អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

ប្រមុខការទូត​អាមេរិក​ ចន ឃែររី បរិហារ​រុស្ស៊ី​ថា​ បង្កើន​ជំនួយ​ដល់​រដ្ឋាភិបាល​ស៊ីរី​

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមុខការទូត​អាមេរិក​ ចន ឃែររី បានចោទ​​​ប្រទេស​រុស្ស៊ី​ ថា​បាន​បង្កើន​ជំនួយ​ខ្លួន ជួយដល់​រដ្ឋាភិបាល​ស៊ីរី​ដឹកនាំ​ដោយ​លោក​អាសាដ។ ទន្ទឹម​នេះដែរ លោក​ឃែររី​បាន​គូសបញ្ជាក់​ឡើងវិញ​​​ដែរ​ថា​​ រដ្ឋាភិបាល​អាមេរិកញញើត​​​​រួញរា​​​​ក្នុងការ​​ចូលរួម​​​ជម្លោះ​​យោធា​​ ដើម្បី​​​ជួយ​ជ្រោមជ្រែង​​​​ក្រុម​ឧទ្ទាម​​ដែលប្រយុទ្ធ​ជាមួយ​កងទ័ព​​​​​លោក​អាសាដ ​នៅ​ស៊ីរី​នោះ។

ប្រមុខការទូត​អាមេរិក John Kerry
ប្រមុខការទូត​អាមេរិក John Kerry REUTERS/Evan Vucci/Pool
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក MSNBC លោក​ ចន ឃែររី ​ប្រមុខ​ការទូត​អាមេរិក​ ​បាន​ចោទ​រដ្ឋាភិបាល​រុស្ស៊ី​ថា បាន​បង្កើនជំនួយ​​ជួយរដ្ឋាភិបាល​ស៊ីរី។ ​​ ប្រមុខ​ការទូត​​​​អាមេរិក​បាន​លើកឡើងថា លោក​គិតថា ការ​ដែល​រុស្ស៊ី​បង្កើន​ជំនួយ​ជួយ​ប្រធានាធិបតី​អាសាដ​នោះ គ្មានល​ក្ខណៈ​អ្វី​ស្ថាបនា​​ទេ ចំពោះ​​ការ​ខំ​ប្រឹងប្រែង​ដែល​​ធ្វើ​​កន្លងមក ​ដើម្បី​អោយ​លោក​អាសាដ​ប្តូរ​គំនិត និង​សម្រេច​ចិត្ត​ចូលរួម​ចរចា​ពីវិបត្តិ​ស៊ីរី​​ដោយ​​សុទ្ធចិត្តនោះ។ ​លោក​ឃែររី​​​ប្រហែល​​នឹង​ជួប​ប្រមុខការទូត​រុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ នៅក្រុង​រ៉ូម ថ្ងៃ​៦មីនា​ខាងមុខ។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក​​ លោក​ឃែររី​បាន​ឆ្លៀត​សំពង​រដ្ឋាភិបាល​ស៊ីរី​ជាថ្មី​ផងដែរ​ ដោយចោទថា​ ​អ្វី​ដែល​រដ្ឋអំណាច​ស៊ីរី​ធ្វើ​នោះ គឺ​ជា​ភាព​អាម៉ាស មិនអាច​ទទួលយក​បាន គឺជា​អ្វី​ដែល​គេ​មិនបាន​គិតដល់។ ហើយ​អ្នកណាៗ ក៏​បាន​​ដឹង​​​​រឿងនេះ​ដែរ។ រដ្ឋាភិបាល​ស៊ីរី​​ក៏​ត្រូវបាន​អាមេរិក​ចោទ​ប្រកាន់​ដែរ​ថា​​ ​បាន​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​ក្រុមប្រឆាំងជាច្រើនរូប​​​ ដែល​បាន​​ចូលរួម​ចរចា​ពី​វិបត្តិ​ស៊ីរី នៅ​ក្រុង​ហ្សឺណែវ​។ ហើយ​អាមេរិក​បាន​ទាមទារ​អោយ​​ក្រុងដាម៉ាស​ដោះលែង​ពួកគេ​ជា​បន្ទាន់ ដោយគ្មាន​លក្ខខណ្ឌ​អ្វីទាំងអស់។

ដោយឡែក ថ្វីបើ​ក្រុងវ៉ាស៊ីនតោន​​បាន​គាំទ្រ​ក្រុមឧទ្ទាមស៊ីរី ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​ស៊ីរី​ក្តី ​ប្រមុខ​ការទូត​អាមេរិក ​បាន​បញ្ជាក់​ឡើងវិញ​ថា រដ្ឋាភិបាល​អាមេរិក​ញញើត​​​​​​​នឹង​ចូលរួម​ក្នុង​ជម្លោះ​​យោធា​​ ដើម្បី​​​ជ្រោមជ្រែង​​​ក្រុម​ឧទ្ទាម​​ស៊ីរី។ អាមេរិក​​ផ្តល់អាទិភាព​​ផ្នែក​ការទូត ដើម្បី​ចូលរួម​ដោះស្រាយ​វិបត្តិ​ស៊ីរី។ ប៉ុន្តែ កាលពី​ថ្ងៃ​១៥កុម្ភៈ ​កិច្ចចរចា​រវាង​​រដ្ឋាភិបាល​លោក​អាសាដ និង​ក្រុមប្រឆាំង​នៅ​ក្រុងហ្សឺណែវ​ បាន​ជួប​បរាជ័យ។​​ ​​គេ​នៅ​​មិនទាន់​ដឹង​ពីពេលវេលាថ្មី​​នៃ​ការចរចា​​នៅឡើយ​​​ទេ។

ដោយឡែក ​លោក​ឃែររី​​ប្រាប់ថា ​ប្រធានាធិបតី​អូបាម៉ា​តែង​​ពិនិត្យ​ជាប្រចាំ​ នូវ​ជម្រើស​​​នានា​ដែល​អាមេរិក​មាន​ក្នុង​ដៃ។ ទាក់ទង​នឹង​ការដែល​​សភា​អាមេរិក​ដាក់​សម្ពាធ​អោយ​​​រដ្ឋាភិបាល​​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរីនោះ​ លោកឃែររី​បញ្ជាក់​ឡើងវិញ​ថា រឿង​នេះ​​មានព្រំដែន​កំណត់។ គេ​អាច​ធ្វើ​អន្តរាគមន៍​​យោធា​បាន​ លុះត្រាតែ​គេ​ត្រូវ​ការពារ​​ខ្លួន រឺក៏​មាន​សេចក្តីសម្រេច​ពីអង្គការ​សហ​ប្រជា​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ