អានតួអត្ថបទ

អង់គ្លេស​ព្រមាន​បារាំង​ពី​គ្រោះ​ភេរវកម្ម​ក្នុង​ពេល​ប្រកួត​កីឡា​បាល់ទាត់​អឺរ៉ុប

​វិបត្តិ​សង្គម​អូស​បន្លាយ បាតុកម្មហិង្សា​​ប្រឆាំង​ច្បាប់​ការងារ គម្រោង​បាតុកម្ម​របស់​ក្រុម​បុគ្គលិក​អយស្ម័យយាន ​ការ​គំរាម​កំហែង​ភេរវកម្មខ្ពស់...​ បារាំង​មាន​គ្រប់​រសជាតិ ! បារាំង​ស្ថិត​ក្រោម​សម្ពាធ​ជាង​ពេល​ណាៗទាំង​អស់ នា​​​​អំឡុង​ពេល​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​បាល់​ទាត់​អឺរ៉ុប​ Euro-2016។ ស្តាត ទីប្រជុំ​អ្នក​ស្នេហា​​បាល់ទាត់​ កន្លែង​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់ សុទ្ធ​សឹង​ជា​ចំណុច​ដៅ​​វាយប្រហារ​ភេរវកម្ម​ទាំង​អស់។ នេះបើ​តាម​ក្រសួង​ការ​បរទេស​អង់គ្លេស។

យោធា​បារាំង​ដើរ​ល្បាត​នៅ​តាម​ទីក្រុង និង​កន្លែង​ទេសចរណ៍
យោធា​បារាំង​ដើរ​ល្បាត​នៅ​តាម​ទីក្រុង និង​កន្លែង​ទេសចរណ៍ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក ​ធ្លាប់​បាន​សេចក្តី​ព្រមាន​បែប​នេះ​រួច​មក​ហើយ កាលពី​សប្តាហ៍​មុន ! ដូច្នេះ​សារ​ព្រមាន​ជា​ថ្មី​របស់​អង់គ្លេស ​នៅ​ថ្ងៃ​នេះ​ គឺ​រឹត​តែ​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ​អារម្មណ៍​ព្រួយ​បារម្ភ​ កំពុង​គ្រប​ដណ្តប់​ខ្លាំង​នៅ​បារាំង ក្នុង​អំឡុង​ពេល​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​បាល់ទាត់​អឺរ៉ុប ដែល​ត្រូវ​ចាប់​បើក​ពី​ថ្ងៃទី សុក្រ​ទី​១០មិថុនា​ដល់​ថ្ងៃទី ១០​កក្កដា ២០១៦។

“ក្នុង​អំឡុង​ពេល​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ូ Euro-2016 ស្តាត កន្លែង​ជួប​ជុំ​អ្នក​ចូល​ចិត្ត​បាល់ទាត់ Fan zones កន្លែង​បញ្ចាំង​បាល់ទាត់​លើ​ផ្ទាំង​សំពត់​ស​យក្ស មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ... សុទ្ធ​តែ​ជា​ផ្ទាំង​ស្ទីប​នៃ​ការ​វាយប្រហារ​ភេរវកម្ម” នេះ​ជា​សារ​ដែល​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​វិបសៃត៍​ក្រសួង​ការបរទេស​អង់គ្លេស។

អង់គ្លេស​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្លួន​ទាំង​អស់ រក្សា​ការ​ប្រុង​ប្រយ័ត្នខ្ពស់ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​បារាំង ប៉ុន្តែ​ការិយាល័យ​ការ​បរទេស​អង់គ្លេស​បាន​ទទួល​ស្គាល់​ថា​គ្មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់​ទាក់ទង​នឹង​គម្រោង​ធ្វើ​ភេរវកម្ម​ប្រឆាំង​បារាំង​ទេ។

សេចក្តី​ណែនាំ​របស់​អង់គ្លេស​ថ្ងៃ​នេះ មិន​មែន​ជា​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ច្បាស់​លាស់​ណា​មួយ ឬ​​ការ​គំរាម​កំហែងភេរវកម្ម​​ថ្មី ឬ​ការ​ចាប់​ខ្លួន​ភេរវជន​នៅ​អ៊ុយក្រែន​ម្សិលមិញ​ឡើយ។ នេះ​បើ​តាម​ការអះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អង់គ្លេស ដែល​បាន​ពន្យល់​បំភ្លឺ​ថា ការ​គំរាម​កំហែង​ភេរវកម្ម​នៅ​បារាំង​មាន​កំរិត​ខ្ពស់ស្រាប់ មក​ពី​បារាំង​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ពួក​អង្គការ​រដ្ឋអ៊ីស្លាម។ ទន្ទឹម​នឹង​ការ​ណែនាំ​ រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស នៅ​តាម​រថភ្លើងដែល​​រត់​ភ្ជាប់​ពី​បារាំង​ទៅ​អង់គ្លេស​ និង​នៅ​តាម​ព្រំដែន​អង់គ្លេស ក្នុង​ពេល​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​នេះ។

ការ​ប្រកួតកីឡា​បាល់ទាត់ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​អធឹកអធម​មួយ និង​អាជ្ញាធរ​សង្ឃឹមរង់ចាំ​​ទទួល​ភ្ញៀវ​ចូល​ទស្សនា​ដល់​ទៅ​៨​លាន​នាក់ ក្នុងនោះ​២​លាន​នាក់​ជា​បរទេស។​  ក្នុង​ចំណោម​សំបុត្រ​ចូល​ទស្សនា​លក់​ដាច់​អស់​២,៥លានសន្លឹក ១លាន​កន្លះ​ត្រូវ​ទិញ​ដោយ​បរទេស។ កាលពី​ថ្ងៃ​អាទិត្យ​ប្រធានាធិបតី​បារាំង​ផ្ទាល់​ក៏​បាន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​គំរាម​កំហែង​ភេរវកម្ម​មែន ! ជា​ការ​គំរាម​កំហែង​ខ្ពស់​មិន​ធ្លាប់​ឡើយ​ក្នុង​ប្រវត្តិ​រៀប​ចំ​កម្មវិធី​កីឡា​ពិភពលោក​កន្លង​មក។ នេះ​ជា​បញ្ជាក់​បន្ថែម​របស់​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​​ភេរវកម្ម​​អង់គ្លេស៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ