អានតួអត្ថបទ

គម្រោងច្បាប់ “ វិមជ្ឈការអំណាច” នៅអ៊ុយក្រែន ត្រូវបានអនុម័ត ទាំងចម្រូងចម្រាស

ជាការ​បោះឆ្នោត​សម្រាប់​បន្ធូរ​ភាព​តាន​តឹង​នៅភាគ​ខាងកើត​អ៊ុយក្រែន ៖ ដោយ​​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ សម្រួល​ស្វ័យភាព​​ដល់​តំបន់​មាន​ជម្លោះ​នៅ​ភាគ​ខាង​កើត​ប្រទេស។ ប៉ុន្តែ​ក្នុង​ពេល​ដែល​តំណាង​រាស្ត្រ​ព្រម​អនុម័ត​​វិសោធនកម្ម​ច្បាប់​​នេះ ស្រាប់​តែ​មាន​ចលនា​បាតុកម្ម​នៅ​ខាង​ក្រៅ​រដ្ឋ​សភា​យ៉ាង​ហិង្សា និង​ទ្រង់ទ្រាយ​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​បដិវត្ត​ក្រុង​មៃដាន កាលពីជាង​មួយ​ឆ្នាំ​កន្លះ​មុន​មក។

បាតុកម្ម​ហិង្សា​នៅ​មុខ​រដ្ឋ​សភា​អ៊ុយក្រែន ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ ថ្ងៃទី ៣១​សីហា ២០១៥
បាតុកម្ម​ហិង្សា​នៅ​មុខ​រដ្ឋ​សភា​អ៊ុយក្រែន ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ ថ្ងៃទី ៣១​សីហា ២០១៥ REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ៣១សីហាម្សិលមិញ ក្នុង​សម័យ​ប្រជុំ​ពិភាក្សា​លើក​ទី​១ សភា​អ៊ុយក្រែន បានអ​នុម័ត គម្រោង​ច្បាប់ ស្តី​អំពី​”វិមជ្ឈការ​អំណាច” ដោយ​សម្លេង​ភាគច្រើន តាមរយៈ​ការធ្វើ​វិសោធកម្ម​ខ្លះ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការទាមទារ ចែង​ដោយ​កិច្ចព្រមព្រៀង​ក្រុង​មិនស្ក៏ ចុះ​កាល​ពី​ថ្ងៃ​ទី​១២​កុម្ភៈ​ឆ្នាំ២០១៥។

 
ប៉ុន្តែ ទំរាំ អាចប្រព្រឹត្តទៅ ការបោះឆ្នោត​ជុំវិញ​គម្រោង​ច្បាប់​នោះ ពួក​អ្នកតំណាង​រាស្ត្រ​ខាង​គណបក្ស​ខ្លះ ដែល​ជំទាស់ នឹង​ការផ្លាស់ប្តូរ​នេះ ដែល​​តាម​​យោបល់​​គេ គឺ​​អាចនាំ​ឲ្យ​​រដ្ឋ​អ៊ុយក្រែន បែក​បាក់​​លែង​ស្ថិត​នៅ ជារដ្ឋឯកភូត រលាយសាច់មួយ បាននាំគ្នា​គោះ​តុ វ៉ៃ​សំបក​ដប លាន់​ទ្រហ៊ឹង រំខាន​មិន​ឲ្យ​ការបោះឆ្នោត​​អាច​​ចាប់​ផ្តើម​បាន។  លុះក្រោយ​ពី​មាន​បទអន្តរាគមន៍​​ពន្យល់​បំភ្លឺ ពី​ខាង​ប្រធាន​​រដ្ឋសភា ទើប​ការបោះឆ្នោត​នោះ អាច​ធ្វើ​ទៅ​កើត។

គ្រាន់តែឮ ​លទ្ធផល​នៃ​ការបោះឆ្នោត បាតុករ​រាប់​រយ​នាក់ ខាង​គណបក្ស​ដែល​ជំទាស់​នោះ  បាន​ប្រព្រឹត្ត​អំពើ​ហិង្សា បែប​យ៉ាង​គប់ គ្រាប់​បែក ទៅ​លើ កង​ឆ្មាំ​ជាតិ ដែល​ឈរ​ជា​របង​ការពារ​នៅ​ពី​មុខ​អគារ​រដ្ឋសភា។  ដោយ​មក​ពី ទង្គិច​គ្នា​នោះ មាន​យោធា​ម្នាក់​នៃ​កង​ឆ្មាំ​ជាតិ​បាន​ធ្លាក់​ខ្លួន​ស្លាប់ ហើយ​តាម​តួលេខ​ចុង​ក្រោយ នៃ​ក្រសួង​មហាផ្ទៃ របួស​គឺ​ដល់​ទៅ ១៤០​នាក់ ក្នុងនោះ ១២២នាក់ ឥឡូវ​ស្នាក់​ព្យាបាល​នៅ មន្ទីរ​ពេទ្យ ដោយ​៦​នាក់​ធ្ងន់​មែនទែន ស្ទើរ​ស្លាប់​ស្ទើរស់។ ក្នុងចំណោម​អ្នក​ត្រូវ​របួស ក៏​មាន​​អ្នកកាសែត​បរទេស​ផង បែបយ៉ាង ជាតិ​បារាំង​ជាដើម។

ចំណែក​បាតុករ​ដៃ​ដល់​ប្រមាណ ៣០​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់​ឃុំឃាំង។ លោក​ប្រធានាធិបតី ប៉ូរ៉ូឆេនកូ  បាន​ថ្លែង​ថា ការ​​ប៉ះទង្គិច​បង្ហូរ​ឈាម​នោះ គឺ​ជា “ទង្វើ​ប្រឆាំង​រដ្ឋ​អ៊ុយក្រែន និង ជា “ ការចាក់​នឹង​កាំបិត ចំ​​ពី​ក្រោយ​ខ្នង​រដ្ឋ​អ៊ុយក្រែន” ហើយ​ទាំង​ពួក​មេ​ចាត់​ចែង ទាំង​ពួក​ប្រព្រឹត្ត​អំពើ​ហិង្សា ដោយ​គ្មាន​រើស​មុខ​ឡើយ គឺ​ត្រូវ​​ទទួល​ខុសត្រូវ​នៅ​ពី​មុខ​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ