ទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកកាសែត មានអាយុពីរឆ្នាំ
២វិច្ឆិកា ២០១៣-២០១៥ ថ្ងៃនេះជាខួបពីរឆ្នាំគត់ដែលអ្នកយកការណ៍ពិសេសរបស់វិទ្យុបារាំងអន្តរជាតិ ត្រូវបានជនមិនស្គាល់មុខចាប់ខ្លួននិងបន្ទាប់មកធ្វើឃាត នៅក្បែរក្រុងគីដាល់ ប្រទេសម៉ាលី។ ពីរឆ្នាំក្រោយ ដំណើរការអង្កេតហាក់ដូចជាគ្មានការជឿនលឿនទៅមុខសោះ ប៉ុន្តែក៏ជាឱកាសដែលពិភពលោកត្រូវប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកកាសែតជាលើកទីពីរ។
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី ២វិច្ឆិកា ២០១៣ វិទ្យុបារាំងអន្តរជាតិបានបាត់បង់សហជីវិនពីររូប ដែលបានចុះទៅយកការណ៍ដោយផ្ទាល់នៅប្រទេសម៉ាលី។ ដោយសារស្នាដៃរបស់ពួក អាម៉ី បណ្តាញភេវជនអាល់កៃដានៅម៉ាក្រេប។ ថ្ងៃ២វិច្ឆិកា បានបន្សល់ទុក្ខនៅស្នាមក្រៀមក្រំសម្រាប់មិត្ត-មិត្តរួមការងារ តែក៏ជាបានក្លាយជាទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកកាសែត ស្របតាមសេចក្តីអនុម័តរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០១៣ នាឱកាសជំនួបប្រជុំលើកទី ៦៨ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកកាសែតរបស់វិទ្យុបារាំងទាំងពីរ ស្លាប់ពេលកំពុងបំពេញបេសកកម្ម។
ទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកកាសែត បានចូលជាធរមាននិងផ្លូវការ ជាលើកដំបូង នៅថ្ងៃទី ២ វិច្ឆិកា ២០១៤ និងដែលអង្គការសហប្រជាជាតិចង់បំផុសបំផុល ឱ្យបានទូលំទូលាយបំផុត ឱ្យពិភពលោក រដ្ឋាភិបាល ប្រព័ន្ធឃោសនាព័ត៌មានបែបបូរាណ-ទំនើប អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល បានស្គាល់ និងលើកតម្កើងទិវានេះ។ ផ្តល់តម្លៃជាទិវាអន្តរជាតិ ព្រោះអង្គការសហប្រជាជាតិចង់ជំរុញឱ្យរដ្ឋជាសមាជិក ខិតខំធ្វើគ្រប់យ៉ាង ការពារមិនឱ្យមានអំពើហិង្សា ឬបើមាន ត្រូវតែបញ្ជូនជនឧក្រិដ្ឋទៅឱ្យតុលាការកាត់ទោសតាមច្បាប់ និងធានាបរិយាកាសសមស្របសម្រាប់ឱ្យអ្នកសារព័ត៌មានបំពេញការងារបាន ដោយឯករាជ្យ និងដោយគ្មានការជ្រៀតជ្រែក។
បើតាមអង្គការអ្នកយកការណ៍គ្មានព្រំដែន អ្នកកាសែតចំនួន ៧១៨នាក់ ត្រូវបានគេសម្លាប់ ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ និង១៣៤នាក់ គិតចាប់ត្រឹមពីការធ្វើឃាតអ្នកកាសែតវិទ្យុបារាំងមក។ ប៉ុន្តែ ជាង៩០%នៃឧក្រិដ្ឋកម្មលើអ្នកកាសែតនៅលើពិភពលោក មិនត្រូវបានបំភ្លឺ ឬ មិនអាចវែកមុខនាំដល់ការដាក់ទោសតាមផ្លូវតុលាការទេ។ ករណីអ្នកសែតរបស់វិទ្យុបារាំងយើងទាំងពីររូបក៏ដូចគ្នា ការអង្កេតបានចាប់ផ្តើម១៨ខែហើយ ដំណើរការតុលាការស្មុគស្មាញ ពីរឆ្នាំកន្លងផុតគេនៅតែពុំទាន់អាចដឹងបាននៅឡើយថាតើ ស្លាប់ដោយរបៀបណា ក្នុងកាលៈទេសៈណា នរណាជាជនដៃដល់ ជនណាជាអ្នកចេញបញ្ជា …
គ្មានការផ្តន្ទទោស គឺដូចជាជំរុញឱ្យឃាតករចង់ធ្វើទៀត ! នៅប្រទេសខ្លះ គេអាចសម្លាប់អ្នកកាសែត ដោយងាយ ព្រោះគ្មានផលវិបាកអ្វីតាមក្រោយផង។ បង្កើតទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពជាការចាំបាច់ តែដើម្បីឱ្យអំពើហិង្សាអាចចុះថយបានប្រកបដោយប្រសិទ្ធិភាព គេគួរតែបញ្ចូលការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនេះទៅក្នុងច្បាប់អន្តរជាតិ និងមានតំណាងពិសេសនៅអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការពារអ្នកកាសែត។ នេះជាការគូសបញ្ជាក់លម្អិតរបស់លោក Christophe Deloire អគ្គលេខាធិការអង្គការអ្នកយកការណ៍គ្មានព្រំដែនក្នុងថ្ងៃខួបពីរឆ្នាំ នៃទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកកាសែត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ