អានតួអត្ថបទ
តួកគី

តួកគី នៅលើ​ផ្លូវ​ប្រជាធិបតេយ្យ ឬ​កំពុង​ឈាន​ទៅរក​របបផ្តាច់ការ​របស់​ប្រធានាធិបតី?

ក្រុមប្រទេស​លោកខាងលិច ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​តួកគី កាលពី​ថ្ងៃ​ចន្ទ បាន​សំដែង​ការអបអរ​ផង និង​ក្តីបារម្ភ​ផង ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​តួកគី បន្ទាប់ពី​គណបក្ស​កាន់​អំណាច AKP​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន ទទួល​បាន​សំឡេង​ឆ្នោត​ភាគច្រើន ដើម្បី​ដឹកនាំ​ប្រទេស​តែ​ម្នាក់​ឯង។ លោក​អ៊ែរដូហ្កាន មាន​បំណង​ផងដែរ ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី បង្កើន​​អំណាច​ប្រធានាធិបតី នៅ​ប្រទេស​តួកគី។ 

ក្រុមអ្នកគាំទ្រ​គណបក្ស​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន អបអរ​ជ័យជំនះ នៅក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត ថ្ងៃចន្ទ ទី ២ វិច្ឆិកា ២០១៥
ក្រុមអ្នកគាំទ្រ​គណបក្ស​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន អបអរ​ជ័យជំនះ នៅក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត ថ្ងៃចន្ទ ទី ២ វិច្ឆិកា ២០១៥ REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​បោះឆ្នោត នៅតួកគី បាន​បង្ហាញ នៅថ្ងៃ​ចន្ទ ថា គណបក្ស​AKP របស់​លោក​ប្រធានាធិបតី​រេសេប តាយីប អ៊ែរដូហ្កាន បាន​ទទួល​សំឡេង​ឆ្នោត ភាគច្រើន ដែល​នឹង​អាច​ដឹកនាំ​ប្រទេស​តែ​ម្នាក់​ឯង។ គណបក្ស​ AKP បាន​ទទួល​សំឡេង​ឆ្នោត ភាគច្រើន គឺ ដល់ទៅ ៤៩,៣ នៃ​សំឡេង​ឆ្នោត​សរុប។ ពោលគឺ​គណបក្ស​កាន់អំណាច​នឹង​ទទួល​បាន​អាសនៈ​ចំនួន ៣១៦ ក្នុង​ចំណោម​អាសនៈ​សរុប ៥៥០​អាសនៈ នៅ​សភា។ ជា​ចំនួន​ភាគច្រើន ដែល​នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​ AKP​អាច​ចូលបង្កើត​រដ្ឋាភិបាល​តែម្នាក់ ឯង ដោយ​មិនចាំបាច់​ត្រូវ​ចរចា​ជាមួយ​គណបក្ស​ដទៃ។

 
លោក Josh Earnest អ្នកនាំពាក្យ​របស់​សេតវិមាន បាន​សំដែង​ការអបអរ​របស់​អាមេរិក ដែល​ឃើញ​ប្រជាជន​តួកគី​ទៅ​ចូលរួម​បោះឆ្នោត ប៉ុន្តែ ជាមួយគ្នា អាមេរិក បារម្ភ​ពីការបិទ​សិទ្ធិ សេរីភាព បញ្ចេញ​មតិ ជាពិសេស​សិទ្ធិ​របស់​អ្នកកាសែត។ កាលពី​ថ្ងៃ​ចន្ទ ប៉ូលិស​តួកគី​បាន​ចាប់ខ្លួន និពន្ធ​នាយក​របស់​ទស្សនាវដ្តី មួយ​ដែល​បានសរសេរ​ចាត់ទុក ជ័យជំនះ​របស់​គណបក្ស​របស់​លោក​អ៊ែដូហ្កាន ជា​ការចាប់ផ្តើម​នៃសង្រ្គាម​ស៊ីវិល។

អ្នកដឹកនាំ​គណប្រតិភូ​សភា​អឺរ៉ុប ដែល​តាមសង្កេតការណ៍​បោះឆ្នោត​នៅ​តួកគី បាន​និយាយ​ថា យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​បាន​ធ្វើ​ឡើង ដោយ​មិនយុត្តិធម៌ និង​ក្នុង​បរិយាកាស ដ៏​ភ័យខ្លាច​មួយ។ នៅប៉ុន្មាន​ថ្ងៃ​មុន​ការបោះឆ្នោត ប៉ូលិស​តួកគី បាន​ចូល​ទៅ​បិទ​ទូរទស្សន៍​ចំនួន ពីរ របស់​ក្រុមប្រឆាំង ដែល​កំពុង​ផ្សាយ​បន្តផ្ទាល់។

ដោយ​លើក​យក​បញ្ហា​អសន្តិសុខ នៅ​ក្រោយ​អំពើ​ភេរវកម្ម ដែល​សម្លាប់​ក្រុម​បាតុករ ជាង ១០០​នាក់ ដែល​រដ្ឋាភិបាល​ទម្លាក់​កំហុស​ទៅលើ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម អាជ្ញាធរ​តួកគី​បាន​ហាម​គណបក្ស​ប្រឆាំង មិន​ឲ្យ​ធ្វើការ​ជួបជុំ​នយោបាយ នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត។ លើសពីនោះ គេ​នៅ បាន​សំគាល់​ឃើញ អសមភាព នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។ នៅក្នុង​ខែ​តុលា តែ​មួយ លោក​អ៊ែដូហ្កាន ដែល​កាន់កាប់​ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋ និង​ឯកជន បាន​និយាយ​ឃោសនា តែម្នាក់ ដល់​ទៅ ២៩​ម៉ោង នៅពេល​គណបក្ស​AKP​របស់​លោក​វិញ មាន​ពេល​ដល់ទៅ ៣០ម៉ោង។ ចំណែក គណបក្ស​ប្រឆាំង​វិញ គឺ​មាន​យ៉ាងច្រើន តែ ៥ម៉ោង។ គណបក្ស​គាំទ្រ​គួដ មាន​ពេល​និយាយ​នៅ​ទូរទស្សន៍​ជាតិ មិនដល់ ២០​នាទីផង ក្នុង​រយៈពេល មួយខែ តុលា។

បង្កើតភាពតានតឹង និង​គំរាម​ពី​អសន្តិសុខ បើសិន​គណបក្ស​កាន់អំណាច​ចាញ់ឆ្នោត
មាន​ហេតុផល​មួយចំនួន​ដែល​ធ្វើ​គណបក្ស​ AKP ត្រលប់មក​ឈ្នះឆ្នោត ច្រើន​ឡើង​វិញ។ ទីមួយ គឺ​គណបក្ស​ AKP បាន​ប្រមូល យក​បាន​មកវិញ សំឡេង​ឆ្នោត ជាង ៣លាន ដែល​ AKP​បាន​បាត់ នៅក្នុង​ការបោះឆ្នោត កាលពី​៥​ខែមុន។ កាលពី​ខែ​មិថុនា​មុន ម្ចាស់​ឆ្នោត ជាង ៣​លាន​នាក់ ដែល​ធ្លាប់​តែ​គាំទ្រ គណបក្ស​កាន់អំណាច ធ្លាប់​បាន​ប្តូរចិត្ត​ទៅ​បោះឆ្នោត ឲ្យ​គណបក្ស​ប្រឆាំង គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន គាំទ្រ​គួដ ដែល​បានផ្ញើសារ សន្យា ផ្តល់​សេរីភាព និង​ប្រជាធិបតេយ្យ​ដល់​ប្រជាជន​គួដ។ ប៉ុន្តែ ពួកគេ​ទាំងនោះ បាន​ត្រលប់​មក​ប្តូរចិត្ត សាជាថ្មី នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ។ បញ្ហា​អសន្តិសុខ និង​អស្ថិរភាព​នយោបាយ គឺ​ជា​ហេតុផល​ចំបង ដែល​ធ្វើ​ឲ្យ​ប្រជាជន​តួកគី​ត្រលប់​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​កាន់អំណាច AKP។ អ្នកវិភាគ​មួយចំនួន នៅ​ហ៊ាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​អ៊ែរដូហ្កាន បង្កើត​ភាពតានតឹង យកលេស​បញ្ហា អសន្តិសុខ នៅក្នុង​ប្រទេស មក​ធ្វើ​ជា​យុទ្ធសាស្រ្ត នយោបាយ អូសទាញ​សំឡេងឆ្នោត​ពី​ប្រជាជន។

នៅក្នុង​រយៈពេល​តែ ៥​ខែ​ចុង​ក្រោយ​នេះ តួកគី បាន​ជួប​បញ្ហា​អសន្តិសុខ ជាច្រើន ដូចជា​អំពើ​ភេរវកម្ម នៅ​ពាក់កណ្តាល​ខែ​តុលា ដែល​បាន​សម្លាប់​ក្រុមបាតុករ ដែល​ដើរ​ហែ​ក្បួន​បាតុកម្ម សន្តិភាព។ ដោយ​ត្រលប់​ទៅ​បើក​ការវាយ​ប្រហារ ជាថ្មី ទៅលើ​ក្រុមឧទ្ទាម គួដ PKK ដែល​កំពុង​ចរចា​សន្តិភាព​ជាមួយខ្លួន គណបក្សAKP បង្កើត​បរិយាកាស​មិនល្អ​មែន ប៉ុន្តែ បាន​អូសទាញ​សំឡេង ពី​ក្រុម​គាំទ្រ​របស់​គណបក្ស​ជាតិនិយម ដែល​ប្រឆាំង មិន​ចង់​ឲ្យ​ជនជាតិ​គួដ រស់នៅ​ក្នុង​ប្រទេស​តួកគី។

មួយវិញទៀត គណបក្ស​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន ដែលគាំទ្រ​ក្រុម​គួដ បាន​បាត់​សំឡេង​ទៅវិញ អស់ ៣​ភាគរយ នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃ​អាទិត្យ ក៏ដោយសារ​តែ​ប្រជាជន​តួកគី មិនពេញចិត្ត​នឹង​ការណ៍​ដែល​ក្រុមឧទ្ទាម​គួដ ដែល​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន​គាំទ្រ​នោះ បើក​ការវាយប្រហារ​ទៅលើ​ប៉ូលិស​តួកគី​ដែរ។

លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន នៅ​តែ​ស្រមៃ​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ
វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជាបំណងប្រាថ្នា តែមួយ របស់​លោក​អ៊ែរដូហ្កាន ដែល​សុខចិត្ត​លះបង់​តំណែង​នាយករដ្ឋមន្រ្តី មកធ្វើ​ជា​ប្រធានាធិបតី អាស្រ័យ​រដ្ឋធម្មនុញ្ញ កាលពី​ឆ្នាំ ២០១៤។ នៅ​តួកគី ប្រធានាធិបតី​មាន​តំណែង​ត្រឹម កិត្តិយស ប៉ុន្តែ គ្មាន​អំណាច និង​បង្កើត​ច្បាប់​នោះទេ។ លោក​អ៊ែដូហ្កាន មិនដែល​លាក់​មហិច្ឆតា​របស់លោក ដែល​ចង់​ឲ្យ​មាន​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រឹង​អំណាច​ប្រធានាធិបតី​នោះទេ។ តាម​រយៈ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លោក​អ៊ែរដូហ្កាន​ចង់​ឲ្យ​មាន​របប​ប្រធានាធិបតី​នៅតួកគី ដូច​នៅ​អាមេរិក ឬ​បារាំង ដែល​នៅទីនោះ ប្រធានាធិបតី​មាន​សិទ្ធិ​ដឹកនាំ​ប្រទេស ប៉ុន្តែ មិនមែន​ជា​ប្រធានាធិបតី​ទីងមោង​នោះទេ។

សកលវិទូ​ជាច្រើន​បាន​លើកឡើង​ថា ទោះជា​កាន់​តំណែង​ប្រធានាធិបតី​ ត្រឹម​កិត្តិយស មែន ប៉ុន្តែ លោក​អ៊ែរដូហ្កាន​កំពុង​គ្រប់គ្រង​រួចហើយ ទាំង​ប៉ូលិស តុលាការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ដូច្នេះ គេ​បារម្ភថា នៅពេល​គេ​អាច​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ នោះ លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង ហើយ​នឹង​បង្ក្រាប​រាល់​ក្រុម​ដែល​ប្រឆាំង នឹង​លោក។

គណបក្ស​កាន់អំណាច​អាច​ត្រលប់មក​បង្កើត​រដ្ឋាភិបាល​តែម្នាក់ ដឹកនាំ​ប្រទេស​តែម្នាក់​ឯង បាន​មែន ប៉ុន្តែ គណបក្ស​AKP មិន​អាច​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​នោះទេ។ ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធ្មនុញ្ញ គេត្រូវការ​សំឡេង​អ្នកតំណាងរាស្រ្ត ដល់ ទៅ ២​ភាគ ៣​ឯណោះ។

តាំង​ពី​ល្ងាច​ថ្ងៃ​អាទិត្យ លោក​នាយករដ្ឋមន្រ្តី​តួកគី បាន​ប្រកាស​អំពាវនាវ​ឲ្យ​គណបក្ស​រួបរួម​គ្នា ដើម្បី​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ គណបក្ស​ប្រឆាំង ទំនង​ជា​នឹង​មិន​ចូលរួម​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​នឹង​បង្កើន​អំណាច​ប្រធានាធិបតី ដែល​ចាំតែ​មាន​ឱកាស​ដើម្បី សំពង​បង្រ្កាប​ក្រុមប្រឆាំង​នឹង​ខ្លួន​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ