អានតួអត្ថបទ

ស៊ីរី​ឈប់​បាញ់គ្នា​​ជា​លើក​ទី​មួយ​ តាំង​ពី​ផ្ទុះ​សង្គ្រាម​អស់​៥​ឆ្នាំ

ទើប​តែ​នៅ​សៅរ៍​នេះ​ទេ ដែល​ស៊ីរី បាន​ស្គាល់​រសជាតិ​ជា​លើក​ទី​មួយ គិត​តាំង​ពី​៥​ឆ្នាំ​នៃ​សង្គ្រាម​ស៊ីវិល​មក ពាក្យ​ថា​ឈប់​បាញ់ ក្នុង​ទ្រង់ទ្រាយ​ធំ​។ ពលរដ្ឋ​រស់​នៅ​ក្រុង​ដាម៉ាស បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់​គ្មាន​ស្នូ​រ​កាំភ្លើង។ ហើយ​មួយ​ម៉ោង​មុន​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ គាំទ្រ​កិច្ចព្រមព្រៀង​​អាមេរិក​-រុស្ស៊ី​ បញ្ចប់​ការ​វាយប្រហារ​គ្នា និង​បង្ខំ​ឱ្យ​​គ្រប់​ភាគី​ពាក់ព័ន្ធ​គោរព​ឱ្យ​បាន​ការ​ឈប់​បាញ់។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ អន្តរការី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី បាន​បង្ហាញ​ឆន្ទៈ​ចង់​កោះ​ហៅ​ភាគី​បក្ខបក្ស​នៅ​ស៊ីរី ចូល​​តុចរចា។

បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី តែ​តំណាង​ឱ្យ​១០%​នៃ​ផ្ទៃដី​ប៉ុណ្ណោះ
បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី តែ​តំណាង​ឱ្យ​១០%​នៃ​ផ្ទៃដី​ប៉ុណ្ណោះ REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

បទ​ឈប់​បាញ់​ដែល​ជា​ផ្លែផ្កា​នៃ​កិច្ចព្រមព្រៀង​អាមេរិក​-រុស្ស៊ី បាន​ចូល​ជា​ធរមាន​ហើយ។ នៅ​ថ្ងៃ​នេះ​ប្រជាជន​ស៊ីរី បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់​ ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​សង្គ្រាម​នៅ​ស៊ីរី បាន​ផ្ទុះ​ឡើង។

ជាទូទៅ រាល់​ការ​ប្រយុទ្ធ​​គ្នា​ត្រូវ​បាន​បញ្ឈប់​ទាំង​ស្រុង គ្មាន​ឮសំឡេង​កាំភ្លើង​ធំ កាំភ្លើង​រ៉ុកកែត​ពហុ​កាណុង ឬ​កាំភ្លើង​តូច​ធំ​ទេ នៅ​​​ពេល​កំណត់បទ​ឈប់​បាញ់​ចូល​មក​ដល់ នៅ​វេលា​ម៉ោង​សូន្យ​ថ្ងៃ​សៅរ៍​ទី ២៧​កុម្ភៈ​នេះ។ ខុស​​កាលពី​មួយ​ម៉ោង និង​កន្លះ​ម៉ោង​មុន ដែល​ទាំង​ខាង​រដ្ឋាភិបាល ដ៏​ដូច​ជាពួក​ឧទ្ទាម​ប្រឆាំង​សម្រុក​ផ្លោង​គ្រាប់​ដាក់​គ្នា​ ដូច​ស្រោច​ភ្លៀង។

 
បទ​ឈប់​បាញ់​ក្នុង​​ខេត្ត​ក្រុង​ធំៗ​

ប៉ុន្តែ​បើ​តាម​អ្នក​ឯកទេស បទ​ឈប់​បាញ់​គ្រប​ដណ្តប់​តែ​ប្រមាណ​១០%​នៃ​ផ្ទៃដី​ស៊ីរី​តែប៉ុណ្ណោះ ព្រោះ​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ពួក​ឧទ្ទាម​ភេរវនិយម​រណសិរ្ស​អាល់-ណូស្រា ស្និទ្ធ​នឹង​បណ្តាញ​អាល់កៃដា គ្រប់គ្រង​ទឹកដី​ស៊ីរី ដល់​ទៅ​ពាក់​កណ្តាល និង​គ្មាន​ចំណែក​រាប់​ចូល​ ក្នុង​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​នេះ​ទេ។

បទ​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត​ ជា​សំខាន់​នៅ​ក្រុង​ដាម៉ាស រដ្ឋធានី​របស់​ស៊ីរី ដែល​ភាគ​ខាង​កើត​និង​ត្បូង​ជា​ទីតាំង​សំខាន់​​របស់​បក្ស​/ឧទ្ទាម​​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ភាគ​ខាង​ត្បូងជា​ចំណុច​​​ផុយស្រួយ​ខ្លាំង ព្រោះ​រដ្ឋាភិបាល​លោក បាស្ហា អាល់​អាសាដ មិន​ចង់​ឈប់​បាញ់​ទេ ដោយ​គិត​ថា​ជា​តំបន់​របស់​អាល់ណូស្រា តែ​បក្ស​ប្រឆាំង​បដិសេធ​និង​គំរាម​រួច​ជា​ស្រេច​ថា​រាល់​ការ​បាញ់​លើ​តំបន់​នេះ​នឹង​ត្រូវ​ចាត់​ទុក​ជា​ការ​រំលោភ​បទ​ឈប់​បាញ់។

នៅតាម​ក្រុង​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ក៏​មានការ​គោរព​បទ​ឈប់​បាញ់​ដែរ ដូច​ជា​នៅ​ខេត្ត​ហូម ភាគ​កណ្តាល​នៃ​ប្រទេស​ ដែល​កាន់​កាប់​ដោយ​ពួក​ប្រឆាំង លើក​លែង​តែ​​ ក្រុង​បូរាណ​ប៉ាល់មៀរ ព្រោះ​តំបន់​នេះ​ស្ថិត​ក្រោម​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

តំបន់​ណា ខេត្ត​ណា ភូមិ​ណា ដែល​មាន​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម និង​អាល់​ណូស្រា ជា​អ្នក​កាន់កាប់ សង្គ្រាម​នៅ​តែ​បន្ត ដោយ​ភាគី​ពីរ​នេះ​​មិន​ពាក់​ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​​ឈប់​បាញ់​ស្នើ​ឡើង​ ដោយ​​រុស្ស៊ី-អាមេរិក​ឡើយ។
 

ខ្មៅ​ដែនដី​គ្រប់​គ្រង​ដោយ​អង្គការ​រដ្ឋ​អ៊ីស្លាម ក្រហម​ដែន​ដីដែល​រដ្ឋាភិបាល​ដណ្តើម​បាន​មក​វិញ​។ ផែនទី​ឆ្នាំ​២០១៥។
ខ្មៅ​ដែនដី​គ្រប់​គ្រង​ដោយ​អង្គការ​រដ្ឋ​អ៊ីស្លាម ក្រហម​ដែន​ដីដែល​រដ្ឋាភិបាល​ដណ្តើម​បាន​មក​វិញ​។ ផែនទី​ឆ្នាំ​២០១៥។ RFI

 
Alep អាឡិប ក្រុង​យុទ្ធ​សាស្ត្រនៃ​សង្គ្រាម​ស៊ីរី

ក្រុង​អាឡិបដែល​ជា​សមរភូមិ​ក្តៅ​ជាង​គេ​តាំង​ពី​ឆ្នាំ​២០១២​មក​ ក៏​មាន​ចាត់​ចូល​ក្នុង​បទ​ឈប់​បាញ់​ដែរ។ ​ខេត្ត​នេះ គ្រប់គ្រងមួយ​ភាគ​ដោយ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស និង​ចំណែក​ខ្លះ​ស្ថិត​ក្នុង​ដៃ​ពួក​ឧទ្ទាម​ប្រឆាំង​នៅ​ឡើយ។ តែភាគ​ជើង​និង​ខាង​លិច​ខេត្ត​អាឡិប សង្គ្រាម​នៅ​តែ​បន្ត​ ព្រោះ​ជា​តំបន់​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម ហើយ​កង​កម្លាំង​លោក​បាស្ហា​អាល់អាសាដ​ នៅ​តែ​ចាត់​ទុក​ជា​តំបន់​យុទ្ធ​សាស្ត្រ ដែល​ត្រូវសម្រុក​ខ្លាំង​វាយប្រហារ​ដណ្តើម​យក​មក​វិញ​​ពី​ដៃ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម។ នៅ​តាម​ព្រំប្រទល់​ជាប់​ប្រទេស​ហ្ស័កដានី​ ក៏​បាន​ស្គាល់​​ភាព​ស្ងប់​ស្ងាត់​​ដែរ។

បទ​ឈប់​បាញ់​ផុយស្រួយ

ការ​សម្រេចបាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ចាត់​ទុក​ថា​ជា​​ជោគជ័យ​ធំ​មួយ​នៃ​​សកម្មភាព​ការ​ទូត ដែល​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ ក្រុមប្រឹក្សា​​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ តាម​រយៈ​​ការ​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ជំរុញ​ឱ្យ​គ្រប់​ភាគី​អនុវត្ត​​បទ​ឈប់​បាញ់យ៉ាង​ខ្ជាប់ខ្ជួន។ លើស​ពី​នេះ​ទៀត ដោយ​ហេតុ​តែ​ភាព​ស្ងប់​ស្ងាត់​មាន​តម្លៃ​ខ្លាំង អន្តរការីពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកវិបត្តិ​ស៊ីរី លោក ស្តាហ្វាន់ ដឺ​ ម៉ីស្តួរ៉ា​​ ចង់​ឆ្លៀត​ឱកាស​នៃ​បទ​ឈប់​បាញ់​ជា​លើក​ដំបូង​នៅ​ស៊ីរី គិត​ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​ ដើម្បី​រៀប​ចំ​កិច្ចចរចា​សន្តិភាព។ គម្រោង​កោះ​ហៅ​គ្រប់​ភាគី មក​កាន់​តុ​ចរចា រយៈ​ពេល​បី​សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី ៧​មីនា​ទៅ។ ហើយ​ការ​ចរចា​អាច​ប្រព្រឹត្ត​ទៅ​បាន​ ដរាប​បទ​ឈប់​បាញ់​ត្រូវ​បាន​គោរព​តែ​ប៉ុណ្ណោះ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​​សេចក្តី​សម្រេចចិត្ត​គាំទ្រ​បទ​ឈប់​បាញ់​នៅ​ស៊ីរី
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​​សេចក្តី​សម្រេចចិត្ត​គាំទ្រ​បទ​ឈប់​បាញ់​នៅ​ស៊ីរី REUTERS/Brendan McDermid

បទ​ឈប់​បាញ់​នេះ គ្រាន់​តែ​ជា​ដំណាក់​កាល​ដំបូង មុន​នឹង​ឈាន​ដល់រៀ​ប​ចំ​ឱ្យ​ចេញ​ជា​​បទ​ឈប់​បាញ់​ផ្លូវការ និង​មិន​បាន​ចុះ​ហត្ថលេខា​ដោយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​​ក្នុង​សង្គ្រាម​នៅ​ស៊ីរី​ទេ ដូច្នេះ​វា​អាច​ មិន​សូវ​មាន​លក្ខណៈ​ដាក់​កំហិត​ឱ្យគោរព​ខ្លាំង​ដូច​កិច្ច​ព្រមព្រៀង​ផ្លូវការ និង​បើ​តាម​​គម្រោង កម្មវត្ថុ​នៃ​ការ​ផ្អាក​ប្រយុទ្ធ​គ្នា គឺ​ដើម្បី​ឱ្យ​​ជំនួយ​មនុស្ស​ធម៌​បាន​ធ្លាក់​ដល់​ដៃ​ពលរដ្ឋ​ និង​ដើម្បី​មាន​ពេល​ចរចា​គ្នា។ ខាង​រដ្ឋាភិបាល​ស៊ីរី ស្រែក​ថា​បទ​ឈប់​បាញ់​នេះ​នឹង​ដាច់​ប្រសិនបើ​ឃើញ​មាន​អ្នក​ឆ្លៀត​ឱកាស​ផ្តល់​អាវុធ​ឱ្យ​ពួក​ប្រឆាំង។ ឯ​ពួក​ប្រឆាំង​ព្រម​ឈប់​បាញ់​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។
 

គ្រប់​អ្នក​ការទូត​សុទ្ធ​តែ​ដឹង​អំពី​ភាព​ផុយ​ស្រួយ​នៃ​បទ​ឈប់​បាញ់​នេះ ពួក​ភេរវនិយម​ នៅ​ក្រៅ​ក្របខ័ណ្ឌ​​ ​អាច​ខ្ទាស់​បំបែក​បទ​ឈប់​បាញ់​បាន​គ្រប់​ពេល​វេលា​ និង​ជា​ប្រភព​នៃ​ជម្លោះ​ ព្រោះ​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថាពួក​រណសិរ្យ​អាល់ណូស្រា​និង​អង្គការ​រដ្ឋអ៊ីស្លាម ជា​​ក្រុម​ភេរវនិយម តែ​រុស្ស៊ី​​បក​ប្រែ​ រាប់​បញ្ចូល​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​អាសាដ​ផ្សេង​ទៀត​ចូល​ជា​មួយ​ដែរ។ សប្តាហ៍​ខាង​មុខ​ជា​តេស្ត​សាក​ល្បងឆន្ទៈ​របស់​រុស្ស៊ី​និង​របប​ក្រុង​ដាម៉ាស​ ចំពោះ​បទ​ឈប់​បាញ់ ហើយ​ប្រសិន​គ្រប់​គ្នា​ប្រកាន់​បាន នោះ​ទើប​មាន​សង្ឃឹម​​ផ្តល់​សន្ទុះ ចរចា​សន្តិភាព​ឱ្យ​ស៊ីរី​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ