អានតួអត្ថបទ
ជនភៀសខ្លួន-សហភាពអឺរ៉ុប

វិបត្តិជន​ភៀស​ខ្លួន៖​ ប្រទេស​អឺរ៉ុប​តំបន់​បាល់កង់​បិទ​ព្រំដែន​បន្ត​បន្ទាប់​គ្នា

៤ថ្ងៃ​បន្ទាប់​ ពី​ហុងគ្រី​បាន​ដាក់​ស្រាក់​របង​បន្លា​លួស ​តាម​បណ្តោយ​ព្រំដែន​ ជាមួយ​ស៊ែប៊ី ​រួច​រាល់ ​ដើម្បី​ស្ទាក់​មិន​ឲ្យ​ជន​ភៀស​ខ្លួន ​ឆ្លង​ចូល​ក្នុង​ទឹកដី​ខ្លួន ​នៅ​ថ្ងៃ​សុក្រ​នេះ ​គឺ​ដល់​វេន​ក្រូអាស៊ី ​ដែល​បាន​សម្រេច​បិទ​ច្រក​ព្រំដែន​ ជាមួយ​ប្រទេស​ស៊ែប៊ី។ ក្នុង​ខណៈ​ពេល​ដែល ​ជន​ភៀស​ខ្លួន ​កំពុង​តែ​ស្វះស្វែង​ រក​ច្រក​ចូល​ទៅ​អឺរ៉ុប​ យ៉ាង​លំបាក​លំបិន ​ក្រុម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​កំពុង​តែ​បែក​ខ្ញែក​គ្នា​យ៉ាង​ខ្លាំង ​ដោយសារ​តែ​និយាយ​មិន​ចុះ​សម្រុង​គ្នា ​ស្តីពី​ការ​ទទួល​យក​ជនភៀស​ខ្លួន​ទាំង​នោះ ​ទៅ​តាម​ប្រទេស​នីមួយ។

ក្រុម​ជន​ភៀស​ខ្លួន​ព្យាយាម​សម្រុក​ចូល​ទៅដណ្តើម​ឡើង​ឡាន​ក្រុុង​ នៅ​ច្រក​ព្រំដែន Tovarnik ប្រទេស​ក្រូអាស៊ី ថ្ងៃទី​១៧ កញ្ញា ២០១៥
ក្រុម​ជន​ភៀស​ខ្លួន​ព្យាយាម​សម្រុក​ចូល​ទៅដណ្តើម​ឡើង​ឡាន​ក្រុុង​ នៅ​ច្រក​ព្រំដែន Tovarnik ប្រទេស​ក្រូអាស៊ី ថ្ងៃទី​១៧ កញ្ញា ២០១៥ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ ពី​ហុងគ្រី​បាន​បិទ​ទ្វារ​ព្រំដែន​ទាំង​ស្រុង ​ដោយ​ការ​ដាក់​បន្លា​លួស ​តាម​បណ្តោយ​ព្រំដែន​ ជាមួយ​ស៊ែប៊ី ​ក្រុម​ជន​​ភៀសខ្លួន ​ជា​ច្រើន​ពាន់​នាក់​ បាន​បង្វែរ​ទិស​ដៅ ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ក្រូអាស៊ី ​ដើម្បី​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ដែនដី​អឺរ៉ុប។ មិន​ដល់​៣ថ្ងៃ​ផង ​មាន​ជន​ភៀស​ខ្លួន​សរុប​ទាំង​អស់​ចំនួន​ ១៣០០០​នាក់​ ដែល​បាន​ទៅ​ដល់​ក្រូអាស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​តាម​កញ្ចក់​ទូរទស្ស​ន៍​ របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្រូអាស៊ី។

លោក​បន្ថែម​ថា​ ចំនួន​ ១៣០០០​នេះ ​គឺ​វា​ច្រើន​ណាស់ ​ ហើយ​សមត្ថភាព​ទទួល​របស់​ក្រូអាស៊ី ​គឺ​ដល់​កំរិត​មួយ​ដែល​មិន​អាច​ធ្វើ​បាន​លើស​នេះ​ទេ។ នៅ​ថ្ងៃ​សុក្រ​ទី ​១៨​សីហា​នេះ ​ក្រូអាស៊ី ​បាន​សម្រេច​បិទ​ច្រក​ព្រំដែន​ទាំង​៧​ចំណុច ​ដែល​ឆ្លង​ចូល​ពី​ស៊ែប៊ី។ ដូចគ្នា​ដែរ ​ហុងគ្រី​បាន​សម្រេច​បិទ​ព្រំដែន​តាម​ដីគោក ​ប្រវែង​៤១​គីឡូម៉ែត្រ ​ជាមួយ​នឹង​ក្រូអាស៊ី ​ផងដែរ។

ចំណែក​ប្រទេស​ស្លូវ៉េនី​ ​បាន​បិទ​ផ្អាក​ចរាចរ​រថភ្លើង ​ជាមួយ​ក្រូអាស៊ី​ ជា​បណ្តោះ​អាសន្ន​ ​​ដើម្បី​ទប់​ស្កាត់ ​មិន​ឲ្យ​ជន​ភៀសខ្លួន​សម្រុក​ចូល​ទៅ​ស្លូវ៉េនី ​ដោយ​គំហុក។ ទោះ​បី​ជា​យ៉ាង​ណា ​អាជ្ញាធរ​ស្លូវ៉េនី​មិន​បាន​បញ្ជាក់​ទេ​ថា ​គេ​នឹង​បិទ​ទ្វារ​ព្រំដែន។ គេ​គ្រាន់តែ​បាន​បញ្ជាក់​ថា ​ស្លូវេនី ​និង​ត្រួត​ពិនិត្យ​លើការ​ធ្វើ​ដំណើរ​របស់​ក្រុម​ជន​ភៀស​ខ្លួន ​បើ​សិន​ជា​ពួក​គេ​ គោរព​លក្ខខណ្ឌ​ត្រឹមត្រូវ​ទៅ​តាម​វិធាន​អន្តោប្រវេសន៍​របស់​អឺរ៉ុប ​នោះ​ស្លូវ៉េនី ​និង​អនុញ្ញាតិ​ឲ្យ​ពួក​គេ​ចូល​ឆ្លងកាត់។
 

ក្រុមជនភៀសខ្លូួន ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​​ដោយនគរបាល​ហុងគ្រី ​បន្ទាប់​ពីពូក​គេ​បាន​ផ្លោះរបង​ព្រំ​ដែន​ធ្វើ​ពី​បន្លាលួស ថ្ងៃ​ទី​​១៥​ កញ្ញា​ ២០១៥​
ក្រុមជនភៀសខ្លូួន ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​​ដោយនគរបាល​ហុងគ្រី ​បន្ទាប់​ពីពូក​គេ​បាន​ផ្លោះរបង​ព្រំ​ដែន​ធ្វើ​ពី​បន្លាលួស ថ្ងៃ​ទី​​១៥​ កញ្ញា​ ២០១៥​ REUTERS/Dado Ruvic

សូម​បញ្ជាក់​ថា ​ខុស​ពី​ក្រូអាស៊ី ​ស្លូវ៉េនី​ គឺ​ជា​សមាជិក​សហភាព​អឺរ៉ុប​ហើយ ​ហើយ​ជា​សមាជិក​តំបន់​ចរាចរ​សេរី​ឆិនហ្គិន​ទៀត។ ដូច្នេះ​មាន​ន័យ​ថា ​បើ​កាលណា​ជន​ភៀស​ខ្លួន ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​អាច​ចូល​ទៅ​ដល់​ស្លូវ៉េនី ​នោះ​ពួក​គេ​អាច​ឆ្លង​ទៅ​ប្រទេស​តំបន់​ឆិនហ្គិន​ផ្សេង​ទៀត ​បាន​ដោយ​សេរី។ ​អ្វីដែល​ធ្វើ​ឲ្យ​ស្លូវ៉េនី​មាន​ការ​ប្រុង​ប្រយ័ត្ន ​មួយ​ទៀត​គឺ​ថា ​ស្លូវ៉េនី​ជា​ប្រទេស​ដ៏​តូច​ ហើយ​មាន​ប្រជាជន​ប្រមាណ​តែ​ជាង​២លាន​នាក់​តែ​ប៉ុណ្ណោះ។ ដូច្នេះ ​ការ​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​រាប់​ម៉ឺន​នាក់​ ចូល​ដោយ​គំហុក ​ អាច​បង្ករ​ជា​បញ្ហា​ធ្ងន់ធ្ងរ។

ដោយឡែក​​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ ​បាន​ថ្លែង​ពី​ប្រទេស​តួកគី​មក​ថា ​ អាល្លឺម៉ង់ ​នឹង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ ដោយ​យក​សម្លេង​ភាគ​ច្រើន ​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់​ ទទួល​យក​ជន​ភៀស​ខ្លួន ​ទៅ​តាម​ការ​កំណត់​កូតា។ លោក​បន្ថែម​​ថា ​អាល្លឺម៉ង ​​មាន​គម្រោង​ទទួល​ជន​ភៀស​ខ្លួន ​ប្រហែល​១លាន​នាក់ ​ប៉ុន្តែ​មាន​នរណា​ខ្លះ​ជួយ​អាល្លឺម៉ង់​វិញ?

បច្ចុប្បន្ន​នេះ​ ប្រទេស​ដែល​ប្រកែក​ដាច់​អហង្ការ​ មិន​ព្រម​ទទួល​យក​កូតា ​គឺ​មាន​ ហុងគ្រី ​ឆេក​ ប៉ូឡូញ ​ដាណឺម៉ាក ​និង​ស្លូវ៉ាគី​ជាដើម។ ដោយឡែក​ រដ្ឋមន្ត្រី​មហាផ្ទៃ​សហភាព​អឺរ៉ុប ​នឹង​ជួប​ប្រជុំ​គ្នា ​នៅ​ថ្ងៃ​២២​កញ្ញា។ ចំណែក ​កិច្ច​ប្រជុំ​កំពូល​វិសាមញ្ញ ​របស់​ប្រមុខ​រដ្ឋាភិបាល​សមាជិក​អឺរ៉ុប ​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​បន្ទាប់​ នៅ​ក្រុង​ប្រ៊ុយសែល ​ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​ជន​ភៀស​ខ្លួន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ