អានតួអត្ថបទ

សមិទ្ធិករ​ភាពយន្ត​អ៊ុយក្រែន ត្រូវ​បាន​តុលាការ​រុស្ស៊ី កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ

បុរស​ជា​ពលរដ្ឋ​អ៊ុយក្រែន អាយុ​៣៩​ឆ្នាំ ជា​អ្នក​ថត​កុន​ថ្មីថ្មោង ឈ្មោះ Oleg Sentsov ធ្លាប់​រស់​នៅ​ទៀប​កោះ​គ្រីមេ​ផ្ទាល់ ហើយ​ប្រឆាំង​ប្តូរ​ប្តេជ្ញ​ទល់​នឹង​ការភ្ជាប់​ទឹកដី​នេះ របស់​អ៊ុយក្រែន កាលពី​ឆ្នាំមុន​ទៅ​ជា​របស់​សហព័ន្ធ​រុស្ស៊ី នា​ថ្ងៃ ២៥​សីហា ត្រូវបាន​តុលាការ​រុស្ស៊ី កាត់ទោស​ឲ្យ​ជាប់ ”ក្នុង​មណ្ឌល​អប់រំ​កែ​ខ្លួន​វិន័យ​តឹង” សម្រាប់​អំឡុង​ពេល​ដល់​២០​ឆ្នាំ តាម​បទ​“ចាត់ចែង​ឡើង​ជា​សហគមន៍​ភេរវនិយម”។ ការកាត់ទោសនេះ បានញ៉ាំង​ឲ្យ​មាន​ការតវ៉ា យ៉ាង​ខ្លាំង​ពី​ខាង​សហភាព​អឺរ៉ុប និង ស.រ.អា. ដែល​ទាមទារ​ពី​ក្រុង​ម៉ូស្គូ ឲ្យ​ដោះលែង​រូប​គាត់​ជា​បន្ទាន់ ក្នុង​ឋានៈ​ជា “អ្នកទោស​នយោបាយ”។

សមិទ្ធិករ​អ៊ុយក្រែន Oleg Sentsov ក្នុង​ប្រអប់​ជន​ជាប់​ចោទ ថ្ងៃទី ២១ កក្កដា ២០១៥
សមិទ្ធិករ​អ៊ុយក្រែន Oleg Sentsov ក្នុង​ប្រអប់​ជន​ជាប់​ចោទ ថ្ងៃទី ២១ កក្កដា ២០១៥ REUTERS/Sergey Pivovarov
ផ្សាយពាណិជ្ជកម្ម

លុះកន្លងផុតទៅ២ខែ ក្រោយពី រុស្ស៊ី​បាន​ភ្ជាប់​យក​ទឹកដី​គ្រីមេ​មក រូប​លោក Oleg Sentsov ក្នុង​យប់​ថ្ងៃ​១០​ឆ្លង​ទៅ​១១​ឧសភា​ឆ្នាំ​២០១៤ ត្រូវបាន​ចាប់​ខ្លួន​គឺ​ក្នុង​លំនៅ​គាត់​នៅ​ក្រុង Simferopol ដែល​ជា​រដ្ឋធានី នៃ​សាធារណរដ្ឋ​គ្រីមេ ហើយ​បញ្ជូន​មក​កាន់​រដ្ឋធានី​ម៉ូស្គូ ឃុំឃាំង​ក្នុង​ពន្ធនាគារ​សន្តិសុខ​កម្រិត​ខ្ពស់ ឈ្មោះ Lefortovo រហូត​ដល់​ពេល​បើក​អង្គសវនការ កាត់ទោស គាត់ ថ្ងៃ​២៥​សីហា នៅ​ក្រុង Rostov តំបន់​និរតី​រុស្ស៊ី។

 

 
តុលាការ បាន​ប្រកាស​សាលក្រម​កាត់ទោស​បុរស​នោះ ដែល​ជា​សមិទ្ធិករ​ភាពយន្ត និង​ជា​អ្នក​ការពារ​បរិស្ថាន​ផង ឲ្យ​ជាប់ “ក្នុង​មណ្ឌល​អប់រំ​កែ​ខ្លួន​វិន័យ​តឹង “សម្រាប់​អំឡុង​ពេល​ដល់ ២០​ឆ្នាំ តាម​បទ​ចោទ​ប្រកាន់​បី គឺ ៖

ទី១-បាន​បង្កើត​នៅ​គ្រីមេ​ជា​សហគមន៍​ភេរវនិយម ដែល​ជា​សាខា​មួយ របស់​ចលនា​ជ្រុល​និយម​ហួសហេតុ​នៅ​អ៊ុយក្រែន ឈ្មោះ Pravy Sektor ដែល​ហាម​ដាច់ខាត មិន​ឲ្យ​ដំណើរការ​នៅ​រុស្ស៊ី ក្នុង​គោលដៅ​ដក​គ្រីមេ​ចេញ​ពី​សហព័ន្ធ​រុស្ស៊ី​ទៅ​វិញ។
ទី២-ក្នុងច​ន្លោះ​ពី​ខែ​មេសា ដល់​ខែ​ឧសភា​ឆ្នាំ​២០១៤ បាន​លួច​ដុត​នៅ​ក្រុង Simferopol គឺ ការិយាល័យ​របស់​អង្គការ​សង្គម “សហគមន៍​ជនជាតិ​រុស្ស៊ី​នៅ​គ្រីមេ” និង​ការិយាល័យ​របស់​បក្ស​កាន់​អំណាច​នៅ​រុស្ស៊ី​ បក្ស​”ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ” ។
ទី៣-បានសាកល្បង បំផ្ទុះ នៅ​ថ្ងៃ​៩​ឧសភា ជា​ទិវា​ជ័យជំនះ​រុស្ស៊ី​លើ​របប​ហ្វាស៊ីស្ត​អាល្លឺម៉ង់ គឺ រូប​សំណាក ដែល​ឧទ្ទិស​ដល់​វិញ្ញាណក្ខ័ន្ធ​អគ្គមគ្គុទេសក៍​សូវៀត Lenin នៅក្រុង Simferopol។

ក្រោយពី​ឮ​សាលក្រម​នោះ លោក Sentsov ហៅ​ការកាត់ទោស​នេះ ថា​ឈរ​លើ​មូលហេតុ​នយោបាយ​សុទ្ធសាធ ទាំង​សើច​ចំអក​ឲ្យ ហើយ​លើ​កម្រាម​ដៃ​ពីរ​ជា​តួអក្សរ “ V “ មាន​ន័យ​ថា ជ័យជំនះ និង​ថែម​ទាំង​ច្រៀង​ភ្លេង​ជាតិ​អ៊ុយក្រែន​ទៅ​ផង។

លោកស្រី ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Federica Mogherini ដោយ​ទាមទារ​ពី​ក្រុង​ម៉ូស្គូ ឲ្យ​ដោះលែង​ជា​បន្ទាន់​រូប​លោក Sentsov ថ្លែងថា ការកាត់ទោស​ពលរដ្ឋ​អ៊ុយក្រែន​នោះ គឺ​ធ្វើ​ទាំង​ល្មើស​លើ​បទដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ដ្បិត​តុលាការ​រុស្ស៊ី​គ្មាន​សិទ្ធិ​ពិនិត្យ​មើល​សំណុំ​រឿង​នេះ​ទេ។

ក្រសួងការបរទេស​អាមេរិក ដែល​ក៏​ទាមទារ​ឲ្យ​ដោះលែង​រូប​អ្នក​ទោស​នយោបាយ​នោះ​ជា​បន្ទាន់ ថ្លែង​ថា តុលាការ​រុស្ស៊ី​ដោយ​កាត់​ទោស​បែប​នេះ បាន​ប្រព្រឹត្ត​កំហុស​គតិយុត្ត យ៉ាង​ជាក់ស្តែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ