អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ស៊ីរី

លោក​ចន ឃ៊ែរី​បាន​ដំឡើង​សម្លេង​ខ្លាំងៗ​ដាក់​រុស្ស៊ី​ក្នុង​សំណុំរឿង​ស៊ីរី

នៅ​ថ្ងៃ​ពុធ ទី១៥ មិថុនា លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ចេញ​មុខ​ព្រមាន​រុស្ស៊ី​ត្រង់ៗ​ទាក់ទង​នឹង​វិបត្តិ​នយោបាយ​អូសបន្លាយ​នៅ​ស៊ីរី។ នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស លោក​ឃែរី​បាន​បញ្ជូន​សារ​ប្រាប់​រុស្ស៊ី​ថា ភាព​អត់ធ្មត់​របស់​អាមេរិក​មាន​កម្រិត​ស្តីពី​ជោគវាសនា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។

លោកប្រមុខការទូតអាមេរិកចន ឃ៊ែរី និង​សមភាគី​រុស្ស៊ី​​លោក Sergueï Lavrov
លោកប្រមុខការទូតអាមេរិកចន ឃ៊ែរី និង​សមភាគី​រុស្ស៊ី​​លោក Sergueï Lavrov REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

« រស្ស៊ី​ត្រូវ​តែ​យល់​ឲ្យ​បាន​ច្បាស់​ថា ភាព​អត់ធ្មត់​របស់​អាមេរិក​មិន​មែន​គ្មាន​ទីបញ្ចប់​ទេ ហើយ​វា​នឹង​មាន​កម្រិត​កាន់​តែ​ខ្លាំង​ថែម​ទៀត​ទាក់ទង​នឹង​សំណួរ​ដែល​ថា តើ​ប្រធានាធិបតី​ស៊ីរី​អាសាដ​ត្រូវ ឬ​មិន​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នឹង​ទង្វើ​របស់​ខ្លួន » នេះ​ជា​សារ​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​ថ្លែង​ទៅ​កាន់​ប្រទេស​រុស្ស៊ី។ សូម​ជម្រាប​ជូន​ថា អាមេរិក និង​រុស្ស៊ី​ជា​ប្រទេស​ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ស៊ីរី​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​កិច្ចចរចា​រវាង​ភាគី​រដ្ឋាភិបាល និង​ភាគី​ប្រឆាំង​ដែល​រៀបចំ​ឡើង​ដោយ​សហគមន៍​អន្តរជាតិ។

ក៏​ប៉ុន្តែ អាមេរិក និង​រុស្ស៊ី​នៅ​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ទាក់ទង​នឹង​ជោគវាសនា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ សម្រាប់​ក្រុង​វ៉ាស៊ីនតោន អាសាដ​ត្រូវ​តែ​ចុះ​ចេញ​ពី​អំណាច​ដោយ​ខាន​មិន​បាន តែ​សម្រាប់​ក្រុង​មូស្គូ​វិញ​បាន​យល់​ឃើញ​ថា ជោគវាសនា​លោក​អាសាដ​ត្រូវ​តែ​ទុក​ឲ្យ​ពលរដ្ឋ​ស៊ីរី​ជា​អ្នក​សម្រេច។ ក្រៅ​ពី​ចង់​ហៅ​លោក​អាសាដ​ឲ្យ​ចូលខ្លួន​បក​ស្រាយ​លើ​ទង្វើ​មួយ​ចំនួន លោក​ឃែរី​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​បំណង​ហៅ​ក្រុមប្រឆាំង​ស៊ីរី​ខ្លះ​ឲ្យ​បំភ្លឺ​លើ​ទង្វើ​រំលោភបំពាន​មួយ​ចំនួន ពិសេស​រំលោភ​លើ​បទ​ឈប់បាញ់។

នៅ​ដើម​ខែ​មិថុនា​កន្លង​ទៅ លោក​អាសាដ​បាន​សន្យា​ដណ្តើម​យក​ដែនដី​មួយ​សង់ទីម៉ែត្រ​ម្តងៗ​ពី​ពួក​ប្រឆាំង។ តែ​ទង្វើ​របៀប​នេះ​ត្រូវ​បាន​លោក​ប្រមុខ​ការទូត​អាមេរិក​ចាត់​ទុក​ជា​ទង្វើ​រំលោភ​បទឈប់បាញ់។ សម្រាប់​លោក​ឃែរី បទឈប់​បាញ់​កំពុង​ទទួល​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង និង​ដែល​គេ​ត្រូវ​ស្វែង​រក​បទឈប់​បាញ់​មួយ​ពិតប្រាកដ។ នៅ​ក្នុង​ន័យ​នេះ លោក​ឃែរី​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ធានា​ឲ្យ​មាន​ការ​គោរព​ត្រឹមត្រូវ​លើ​បទ​ឈប់បាញ់​នោះ។

សម្រាប់​លោក​ឃែរី មាន​តែ​ការ​គោរព​បទ​ឈប់​បាញ់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ទើប​គេ​អាច​ដឹកនាំ​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ជនស៊ីវិល​ស៊ីរី​រងគ្រោះ​ដោយសារ​សង្រ្គាម​បាន ពិសេស​អ្នករស់នៅ​តំបន់​ដាច់ស្រយាល និង​ដែល​កំពុង​ស្ថិត​ក្រោម​គ្រាប់រំសេវ​រវាង​ទ័ពរដ្ឋាភិបាល និង​ពួកប្រឆាំង។ សូម​រម្លឹក​ជូន​ថា ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​តាំង​ជាង ៥ឆ្នាំ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២៨ម៉ឺននាក់។ កិច្ចចរចា​ចំនួន ៣ដង​បន្ត​បន្ទាប់​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​តែ​មិន​គ្មាន​ដំណោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ