អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​ព្រមព្រៀង​ផ្គត់ផ្គង់​ហ្គាស​ឲ្យ​អ៊ុយក្រែន​ឡើង​វិញ

រុស្ស៊ី​និង​អ៊ុយក្រែន ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប្រ៊ុយស៊ែល ​ក្រោម​ការ​ដឹកនាំ​របស់​គណកម្មការ​អឺរ៉ុប ​ដើម្បី​ចុះ​ហត្ថលេខា ​លើ​កិច្ច​សន្យា​ព្រមព្រៀង​ផ្គត់ផ្គង់​ឧស្ម័ន​ហ្គាស ​ទៅ​ឲ្យ​អ៊ុយក្រែន​ឡើង​វិញ​ គិតចាប់​ពី ​ខែ​តុលា ​ខាង​មុខ​នេះ ​រហូត​ដល់​តំណាច់​ឆ្នាំ​២០១៦ ​ដោយ​រុស្ស៊ី​សុខចិត្ត​បញ្ចុះ​តំលៃ។ អ៊ុយក្រែន ​សុខចិត្ត​ទទួល​យក ​ក៏​ដោយសារ​តែ​រដូវ​ត្រជាក់​ជិត​មក​ដល់ ​ហើយ ​ដែល​ប្រជាជន​ ត្រូវការ​ជាចាំ​បាច់ ​នូវ​ឧស្ម័ន​ហ្គាស ​ដើម្បី​ប្រើប្រាស់​ក្នុង​ម៉ាស៊ីន​កំដៅ។

ប្រធានាធិបតីរុស្ស៊ី Vladimir Poutine កំពុងតែ​ខ្សឹប​ដាក់​ត្រចៀក​​ប្រធានក្រុមហ៊ុន Gazprom លោក​Alexei Millerc
ប្រធានាធិបតីរុស្ស៊ី Vladimir Poutine កំពុងតែ​ខ្សឹប​ដាក់​ត្រចៀក​​ប្រធានក្រុមហ៊ុន Gazprom លោក​Alexei Millerc AFP PHOTO / POOL /SERGEI KARPUKHIN
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​បាន​ផ្តាច់​ឈប់​ផ្គត់ផ្គង់​ហ្គាស ​ដល់​អ៊ុយក្រែន ​តាំង​តែ​ពី​ខែ​កក្កដា​មក​ម្លេះ។ ប៉ុន្តែ​ខែ​ត្រជាក់​ធ្លាក់​ទឹក​កក​កាន់តែ​ខិត​ជិត​មក​ដល់ ​ហើយ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ​ការ​ចរចា​ដើម្បី​បើក​ឲ្យ​មាន​ចរាចរណ៍​ហ្គាស​ឡើង​វិញ ​បាន​ធ្វើ​ឡើង​ ដោយ​ប្រញាប់​ប្រញាល់។ ទី​បំផុត​ ភាគី​ទាំងពីរ ​បាន​ព្រមព្រៀង​គ្នា ​ដោយ​រុស្ស៊ី​សុខចិត្ត ​បញ្ចុះ​តម្លៃ​បន្តិច​បន្តួច។

 
តាម​ការ​ឲ្យ​ដឹង ​ក្រុមហ៊ុន ​Gazprom ​របស់​រុស្ស៊ី ​បាន​សុខចិត្ត​បញ្ចុះ​តម្លៃ ​ប្រមាណ​ជា ​២៤,៦​ដុល្លារអាមេរិក​ ក្នុង ​១០០០​ម៉ែត្រ​គូប។ បើ​គិត​ទៅ​គឺ​តម្លៃ​នៅ​សល់​ត្រឹម​ ២២៧,៤ ​ដុល្លារ​អាមេរិក​ ក្នុង ​១០០០​ម៉ែត្រ​គូប។ លោក​រដ្ឋមន្ត្រី​ថាមពល​អ៊ុយក្រែន ​បាន​បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង​នេះ​ ខាង​ភាគី​អ៊ុយក្រែន​ អាច​ទទួល​យក​បាន ​ដោយសារ​តែ​វា​នឹង​អាច​ជួយ​ស្តារ​លំនឹង​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន។

សហភាព​អឺរ៉ុប​ ដែល​រំពឹង​មួយ​ផ្នែក​ធំ ​លើ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​រុស្ស៊ី ​ដែល​ឆ្លងកាត់​អ៊ុយក្រែន ​បានសុខចិត្ត​ជួយ​សម្រួល ​ការ​ចំណាយ​សរុប ​ដែល​គិត​ជា​ទឹកប្រាក់ ​ប្រមាណ​ជា ​៥០០​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​សហភាព​អឺរ៉ុប​ នឹង ​មិន​ទទួល​ខុសត្រូវ​ លើ​ការ​ចំណាយ​បន្ថែម​ណា ​លើស​នេះ​ទេ។

សូម​បញ្ជាក់​ថា ​ការ​ប្រើប្រាស់​ឧស្ម័ន​ហ្គាស ​នៅ​តាម​ផ្ទះ ​ទូទាំង​អ៊ុយក្រែន ​គឺ​រំពឹង​ ជាង​ពាក់​កណ្តាល ​លើ​ហ្គាស ​ដែល​បង្ហូរ​ចេញ​ពី​រុស្ស៊ី។ បំពង់​បង្ហូរ​ឧស្ម័ន​នេះ ​ក៏​ជា​ផ្លូវ​ឆ្លងកាត់​ផង​ដែរ​ នៃ​ឧស្ម័ន​ហ្គាស ​ដែល​រុស្ស៊ី ​បង្ហូរ​ទៅ​លក់​ដល់​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប។ គួររំលឹក​ថា​ បន្ទាប់​ពី​ក្រុមដែល​មាន​ទំនោរ​ទៅ​រក​អឺរ៉ុប ​បាន​ឡើង​ដឹកនាំ​អ៊ុយក្រែន​ រដ្ឋាភិបាល​នេះ ​បាន​ចាប់ផ្តើម​រើរូស​កិច្ចសន្យា ​ហើយ​ទាមទារ​ឲ្យ​រុស្ស៊ី ​បន្ទាប​តម្លៃ។ ចំណែក​រុស្ស៊ី​វិញ ​បាន​ទាមទារ ​ឲ្យ​អ៊ុយក្រែន ​សងប្រាក់​ជំពាក់ ​ដែល​មាន​ប្រមាណ​ជា ​ជាង ​​៤ពាន់​លាន​អឺរ៉ូ។ ក្រោយ​មក​ទៀត ​សង្រ្គាម​បាន​ផ្ទុះ​ឡើង នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ​ដោយសារ​ក្រុម​ឧទ្ទាម ​ដែល​គាំទ្រ​រុស្ស៊ី ​បាន​ទទួល​ជំនួយ​យោធា​និងអាវុធ​ ពី​រុស្ស៊ី។

ការ​ព្រមព្រៀង​ថ្មី​នេះ ​ជា​សញ្ញា ​បង្ហាញ​ពី​ការ​បន្ទន់​ឥរិយាបថ​របស់​ភាគី​ទាំង​ពីរ។ ខាង​អ៊ុយក្រែន​សុខ​ចិត្ត ​ដោយសារ​តែ​ខែ​ត្រជាក់​ជិត​មក​ដល់ ​ឯ​ខាង​រុស្ស៊ី​សុខចិត្ត​បញ្ចុះ​តម្លៃ ​ព្រោះ​ថា ​ផ្លូវ​បង្ហូរ​ឧស្ម័ន​នេះ ​ជា​ផ្លូវ​រួម ​ដែល​រុស្ស៊ី​បង្ហូរ​ទៅ​លក់​ដល់​ប្រទេស​ផ្សេង​ទៀត។ បើ​រុស្ស៊ី ​បិទ ​មាន​ន័យ​ថា ​រុស្ស៊ី ​ក៏មិន​អាច​លក់​ទៅ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​បាន​ដែរ។ ដូច្នេះ ​ការ​ខាតបង់​គឺ​មាន​កាន់​តែ​ច្រើន​សម្រា​ប់រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ