អានតួអត្ថបទ

ប្រមុខការទូតរុស្ស៊ី រាយការណ៍ ជូន​អ្នកតំណាងរាស្ត្រ អំពី​ប្រតិបត្តិការ​រុស្ស៊ី នៅស៊ីរី

គឺក្នុងក្របខ័ណ្ឌ “ម៉ោង​រដ្ឋាភិបាល” នៅ​សភា​ឌូម៉ា ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស រុស្ស៊ី Serguei Lavrov ឡើង​ថ្លែង ថ្ងៃ​១៤​តុលា នៅពី​មុខ​ពួក​អ្នក​តំណាងរាស្ត្រ អំពី​ស្ថានការណ៍​លើ​ឆាក​អន្តរជាតិ និង​អំពី​ការខំប្រឹងប្រែង​របស់​ក្រសួង​គាត់ ការពារ​ផលប្រយោជន៍ សហព័ន្ធ​រុស្ស៊ី។ ប្រធានបទ​ចម្បង នៃ​សុន្ទរកថា​គាត់ គឺ ការវាយប្រហារ​នៃ​កង​អាកាស​រុស្ស៊ី ទៅ​លើ ​ទីតាំង​ពពួក​ក្រុម​ភេរវនិយម នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម ពួក​ដែល​ឥឡូវ នាំ​គ្នា​គំរាម​សងសឹក​រុស្ស៊ី​វិញ។

លោក Sergei Lavrov ប្រមុខ​ការទូត​រុស្ស៊ី ពន្យល់​សភា​អំពី​ប្រតិបត្តិការ​រុស្ស៊ី​នៅ​ស៊ីរី
លោក Sergei Lavrov ប្រមុខ​ការទូត​រុស្ស៊ី ពន្យល់​សភា​អំពី​ប្រតិបត្តិការ​រុស្ស៊ី​នៅ​ស៊ីរី REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

ក្នុងបទអន្តរាគមន៍ខ្លួន លោកប្រមុខ​ការទូត​រុស្ស៊ី លើក​ឡើង​អំពី​ការចូលរួម​របស់​កង​អាកាស​រុស្ស៊ី ក្នុង​ការប្រយុទ្ធ​ទល់​នឹង​ភេរវនិយម​នៅ​ស៊ីរី អំពី​ការខំប្រឹងប្រែង​ក្នុង​ពេល​ជា​មួយ​គ្នា​របស់​រុស្ស៊ី រកដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ឲ្យ​វិបត្តិ​នៅ​ស៊ីរី អំពី​ការសហការ​របស់​រុស្ស៊ី ជាមួយ​បណ្តា​ប្រទេស​ខាង​លិច​ក្នុង​បញ្ហា​នេះ។ តាមប្រសាសន៍​គាត់ រុស្ស៊ី​ត្រូវ​តែ​ទប់​មហិច្ឆតា​វាតទី​និយម មិន​គ្រាន់​តែ​នៅ​អឺរ៉ុបខាង​កើត និង តំបន់​ដើម​បូព៌ា​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ តាម​ភូមិភាគ​ឯ​ទៀត​នៃ​ផែនដី។

 
គាត់សង្កត់ធ្ងន់ថា ការប្រយុទ្ធ​ទល់​នឹង​ភេរវនិយម គឺ​ជា​អាទិភាព។ លោក Lavrov កត់​សម្គាល់​ថា ភាពសកម្ម​រុស្ស៊ី​ខាង​នយោបាយ​ក្រៅ​ប្រទេស ត្រូវ​មាន​លក្ខណៈ​សម្បូណ៍​បែប ហើយ​មិន​អាច​ភ្ជុង​តែ​នៅ​ទ្វីប​អឺរ៉ុប​សុទ្ធសាធ។

ស្របនឹងរបៀបរបបដែលមាន បន្ទាប់​ពី​សុន្ទរកថា​ខ្លួន លោក​ប្រមុខ​ការទូត​រុស្ស៊ី មាន​កាតព្វកិច្ច ឆ្លើយ​នឹង​សំនួរ​ចោទ​មួយ​ម្តងៗ ដោយ​មេដឹកនាំ​នៃ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ទាំង​៤ ដែល​មាន​អាសនៈ​ប្រចាំ​នៅ​សភា​ឌូម៉ា។ ជាបង្ហើយកិច្ច រដ្ឋមន្ត្រី​ការបរទេស ធ្វើ​អត្ថាធិប្បាយ អំពី​បទអន្តរាគមន៍ នៃ​តំណាងរាស្ត្រ​ទាំងនោះ។

គួរនិយាយថា ថ្ងៃពុធនេះ យោធា​របស់​ក្រុង​វ៉ាស៊ីនតោន ដែល​ដឹកនាំ សម្ព័ន្ធ​៦០​ប្រទេស វាយ ប្រហារ​ទៅ​លើ​ទីតាំង ពពួក​ក្រុម​ភេរវនិយម​នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី​ដែរ តាមវីដេអូ​ខុនហ្វេរិន បន្ត​ការពិភាក្សា​ជាមួយ​ពួក​យោធា​រុស្ស៊ី ដើម្បី​ចៀសវាង​កុំ​ឲ្យ​យន្តហោះ​ខ្លួន ក្នុង​ប្រតិបត្តិការ​នេះ​ប៉ះ​ទង្គិច​គ្នា​ក្នុង​លំហ​អាកាស​ឡើយ។

ម៉្លោះហើយ បាន​ជា​ឥឡូវ ទាំង​រុស្ស៊ី ទាំង​អាមេរិក ត្រូវ​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម គម្រាម សងសឹក វិញ។ ថ្លែងថ្ងៃ ១៣តុលា អ្នកនាំពាក្យ របស់​អង្គការ​រដ្ឋអ៊ីស្លាម​នោះ ឈ្មោះ Abou Mohamed al- Adnani បាន​ដាក់​ទំនាយ​ឲ្យ “រុស្ស៊ី​ធ្លាក់​ក្នុង​បរាជ័យ” និង​បាន​អំពាវនាវ​អ្នក​កាន់សាសនា​អ៊ីស្លាម នៅ​គ្រប់​ទិសទី ឲ្យ​ងើប​ឡើង​ប្រឆាំ​ងរុស្ស៊ី និង អាមេរិក។ មុនពេលនេះ មេដឹកនាំនៃ​រណសិរ្ស al-Nosra ឈ្មោះ Abou Mohammad al-Jolani អំពាវនាវ ពួក​មូស្លីម​នៃ​តំបន់​ភ្នំ​កូកាស ឲ្យ​គាំទ្រ​ប្រជាជន​ស៊ីរី ក្នុង​ន័យ​ថា “បើ​កងទ័ព​រុស្ស៊ី​សម្លាប់​បណ្តាជន​យើង យើង​ត្រូវ​តែ​សម្លាប់​បណ្តាជន​រុស្ស៊ី​ដែរ បើ​កងទ័ព​រុស្ស៊ី សម្លាប់​ពួក​ទាហាន​យើង យើង​ត្រូវតែ​សម្លាប់​ពួក​ទាហាន​រុស្ស៊ី​ដែរ !៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ