អានតួអត្ថបទ

តួកគី​កាត់ទោស​អ្នកកាសែត​ប្រឆាំង​ពីរ​រូប​ដោយ​បិទទ្វារ

នៅ​​ថ្ងៃសុក្រទី ២៥​មីនា ២០១៦ តុលាការ​តួកគី​ បាន​បើក​សវនាការ​ កាត់​ទោស​អ្នកកាសែត​របស់​សារព័ត៌មាន​ប្រឆាំង​ពីរ​នាក់ដ៏​ល្បីល្បាញ​ ដោយ​បិទ​ទ្វារ។ ចាប់​ខ្លួន​បាន​ពី​បទ​ចារកិច្ច និង​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ កាន ដុនដារ Can Dündar និពន្ធនាយក​កាសែតCumhuriyet និង​អេដេម ហ្គូល Erdem Gül ធ្លាប់​បានសរសេរ​​ កាលពី​ឆ្នាំ​២០១៤ ផ្សព្វផ្សាយព័ត៌មាន​ដ៏​រសើប​ទាក់ទង​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​​។

លោក Can Dündar និង​Erdem Gül នៅ​មុខ​ទី​ស្នាក់ការ​កាសែតCumhuriyet ក្រុុង​អង់ការ៉ា ថ្ងៃ​ទី ២៦​កុម្ភៈ២០១៦
លោក Can Dündar និង​Erdem Gül នៅ​មុខ​ទី​ស្នាក់ការ​កាសែតCumhuriyet ក្រុុង​អង់ការ៉ា ថ្ងៃ​ទី ២៦​កុម្ភៈ២០១៦ OZAN KOSE / AFP
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​កាត់​ក្តី​អ្នក​កាសែត​ពីរ​រូប​នេះបាន​ក្លាយ​ជា​និម្មិតរូប​នៃ​ការ​រឹត​បន្តឹង​ដាក់​គំនាប​លើ​អ្នក​សារព័ត៌មានរបស់​តួកគី និង​ប្រព្រឹត្ត​ទៅ​ ចំពេល​ដែល​មាន​ការ​បង្ក្រាប​យ៉ាង​តឹង​តែង លើ​ប្រព័ន្ធ​សារព័ត៌មាន ៖ បណ្តេញ​អ្នក​កាសែត​បរទេស​ និង​ដាក់​កាសែត​មួយ​ឈ្មោះ Zaman ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​រដ្ឋាភិបាល។

ក្នុង​បទចោទ​ប្រកាន់​ចារកិច្ច​ លួច​ទម្លាយ​ការ​សម្ងាត់​រដ្ឋ ប៉ុនប៉ង​ធ្វើ​​រដ្ឋប្រហារ និង​ផ្តល់​ជំនួយ​ដល់​អង្គការ​ភេរវនិយម អ្នកកាសែត​ទាំង​ពីរ​អាច​នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

 
កាលពី​ដើម​ឆ្នាំ២០១៤ ​អ្នក​កាសែតទាំងពីរ បាន​ចុះ​ផ្សាយ ​នៅក្នុង​ទំព័រ​​សារព័ត៌មាន Cumhuriyet ថា​មាន​រថយន្ត​កាមីញ៉ុង​ជា​ច្រើន​របស់​ភ្នាក់ងារ​សម្ងាត់​តួកគី បាន​ដឹក​​អាវុធ​ជា​ច្រើន​ទៅ​ឱ្យ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​នៅ​ស៊ីរី។

នៅ​ពេល​នោះ ប្រធានាធិបតី​តួកគី បាន​ប្រកាស​ភ្លាម​ថា ជនដែល​ផ្សាយ​ព័ត៌មាន​នេះ នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់ធ្ងរ និង​បាន​ដាក់​ពាក្យ​បណ្តឹង​ ជា​លក្ខណៈ​បុគ្គល​​ប្រឆាំង​នឹង​នាយក​ការិយាល័យ​និពន្ធ​របស់​កាសែតភ្លាម។ លោក​ប្រធានាធិបតីថែម​ទាំង​បាន​សំឡុត​ចង់​​រំលាយ​ស្ថាប័ន​តុលាការ​ធម្មនុញ្ញ​ទៀត នៅ​ពេល​​តុលាការ​ចង់​ផ្តល់​សេរីភាព​ដល់​អ្នក​កាសែត​ទាំងពីរ​ ក្រោយ​ចប់​រយៈពេល​ឃុំឃាំង​បណ្តោះអាសន្ន។

ជា​និពន្ធ​នាយករបស់កាសែតតាំង​ពី​ឆ្នាំ​២០១៣​មក កាន ដុនដារ (៥៥​ឆ្នាំ) នៅ​តែ​បន្ត​សរសេរ​​ទៀត បើ​ទោះ​បី​នៅក្នុង​ពន្ធនាគារក៏​ដោយ ក្នុង​ទស្សនៈ​ដដែល គឺ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី​ផង ប្រឆាំង​នឹង​សហភាព​អឺរ៉ុប ដែល​បណ្តោយ​ឱ្យ​ក្រុង​អង់ការ៉ា​ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ។ លោកបាន​ចាត់​ទុក​សវនការ​នេះ​គឺ​ជា​ផ្សព្វផ្សាយ​នយោបាយ​ការបរទេស​។ សៀវភៅ​មួយ​ដែល​លាត​ត្រដាង​​ភស្តុតាងបញ្ជាក់​អំពី​អ្វី​ដែលលោក​បាន​សរសេរ​ក្នុង​ទំព័រ​កាសែត នឹង​ត្រូវ​ចេញលក់​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ