អានតួអត្ថបទ

សម្តេច​ប៉ាប​ទៅ​ក្រិក​ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ​ជន​អន្តោប្រវេសន៍

សម្តេច​ប៉ាប ហ្វ្រង់ស័រ បាននិមន្ត​ទៅ​ដល់​ កោះ Lesbos ​ ប្រទេស​ក្រិក​តាំងពី​ព្រលឹម នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បីសម្តែង​សាមគ្គីធម៌​ដល់​ប្រជាពលរដ្ឋ​ក្រិក​ផង ដើម្បី​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​ជន​អន្តោប្រវេសន៍​ផង និង​ដើម្បី​ដាស់​សតិ​ស្មារតី​អឺរ៉ុបផង។ ដំណើរ​ទស្សនកិច្ច​ខ្លី​នេះ បាន​ធ្វើ​ឱ្យ​គេ​នឹង​ឃើញ​សោកនាដកម្ម​នៅ​កោះ​ឡំបេឌូសា Lampedusa កាលពី​ខែ​កក្កដា ២០១៣ ឆ្នាំ​ដែល​វិបត្តិ​អន្តោប្រវេសន៍ បាន​ផ្តើម​ផ្ទុះ​ឡើង មនុស្ស​​ទាំង​ទូកៗ​បាន​ប្រថុយ​ស្លាប់​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ព្រោះចង់​ភៀស​ខ្លួន​ឆ្លង​មក​អឺរ៉ុប។ ប៉ុន្តែ​ តាំង​ពី​ពេល​នោះ​មក វិបត្តិ​អន្តោប្រវេសន៍​​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​​​អឺរ៉ុបកាន់​តែ​​ប្រេះឆា​។

ស្ត្រី​ជនភៀស​ខ្លួន នៅ​កោះLesbos ប្រទេសក្រិក ​ថើបគោរព​សម្តេច​ប៉ាប​ ថ្ងៃទី ១៦ មេសា ២០១៦
ស្ត្រី​ជនភៀស​ខ្លួន នៅ​កោះLesbos ប្រទេសក្រិក ​ថើបគោរព​សម្តេច​ប៉ាប​ ថ្ងៃទី ១៦ មេសា ២០១៦ REUTERS/Filippo Monteforte
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប នៅកោះ​ក្រិក ឡេបូស មាន​រយៈ​ពេល​តែ​ប្រមាណ​៥​ម៉ោង​ប៉ុណ្ណោះ ! ប៉ុន្តែ​​មាន​អត្ថន័យ​បំផុត ព្រោះកោះ​ឡេបូស​បាន​រែក​ពន់​បន្ទុក​អន្តោប្រវេសន៍​លើ​ស្មា ជំនួស​អឺរ៉ុប​ទាំង​មូល ហើយ​ចំពោះ​​សម្តេច​ប៉ាប តាំង​ពី​បាន​ឡើង​កាន់​​តំណែង​ជា​សម្តេច​សង្ឃ​កាតូលិក នៅ​ឆ្នាំ​២០១៣ មក​បាន​ចាត់​ទុក បញ្ហា​ “អន្តោប្រវេសន៍ និង​ជន​ភៀស​ខ្លួន” ជា​អាទិភាព​សំខាន់​មួយ​​របស់​បូរី​វ៉ាទីកង់។

 

សាមគ្គីភាព​ជាមួយ​ជនភៀស​ខ្លួន

នៅ​ថ្ងៃ​នេះ ក្រៅ​​ពី​បាន​ទទួល​ស្វាគមន៍​ដោយ​នាយក​រដ្ឋមន្ត្រី​​ក្រិក ដល់​ព្រលាន​យន្ត​ហោះ សម្តេច​ប៉ាប អម​ដំណើរ​ដោយ​​ប្រមុខ​សង្ឃ​ក្រិក​​អ័រតូដុកពីរ​អង្គ​ បាន​យាង​និង​និមន្ត​ទៅ​ជំរំ​ជនភៀស​ខ្លួន​ Moria ដែល​មាន​ជន​អន្តោប្រវេសន៍​ប្រមាណ​ ៣ពាន់​នាក់ ជ្រកកោន​ ក្នុង​ស្ថានភាព​ដ៏​ត្រដាប​ត្រដួស​ និង​ក្នុង​អារម្មណ៍​ភ័យ​ព្រួយ​អស់​សង្ឃឹម​បំផុត។ ស្រប​តាម​កិច្ចព្រម​ព្រៀង​អឺរ៉ុប-​តួកគី ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ២០​មីនា ជន​អន្តោប្រវេសន៍ទាំង​​នេះ ​ត្រូវ​បញ្ជូនចេញ​​ទៅ​ប្រទេស​តួកគី​ ប្រសិន​បើ​មិន​បាន​ទទួល​សិទ្ធិ​ជ្រកកោន​ពី​ក្រិក។

សម្រាប់​សម្តេច​ប៉ាប ទស្សនកិច្ច​ថ្ងៃ​នេះ​ខុស​ស្រឡះ​អំពី​ទស្សនកិច្ច​ផ្សេងៗ​ទៀត ព្រោះ​មាន​បង្កប់​ទៅ​ដោយ​ទុក្ខ​ព្រួយ​ខ្លាំង​ “​យើង​ទៅ​ជួប​គ្រោះ​មហន្តរាយ​​មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ​មួយ​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​សង្គ្រាម​លោកលើក​ទីពីរ យើង​ទៅ​មើល​មនុស្ស​រាប់​ពាន់​នាក់​រង​ទុក្ខ ត្រូវ​រត់​ភៀស​ខ្លួន គ្មាន​ទិស​ដៅ ! យើង​ទៅមើល​កន្លែង​កប់​ខ្មោច ជា​សមុទ្ទ​...

​សម្តេច​បាប និង​ប្រមុខសង្ឃ​ក្រិក​ពីរ​អង្គ​ បាន​ជួប​ពិភាក្សា​ជាមួយ​ជនភៀស​ខ្លួន​ និងទទួលទានអាហារជា​មួយ​ពួក​គេ​៨​នាក់ ក្នុង​សាល​ធ្វើ​កុងទឺណឺ បន្ទាប់មក​សម្តេច​ប៉ាប​បាន​ថ្លែង​សុន្ទរកថា​ ព្រមទាំងសូត្រ​ធម៌​ឧទ្ទិស​ដល់​ជន​អន្តោប្រវេសន៍​ដែល​បាត់​បង់​ជីវិត​ព្រោះ​ចង់​​ឆ្លង​ចូល​សហភាព​អឺរ៉ុប។ សម្តេច​ប៉ាប​ក៏​បាន​ទទួល​យក​ជនភៀស​ខ្លួន​១០​នាក់​ទៅ​បូរី​វ៉ាទីកង់ ក្នុង​នោះ​៨​នាក់​ជា​ជនជាតិ​ស៊ីរី។

សហភាព​អឺរ៉ុប ព្រួយ​បារម្ភ​ នឹងការ​រិះគន់​

អ្នក​នាំ​ពាក្យ​វ៉ាទីកង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់ថា​ ដំណើរ​ទស្សនកិច្ចរបស់​សម្តេច​ប៉ាប មាន​លក្ខណៈ​មនុស្សធម៌​សុទ្ធ​សាធ និង​​​ធ្វើ​ឡើង​ដើម្បី​បុព្វហេតុការពារ​ជន​ភៀស​ខ្លួន និង​លើក​ទឹក​ចិត្ត​ដល់​វិហារ​កាតូលិក​ទាំងឡាយ​​ឱ្យ​ទទួល​យក​ជនភៀសខ្លួន​។ ប៉ុន្តែ​វត្តមាន​របស់​សម្តេច​ប៉ាប នៅ​ចំពោះ​មុខ​ជន​អន្តោប្រវេសន៍​និង​ជនភៀស​ខ្លួន ក្នុង​អតីត​ពន្ធនាគារ ដែលកែ​ជា​ជំរំ​សម្រាប់ទទួល​ជន​ភៀស​ខ្លួន​ គឺ​ជា​ដាស់​សតិស្មារតី​អឺរ៉ុប ឱ្យ​គិត​គូរ​ដល់​តម្លៃ​សីលធម៌​ដែល​ជាមូលដ្ឋាន​គ្រឹះ​របស់សហភាព​​ឡើង​វិញ​។ តម្លៃ​អឺរ៉ុប​ដែល​ធ្លាប់​ជា​ដែនដី​ទទួល​ស្វាគមន៍​ មាន​សាមគ្គី​ភាព តែ​ពេល​នេះ​សូម្បី​តែ​ក្នុង​រង្វង់​វិហារ​កាតូលិក ក៏​ពិបាក​ផង។

កាយវិការ​របស់​សម្តេច​ប៉ាបនេះ ទោះ​ចង់​ឬ​មិន​ចង់ ត្រូវ​តែ​ មាន​ទម្រង់ និង​តម្លៃ​​ជា​នយោបាយ ​ដោយ​ចៀស​មិន​ផុត ដែល​អាច​រំខាន​ដល់​គ្រិស្តសានិកជន​ផង និងដល់​​វិហារ​កាតូលិក​ទាំង​អស់របស់​អឺរ៉ុប​ផង។ ជាពិសេស​សម្រាប់​វិហារ​នៅ​​ប៉ូឡូញ និង​ហុងគ្រី​ ដែល​មើល​ឃើញ​វិបត្តិ​អន្តោប្រវេសន៍​ថា​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​ និង​ជា​ការ​គំរាម​កំហែង​​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស។

សហភាព​អឺរ៉ុប​ទាំង​មូល ​បាន​សរសើរ​​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប នៅ​កោះ​ក្រិក​នេះ ថា​បានចូល​រួម​ចំណែក​​ជំរុញ​មតិ​សាធារណៈ​ឱ្យ​ទទួល​ជនភៀសខ្លួន​មែន ​ប៉ុន្តែ​រដ្ឋាភិបាល​​ប្រទេស​ជា​សមាជិក​នីមួយៗ មាន​ការ​​រអៀស​ចិត្ត​ខ្លាំង ​ព្រោះ​ខ្លាច​​សម្តេចប៉ាប ហ្វ្រង់ស័រ ល្បី​ខាង​មាន​សង្ឃដីកាចំៗ ស្តី​បន្ទោស​​ត្រូវ​​ប្រទេស​ខ្លួន។ វ៉ាទីកង់​ តាម​រយៈ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ ជាប់​រិះគន់​ជា​សាធារណៈ​រួច​មក​ហើយ កិច្ចព្រមព្រៀង​អឺរ៉ុប​តួកគី​ ច្រាន​ជនភៀស​ខ្លួន​ទៅ​នៅ​ជំរំ​ក្នុង​ប្រទេស​តួកគី។

សាមគ្គីភាពកាតូលិក​និង​អ័រតូដុក

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប គ្រាន់​តែ​ជា​ការ​រំលឹក​មេរៀន និង​កាតព្វកិច្ច របស់​មនុស្សជាតិ ដោយ​ដាស់​សតិអឺរ៉ុប​ដែល​ប្រេះឆា ដែល​អសមត្ថភាពឱ្យ​ភ្ញាក់​ខ្លួន​ឡើង​វិញ។ ​​សម្តេច​និមន្តទៅ​​​ឡេបូស មិន​មែនដោយ​កាន់​មក​ជាមួយ​នូវ​ផែនទី​ចង្អុល​ផ្លូវ​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍​ឱ្យ​អឺរ៉ុប​ទេ។ ម្យ៉ាង​ទៀត នេះ​មិន​មែន​ជា​តួនាទី​របស់​សម្តេច​ឡើយ​។

តែនៅ​មាន​ឥស្សរជន​ជាន់​ខ្ពស់​មក​ដូច្នេះ គេ​ឃើញ​មាន​តែ​ការ​បោស​សម្អាត ចាប់​ប្រមូល​ជនអន្តោប្រវេសន៍ អនាថា បញ្ចូល​ក្នុង​មជ្ឈមណ្ឌល ឬ​បញ្ចូន​ទៅ​ជំរំ​។ ហើយ​បើ​តាមអង្គការ​មនុស្សធម៌​នានា​នៅ​ផ្ទាល់​កន្លែង វត្តមាន​សម្តេច​ប៉ាប ជា​ឱកាស​ដែល​ជនភៀស​ខ្លួន​ជាប់​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង បាន​ទទួល​ការ​​យក​ចិត្ត​ទុក​ដាក់ និង​មាន​លក្ខខណ្ឌ​ជីវិតរស់​នៅ​​ប្រសើរ​បាន​ពីរ​បី​ថ្ងៃ​​ដែរ។

ក្រៅ​អំពី​ដើម្បី​មនុស្ស​ធម៌ និង​សាមគ្គីភាព ទស្សនកិច្ច​ថ្ងៃ​នេះ ក៏​ជា​ឱកាស​មួយ​សម្រាប់​បង្ហាញ​នូវ​​​បំណង​ដ៏​សំខាន់​មួយ​ទៀត គឺ​សម្រួល​ការ​ខិត​ចូល​គ្នា​រវាង​វិហារ​កាតូលិក​​និង​អ័រតូដុក។ វត្តមាន​រួម​គ្នា​ទាំង​បី​អង្គ​នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ និង​ការ​សូត្រ​ធម៌​រួម​គ្នា សម្តេច​ប៉ាប និង​ប្រមុខ​សង្ឃ​អ័រតូដុក​ក្រិក​ពី​រអង្គ ជា​លទ្ធផល​មួយ​គួរ​ឱ្យ​ពេញ​ចិត្ត បញ្ជាក់​អំពី​ភាព​ជិត​បង្កើយ​នឹង​គ្នា​ផង និង​អំពី​សាមគ្គី​ភាព​ផង។ សូម​បញ្ជាក់​ថា សម្តេច​ ហ្វ្រង់ស័រ ជា​សម្តេច​ប៉ាប អង្គទីពីរ​ដែល​យាង​មក​ក្រិក បន្ទាប់​ពី​សម្តេច​ប៉ាប ហ្សង់ប៉ូល ២ កាលពី​ឆ្នាំ​២០០១។ សម្តេច​ប៉ាប​ហ្វ្រង់ស័រ ក៏​បាន​ជួប​សម្តេច​សង្ឃ​អ័រតូដុក​​ ជា​លើកទីមួយ ​ដែល​កាលពី​ខែ​កុម្ភៈ​នៅ​គុយបា គិត​ចាប់​ពី​ឆ្នាំ​១០៥៤​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ