ជនជាតិបារាំងម្នាក់ត្រូវបានចាប់ខ្លួនក្នុងទឹកដីអ៊ុយក្រែនពីបទសង្ស័យរៀបចំភេរវកម្ម
នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋអំណាចបានប្រកាសឲ្យដឹងពីការចាប់ខ្លួនជនជាតិបារាំងម្នាក់អាយុ ២៥ឆ្នាំនៅត្រង់ចំណុចព្រំដែនរវាងប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញកាលពីដំណាច់ខែឧសភាកន្លងទៅថ្មីៗនេះ។ តាមព័ត៌មានផ្តល់ដោយឆ្មាំព្រំដែនអ៊ុយក្រែន ជនជាតិបារាំងរូបនោះមានជាប់នឹងខ្លួនគេនូវម្សៅ TNT ចំនួន ១២៥គីឡូក្រាម ព្រមទាំងអាវុធសង្រ្គាមជាច្រើនប្រភេទផ្សេងទៀត។ ចំណែកសេវាសន្តិសុខអ៊ុយក្រែនបានប្រកាសឲ្យដឹងនៅថ្ងៃចន្ទ ទី៦ មិថុនាថា កម្លាំងប៉ូលិសអ៊ុយក្រែនបានរារាំងទាន់ពេលនូវគម្រោងរៀបចំភេរវកម្មចំនួន ១៥ដង ដែលក្រុមភេរវជនត្រៀមវាយប្រហារប្រទេសបារាំងនៅមុន និងក្នុងពេលបើកការប្រកួតបាល់ទាត់អឺរ៉ុបនាថ្ងៃទី១១ មិថុនាខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣១
កាំភ្លើងអាការចំនួន ៥ដើម គ្រាប់ផ្ទុះគ្រប់ប្រភេទជាង ៥ ០០០គ្រាប់ កាំភ្លើងបាញ់រថក្រោះចំនួន ២ដើម ម្សៅ TNT ចំនួន ១២៥គីឡូក្រាម និងប្រដាប់បង្កៃបំផ្ទុះចំនួន ១០០ ទាំងអស់នេះជាគ្រឿងសព្វាវុធសង្រ្គាមដែលរដ្ឋអំណាចអ៊ុយក្រែនបានរឹបអូសពីជនជាតិបារាំងឈ្មោះ Grégoire មានអាយុ ២៥ឆ្នាំ។ លោក Vassili Gritsak ប្រធានសេវាសន្តិសុខអ៊ុយក្រែនបានឲ្យដឹងថា ជន Grégoire បានទទួលអាវុធទាំងនេះក្នុងពេលដែលគេបានទាក់ទងជាមួយក្រុមប្រដាប់អាវុធខុសច្បាប់ក្នុងទឹកដីអ៊ុយក្រែន។
យោងតាមប្រភពព័ត៌មានអ៊ុយក្រែនដដែល ជន Grégoire មានបំណងប្រើប្រាស់អាវុធដែលយកតាមខ្លួនទាំងអស់នោះដើម្បីវាយប្រហារលើទីកន្លែងសាសនាអ៊ីស្លាម និងសាសនាជ្វីហ្វ រួមទាំងទីកន្លែងសាធារណៈជាច្រើននៅក្នុងប្រទេសបារាំង។ ចំណែកក្រសួងស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានបញ្ជាក់ថា ជន Grégoire បានប្រាប់ឲ្យដឹងពីការជំទាស់របស់ខ្លួនចំពោះនយោបាយរបស់រដ្ឋាភិបាលបារាំងទាក់ទងនឹងការទទួលជនអន្តោប្រវេសន៍ ការផ្សព្វផ្សាយសាសនាអ៊ីស្លាម និងនយោបាយសកលភាវូបនីយកម្ម។
នៅខាងបារាំងវិញ រដ្ឋអំណាចបានបញ្ជាក់ថានៅមិនទាន់មានព័ត៌មានណាមួយដែលអនុញ្ញាតឲ្យសន្និដ្ឋានពីផែនការធ្វើភេរវកម្មអ្វីទេ ព្រោះជនជាតិបារាំង Grégoire មិនធ្លាប់ជាប់ឈ្មោះអាក្រក់នៅក្នុងបញ្ជីរបស់ប៉ូលិសទេ។ តែនៅពេលចុះឆែកឆេរក្នុងផ្ទះ Grégoire ប៉ូលិសបារាំងបានរកឃើញអាវយឺតមួយដែលមានសញ្ញាក្រុមស្តាំនិយមជ្រុល។ ខណៈនេះ រដ្ឋអំណាចបារាំងកំពុងដាក់ពាក្យទៅរដ្ឋអំណាចអ៊ុយក្រែនឲ្យបញ្ជូនជន Grégoire មកឲ្យបារាំង។ ទន្ទឹមគ្នានេះ បារាំងក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិត។
សេវាសន្តិសុខអ៊ុយក្រែនបានប្រកាសឲ្យដឹងនៅថ្ងៃចន្ទ ទី៦ មិថុនាថា កម្លាំងប៉ូលិសអ៊ុយក្រែនបានរារាំងទាន់ពេលនូវគម្រោងរៀបចំភេរវកម្មចំនួន ១៥ដង ដែលក្រុមភេរវជនត្រៀមវាយប្រហារប្រទេសបារាំងនៅមុន និងក្នុងពេលបើកការប្រកួតបាល់ទាត់អឺរ៉ុបនាពេលខាងមុខ។ តែមេប៉ូលិសក្រុងប៉ារីសលោក Michel Cadot បានប្រាប់ឲ្យដឹងថា លោកបានដឹងពីព័ត៌មានចាប់ជនជាតិបារាំង Grégoire ក្នុងទឹកដីអ៊ុយក្រែន តែធានាថាពេលនេះ មិនមានសញ្ញាអ្វីដែលស្តែងឲ្យឃើញពីការគំរាមភេរវកម្មវាយប្រហារក្នុងឱកាសការប្រកួតកីឡាបាល់ទាត់អឺរ៉ុបក្នុងប្រទេសបារាំងឡើយ។ ម្យ៉ាងទៀត លោកMichel Cadot ក៏បានទម្លាយឲ្យដឹងពីការបន្ថែមកម្លាំងប៉ូលិសចំនួនជាង ៣ ០០០នាក់បន្ថែមទៀតដើម្បីការពារសន្តិសុខ និងធានាសុវត្ថិភាពនៅពិធីប្រកួតបាល់ទាត់អឺរ៉ុបដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១១ មិថុនាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ