បក្សព័ន្ធគាំទ្រលោក បាក់បូ វាយបកចោទប្រទេសបារាំងនិងលោក Ouattara ប្រធានាធិបតីកូតឌីវ័របច្ចុប្បន្នវិញ
នៅថ្ងៃទី៣លើការជំរំជំរះទោសអតីតប្រធានាធិបតីកូតឌីវ័រនៅតុលាការព្រហ្មទណ្ឌ អន្តរជាតិនាទីក្រុងឡាអេ ឥឡូវដល់វេនចុងចោទវិញម្តងដែលគាំទ្រលោក ឡូរ៉ង់ បាក់បូ ឡើងនិយាយតវ៉ាតុលាការដើម្បីបញ្ចាក់ពីជំហររបស់ពួកគេ។ មេធាវីរបស់អតីតប្រធានាធិបតីកូតឌីវ័រ នៅថ្ងៃទី១កុម្ភៈ បានធ្វើការវាយបកចោទប្រកាន់យ៉ាងចំហរទៅលើក្រុមដ៏ទៃទៀតដែលជាប់ពាក់ព័ន្ធក្នុងវិបត្តិកូតឌីវ័រក្រោយបន្ទាប់ពីការ បោះឆ្នោតប្រធានាធិបតី នាអំឡុងឆ្នាំ២០១០-២០១១ ក្នុងនោះក៏មានប្រទេសបារាំងនិងប្រធានាធិបតីកូតឌីវ័របច្ចុប្បន្ន Alassane Ouattara ដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៥
នៅថ្ងៃចន្ទទី១កុម្ភៈ គឺដល់វេនខាងក្រុមជនជាប់ចោទវិញម្តងដែលត្រូវលើកបង្ហាញពីយុទ្ធសាស្រ្តធំៗរបស់ខ្លួនដើម្បីជំរាបជូនដល់តុលាការព្រហ្មទណ្ឌអន្តរជាតិនាអំឡុងពេលសវនាការកាត់ទោសអតីតប្រធានាធិបតីកូតឌីវ័រ លោកLaurent Bagbo ដែលមានអាយុ៧០ឆ្នាំនិងមនុស្សជំនិតម្នាក់របស់លោកដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុវជន ពីបទឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ។
គួររំលឹកថា ជនជាប់ចោទទាំងពីររូប ត្រូវជាប់ចោទពីបទប្រព្រឹត្តឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោមបទចោទប្រកាន់ធំៗចំនួន៤ដែលមាន ឃាដកម្ម ប៉ុនប៉ងធ្វើឃាត រំលោភបំពានផ្លូវភេទនិងប្រើអំពើហិង្សាបង្ក្រាប ព្រមទាំងសកម្មភាពអមនុស្សធម៌ផ្សេងៗទៀត នៅរវាងថ្ងៃទី២៧វិច្ឆិកាដល់ថ្ងៃទី១២មេសា ២០១១។ កាលនោះ លោក ឡូរ៉ង់បាក់បូ បានបដិសេធចំពោះជ័យជំនះ របស់លោកអាឡាសាន វ៉ាត់តារ៉ា នៅក្នុងការបោះឆ្នោត ប្រធានាធិបតីកូតឌីវ័រ ថ្ងៃទី២៨វិច្ឆិកា២០១០ និងក៏មិនព្រមចុះចេញពីអំណាច ដោយស្រែកទាមទារថាលោកជាអ្នកឈ្នះឆ្នោត។ កត្តានេះហើយដែលជំរុញឲ្យមានការប៉ះទង្គិចអាវុធរវាងកងកម្លាំងប្រដាប់អាវុធស្របច្បាប់កូតឌីវ័រនិងក្រុមអាវុធនិងឧទ្ទាមដែលគាំទ្រខាងលោកវ៉ាត់តារ៉ា។ សង្គ្រាមនៅកូតឌីវ័រ ក្នុងរយៈពេល៥ខែ បានបណ្តាលឲ្យមានប្រជាជន ស្លាប់ជាង៣០០០នាក់ ស្រ្តីជាង១៥០ នាក់ត្រូវបានគេចាប់រំលោភ។
នៅព្រឹកថ្ងៃចន្ទទី១កុម្ភៈ លោក Emmanuel Altit មេធាវីរបស់លោក Laurent Bagbo បាន ថ្លែងបញ្ជាក់ពីជំហរយ៉ាងច្បាស់របស់លោក ដោយ បានវាយប្រហារចោទប្រកាន់បកទៅលើរូបលោកប្រធានាធិបតីកូតឌីវ័របច្ចុបុ្បន្ននិងបក្សព័ន្ធបស់លោកវិញ ដោយអះអាងថា លោកវ៉ាត់តារ៉ា បានគ្រោងការណ៍គិតទុកជាមុន ក្នុងការធ្វើសង្គ្រាមដើម្បីដណ្តើមយកអំណាចមកកាន់កាប់នៅក្រោមកណ្តាប់ដៃរបស់លោក។
លោកមេធាវី Emmanuel Altit ថែមទាំងបានស្តីបន្ទោសផងដែរដល់លោកស្រី Fatou Bensouda រដ្ឋអជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI ថាមិនបានធ្វើដឹងឮ អំពីសកម្មភាព ហិង្សាព្រៃផ្សៃនានាដែលបានបង្កឡើងដោយក្រុមប្រដាប់អាវុធស្និទ្ធនឹងលោក វ៉ាត់តារា និងតួនាទីរបស់បារាំងនៅក្នុងវិបត្តិកូតឌីវ័រ។ មេធាវីរបស់លោកឡូរង់បាក់បូរ បានចោទទីក្រុងប៉ារីស ថាបានផ្គត់ផ្គង់សព្វាវុធឲ្យដល់កងកម្លាំងស្និទ្ធនឹងលោកវ៉ាត់តារ៉ាក៏ព្រមទាំងបានជួយគាំទ្រនៅក្នុងការវាយលុក ទោះបីជាមានការដាក់ទណ្ឌកម្មពីអសបក៏ដោយក្តី រហូតដល់ លោកបាក់បូ បានធ្លាក់ចេញពីអំណាចនៅខែមេសាឆ្នាំ ២០១១។
មេធាវីរបស់លោកឡូរ៉ង់ បាក់បូ បានធ្វើសេចក្តីសន្និដា្ននចោទថា “បារាំង មិនចង់បានសន្តិភាពមួយដោយការចរចាឡើយនៅក្នុងវិបត្តិកូតឌីវ័រ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ