អានតួអត្ថបទ
បារាំង-បាតុកម្ម

ប៉ារីស៖៣ថ្ងៃ​មុន​បើក​ការ​ប្រកួត​បាល់ទាត់​Euro​ គ្រប់គ្នា​នៅតែ​បារម្ភ​ពី​បញ្ហា​បាតុកម្ម

នៅ​ប្រមាណតែ​៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ការ​ប្រកួត​កីឡា​បាល់ទាត់​ Euro​ នឹងត្រូវ​ចាប់ផ្តើម​បើក ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង។ ក៏​ប៉ុន្តែ​ស្ថានភាព​ក្នុង​ប្រទេស​បារាំង ​ជា​ពិសេស​ក្នុង​ទីក្រុង​ប៉ារីស​តែម្តង ​កំពុងតែធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ ដោយសារ​តែ​បាតុកម្ម​តវ៉ា​នានា ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល។ ក្រុម​សហជីព​បុគ្គលិក​ផ្លូវដែក ​នៅតែ​បន្ត​ធ្វើ​ពហិកា ​មិន​ទទួល​យក​កិច្ច​ព្រមព្រៀង​រួម ​ជាមួយ​រដ្ឋាភិបាល។ បាតុកម្ម​នេះ ​កំពុង​ធ្វើ​ឲ្យ​សេវា​ដឹក​ជញ្ជូន​តាម​រថភ្លើង​ទូទាំង​ប្រទេស ​ជួប​ការ​កកស្ទះ​មិន​ដំណើរការ​ ហើយ​វា​នឹង​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ធ្វើ​ដំណើរ ​របស់​អ្នក​មក​ចូលរួម​មើល​ការ​ប្រកួត​បាល់ទាត់។

អ្នកដំណើរឈរចាំ​កកកុញ ដើម្បី​ជិះរថភ្លើង​ទៅ​ធ្វើការ ក្នុង​តំបន់​​ក្រុង​ប៉ារីស
អ្នកដំណើរឈរចាំ​កកកុញ ដើម្បី​ជិះរថភ្លើង​ទៅ​ធ្វើការ ក្នុង​តំបន់​​ក្រុង​ប៉ារីស REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

ស្របពេល​ដែល​ទីក្រុង​ប៉ារីស ​និង​តំបន់​មួយ​ចំនួន​នៅ​ជុំវិញ ​បាន​នឹង​កំពុងតែ​ជួប​គ្រោះ​ទឹកជំនន់ ​ ក្រុម​សហជីព​នយោជិត​របស់​ក្រុមហ៊ុន​ជាតិ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ ហៅកាត់​ថា​ SNCF ​បាន​បន្ត​ធ្វើ​បាតុកម្ម​តវ៉ា​ឥត​ឈប់ឈរ។ ចរាចរណ៍​រថភ្លើង​ រឺ​មេត្រូ ​ត្រូវ​បាន​កាត់ផ្តាច់​មួយ​ផ្នែក​ដោយសារ​ទឹក​ជំនន់​ទៅហើយ ​ ប៉ុន្តែ​ត្រូវ​បូក​បន្ថែម​ជាមួយ​នឹង​បាតុកម្ម​មិន​ចូល​ធ្វើការ​របស់​បុគ្គលិក​មួយ​ភាគ​ធំ​ទៀត។

 
កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ​លោក​ប្រធានាធិបតី​បារាំង ​បាន​អំពាវនាវ​ថា​ ល្មម​ដល់​ពេល​ដែល​បាតុកម្ម​ទាំង​នេះ ​ត្រូវ​បិទ​បញ្ចប់​ហើយ។ បាតុករ​ គួរ​គិត​អាណិត​អាសូរ​ ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ ​ដែល​ត្រូវ​ចំណាយពេល​រាប់ម៉ោង​ ដើម្បី​ទៅ​ធ្វើការ ​ ដោយសារ​តែ​គ្មាន​រថភ្លើង​ជិះ ​ ហើយ​មួយ​វិញ​ទៀត​ ​វា​គឺ​ជា​ការ​សាមគ្គី​គ្នា ​ក្នុង​ពេល​ដែល​ប្រទេស​ជួប​គ្រោះ​ទឹក​ជំនន់។

សូម​បញ្ជាក់​ថា ​ក្រុម​សហជីព​ផ្លូវ​ដែក​របស់​បារាំង ​បាន​បន្ត​ធ្វើ​យុទ្ធនាការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ​ដើម្បី​ជា​ការ​ប្រឆាំង​ទៅ​នឹង​គម្រោង​កិច្ច​ព្រមព្រៀង​រួម​ ដែល​ក្រុមហ៊ុន​ជាតិ​ផ្លូវដែក​បាន​ដាក់​ចុះ។ ថ្ងៃ​កំណត់​ចុង​ក្រោយ​នៃ​ការ​ចុះ​ហត្ថលេខា​របស់​ក្រុម​សហជីព ​គឺ​នឹង​ត្រូវ​ផុត​ នៅ​ល្ងាច​ថ្ងៃ​ពុធ​ស្អែក ​ ក៏​ប៉ុន្តែ​ក្រុម​សហជីព​នៅ​តែ​ទាមទារ​ ឲ្យ​បើក​ការ​ចរចា​ជាថ្មី ​លើ​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង។

បាតុកម្ម​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ ​មិន​ត្រឹមតែ​បង្ករ​ការ​មួម៉ៅ​ក្តៅ​ក្រហាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទេ ​ ​តែ​វា​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ដល់​ការ​ប្រកួត​កីឡា​បាល់ទាត់​ពាន​រង្វាន់​អឺរ៉ុប ​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​បើក​ ក្នុង​ពេល​៣​ថ្ងៃ​ខាង​មុខ​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្រុម​សហជីព​អ្នក​បើក​យន្តហោះ ​ក៏​ទើបតែ​បាន​ដាក់​សេចក្តី​ជូន​ដំណឹង​ថា ​ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​ដែរ ​ចាប់​ពី​ថ្ងៃ​សៅរ៍​ទៅ​​ រហូត​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។ ដោយឡែក​ក្នុង​ចំណោម​រោងចក្រ​ចម្រាញ់​ប្រេង​ឥន្ធនៈ​ទាំង​៨​ នៅ​បារាំង​ មានតែ​៤​ប៉ុណ្ណោះ ​ដែល​បាន​វិល​ត្រលប់​មក​ធ្វើការ​ដូច​ប្រក្រតី​វិញ។ បន្ថែម​ពី​នេះទៀត ​សហជីព​ពលករ​ធ្វើ​ការ​ប្រមូល​សម្រាម​នៅ​តំបន់​ក្រុង​ប៉ារីស​ ក៏​បន្ត​ធ្វើ​បាតុកម្ម​ផង​ដែរ។

ប្រឈម​មុខ​នឹង​ការ​តវ៉ា ​បាតុកម្ម​ប្រឆាំង​ស្ទើរ​គ្រប់​ច្រក​ល្ហក ​ រដ្ឋាភិបាល​បារាំង​ហាក់​កំពុង​តែ​ទ័លច្រក​ដោះស្រាយ​មិនបាន។ យ៉ាងណាមិញ ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​ទូទៅ ​ប្រជាពលរដ្ឋ​បារាំង​ប្រមាណ​ជា​៥៤% ​បាន​សំដែង​ការ​មិន​យល់ស្រប ​ក្នុង​ការ​បន្ត​ធ្វើ​បាតុកម្ម​តទៅ​ទៀត ​មិន​ថា​បាតុកម្ម​របស់​សហជីព​ផ្លូវដែក ​រឺ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ការងារ​ថ្មី​ទេ។ យ៉ាងណាក៏​​ដោយ ​ក្រុម​សហជីព​ជា​ច្រើន​វិស័យ ​បាន​អំពាវនាវ​ធ្វើ​បាតុកម្ម​ធំ​ទូទាំង​ប្រទេស​ នៅ​ថ្ងៃទី​១៤ ​មិថុនា​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ