អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖​ហេតុអ្វី​បាន​ជា​រុស្ស៊ី​បើក​សមរភូមិ​ថ្មី​វាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី​ពី​ទឹកដី​អ៊ីរ៉ង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​អង្គារ ទី១៦​សីហា​មក កងទ័ព​អាកាស​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​លើ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី​ពី​ទឹកដី​អ៊ីរ៉ង់។ នេះ​ជា​លើកទី១ ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​មូលដ្ឋានទ័ព​របស់​អ៊ីរ៉ង់​ដើម្បី​បើក​យុទ្ធនាការ​ផ្លូវអាវុធ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ អាមេរិក​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​រុស្ស៊ី​ដោយ​ចាត់​ទុក​ថា វា​អាច​នឹង​បង្ក​ការ​លំបាក​ថ្មី​នៅ​ក្នុង​ដំណើរការ​ចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​វិបត្តិ​ស៊ីរី។ តែ​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​ស បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ក្រឡែត​ពី​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លិច​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។

យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ប្រភេទ Tu-២២M៣
យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ប្រភេទ Tu-២២M៣ STR / RUSSIAN DEFENCE MINISTRY / AFP
ផ្សាយពាណិជ្ជកម្ម

គួរ​បញ្ជាក់​ជូន​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​រុស្ស៊ី​បាន​ចូល​ខ្លួន​ធ្វើ​អន្តរាគមន៍​ផ្លូវយោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក្រោម​ហេតុផល​ថា ដើម្បី​កម្ទេច​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ក៏​ប៉ុន្តែ នេះ​ជា​លើកទី១ បង្អស់​ដែល​រុស្ស៊ី​បាន​យក​ទឹកដី​ប្រទេស​ទី៣ ពោល​បាន​ប្រើប្រាស់​មូលដ្ឋាន​យោធា​ហាមីដាន (Hamedan)របស់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​ផ្លូវអាកាស​នៅ​ស៊ីរី។ សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ប្រតិបត្តិការ​ផ្លូវអាកាស​លើក​ដំបូង​នៅ​ស៊ីរី​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៥ រុស្ស៊ី​បាន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​ស៊ីរី​សម្រាប់​យន្តហោះ​ចម្បាំង​ខ្នាត​មធ្យម និង​ខ្នាត​តូចៗ តែ​សម្រាប់​យន្តហោះ​ចម្បាំង​ខ្នាត​ធំ ពិសេស​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ Tu-២២M៣ គឺ​ត្រូវ​ប្រើប្រាស់​មូលដ្ឋាន​យោធា​នៅ​រុស្ស៊ី​ផ្ទាល់។

តែ​តាំង​ពី​ថ្ងៃ​អង្គារ ទី១៦ សីហា​មក យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ​នេះ​បាន​ហោះ​ឡើង ចុះ​ពី​មូលដ្ឋាន​យោធា​ហាមីដាន​របស់​អ៊ីរ៉ង់​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​ស៊ីរី។ សម្រាប់​ក្រុង​មូស្គូ ការ​ប្រើប្រាស់​មូលដ្ឋាន​យោធា​ហាមីដាន​របស់​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​នៅ​ស៊ីរី​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ចំណេញ​ច្រើន​ណាស់ គឺ​ចំណេញ​ទាំង​ពេល​វេលា និង​ថវិកា ពិសេស​គឺ​ពេល​វេលា ព្រោះ​មូលដ្ឋាន​យោធា​ហាមីដាន​មាន​ចម្ងាយ​ពី​ព្រំដែន​ស៊ីរី​មិន​ដល់ ១ ០០០គីឡូម៉ែត្រ​ទេ។ ពី​មូលដ្ឋាន​យោធា​ហាមីដាន​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​ស៊ីរី យន្តហោះ​រុស្ស៊ី​ប្រភេទ Tu-២២M៣​ត្រូវ​ហោះ​តែ​ក្នុង​ចម្ងាយ ៧០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ពោល​តិច​ជាង ៣ដង​ហោះ​ចេញ​ពី​មូលដ្ឋាន​យោធា​នៅ​រុស្ស៊ី​ដែល​មាន​ចម្ងាយ​ដល់​ទៅ ៣ ០០០គីឡូម៉ែត្រ។
 
ម្យ៉ាង​ទៀត​ពី​មូលដ្ឋាន​យោធា​ហាមីដាន យន្តហោះ​រុស្ស៊ី​ប្រភេទ Tu-២២M៣ អាច​ដឹក​ជញ្ជូន​គ្រាប់​បាន​ដល់​ទៅ ២២តោន​ទល់​នឹង​ពី ៥​ទៅ ៨តោន​ពី​មូលដ្ឋាន​យោធា​នៅ​រុស្ស៊ី។ ទន្ទឹម​គ្នា រុស្ស៊ី​ក៏​បាន​លើក​ឡើង​ពី​ប្រសិទ្ធិភាព​ដែល​មាន ៣ដង​ច្រើន​ជាង។ ចំណែក​គោលដៅ​នៃ​ការ​វាយប្រហារ​ត្រូវ​បាន​រុស្ស៊ី​អះអាង​ថា នៅ​តែ​ដដែល គឺ​កម្ទេច​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ចលនា​រណសិរ្យ​អាល់ណូស្រា​ដែល​ជា​សាខា​របស់​អង្គការ​ភេរវនិយម​អាល់កៃដា។ តែ​នរណា​ក៏​ដឹង​ដែរ​ថា នេះ​គ្រាន់​ជា​ហេតុផល​មួយ​ប៉ុណ្ណោះ ព្រោះ​ផ្ទាំងស៊ីប​ពិតប្រាកដ​​របស់​រុស្ស៊ី​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លិច​របស់​ស៊ីរី គឺ​ក្រុម​បះបោរ​ដែល​កំពុង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។
 
រុស្ស៊ី​បាន​លូកដៃ​កាន់​តែ​ជ្រៅ​នៅ​ក្នុង​ជម្លោះ​តំបន់​មជ្ឈិមបូព៌ា
 
ទង្វើ​ថ្មី​របស់​រុស្ស៊ី​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​លូកដៃ​កាន់​តែ​ជ្រៅ​នៅ​ក្នុង​ជម្លោះ​តំបន់​ដើមបូព៌ា។ បន្តិច​ម្តងៗ រុស្ស៊ី​ក្នុង​នាម​ជា​មហាអំណាច​មួយ​លើ​លោក​ហាក់​ដូច​ជា​មិន​ចង់​បន្ត​ទុក​បណ្តោយ​ឲ្យ​មហាអំណាច​ផ្សេង​ពិសេស អាមេរិក​បន្ត​ឈឺ​ឆ្អាល​បញ្ហា​ពិភពលោក​តែ​ម្នាក់​ឯង​ទៀត​ឡើយ។ ការ​ប្រើប្រាស់​ប្រទេស​ទី៣ ដើម្បី​ចូល​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​មួយ​ទៀត គឺ​ជា​ភស្តុតាង​ថ្មី​ដែល​បញ្ជាក់​ពី​ការ​ពង្រីក​ឥទ្ធិពល​របស់​រុស្ស៊ី​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម។ ចូរ​កុំ​ភ្លេច​ថា ការ​ប្រើប្រាស់​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​អ៊ីរ៉ង់​អាច​អនុញ្ញាត​ឲ្យ​រុស្ស៊ី​បាញ់​បាន​ផ្ទាំងស៊ីប​ចំនួន ២ របស់​អង្គការ​រដ្ឋអ៊ីស្លាម គឺ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។
 
ដោយឡែក នេះ​ក៏​ជា​ការ​បោះ​មួយ​ជំហាន​ថ្មី​របស់​អ៊ីរ៉ង់​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ។ ការ​ហ៊ាន​និយាយ​ដូច​នេះ ព្រោះ​វា​ក៏​ជា​លើក​ទី១ បង្អស់​គិត​តាំង​ពី​ថ្ងៃ​បដិវត្តន៍​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដែល​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​យល់ព្រម​បើក​មូលដ្ឋាន​យោធា​របស់​ខ្លួន​ឲ្យ​ប្រទេស​ទី៣ ប្រើប្រាស់។ អ្វី​ដែល​អ៊ីរ៉ង់​ចង់​បង្ហាញ​ពិភពលោក​នោះ​គឺ​ថា ខ្លួន​ជា​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់ និង​មិនមែន​ជា​ប្រទេស​ឯកោ​ដែល​គ្មាន​នរណា​រាប់​រក​នោះ​ទេ។ មួយ​វិញ​ទៀត ពោល​តាំង​ពី​ក្រោយ​មាន​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មក អ៊ីរ៉ង់​ក៏​ចង់​បង្ហាញ​ពី​ឯករាជ្យភាព​មិន​ចំណុះ​ឲ្យ​មហាអំណាច​ណា​មួយ​ទេ។
 
តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​ដែល​អ៊ីរ៉ង់​បាន​យល់ព្រម​បើក​មូលដ្ឋាន​យោធា​របស់​ខ្លួន​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​ពេល​នេះ ក៏​ជា​ភស្តុតាង​ថ្មី​ដែល​ស បញ្ជាក់​កាន់​តែ​ច្បាស់​ក្រឡែត​ពី​ទំនាក់ទំនង​ផ្លូវយោធា​រវាង​ក្រុង​មូស្គូ និង​ក្រុង​តេហេរ៉ង់​ដែល​បាន​គាំទ្រ​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​យ៉ាង​ពេញ​មុខ។
 
អាមេរិក​ទើសទាល់​ចិត្ត តែ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទទួល​យក
 
អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​មុន​គេ​ទាក់ទង​នឹង​ទង្វើ​របស់​រុស្ស៊ី ទោះ​បី​ជា​អាមេរិក និង​រុស្ស៊ី​ក៏​ជា​ដៃគូ​នៅ​ក្នុង​យុទ្ធនាការ​វាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ស៊ីរី​ដូច​គ្នា​ក៏​ដោយ។ សូម​ជម្រាប​ជូន​ថា មុន​នឹង​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​ជា​ថ្មី​លើ​ស៊ីរី​ដោយ​ប្រើប្រាស់​មូលដ្ឋាន​យោធា​នៅ​អ៊ីរ៉ង់ រុស្ស៊ី​ក៏​បាន​ជូន​ដំណឹង​នេះ​ទៅ​អាមេរិក​ជា​មុន​ដែរ​ដើម្បី​កុំ​មាន​ការ​ភ្ញាក់ផ្អើល ព្រោះ​អាមេរិក​ក៏​កំពុង​ប្រតិបត្តិការ​កម្ទេច​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី​ដូច​គ្នា។
 
តែ​អ្វី​ដែល​អាមេរិក​ហាក់​ដូច​ជា​ទើសទាល់​ចិត្ត​នោះ គឺ​នៅ​ត្រង់​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​អ៊ីរ៉ង់។ នៅ​ក្នុង​ន័យ​នេះ ក្រុង​វ៉ាស៊ីតោន​បែរ​ជា​បាន​សម្តែង​ការ​សោកស្តាយ និង​បាន​បញ្ជាក់​ថា ទង្វើ​ថ្មី​របស់​រុស្ស៊ី​ពេល​នេះ​អាច​នឹង​បង្ក​ការ​លំបាក​នៅ​ក្នុង​ដំណើរការ​ចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​វិបត្តិ​ស៊ីរី។ ជា​ថ្មី​ម្តង​ទៀត ក្រុង​វ៉ាស៊ីតោន​មិន​ញញើត​នឹង​ចោទ​មូស្គូ​ពី​បទ​បាន​វាយប្រហារ​លើ​ក្រុម​បះបោរ​ស៊ីរី​ដែល​អាមេរិក​កំពុង​គាំទ្រ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ អាមេរិក​ក៏​បាន​សន្យា​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​រុស្ស៊ី​ដើម្បី​ស្វែង​រក​បទឈប់​បាញ់​នៅ​ស៊ីរី និង​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​ឡើង​វិញ។
 
សូម​ជម្រាប​ជូន​ថា អាមេរិក និង​រុស្ស៊ី​មាន​ទស្សនៈវិស័យ​ពីរ​ខុស​គ្នា​ទាក់ទង​នឹង​វិបត្តិ​ស៊ីរី។ វ៉ាស៊ីនតោន​បាន​គាំទ្រ​ពួក​ប្រឆាំង និង​ចង់​ដោះស្រាយ​វិបត្តិ​ដោយ​គ្មាន​វត្តមាន​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ តែ​មូស្គូ​បាន​យល់​ឃើញ​ថា លោក​អាសាដ​ជា​តួអង្គ​នយោបាយ​មួយ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ