អានតួអត្ថបទ
សហភាពអឺរ៉ុប-ជនភៀសខ្លួន

ក្រិក​សន្យា​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជន​ភៀស​ខ្លួន ​ទៅ​តាម​ការ​ចង់​បាន​របស់​អឺរ៉ុប

ស្ថានីយ៍​ត្រួត​ពិនិត្យ​ជន​ភៀស​ខ្លួន ​រឺ​ដែល​ហៅ​ថា ​Hotspot ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ សម្រច​ឲ្យ​ប្រទេស​សមាជិក​ ចាប់​ផ្តើម​បង្កើត ​ ដើម្បី​ដាក់​រាយ​នៅ​តាម​ច្រក​ព្រំដែន​សំខាន់ៗ ​ ដូច​ជា​នៅ​អ៊ីតាលី ​ក្រិក ​និង​ហុងគ្រី​ជាដើម។ នៅ​ថ្ងៃ​សៅរ៍​ ទី ១០ តុលា ​រដ្ឋាភិបាល​ក្រិក ​បាន​សន្យា​ថា​ គេ​នឹង​អនុវត្ត​វិធានការ​ថ្មី​នេះ ​ ក្នុង​រយៈ​ពេល ​១០​ថ្ងៃ​ទៀត​ យ៉ាង​យូរ​បំផុត ​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ការ​មក​ដល់​របស់​ជន​ភៀសខ្លួន។

ជនភៀសខ្លួន ជិះ​ទូក​ខិត​មកជីត​ឆ្នេរកោះក្រិក​ឈ្មោះ លេសបូស នាំ​គ្នា​លោត​ហែល​ទឹក​សំដៅ​ហែល​មក​ឆ្នេរ
ជនភៀសខ្លួន ជិះ​ទូក​ខិត​មកជីត​ឆ្នេរកោះក្រិក​ឈ្មោះ លេសបូស នាំ​គ្នា​លោត​ហែល​ទឹក​សំដៅ​ហែល​មក​ឆ្នេរ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

ចំណុច​ត្រួត​ពិនិត្យ​ រឺ​ហៅថា​ Hotspot​ គឺ​ជា​កន្លែង​ចុះ​ឈ្មោះ​ជន​ភៀស​ខ្លួន ​ រួមជា​មួយ​នឹង​មណ្ឌល​ស្នាក់នៅ​បណ្តោះ​អាសន្ន​ សម្រាប់​ជន​ភៀស​ខ្លួន។ ស្ថានីយ៍​ទាំង​នេះ ​នឹង​ត្រូវ​ចាប់​ផ្តើម​បង្កើត​ នៅ​តាម​ព្រំដែន​ខាង​ក្រៅ​របស់​អឺរ៉ុប។ តាម​ការ​ឲ្យ​ដំណឹង ​ពី​លោក​ អ៊ីយ៉ានីស មូហ្សាឡា ​រដ្ឋមន្ត្រី​ក្រិក​ទទួល​បន្ទុក​កិច្ចការ​ជន​អន្តោប្រវេសន៍ ​ បាន​ប្រាប់​ថា ​ក្រិក​នឹង​ចាប់​ផ្តើម​បើក​ចំណុច​ត្រួត​ពិនិត្យ​ទីមួយ ​ក្នុង​ពេល​១០​ថ្ងៃ​ទៀត​ នៅ​ច្រក​ព្រំដែន ​លើ​កោះ ​លេសបូស។ ចំនុច​ត្រួត​ពិនិត្យ​ ៤​ផ្សេង​ទៀត ​នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​ ជា​បន្ត​បន្ទាប់​ នៅ​លើ​កោះ ​បួន​ផ្សេង​ទៀត​ដែរ។ ចំណុច​ត្រួត​ពិនិត្យ​ជន​ភៀស​ខ្លួន​ទាំង​នេះ ​ គឺ​ធ្វើ​នៅ​ក្បែរ​ព្រំដែន​សមុទ្រ ​ ដែល​បែរ​មុខ​ទៅ​រក​តួកគី ​ ដែល​ជា​ច្រក​ដ៏​សំខាន់​ នៃ​ការ​មក​ដល់​របស់​ជន​ភៀស​ខ្លួន។

 
សូម​បញ្ជាក់​ថា ​នេះគឺ​ជា​គម្រោង​របស់​សហភាព​អឺរ៉ុប ​ ដើម្បី​ធ្វើការ​គ្រប់គ្រង​លំហូរ​ជន​ភៀស​ខ្លួន ​ឲ្យ​បាន​ត្រឹមត្រូវ។ ថវិកា​ចាយ​វាយ ​ព្រម​ទាំង​សម្ភារៈ ​ គឺ​ជា​ការ​ផ្គត់ផ្គង់​ឲ្យ​ ដោយ​សហភាព​អឺរ៉ុប​ផ្ទាល់ ​ ឯ​ចំណែក​ប្រទេស​ម្ចាស់​ផ្ទះ​ មាន​តួនាទី ​រៀបចំ​ចាត់​ចែង ​ដំណើរ​ការ​ទូទៅ។

តាម​ការ​រំពឹង​ទុក ​ចំណុច​ត្រួត​ពិនិត្យ​ទាំង​នេះ ​នឹង​ធ្វើការ​ចុះ​ឈ្មោះ​ ​ ទទួល​យក​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀសខ្លួន​ របស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់។ ក្នុង​ន័យ​នេះ ​ភ្ញាក់ងារ​ត្រួវ​ពិនិត្យ ​មាន​តួនាទី ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់ ​ពី​លក្ខខណ្ឌ​ផ្សេងៗ​ ថា​ជន​នោះ​ ពិត​ជា​ជន​ភៀស​ខ្លួន ​ដែល​រត់​គេច​ពី​សង្រ្គាម​ពិត​មែន​ ​រឺ​អត់។ ចំណែក​ជន​អន្តោប្រវេសន៍ ​ដែល​ចង់​មក​រស់​នៅ​អឺរ៉ុប​ ដោយ​គ្រាន់​តែ​ចង់​រក​ការងារ​ធ្វើ ​ ហើយ​ប្រទេស​ដើម​របស់​ខ្លួន​គ្មាន​គ្រោះ​ថា្នក់ ​រឺ​គ្មាន​សង្រ្គាម ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​វិញ។

គួរ​រំលឹក​ថា ​គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៥​នេះ​មក ​មាន​ជន​ភៀស​ខ្លួន​៤សែន​នាក់ ​ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រិក ​ដែល​ភាគ​ច្រើន ​គឺ​ជា​ជនជាតិ​ស៊ីរី​ និង​ជន​ជាតិ​អ៊ីរ៉ាក់ ​ ហើយ​ធ្វើ​ដំណើរ​ឆ្លង​មក​ពី​តួកគី។ សហភាព​អឺរ៉ុប ​ក៏​កំពុង​តែជម្រុញ ឲ្យក្រិក និតតួកគី ​ចរចា​គ្នា ដើម្បី​ដើម្បី​កំណត់​កិច្ច​ព្រមព្រៀង​មួយ​​ ស្តីពី​ការ​គ្រប់គ្រង​លំហូរ​ជន​ភៀស​ខ្លួន ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តួកគី ​បំរុង​ចូល​មក​អឺរ៉ុប តាម​ច្រក​ព្រំដែនក្រិក​។ តាម​ការ​គ្រោង​ទុក​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍​ក្រិក ​ នឹង​ទៅ​ក្រុង​អង់ការ៉ា នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ