ទស្សនកិច្ចគួរឲ្យចាប់អារម្មណ៍នៃលោកនាយករដ្ឋមន្ត្រីហុងគ្រីនៅរុស្ស៊ី
ថ្ងៃ១៧កុម្ភៈនេះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន ទទួលជួបចរចា ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អ័របាន់ ដែលបំពេញទស្សនកិច្ចការងារនៅម៉ូស្គូ ជាចម្លើយតបនឹងទស្សនកិច្ចដែលលោកូទីនបានបំពេញនៅក្រុង ប៊ុយដាប៉េស កាលពីមួយឆ្នាំមុនគត់ គឺថ្ងៃ១៧ កុម្ភៈ ឆ្នាំ២០១៥។ អ្វីដែលគេកត់សម្គាល់គឺថា ទោះបីហុងគ្រី ចូលជាសមាជិកសហភាពអឺរ៉ុបតាំងពីឆ្នាំ ២០០៤ ក្តី ក៏លោកនាយករដ្ឋមន្ត្រីហុងគ្រីបច្ចុប្បន្ននេះ រមែងប្រកាន់គោលជំហរម្ចាស់ការណ៍ខ្លួនឯងមិនមែនចេះតែស្តាប់តាមបង្គាប់ក្រុង ព្រុចសែល ឡើយ។ ឧទាហរណ៍ គាត់ធ្វើទស្សនកិច្ចនៅរុស្ស៊ីជាប្រទេសកំពុងជាប់ក្នុងទណ្ឌកម្មសហភាពអឺរ៉ុបតែម្តង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៤
តាមដែលវិមានក្រេមឡាំងប្រកាសឲ្យដឹងនាកិច្ចចរចាថ្ងៃនេះ ប្រមុខរដ្ឋទាំងពីរ លើកយកទៅពិភាក្សា គឺទស្សនវិស័យនៃការពង្រីកចំណងពាណិជ្ជកម្ម-សេដ្ឋកិច្ច ,ច្រានឲ្យទៅមុខ តទៅទៀត គម្រោងរួមក្នុងវិស័យថាមពលនិងបច្ចេកវិជ្ជាឈានមុខ High Tech។ ក្នុងន័យនេះ គូភាគី ពិនិត្យមើល ដំណើរបំពេញតាមកិច្ចព្រមព្រៀងសរុបទៅចំនួន៥ ច្បាប់ដែលត្រូវបានចុះមួយឆ្នាំមុន ជាលទ្ធផលនៃទស្សនកិច្ចលោកប្រធានាធិបតីរុស្ស៊ីពូទីន នៅហុងគ្រី បែបយ៉ាង កិច្ចព្រមព្រៀងស្តីអំពីការបណ្តុះបណ្តាលបុគ្គលិកហុងគ្រីសម្រាប់ធ្វើការក្នុងវិស័យថាមពលបរមាណូ។
កាលពីមួយឆ្នាំមុន នៅក្រុង ប៊ុយដាប៉េស លោកប្រមុខរដ្ឋរុស្ស៊ី ពូទីននិងនាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អ័របាន់ បានពិភាក្សាត្រួសៗជាមុនទៅហើយ អំពីគម្រោងសាងសង់រុស្ស៊ី នៅហុងគ្រី ជា រ៉េអាក់ទ័រនុយក្លេអ៊ែរពីរទៀតនៅនឹងស្ថានីយអគ្គសនីបរមាណូដែលត្រូវបាន សង់ឡើងនៅហុងគ្រីតាំងពីជំនាន់សហភាពសូវៀតម៉្លេះដើរដោយរ៉េអាក់ទ័រ នុយក្លេអ៊ែរ ចំនួន ៤ នីមួយៗ មានកម្លាំងភ្លើង ៤៤០ MegaWatt ដែលធានាបានដល់ទៅ ៤០% នៃថាមពលអគ្គិសនីផលិតបានក្នុងប្រទេសនោះ។
ចំណែក រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីពីរ ដែលទំនើបជាងវានឹងមានកម្លាំងភ្លើងនីមួយៗគឺដល់ទៅ ១.២០០ MegaWatt។ សម្រាប់សាងសង់ រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីពីរនេះ ក្នុងតម្លៃ ១២.៥០០លានអឺរ៉ូ រុស្ស៊ីត្រៀមឲ្យហុងគ្រីខ្ចី គឺឥណទានក្នុងទឹកប្រាក់ ១០.០០០លានអឺរ៉ូ ដើម្បីហុងគ្រីសងមករុស្ស៊ីវិញ ក្នុងរយៈពេល រហូតដល់ឆ្នាំ២០២៥ ដោយយកការប្រាក់ ក្នុងកម្រិត មិនលើស៤,៩៥%ឡើយក្នុង១ឆ្នាំ។
បើនិយាយពីផ្នែកពាណិជ្ជកម្មវិញ ដោយមកពីទណ្ឌកម្មបស្ចិមលោកទល់នឹងរុស្ស៊ី និងមកពី ទណ្ឌកម្មបកទៅវិញពីខាងរុស្ស៊ី តាមស្ថិតិរបស់ភាគីហុងគ្រីផ្ទាល់ ក្នុង១០ខែដំបូងនៃឆ្នាំ២០១៥ កន្លងទៅ ទំហំផ្តោះប្តូរពាណិជ្ជកម្មរវាង ហុងគ្រីនិងរុស្ស៊ី បានធ្លាក់ចុះអស់សឹង៥០% មកនៅត្រឹម ៤.៥០០លានដុល្លារប៉ុណ្ណោះ ម៉្លោះហើយបានជា លោក វិកទ័រ អ័របាន់ យល់ថា ល្មមដល់ពេលលុបទណ្ឌកម្មទៅវិញទៅមកទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ