្នាំ​២០១១-​២០១៤។ ប៉ុន្តែ​បើ​តាម​ការ​ឆែកឆេរ​ផ្ទះ​ជន​នេះ ​គេ​មិន​បាន​រកឃើញ​ភស្តុតាង​អ្វី​ផ្សេង​ បញ្ជាក់​ពី​ការ​ចូលរូម​ ដោយ​សកម្ម​ជាមួយ​នឹង​ក្រុម​ជីហាដ​អ៊ីស្លាម​នោះ​ទេ។ គេ​គ្រាន់​តែ​បាន​រក​ឃើញ​ កាំភ្លើង​ក្លែងក្លាយ​មួយ ​ដែល​តាម​ការ​សង្ស័យ​គឺ​ជន​នេះ ​បាន​យក​ទៅ​គម្រាម​ថៅកែ​ខ្លួន​ ដើម្បី​យក​ទៅ​សម្លាប់​ចោល។

សូមបញ្ជាក់​ថា នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​មាន​ករណី​ភេរវកម្ម​ អម​ដោយ​ឃាតកម្ម​កាត់ក្បាល​មនុស្ស ​នៅ​លើ​ទឹកដី​បារាំង ​ដែល​ធ្វើឲ្យ​សាធារណៈមតិ​បារាំង​ មាន​ការ​តក់ស្លុត​យ៉ាងខ្លាំង។ ឆ្លងកាត់​ការ​ប្រជុំ​បន្ទាន់​ កាល​ពី​ម្សិលមិញ ​រដ្ឋាភិបាល​បារាំង​បាន​បន្ថែម​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ ដោយ​បាន​លើកចេញ​ផែនការ​ថ្មី​ ជាច្រើន​ចំណុច ​មាន​ដូច​ជា ​ជ្រើសរើស​មនុស្ស​បន្ថែម​ដើម្បី​យាមកាម ​រឹត​បន្តឹត​ផ្លូវ​ច្បាប់​ តាម​រយៈ​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​ថ្មី​ ចំនួន​ពីរ ​ព្រមទាំង​ផ្តល់​មធ្យោបាយ​ចាំបាច់​ ដល់​ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ