អានតួអត្ថបទ
ONU-ជនភៀសខ្លួន-UE

ONU អនុញ្ញាត​ឲ្យ​អឺរ៉ុប ​ចាត់​វិធានការ​​បង្រ្កាប​ទូក​ដឹក​ជន​ភៀស​ខ្លួន​ឆ្លង​សមុទ្រ

ជិត​មួយ​ឆ្នាំ​មក​ហើយ ​ដែល​​សហភាព​អឺរ៉ុប ព្យាយាម​រក​ដំណោះស្រាយ ដើម្បី​បង្ក្រាប ក្រុម​ឈ្មួញ ដែល​រកស៊ី ដឹក​ជញ្ជូន ជន​ភៀស​ខ្លួន ឆ្លង​សមុទ្រ​ម៉េឌីទែរ៉ាណេ ពី​ប្រទេស​លីប៊ី មក​កាន់ ដែន​ដី អ៊ីតាលី។ ទើបតែ​នៅ​ថ្ងៃ​សុក្រ ម្សិលមិញ ក្រុម​ប្រឹក្សា​សន្តិសុខ អង្គការ​សហ​ប្រជា​ជាតិ បាន​បោះឆ្នោត សម្រេច ​ផ្តល់​ភ្លើង​ខៀវ ​ឲ្យ​ក្រុម​កម្លាំង​ចម្រុះ របស់​សហភាព​អឺរ៉ុប ដោយ​អនុញ្ញាត​​ឲ្យ​ធ្វើ​ប្រតិបត្តិការ ឆែកឆេ​ រឹបអូស ​រឺ​កម្ទេច​ទូក​របស់​ពួក​ឈ្មួញខុសច្បាប់​ នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​​ចន្លោះ​ពី ​លីប៊ី ​មក​អ៊ីតាលី។

ទូក​ពោង​ដែល​ឈ្មូួញ​ប្រើ​ដឹក​ជនភៀសខ្លួន​ ចេញ​ពីឆ្នេរ​លីប៊ី ទៅកាន់​អ៊ីតាលី ថ្ងៃទី ២៩​ កញ្ញា ២០១៥
ទូក​ពោង​ដែល​ឈ្មូួញ​ប្រើ​ដឹក​ជនភៀសខ្លួន​ ចេញ​ពីឆ្នេរ​លីប៊ី ទៅកាន់​អ៊ីតាលី ថ្ងៃទី ២៩​ កញ្ញា ២០១៥ REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ ​សមាជិក​១៤​ ក្នុង​ចំណោម​១៥​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ បាន​សម្រេច​បោះឆ្នោត​ អនុញ្ញាតិ​ ឲ្យ​កម្លាំង​ចម្រុះ​របស់​អឺរ៉ុប​ អាច​ចេញ​ប្រតិបត្តិការ​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​​ ដើម្បី​បង្រ្កាប​ ការ​ដឹក​ជញ្ជូន​ជន​ភៀសខ្លួន​ដោយ​ខុស​ច្បាប់។ កម្លាំង​ចម្រុះ​នេះ ​មាន​នាវា​ល្បាត​របស់​បារាំង​ ​អង់គ្លេស​ អ៊ីតាលី ​អាល្លឺម៉ង់ ​និង​អេស្ប៉ាញ។ គំនិត​នៃ​ការ​ចេញ​ប្រតិបត្តិការ ​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន ​ឆ្លង​សមុទ្រ​ម៉េឌីទែរ៉ាណេ​នេះ ​គឺ​ជា​ការ​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​អង់គ្លេស​ ហើយ​ត្រូវ​គេ​ដាក់​នាម​ថា ​ប្រតិបត្តិការ​សូហ្វយ៉ា ​ដើម្បី​រំលឹក​ដល់​ឈ្មោះ​ក្មេង​ស្រី​ម្នាក់​ ដែល​ជា​ជនភៀស​ខ្លួន​ ស្លាប់​ដោយ​លង់​ទឹក។

 
យោង​តាម​ខ្លឹមសារ​នៃ​បេសកកម្ម​នេះ ​ក្រុម​កម្លាំង​ចម្រុះ ​នឹង​មាន​សិទ្ធិ​ស្រប​ច្បាប់ ​ក្នុង​ការ​ចាប់​ឆែកឆេរ​ ទូក​នាៗ ​ដែល​គេ​មាន​ការ​សង្ស័យ​ថា​មាន​ដឹក​ជន​ភៀស​ខ្លួន ​បន្ទាប់​មក​គេ​អាច​រឹបអូស​ ​រឺ​បំផ្លាញ​ចោល។ ជន​ភៀស​ខ្លួន​ នឹង​ត្រូវ​ជួយ​សង្រ្គោះ ​ហើយ​ដឹក​បញ្ជូន​ទៅ​កាន់​អ៊ីតាលី ​ដើម្បី​ឲ្យ​ពួក​គេ​ រៀប​ចំ​ សំណុំ​បែប​បទ​ សុំ​សិទ្ធិ​ជ្រកកោន។ តែ​យ៉ាង​ណា​ក៏​ដោយ ​ប្រតិបត្តិការ​ដែល​អនុញ្ញាត​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ ​មាន​ដែន​កំណត់​ធំៗ ​ពីរ​ គឺ​ទី​មួយ​ គឺ​វា​មាន​សុពលភាព​តែ​រយៈ​ពេល​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ ​ហើយ​ទី​ពីរ​ គឺ​គេ​អាច​អនុវត្ត​បាន ​តែ​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​ ចន្លោះ​ពី ​លីប៊ី​ ទៅ​អ៊ីតាលី​ទេ។ ដែន​ទឹក​ស្ថិត​ក្នុង​អធិបតេយ្យ​របស់​លីប៊ី ​គេ​មិន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ទេ ​ដោយសារ​តែ​លីប៊ី ​នៅ​មិនទាន់​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដែល​អាច​ចុះ​ហត្ថលេខា​យល់​ព្រម​នៅ​ឡើយ។

វ៉េណាហ្ស៊ុយអេឡា ​ដែល​ជា​ប្រទេស​តែ​មួយ​គត់​ ដែល​បាន​បោះឆ្នោត​បដិសេធ​បេសកកម្ម​នេះ ​ បាន​បន្ទោស​ថា ​គេ​មិន​អាច​បញ្ឈប់​ដំណើរ​មក​ដល់​ របស់​ជន​ភៀស​ខ្លួន ​ ដោយ​គ្រាន់​តែ​បិទទ្វារ​ យាមកាម​តឹតរឹង​តាម​ព្រំដែន  ​វា​គ្រប់គ្រាន់​នោះ​ទេ។ យ៉ាង​ណា​មិញ ​លោក​ ទូត​អង់គ្លេស ​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ទទួល​ស្គាល់​ថា ​បេកសកម្ម​នេះ ​ វា​ជា​ចំណែក​មួយ​តូច​ ប៉ុណ្ណោះ ​ក្នុង​ការ​ទប់​លំហូរ​ ជន​ភៀស​ខ្លួន​ដែល​នាំគ្នា​សម្រុក​មក​អឺរ៉ុប។ ដំណោះ​ស្រាយ​ចំបង​ គឺ​វា​ស្ថិត​នៅ​តាម​ប្រទេស​ដើម ​ស៊ីរី​ និង​អ៊ីរ៉ាក់ ​ ដែល​កំពុង​តែ​ឆាបឆេះ​ ដោយ​សង្រ្គាម។

បើគិត​ចាប់​ពី​ដើម​ឆ្នាំ ​២០១៥​នេះ ​ មាន​ជន​ភៀស​ខ្លួន​ប្រមាណ​ជា​ ៥សែន​នាក់​ ដែល​បាន​នាំគ្នា​ផ្សង​ជីវិត​ ធ្វើ​ដំណើរ​មក​សុំសិទ្ធិ​ជ្រក​កោន​នៅ​អឺរ៉ុប។ ក្នុង​ចំណោម​នោះ​ មាន​ជាង​៣ពាន់​នាក់​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ​ដោយសារ​តែ​លេច​ទូក ​នៅ​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ។ ក្រុម​ឈ្មួញ ​ដែល​ឆក់​ឱកាស​ចលាចល​នយោបាយ​នៅ​លីប៊ី ​បាន​បង្កើត​ជា​បណ្តាញ ​រកស៊ី​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន​ តាម​ទូក​រខេក​រខាក ​ គ្មាន​គិត​អាសូរ​ពី​សុវត្ថិភាព ​និង​អាយុ​ជីវិត​របស់​ជន​ភៀស​ខ្លួន។ បើទោះ​បី​ជា​បេសកកម្ម​ របស់​កម្លាំង​ចម្រុះ​អឺរ៉ុប ​មិនមែន​ជា​មធ្យោបាយ ​ដ៏​ល្អ​ ក្នុង​ការ​ទប់​ស្កាត់​លំហូរ​ជន​ភៀស​ខ្លួន​ក៏​ដោយ​ចុះ ​ ក៏​ប៉ុន្តែ​បេសកកម្ម​នេះ ​នឹង​អនុញ្ញាត​ឲ្យ​គេ​ អាច​ជួយ​សង្រ្គោះ​ជីវិត​ជន​ភៀស​ខ្លួន ​បាន​ទាន់​ពេល​វេលា ​មុន​នឹង​ទូក​ពួក​​គេ​ត្រូវ​រលក​បោកបក់​ពន្លឹច​ក្នុង​សមុទ្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ