អានតួអត្ថបទ

ក្រោយ​ភេរវកម្ម​នៅអង់ការ៉ា តួកគី​​ប្រឈម​មុខ​នឹង​​ភាព​ប្រេះឆា​​​នយោបាយ​ផ្ទៃក្នុង​​

​តួកគី​បាន​ប្រកាស​​​កាន់​ទុក្ខ​ថ្នាក់​ជាតិ​រយៈ​ពេល​បី​ថ្ងៃ ​ចំពោះ​ភេរវកម្ម​នៅ​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃ​សៅរ៍។ ចំនួន​មនុស្ស​ស្លាប់ បាន​ឡើង​ដល់​ ៩៦​នាក់ និង​របួស​ជាង​២៤០​នាក់ ! នេះ​បើ​តាម​តុល្យការថ្មី​​បណ្តោះអាសន្ន​របស់​រដ្ឋាភិបាល។ ក្រៅ​អំពី​សេចក្តី​ថ្លែងការណ៍​ដ៏​ប្រុង​ប្រយ័ត្ន​ អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​គ្នា​ ​ប្រធានាធិបតី​តួកគី ដែល​ធ្លាប់​តែ​បាន​វោហា​ ហាក់​បាន​ដក​ខ្លួន​ មិនសូវ​​ចេញ​មុខ​មាត់​យ៉ាង​ចម្លែក​ខុស​ពី​សព្វ​មួយ​ដង។ នៅ​ថ្ងៃ​ចន្ទ​នេះ ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ជា​ច្រើន បានបង្កើន​ការ​ចោទ​ប្រកាន់លើ​​លោក​ អែរដូហ្កាន់ ​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ភេរវកម្ម ដោយ​យក​បញ្ហា​សន្តិសុខ​មកធ្វើ​ជា​អាវុធ​ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាជន​​ ដើម្បី​យក​ចំណេញ​នយោបាយ ខណៈ​ដែល​ការ​បោះឆ្នោត​សភា​ថ្ងៃទី​១​វិច្ឆិកា កាន់​តែ​ខិត​មក​ដល់។

ពលរដ្ឋ​តួកគី​នាំ​គ្នា​ឧទ្ទិស​វិញ្ញណក្ខន្ត​ដល់​ជន​រងគ្រោះ​ភេរវកម្ម​ នៅ​ក្រុង​អង់ការ៉ា
ពលរដ្ឋ​តួកគី​នាំ​គ្នា​ឧទ្ទិស​វិញ្ញណក្ខន្ត​ដល់​ជន​រងគ្រោះ​ភេរវកម្ម​ នៅ​ក្រុង​អង់ការ៉ា REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

 

ប្រធានាធិបតី​តួកគី លោក អែរដូហ្កាន់ បាន​បរិហារ​អំពើ​ភេរវកម្ម​នៅ​អង់ការ៉ា កាលពី​ថ្ងៃ​សៅរ៍​នេះ​ថា ជា​ទង្វើ​គួរ​ឱ្យ​ស្អប់​ខ្ពើម សម្រាប់​បំបែក​បំបាក់​ឯកភាព​ជាតិ និង​សន្តិភាពតួកគី។ ចំណែក​នាយក​រដ្ឋមន្ត្រី​វិញ បាន​ប្រកាស​ថា​ គេ​មាន​ភស្តុតាង​ច្បាស់​លាស់​បញ្ជាក់​ថា​ភេរវកម្ម​នេះ​បង្ក​ឡើង​ដោយ​អត្តឃាតជន​ពីរ​នាក់។ ​ដោយ​គ្មាន​ក្រុម​ណា​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ស្នាដៃ​ភេរវកម្មរបស់​ខ្លួន អាជ្ញាធរ​តួកគី បាន​សន្និដ្ឋាន ថា​អាចជា​​ទង្វើ​របស់​​បី​ក្រុម ៖ បក្ស​ពលករ​គួឌីស្តង់ (PKK) ស្និទ្ធនឹង​​គណបក្ស​ប្រឆាំង ដែល​រដ្ឋាភិបាល​ចាត់​ទុកជាពួក​ឧទ្ទាម​ភេរវនិយម  -​ គណបក្ស​បដិវត្ត​រំដោះ​ប្រជាជន ដែល​ជា​បក្ស​ឆ្វេង​និយម​ជ្រុល និង​ចុងក្រោយ​ដែល​រដ្ឋាភិបាល​សំលឹង​ជា​អាទិភាព​ជាង​គេ​ គឺ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

ប៉ុន្តែ​​សម្មតិកម្មរបស់​អាជ្ញាធរ​នេះ​មិន​សូវ​គួរ​​ជឿ​ទេ។ អ្នក​វិភាគ​នយោបាយ​ និង​ភូមិសាស្ត្រ​នយោបាយ​ជា​ច្រើន​យល់​ថា ថ្វី​បើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​អាច​ចេញ​ធ្វើ​ភេរវកម្ម​ដោយ​គ្មាន​រើស​មុខ រើសទីតាំង​មែន តែ​តួកគី​ទំនង​ជា​មិន​ទាន់​ដល់​ពេល​ត្រូវ​វាយប្រហារ​នៅ​ឡើយ​ទេ សម្រាប់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។ ពួក​នេះ​បើ​បាន​ធ្វើ​ហើយ​ គឺ​មិន​បង្អង់​នឹង​ប្រកាស​ជោគជ័យ​ទេ។ ការ​ចោទ​ប្រកាន់​លើ​បក្ស​ពលករ​គួឌីស្តង់ រឹត​តែ​មិន​គួរ​ឱ្យ​សោះ​តែ​ម្តង ព្រោះ​សកម្មភាព​ភេរវកម្ម​របស់​ក្រុម​នេះ​ ធ្វើ​ឡើង​សំដៅ​តែ​លើ​ក្រុម​ប៉ូលិស និង​ទាហានតួកគី​តែ​ប៉ុណ្ណោះ ស្ទើរ​ពុំ​ដែល​មាន​សោះ​ការ​វាយប្រហារ​ប្រឆាំង​នឹង​ជនស៊ីវិល កណ្តាល​ហ្វូង​មនុស្ស។ ម្យ៉ាង​វិញ​ទៀត បាតុករ​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​អង់ការ៉ា និង​ដែល​រង​គ្រោះ​​ក្នុង​ភេរវកម្ម​កាលពី​ថ្ងៃ​សៅរ៍ គឺ​ជា​ក្រុម​សកម្មជន​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​តំណាង​ស្រប​ច្បាប់​របស់​ពួក​ឧទ្ទាម​បក្ស​ប៉េកាកា។

ក្រុម​ឆ្វេង​និយម​ជ្រុល​ដែល​ធ្លាប់​ធ្វើ​ភេរវកម្ម​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៧០​មក ក៏​គ្មាន​និន្នាការ​ប្រឆាំង​នឹង​ជន​ស៊ីវិល​ដែរ។

អ្នក​វិភាគ​ជាច្រើន បែរ​ជា​បាន​លើក​ឡើង​អំពី​សេណារីយោ​ទី​បួន គឺ​មាន​ក្រុម​ស្រមោល​ខុស​ច្បាប់ បង្កប់​ខ្លួន​ក្នុង​ស្ថាប័ន​រដ្ឋ​ ក្នុង​ជួរ​ទាហាន ឬ​ប៉ូលិស ដែល​អាច​ចេញ​ធ្វើ​សកម្មភាព​ភេរវកម្ម​ ឬ​ប្រតិបត្តិការ​ផ្សេងៗ​ដើម្បី​​ បង្ក​អស្ថិរភាព​ ... ជា​មធ្យោបាយ​សម្រាប់ពង្រឹង​អំណាច​ក្នុង​ដៃ​ស្រាប់។

បក្ស​ប្រឆាំង​បង្កើន​ការ​វាយប្រហារ​លើប្រធានាធិបតី​តួកគី

ដោយ​ហេតុ​ថា គណបក្សកាន់​អំណាច ធ្លាប់​មាន​ដៃ​ប្រលាក់​ឈាម​ ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នក​ប្រឆាំង រាប់​ទាំង​គណបក្ស​ប្រជាធិបតេយ្យ​គួឌីស្តង់​ផង អាច​ធ្វើ​ការ​រិះគន់​និង​ ចោទ​ប្រកាន់​ខ្លាំងឡើង​លើ​រដ្ឋាភិបាលបាន​យ៉ាង​ដូច្នេះ។ សម្រាប់​បក្ស​ប្រឆាំង ភេរវកម្ម​ដែលកើត​ឡើង​វាយប្រហារ​លើ​ពួក​គេ​កាលពី​ថ្ងៃ​សៅរ៍​នេះ អាច​ជា​បរាជ័យ​របស់​ភ្នាក់ងារ​សម្ងាត់ ដែល​​អសមត្ថភាព​ក្នុង​ការរក្សាសន្តិសុខ​សុវត្ថិភាពជូន​ប្រជាជន​ក្នុង​ពេល​ធ្វើ​បាតុកម្ម ឬ​ជា​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​ មក​ពី​​ភ្នាក់ងារ​ស៊ើបការណ៍​​ ​ ផ្សំ​គំនិត​​ជាមួយ​រដ្ឋាភិបាល ដើម្បី​ពន្យុះ​​សំឡេង​​ជាតិ​និយម​ឱ្យ​ឆាប​ឆេះ​ឡើង នៅ​ចំពោះ​ស្ថានការណ៍​​អសន្តិសុខ។ ដោយ​ការ​បាក់ស្បាត នយោបាយបំ​ភ័យ​ឱ្យ​ពលរដ្ឋ​ខ្លាច​ជួប​គ្រោះ​អសន្តិសុខ ជា​មធ្យោបាយ​មួយ​ដែល​រដ្ឋាភិបាល​​ ចង់​យក​ប្រើ​ជា​អាវុធ សម្រាប់​រក្សា​​អំណាច​ឱ្យ​នៅ​ជាប់​ក្នុង​ដៃ​បន្ត​ទៀត និង​ចំណេញ​ទាំង​នយោបាយ​ការ​បរទេស​ទៀត ព្រោះ​សូម​កុំ​ភ្លេច​ថា តួកគី​មាន​ទី​តាំង​ភូមិសាស្ត្រ​ជា​យុទ្ធ​សាស្ត្រ រវាង​អឺរ៉ុប-អាស៊ី អឺរ៉ុប​-ដើម​បូព៌ា។ អឺរ៉ុប​ត្រូវ​ការ​ឃើញ​តួកគី​មាន​ស្ថិរភាព។

នៅ​​សល់​តែ​បី​សប្តាហ៍​ទៀត​ប៉ុណ្ណោះ តួកគី​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​សភា​​ជា​ថ្មី។ គឺ​ជា​ការ​បោះឆ្នោត​មុន​កាល​កំណត់​ដ៏​សំខាន់​ ក្នុង​ការ​សម្រេច​ជោគវាសនា​អនាគត​រដ្ឋាភិបាល​តួកគី។ ព្រោះ​កាលពី​ថ្ងៃ​ទី ៧​ ​មិថុនា ក្នុង​សម័យ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ គណបក្ស​អភិរក្ស​របស់​លោក អែរដូហ្កាន់ ជា​លើក​ទី​មួយ​ ក្នុង​ប្រវត្តិ​កាន់​អំណាច​ជាង​១៣​ឆ្នាំ មិន​អាច​ដណ្តើម​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត សម្រាប់​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។ នេះ​ក៏​​ដោយ​សារ​ការ​ស្ទុះ​ឡើង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​​​គួឌីស្តង់។ ​បើ​តាម​ការ​ស្ទង់​មតិ ប្រសិន​បើ​ក្រុម​គួដឌីស្តង់ បន្ត​នយោបាយ​សម្រប​សម្រួល​គ្នា ក្រុម​ប៉េកាកា លែង​ធ្វើ​ការ​វាយប្រហារ​ទៀត នោះ​ក្រុម​អភិរក្ស​របស់​លោក​ប្រធានាធិបតី​ទំនង​ជា​នឹង​ត្រូវ​បន្ត​បាត់​បង់​សំឡេង​​នៅ​ក្នុង​សភា​ហើយ នៅ​ថ្ងៃទី​១​វិច្ឆិកា។ ផ្ទុយ​ទៅ​វិញ ថ្វី​បើ​រដ្ឋាភិបាល​រង​ការ​រិះគន់​ខ្លាំង​អំពី​ភាព​កំខ្សោយផ្នែក​រក្សា​សន្តិសុខមែន តែ​​បើ​អំពើ​ហិង្សា​​នៅ​តែ​បន្ត​គំរាម​កំហែង​ ​ចលនា​ឯកភាព​ជាតិ ​​នឹង​ងាក​ទៅ​​គាំទ្រ​គណបក្ស​កាន់​អំណាច ដោយ​ចៀសមិន​​បំផុត ដើម្បី​ពង្រឹង​​សន្តិសុខជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ