វិទ្យាស្ថានជាតិបែលហ្សិកផ្នែកស្រាវជ្រាវបទឧក្រឹដ្ឋជាផ្ទាំងស៊ីបនៃការវាយប្រហារឧក្រឹដ្ឋកម្ម
វិទ្យាស្ថានជាតិផ្នែកស្រាវជ្រាវបទឧក្រឹដ្ឋនៅទីក្រុងព្រុចសែលប្រទេសបែលហ្សិកកាលពីយប់ថ្ងៃអាទិត្យឆ្លងមកព្រឹកព្រលឹមថ្ងៃចន្ទ២៩សីហានេះ បានទទួលរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកដែលបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ ពុំមានជនណាម្នាក់រងរបួសឡើយដោយនៅក្នុងអគារ ពុំទាន់មានជនណាម្នាក់មកដល់នៅឡើយទេ នាពេលកើតហេតុ។ នេះជាការជូនដំណឹងរបស់រដ្ឋអាជ្ញានៅទីក្រុងប្រុចសែលនៅថ្ងៃចន្ទនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០០
“ទំហំនៃការខូចខាតមានលក្ខណៈដ៏សម្បើមក្រៃលែង ”នេះជាប្រសាសន៍របស់លោក Pierre Meys អ្នកនាំពាក្យម្នាក់របស់ក្រុមអ្នកជួយលត់អគ្កីភ័យបែលហ្ស៊ិក។ លោក បានសង្កត់ពាក្យទៀតថា “ការផ្ទុះនោះមានលក្ខណៈដ៏សាហាវខ្លាំង”ពីព្រោះបង្អួចនានានៅទីមន្ទីរពិសោធន៍របស់វិទ្យាស្ថាន ត្រូវបានដាច់ដោចនិងខ្ទាតផ្លោងរហូតដល់រាប់សិបម៉ែត្រ”។
រដ្ឋអាជ្ញាបែលហ្ស៊ិកវិញ បដិសេធពុំនិយាយពីប្រភពនៃការផ្ទុះនោះទេដោយគ្រាន់តែថ្លែងបញ្ជាក់យ៉ាងសាមញ្ញថា “ហេតុការណ៍អគ្គីភ័យដ៏កាចសាហាវកាលពីយប់មិញ គឺជាប្រភពឧក្រឹដ្ឋ”។
ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ប្រទេសបែលហ្ស៊ិកវិញ ខ្លះជូនដំណឹងយ៉ាងច្បាស់ៗថា ជាការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនាពេលយប់នៅពីមុខមន្ទីរពិសោធន៍នានារបស់វិទ្យាស្ថានជាតិបែលហ្ស៊ិកខាងផ្នែកស្រាវជ្រាវឧក្រិដ្ឋកម្ម INCC នេះជាការផ្សាយរបស់វិទ្យុ Bel RTL។ វិទ្យុ RTL បានបន្ថែមទៀតថា “រថយន្តសម្រាប់ធ្វើសកម្មភាពឧក្រឹដ្ឋមួយគ្រឿងបានបើកសម្រុកផ្លូវចូលនៃយាន្តដ្ឋានរបស់វិទ្យាស្ថាននៅវេលាម៉ោងប្រហែលជា២កន្លះព្រឹកដោយបានឆ្លងកាត់របងចំនួន៣ ហើយជនសង្ស័យ ម្នាក់ឬក៏ច្រើននាក់ បានបំផ្ទុះគ្រាប់បែកនៅក្បែរមន្ទីរពិសោធន៍ ដែលបានបណ្តាលឲ្យមានផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅ។
ចំណែក ក្រុមអ្នកលត់អគ្គីភ័យ បានប្រមែប្រមូលគ្នានៅវេលាម៉ោង៣ព្រឹកមិញ ដើម្បីធ្វើការពន្លត់អគ្គីភ័យ។
សូមបញ្ជាក់ថា វិទ្យាស្ថានផ្នែកវិទ្យាសាស្ត្រខាងបទឧក្រឹដ្ឋនៅទីក្រុងប្រុចសែល គឺជាស្ថាប័នមួយដែលស្ថិតនៅក្នុងរង្វង់តុលាការសហព័ន្ធរបស់ប្រទេសបែលហ្សិក។ ហើយនៅក្នុងចំណោមភារៈកិច្ចនានាដែលគេប្រគល់ឲ្យដល់ស្ថាប័ននេះ មានដូចជា៖ ការកំណត់អត្តសញ្ញាណនិងវិភាគដានជនសង្ស័យ ព្រមទាំងការពិនិត្យផងដែរនៅលើដំណើរការនៃប្រព័ន្ធព្រហ្មទណ្ឌ។ ព័ត៌មានចុងក្រោយបានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានអាជ្ញាធរបែលហ្សិកចាប់ខ្លួននៅត្រង់ម្តុំកើតហេតុនិងកំពុងតែត្រូវបានអាជ្ញាធរបែលហ្ស៊ិកធ្វើការសាកសួរចំឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ