អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នរណា​ខ្លះអាច​ទាញ​ផល​ចំណេញ​ពី​​ការ​ប្រកួត​បាល់​ទាត់​អឺរ៉ុប​អឺរ៉ូ-២០១៦ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ខែ​ឧសភា​ឆ្នាំ​២០១០ បារាំង​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​​ជា​ប្រទេស​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​បាល់​ទាត់​អឺរ៉ុប លើក​ទី​១៥ ក្រោម​ក្តី​អំណរ​និងពេញ​ចិត្ត​​យ៉ាង​ខ្លាំង ព្រោះ​បារាំង​យល់​ថា​ព្រឹត្តិការណ៍​កីឡា​បែប​នេះជា​ថ្នាំ​បំប៉ន​កម្លាំង​សេដ្ឋកិច្ច​ជាតិ​ដ៏​ប្រពៃ។​ ចុះ​ក្នុង​ស្ថានភាព​ជាក់​ស្តែង ដែល​ប្រទេស​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ភេរវកម្ម​ខ្ពស់ តើ​បារាំង​នៅ​តែ​អាច​ទាញ​ផង​​ចំណេញ​បាន​ទៀត​ឬ ? នរណា​ជា​អ្នក​ទាញ​បាន​ប្រយោជន៍​ប្រាកដ​ពី​កីឡា​បាល់ទាត់​អឺរ៉ុប​ឆ្នាំ​២០១៦​នេះ ?

យោធា​បារាំង​ល្បាត​នៅ​មុខ​កន្លែង​ជូបជុំ​អ្នក​ស្នេហា​បាល់ទាត់​នៅ​ក្រុង​នីស ភាគ​ខាង​ត្បូង​ប្រទេស
យោធា​បារាំង​ល្បាត​នៅ​មុខ​កន្លែង​ជូបជុំ​អ្នក​ស្នេហា​បាល់ទាត់​នៅ​ក្រុង​នីស ភាគ​ខាង​ត្បូង​ប្រទេស © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកួតកីឡាបាល់ទាត់​អឺរ៉ុប ឆ្នាំ​២០១៦ ត្រូវចាប់​ផ្តើម​ពី​ថ្ងៃទី ១០ មិថុនា​នេះ​ ដល់​ថ្ងៃទី ១០ កក្កដា។ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​បារាំង​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ ទទួល​រៀប​ចំ​កម្មវិធី​កីឡា​ថ្នាក់​អឺរ៉ុប​ លើក​ទី​មួយ​​នៅ​ឆ្នាំ​១៩៦០ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​១៩៨៤។ បារាំងបាន​ទទួល​រៀប​​ចំកម្មវិធី​ច្រើន​ជាង​គេ​ ហើយ​រីករាយ​នឹង​ទទួល​បន្ទុក​នេះ។ រៀប​ចំ​ព្រឹត្តិការណ៍​កីឡាខ្នាត​អន្តរជាតិ ជា​កម្មវិធី​សប្បាយផង​ និង​នាំ​ចំណូល​ច្រើន​ មក​បំប៉ន​កម្លាំង​សេដ្ឋកិច្ច​ជាតិ​ផង។ ប៉ុន្តែ​ក្នុង​បរិបទ​ជាក់ស្តែង ជាពិសេស​ក្នុងខណៈ​ដែល​ប្រទេស​កំពុង​រង​ការ​គំរាម​កំហែង​ភេរវកម្ម​ តើ​នរណា​ជា​អ្នក​ទាញ​ប្រយោជន៍​បាន​ពិត​ប្រាកដ​ពី​បាល់ទាត់​នេះ ?!

 

ដើម្បី​អាច​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​បាល់​ទាត់​អឺរ៉ុប​នេះបាន ជា​បឋម​បារាំង​​ត្រូវ​បោះទុន​វិនិយោគ ពោល​គឺ​ត្រូវ​ចេញ​លុយ​ពី​ហោប៉ៅ។ ការ​សាងសង់​ឬ​​ជួលជុល​ កែលម្អ​ពហុកីឡាដ្ឋាន-ស្តាត ចំនួន​១០​កន្លែង​នៅ​ទូទាំង​ប្រទេស​បារាំង ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១៧០០​លាន​អឺរ៉ូ ដែល​បាន​មក​ពី​ការ​ប្រដាក់​ទុន​វិនិយោគ​ឯកជន (៦២%) និងជា​​​ថវិការដ្ឋ ៣៨% ស្មើ​នឹង​ប្រមាណ​៦៤០​លាន​អឺរ៉ូ។ បន្ថែម​លើ​នេះ​រដ្ឋ​ត្រូវ​ ៤០០លាន​សម្រាប់​​​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ក្នុង​ក្រុង​និង​ទៅ​ពហុកីឡាដ្ឋាន។

នេះ​ជា​តម្លៃ​ប៉ាន់​ស្មាន​ចំណាយ​អប្បបរិមា។ ប៉ុន្តែការ​ការពារ​សុវត្ថិភាព​និងសន្តិសុខ​ក្នុង​អំឡុង​ពេល​ប្រកួត ​អាច​នឹង​កើន​ឡើង​ខ្ពស់​ជាង​ការ​គ្រោង​ទុក​ឆ្ងាយ​ណាស់ ដោយ​ហេតុ​តែ​មាន​ការ​គំរាម​កំហែង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស។ អាជ្ញាធរ​បារាំង​បាន​បង្កើន​​មធ្យោបាយជា​អតិបរិមា​ ដើម្បីការពារ​តាម​ពហុកីឡាដ្ឋាន និង​តាម​ទី​កន្លែង​ប្រមូល​ផ្តុំ​អ្នក​ស្នេហា​បាល់ទាត់។

ជា​ចុងក្រោយ​ បារាំង​មាន​កាតព្វកិច្ច​​ មិន​យក​ពន្ធ​ពី​ក្រុម​ហ៊ុន​អ្នក​រៀប​ចំ​កម្មវិធី​កីឡា​នេះ ព្រោះ​​ជា​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​មក​ហើយ​ជា​មួយសហព័ន្ធ​​បាល់ទាត់​អឺរ៉ុប UEFA។ ពន្ធ​មាន​ទំហំ​ដល់​ទៅ​៣៨លាន​អឺរ៉ូ​ នេះ​បើ​តាម​នាយក​រៀប​ចំ​កម្មវិធី តែ​ប្រភព​ផ្សេង​ប៉ាន់​ស្មាន​​មាន​តម្លៃ​ដល់​ពី​១៥០​ទៅ​២០០​លាន​អឺរូ ដែល​​​​បារាំងបានត្រឹម​សំឡឹង​ស្រក់​ទឹក​មាត់ និង​​មិន​អាច​ប្រមូល​ចូល​ហិប​រដ្ឋ​បាន​ទេ។

ជា​សរុប ដើម្បី​អាច​ទទួល​ស្វាគមន៍ និងចាត់​ចែង​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​ឆ្នាំ​២០១៦​នេះ រដ្ឋ​បារាំង​ត្រូវ​ចំណាយ​ថវិកា​សាធារណៈ​អស់​ប្រមាណ​ពី​១ពាន់​ ទៅ​១ពាន់​លាន​កន្លះអឺរ៉ូ។ នេះ​ជា​ចំណាយ ! ចុះ​ចំណូល​?

អ្នក​ដែល​ប្រាកដ​ និង​ចាំ​តែ​ទទួល​ផល គឺ​សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប ដែល​ជា​រៀង​រាល់​បួន​ឆ្នាំ​ម្តង ចាត់​ចែង​ការ​ប្រកួត​បាល់ទាត់ និង​ប្រមូល​ប្រាក់​ចំណូល។ កាលពី​ឆ្នាំ​២០១២ កម្មវិធី​រៀប​ចំ​ធ្វើ​នៅ​អ៊ុយក្រែន​និង​ប៉ូឡូញ ​ប្រមូល​ប្រាក់​​​ស្មើ​នឹង​ប្រាក់​ចំណូលនៃ​ការ​រៀប​ចំ​​បាល់ទាត់​ទាំង​អស់​ផ្សេងៗ​ទៀត​ពេញ​មួយ​ឆ្នាំ និង​បាន​ចំណេញ​ប្រមាណ​៤២%។ អឺរ៉ូ​២០១៦​នៅ​បារាំង អាច​នឹង​មាន​ចំណូល​ខ្លាំង​ជាង​ទៅ​ទៀត។​

​ចំពោះ​ប្រទេស​បារាំង​ផ្ទាល់ ក៏​នឹង​អាច​ទាញ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​បាន​ពី​ព្រឹត្តិការណ៍​កីឡា​នេះដែរ។​ ​បើ​តាម​ការ​សិក្សា សេដ្ឋកិច្ច​​នឹង​ត្រូវ​បំប៉ោង​បាន​១២០០​លាន​អឺរ៉ូ ដែល​បាន​មក​ពីការ​ចាយ​វាយ​របស់​ទស្សនិកជន តាម​រយៈ​​​ការ​ទិញ​​សំបុត្រ​ចូល​ទស្សនា​ ​ការ​ជួល​សណ្ឋាគារ និង​ការ​ចូល​ភោជ្ជនីដ្ឋាន។ បើ​មាន​លុយ​ចូល​ច្រើន នោះ​បារាំង​ក៏​នឹង​ទទួល​បាន​ពន្ធ​លើ​តម្លៃ​បន្ថែម​ច្រើន​ដែរ។

បន្ទាប់​មក​ គឺ​ទីផ្សារ​ការងារ។ បើ​តាម​ការ​សិក្សា​ដដែល បង្ហាញ​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ ផ្តល់​ការងារ​ ​ផ្ទាល់​​ដល់​មនុស្ស​ជាង​៩៤០០០​នាក់​ និង​២​ម៉ឺន​ការងារ​ក្នុង​វិស័យ​សំណង់ ជួលជុល​ពហុកីឡាដ្ឋាន ពោល​គឺ​ស្មើ​នឹង​បង្កើត​ការងារ​បាន​​២៦០០០​ការងារ​​ពេញ​ម៉ោង​ ក្នុង​មួយ​ឆ្នាំ។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា រាល់​ការ​សិក្សា និង​អង្កេត​អំពី​ផល​វិជ្ជមាន​នៃ​ការ​រៀប​ចំ​ប្រកួត​កីឡា​លើ​សេដ្ឋកិច្ច​ធ្វើ​ឡើង​នៅ​ពេល​មុន​បារាំង​ជួប​ហេតុការណ៍​ភេរវកម្ម។ ភេរវកម្ម​កណ្តាលក្រុង​ប៉ារីស និង​នៅ​ពហុកីឡាដ្ឋានជាតិ​ កាលពី​ខែ​វិច្ឆិកា ២០១៥ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​១៣០​នាក់ បាន​បន្ទុច​បង្អាក់​សកម្មភាព​ទេសចរណ៍​បារាំង​ស្ទើរ​តែ​គាំង​ស្តូក​ស្តឹង​ទៅ​ហើយ។
បារាំង​រំពឹង​ថា​ នឹង​មាន​មនុស្ស​ម្នា​​ជាង​២​លាន​នាក់​កន្លះ​នឹងចូល​រួម​ទស្សនា​​បាល់​ទាត់ ប៉ុន្តែ​ជា​មួយ​នឹង​ការ​ព្រមាន​ភេរវកម្ម​គ្រប់​មាត់ តើ​ទស្សនិកជន​ទាំង​អស់​នឹង​មក​ជួប​តាម​ការ​ណាត់​ដែរ​ឬអត់?

ការ​សិក្សា​របស់​អាមេរិក​បាន​សង្កេត​ឃើញ​ថា ជា​ទូទៅ ប្រទេស​ជា​ម្ចាស់​ផ្ទះ​ច្រើន​តែ​សង្ឃឹម​ជ្រុលថា​នឹង​អាចទាញ​​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​ទេសចរ​ ក្នុង​ពេល​ប្រកួត​កីឡា​ ហើយ​ច្រើន​តែ​មើល​ស្រាលការ​ចំណាយ​ ជាពិសេស​​​តម្លៃ​ជួសជុល​-​សាង​សង់​ពហុកីឡាដ្ឋាន ជា​ដើម។ កំណើន​សេដ្ឋកិច្ច​ពិត ប្រសិន​មាន គឺ​ដោយ​សារ​តែ​ការ​ចាយ​វាយ​របស់​ពលរដ្ឋ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ ដែល​ឆ្លៀត​ចំណាយ​ទិញ​របស់​របរ​ប្រើប្រាស់​ដូច​ជាវិទ្យុទូរទស្សន៍​ថ្មី ដើម្បី​តាម​ដាន​ការ​ប្រកួត​បាល់​ទាត់។ ​ហើយ​​ពី​រ​បីខែ​ក្រោយ​​ ការ​បំប៉ោង​ព្រឹត្តិការណ៍​បាល់​ទាត់ នឹង​ត្រូវ​ស្ពត ដូច​ប៉េងប៉ោង​អស់​ខ្យល់​យ៉ាង​ដូច្នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ